គណៈកម្មាធិការ​ព្រឹទ្ធ​សភា​យល់​ព្រម​​លើបេក្ខជនដែលត្រូវបានតាំងតែងឲ្យ​ដឹកនាំ​​បណ្តាញ​ផ្សព្វផ្សាយ​សកល​ USAGM

រូបឯកសារ៖ Michael Pack ដែល​ជាអ្នក​ផលិត​ភាពយន្ត​ឯកសារ​​ម្នាក់ ចូលរួមនៅក្នុងសវនាការរបស់គណៈកម្មាធិការព្រឹទ្ធ​សភា​អាមេរិក​ទទួល​បន្ទុក​កិច្ច​ការ​ការ​បរទេស ស្តីអំពីការតែងតាំងរូបលោកជាបេក្ខជនដឹកនាំបណ្តាញផ្សព្វផ្សាយ USAGM កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

គណៈកម្មាធិការព្រឹទ្ធ​សភា​អាមេរិក​ទទួល​បន្ទុក​កិច្ច​ការ​ការ​បរទេស កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បានផ្តល់​ការ​យល់​ព្រមលើ​បេក្ខជន​ដែល​លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ បាន​តែងតាំង​ឲ្យមើល​ការ​ខុស​ត្រូវ​លើ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​សកល​ ហៅ​កាត់​ថា (​USAGM​) ដែល​ជាទី​ភ្នាក់​ងាររបស់​រដ្ឋាភិបាល​សហព័ន្ធ ​ត្រួត​ពិនិត្យ​ការ​ផ្សាយ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដែល​មាន​រួម​ទាំង​សំឡេង​សហរដ្ឋ​អាមេរិក​ និង​វិទ្យុ​អាស៊ី​សេរី​ផង​ដែរ។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​តាម​ខ្សែ​បន្ទាត់​បក្ស ១២ ទល់ ១០ សំឡេងនោះ គណៈកម្មាធិការ​ព្រឹទ្ធ​សភា​អាមេរិក ទទួល​បន្ទុក​កិច្ច​ការ​ការ​បរទេស ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​នោះ បាន​ត្រួស​ត្រាយ​ផ្លូវ ដើម្បី​បញ្ជូន​ការ​តែង​តាំង​លោក Michael Pack ទៅ​កាន់​ព្រឹទ្ធ​សភា​ពេញ​អង្គ ដើម្បី​ធ្វើ​ការ​បោះ​ឆ្នោត។

ការ​តែង​តាំង​លោក Michael Pack ដែល​ជាអ្នក​ផលិត​ភាពយន្ត​ឯកសារម្នាក់​នោះ បាន​ស្ថិត​នៅ​ក្រោម​ការ​ពិចារណា​អស់​ពេល​ជិត​ ២ ​ឆ្នាំ មួយ​ផ្នែក​គឺ​ដោយសារ​មាន​ការ​ព្រួយ​បារម្ភរបស់​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ អំពីការ​ចោទ​ប្រកាន់​លើ​វិធីចាត់​ចែង​ហិរញ្ញ​វត្ថុ​របស់​លោក។

កាល​ពី​សប្តាហ៍​មុន ការ​បោះ​ឆ្នោត​របស់គណៈកម្មាធិការ​នេះ​ត្រូវ​បាន​ពន្យារ​ពេល​ម្តង​ទៀត បន្ទាប់​ពី​ការិយាល័យ​ក្រសួង​យុត្តិធម៌នៃរដ្ឋធានី​វ៉ាស៊ីនតោន ​បាន​បើក​ការស៊ើប​អង្កេត​ថា​ តើលោក Michael Pack​ មាន​បាន​ប្រើ​ប្រាស់​មូលនិធិ​នៃ​អង្គការ​មិន​រក​ចំណេញ​របស់​លោក​ ដែល​មាន​ឈ្មោះ Public Media Lab ដោយ​ខុស​ច្បាប់ ដើម្បី​ផល​ប្រយោជន៍​ខ្លួន​លោក​ផ្ទាល់​ឬ​យ៉ាង​ណា។

