មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​អាមេរិក​នឹងរៀបចំ​​បោះឆ្នោត​លើ​សំណើ​ច្បាប់​ជំនួយ​កូវីដ១៩

រូបឯកសារ៖ លោក Mitch McConnell មេដឹកនាំ​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ ស្ដាប់​សំណួរ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយស្ដី​អំពី​កញ្ចប់​ជំនួយ​ថវិកា​សម្រាប់​ជំងឺ​កូវីដ១៩ ​នៅ​វិមាន​រដ្ឋសភា រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២០។

លោក Mitch McConnell មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ព្រឹទ្ធសភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​នឹង​បោះឆ្នោត​នៅ​សប្តាហ៍​នេះ​លើ​សំណើច្បាប់​ជំនួយ​សម្រាប់​វិបត្តិ​ជំងឺ​កូវីដ១៩ បន្ទាប់ពី​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​បាន​បរាជ័យ​កាលពី​ខែ​មុន។

សំណើ​កញ្ចប់​ថវិកា​ចំនួន ៥០០ ពាន់​លាន​ដុល្លារ​របស់​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ នឹង​ផ្តល់​ប្រាក់​ដល់​ការ​ធានា​រ៉ាប់រង​ពេល​គ្មាន​ការងារ​ធ្វើ ការ​ថែទាំ​កុមារ ការ​ធ្វើ​តេស្ត​ជំងឺ​កូវីដ១៩ និង​ការ​ការពារ​អាជីវកម្ម សាលារៀន និង​វិហារ​គ្រិស្ត​សាសនា​ណា​ដែល​នៅ​ដំណើរការ​ក្នុង​អំឡុង​ពេល​នៃ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩។

លោក McConnell បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «សំណើ​ច្បាប់​នេះ​មិន​ផ្ដោត​លើ​គ្រប់​ចំណុច​ទាំងអស់​ដែល​គណបក្ស​របស់​យើង​ចង់​បាន​នោះ​ទេ។ ខ្ញុំ​មាន​ទំនុកចិត្ត​ថា គណបក្ស​ប្រជាធិបតេយ្យ​នឹង​គិត​ដូច​គ្នា​ដែរ។ ប៉ុន្តែ គណបក្ស​សាធារណរដ្ឋ​ជឿ​ថា ការ​ខ្វែង​គំនិត​គ្នា​ជា​ច្រើន​រវាង​គណបក្ស​របស់​យើង​ទាំង​ពីរ មិនគួរ​ជា​ឧបសគ្គ​រារាំង​ដល់​ការ​ព្រមព្រៀង​គ្នា​លើ​អ្វី​ដែល​យើង​អាច​ព្រមព្រៀង​បាន និង​រារាំង​ដល់​ការ​ធ្វើ​ច្បាប់​ដើម្បី​ជួយ​ប្រទេស​របស់​យើង​នោះ​ទេ»។

ច្បាប់ Heroes Act ដែល​មាន​ទឹកប្រាក់ ១ លាន​លាន​ដុល្លារ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​កាលពី​ខែ​មិថុនា ត្រូវបាន​គណបក្ស​សាធារណរដ្ឋ​ចាត់ទុក​ថា​មិន​អាច​ចាប់ផ្តើម​បាន។

ក៏ប៉ុន្តែ សំណើ​ច្បាប់​ដែល​មាន​ទឹក​ប្រាក់ ៥០០ ពាន់​លាន​ដុល្លារ​នេះ អាច​គ្មាន​ឱកាស​ទទួល​បាន​ការ​អនុម័ត​នៅ​រដ្ឋសភា។ គណបក្ស​ប្រជាធិបតេយ្យ​ថា ការ​គ្រោង​បោះឆ្នោត​របស់​គណបក្ស​សាធារណរដ្ឋ​លើ​សំណើ​ច្បាប់​នេះ​គឺជា​ល្បែង​នយោបាយ​នៅ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា ចូល​មក​ដល់៕