ក្នុង​សវនាការ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សមាជិក​ព្រឹទ្ធ​សភា​មួយ​ចំនួន​ខាង​គណបក្ស​ប្រជាធិបតេយ្យ ​មិន​បាន​ទទួល​ការ​យល់​ព្រម​លើបេក្ខភាពរបស់លោក Pack ដើម្បី​ពន្យារ​ពេល​សវនាការ​នេះម្តងទៀត រហូត​ដល់​ពេល​ណា​ដែលលោក Pack អាច​ដោះស្រាយក្តី​បារម្ភ ពាក់​ព័ន្ធ​នឹង​ការចាត់​ចែង​លុយ​កាក់​របស់​លោកដាច់​ស្រេច​សិន ឬ​រហូត​ដល់​ពេ​លណា​ ដែល​ការិយាល័យ​ក្រសួង​យុត្តិធម៌​នៃ​រដ្ឋធានី​វ៉ាស៊ីនតោន បញ្ចប់​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ហើយ​សិន។

សមាជិក​ព្រឹទ្ធ​សភា​នៃគណបក្ស​ប្រជាធិបតេយ្យ​ លោក Bob Menendez បាន​ថ្លែង​តាម​សម្តី​ដើម​របស់​លោកថា៖ «លោក Michael Pack បាន​បោះ​បង់​ចោល​ការ​តាំង​ចិត្ត​របស់​លោក​ចំពោះ​ខ្ញុំ ហើយ​បាន​បដិសេធ​មិន​ព្រមធ្វើ​តាម​ការ​សន្យា​លើ​រឿង​ដ៏​សំខាន់​នេះ‍»។

លោក Menendez បាន​បន្ថែម​ថា គណៈកម្មាធិការ​ដែល​ដឹក​នាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​នេះ បរាជ័យ​ក្នុង​ការ​ចាត់​ចែង​ការ​តែង​តាំង​នេះ តាម​រយៈ​ការសហការ​គ្នា​រវាង​គណបក្ស​ទាំង​ពីរ។

លោក Menendez បាន​ថ្លែង​ទៅ​កាន់​លោក​ប្រធាន​គណៈ​កម្មាធិការ Jim Risch ​ថា៖ «លោក​មិន​ទាំងបាន​ធ្វើ​ការ​ឆ្លើយ​តប​ចំពោះ​ការ​ព្រួយ​បារម្ភ​របស់​សមាជិក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ទាំង​មូល​ផង‍»។

លោកប្រធាន​គណៈកម្មាធិការ​ព្រឹទ្ធ​សភា Jim Risch បាន​ថ្លែង​ថា គណៈកម្មាធិការ​នេះ​បាន​ត្រៀម​ខ្លួន​ដើម្បី​ពន្យារ​សវនាការ​តែង​តាំង «បើ​សិនជា​ក្រសួង​យុត្តិធម៌​អាមេរិក ស្នើ​សុំ​ឲ្យ​ពន្យារ​ពេល​នោះ ក៏​ប៉ុន្តែរឿង​នេះ​មិន​បាន​កើត​ឡើង​ទេ‍»។

វីអូអេ​ បាន​ទាក់​ទង​ជាមួយ​អ្នក​នាំ​ពាក្យ​របស់លោក​ប្រធានគណៈកម្មាធិការ Jim Risch ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម លើ​ការ​ចោទ​ប្រកាន់​ទាំង​អស់​នោះ។

ក្នុង​សេចក្តី​ថ្លែង​ការ​មួយ លោក Risch ថ្លែង​ថា៖ «ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែលនៅ​ទី​បំផុត គណៈកម្មាធិការ​នេះ អាច​ផ្តល់​ការ​យល់​ព្រម​លើ​ការ​តែង​តាំង​លោក Pack ឲ្យ​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​នៃទី​ភ្នាក់​ងាររបស់​រដ្ឋាភិបាល​សហព័ន្ធ ដែល​ជា​តួ​នាទី​មួយ ដែល​ត្រូវ​បាន​ទុក​ឲ្យ​នៅ​ទំនេរ អស់​ពេល​ជាយូរ​ពេក​ហើយ​នោះ‍»។

លោក Menendez បាន​រៀប​រាប់​យ៉ាង​លម្អិត​អំពី​ការ​ព្រួយ​បារម្ភ​របស់​សមាជិកគណៈ​កម្មាធិការ​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដោយ​ចោទ​ប្រកាន់​ថា​ លោក Pack មិន​បាន​និយាយ​នូវ​ការ​ពិត​ អំពី​ទំនាក់​ទំនង​រវាង​អង្គការ​មិន​រក​ចំណេញ និង​ក្រុម​ហ៊ុន​រក​ប្រាក់​ចំណេញ​របស់​លោក ប្រាប់​ទី​ភ្នាក់​ងារ​ប្រមូល​ពន្ធដារ។

ក្រុម​ហ៊ុន​ផលិត​ភាព​យន្ត​របស់​លោក Pack Manifold Production, Inc. បាន​ទទួល​ប្រាក់​ជំនួយ​រាប់​លាន​ដុល្លារ​ពី​អង្គការ​មិន​រក​ប្រាក់​ចំណេញ​របស់​លោក នេះ​បើ​តាម​សម្តី​របស់​លោក Menendez។ ប៉ុន្តែ​លោក Pack នៅតែ​ប្រាប់​ទី​ភ្នាក់​ងារ​ពន្ធ​ដារ​ថា គ្មាន​ការ​ទាក់​ទង​គ្នា​រវាង​ក្រុម​ហ៊ុន​និង​អង្គការ​របស់​លោក​ទេ។ លោក Menendez បានថ្លែង​ថា លោក Pack នៅ​មិន​ទាន់​បាន​កែតម្រូវ​លើការផ្តល់​ព័ត៌​មាន​មិន​ត្រឹម​ត្រូវ ទៅ​ឲ្យ​ទី​ភ្នាក់​ងារ​ពន្ធដារ និង​គណៈ​កម្មាធិការព្រឹទ្ធ​សភា ពាក់ព័ន្ធ​នឹង​ការ​ប្រកាស​ប្រាក់​ចំណូល​របស់​លោក​នៅ​ឡើយ​ទេ។

លោកMenendez បានថ្លែង​ថា លោក Pack មិន​ទាន់​ផ្តល់ជូន​គណៈ​កម្មាធិការ នូវ​ឯកសារ​នានា​ដែល​រៀប​រាប់​អំពី​ការ​ទាក់​ទង​គ្នា​រវាង​អង្គការ​មិន​រក​ប្រាក់​ចំណេញ​ និងក្រុម​ហ៊ុន​ជំនួញ​របស់​លោក​ ដោយ​យក​ហេតុ​ផលថា ការ​ធ្វើ​បែប​នេះ​ប៉ះ​ពាល់​ដល់​ព័ត៌មាន​សម្ងាត់​របស់​ក្រុម​ហ៊ុន។

«​ផល​ប្រយោជន៍​របស់​ក្រុម​ហ៊ុន ជា​រឿង​សម្ងាត់​ដល់​ថ្នាក់​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក ដែល​មាន​សិទ្ធិ​ពិនិត្យ​ព័ត៌​មាន​សម្ងាត់​ថ្នាក់​កំពូល មិន​អាច​មើល​បាន‍» នេះ​បើ​តាម​សម្តី​របស់​លោក Menendez។

វីអូអេ បាន​ទាក់​ទង​ជាមួយ​អ្នក​នាំ​ពាក្យ​លោក Pack ដើម្បី​សុំ​អត្ថាធិប្បាយ​ហើយ។

លោក Menendez បានចេញ​ផ្សាយ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ​នូវ​វីដេអូ​បង្ហាញ​កិច្ច​ប្រជុំ​របស់​គណៈ​កម្មាធិការ ដែល​ដើម​ឡើយ​មាន​ការ​ផ្សាយ​ជា​សំឡេង​តែ​ប៉ុណ្ណោះ។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ លោក Menendez បានថ្លែង​ថា៖

«កាល​ពី​មួយ​សប្តាហ៍​មុន​ សមាជិក​ទាំង​អស់​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​គណៈកម្មាធិការព្រឹទ្ធ​សភា​ទទួល​បន្ទុកកិច្ចការ​ការ​បរទេស ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក​ប្រធាន​ Risch ស្នើ​សុំ​ឲ្យ​លោក​ផ្លាស់​ប្តូរ​សេចក្តី​សម្រច​ដ៏​មាន​គ្រោះ​ថ្នាក់​ ដើម្បី​រារាំង​មិន​ឲ្យ​អ្នក​សារព័ត៌មាន និង​សាធារណជន​អាមេរិកាំង មើល​សវនាការ​នេះ។ សំណើរ​ជា​ច្រើន​លើក​របស់​ពួកគេ​ មិន​ត្រូវ​បានអើ​ពើ‍»។

លោក Risch បាន​ថ្លែង​ថា សេចក្តី​សម្រេច​បាន​ធ្វើ​ឡើង​ ដោយ​សារទី​តាំង​ប្រជុំ​នៅ​ក្រោម​វិធានការ​រក្សា​គម្លាត​ពី​គ្នា ខណៈ​ពេលមាន​រោគ​រាត​ត្បាត​ជំងឺ​កូវីដ​១៩ និង​ថា​ម្យ៉ាង​ទៀត​ បន្ទប់​ប្រជុំនោះ អាច​ផ្សាយ​បាន​តែ​សំឡេង​ប៉ុណ្ណោះ។

លោក​ប្រធានាធិបតី ត្រាំ បាន​តែង​តាំង​លោក Pack ឲ្យ​ដឹក​នាំ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​សកល កាល​ពី​ជិត​២​ឆ្នាំ​មុន ហើយ​លោក​ ត្រាំ បាន​សម្តែង​នូវ​ការ​មិន​សប្បាយ​ចិត្ត ចំពោះ​ការ​រង់​ចាំ ដោយ​បាន​ថ្លែង​ថា នេះពន្យារពេលគឺ​ដោយ​សារ​ការ​រារាំង​របស់​គណបក្ស​ប្រជាធិបតេយ្យ។ កាល​ពីមុន លោក​ប្រធានាធិបតី បាន​គំរាម​ផ្អាក​ដំណើរការ​របស់​សភា​មួយ​រយៈ ដើម្បី​រុញ​ច្រាន​ឲ្យ​មាន​ការ​ធ្វើ​សវនាការ​លើ​ការ​តែង​តាំង​នេះ។

សេត​វិមាន​បាន​ចោទ​គណបក្ស​ប្រជាធិបតេយ្យ​ថា បាន​ពន្យារ​ពេល​នៃ​ការ​តែង​តាំង​នេះ កាល​ពី​សប្តាហ៍​មុន ក្រោយ​ពី​មាន​សេចក្តី​រាយការណ៍​អំពី​ការ​ស៊ើប​អង្កេត​របស់​ការិយាល័យយុត្តិធម៌​នៃ​រដ្ឋ​ធានី​វ៉ាស៊ីនតោន។ សេតវិមាន​បាន​សរសេរ​ថា៖ «លោក​ប្រធានាធិបតី​គាំទ្រ​ការ​តែង​តាំង​លោក Michael Pack ហើយ​មាន​ការ​អាក់​អន់​ចិត្ត ប៉ុន្តែ​មិន​មាន​ការ​ភ្ញាក់​ផ្អើល​ទេ ដែល​ពួក​គណបក្ស​ប្រជា​ធិបតេយ្យ​ដែល​មិន​ធ្វើ​អ្វី​ទាល់​តែ​សោះ​នោះ ហើយជា​ថ្មី​ម្តង​ទៀត បាន​សម្រេច​បង្ខូចកេរ្ត៍​ឈ្មោះ​នយោបាយ​លើ​ប្រវត្តិ​ស្អាត​ស្អំ​របស់​បុគ្គលិក​បម្រើ​សាធារណជន​ម្នាក់‍នេះ»។

កាល​ពីប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ លោក ​ត្រាំ បាន​រិះគន់​វីអូអេ ចំពោះ​ការ​ផ្សាយ​អំពី​រឿង​ចិន ក្នុងអំឡុង​វិបត្តិ​វីរ៉ុស​កូរូណា។ នៅ​ពេល​ដែល​អ្នក​សារព័ត៌​មាន​សាក​សួរ​លោក​កាល​ពី​សប្តាហ៏​មុន ​អំពី​ការ​តែង​តាំង​លោក Pack នោះ លោក ត្រាំ​ បាន​ថ្លែង​ថា៖ «VOA សំឡេង​សហរដ្ឋ​អាមេរិក ដឹកនាំ​ដោយ​វិធី​អាក្រក់​ណាស់។ ពួកគេ​មិន​មែន​ជា​សំឡេង​សហរដ្ឋ​អាមេរិក​ទេ។ ពួក​គេ​ផ្ទុយ​ពី​សំឡេង​សហរដ្ឋ​អាមេរិក‍»។​

លោក​ស្រី Amanda Bennett នាយិកា​វីអូអេ បាន​ការពារ​បេសកកម្ម​របស់​ទីភ្នាក់​ងារ​ព័ត៌មានដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​អាមេរិកនេះ​ នៅ​ក្នុងសេចក្តី​ថ្លែង​ការណ៍​មួយ​ កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។

«យើង​នាំ​ចេញ​វិសោធនកម្ម​ទី​១ ​(នៃ​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក​ដែល​ចែង​អំពី​សេរីភាព​សារព័ត៌មាន​និង​សេរីភាពនានា) ទៅ​កាន់ប្រជា​ពលរដ្ឋ​នៅ​ទូទាំង​ពិភពលោក ដែល​មិន​អាច​ស្វែង​រក​ព័ត៌​មាន​ជាក់​លាក់ ពិត​ប្រាកដ និង​អាច​ជឿ​ទុក​ចិត្ត​បាន‍»។

លោក​ស្រី Amanda Bennett បន្ថែម​ទៀត​ថា៖ «ហេតុ​ដូច្នេះ​ហើយបាន​ជា ​៨០ ​ភាគរយ​នៃ​អ្នក​ស្តាប់​និង​ទស្សនា​របស់​យើង​ ក្នុង​ចំណោម​អ្នក​ស្តាប់​យើង​ទាំង​អស់ ២៨០ ​លាន​នាក់ ដែល​តាមដាន​កម្មវិធី​ផ្សាយ​ ៤៧ ​ភាសា និង​ក្នុង​ប្រទេស​ជាង ​៦០ និយាយ​ថា ​ពួកគេ​ចាត់​ទុក​កិច្ច​ការ​របស់​យើង​ថា​អាច​ជឿ​ទុក​ចិត្ត​បាន‍»។

ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​សកល (USAGM) ត្រួត​ពិនិត្យ​បណ្តាញ​ផ្សាយ​ស៊ីវិល​របស់​សហរដ្ឋ​អាមេរិក​ចំនួន​៥ គឺ វីអូអេ វិទ្យុអឺរ៉ុប​សេរី (RFE/RL) ការិយាល័យ​ផ្សាយ​គុយ​បា (OCB) អាស៊ី​សេរី (Radio Free Asia) និង​បណ្តាញ​ផ្សាយ​ទៅ​កាន់មជ្ឈឹម​បូព៌ា (MBN)។

នៅ​ក្នុងសវនាការរបស់​លោក​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​មុន លោក Pack បាន​ថ្លែង​តប​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​ដែល​ថា​ លោក​នឹង​បញ្ជ្រាប​ភាព​លម្អៀងនយោបាយ​លើ​ទី​ភ្នាក់​ងារ USAGM ដែល​មាន​រួម​ទាំង​វីអូអេ​ផង​ ដែល​តម្រូវ​តាម​ច្បាប់​អាមេរិក ឲ្យ​ផ្សាយ​ព័ត៌មាន​មិន​លម្អៀង​នោះ។

លោក​អះអាង​ថា៖ «ទី​ភ្នាក់​ងារទាំង​មូល​នេះ ​ពឹងផ្អែក​លើ​ជំនឿ​ដែល​ថា អ្នក​យក​ព័ត៌​មានទាំង​អស់​មាន​ឯករាជ្យ ហើយ​គ្មាន​ឥទ្ធិពល​នយោបា​យ​ណា​មួយ អាច​បង្គាប់​ឲ្យ​ពួក​គេ​ ​ត្រូវ​រាយការណ៍​ព័ត៌មាន និង​ត្រូវ​និយាយបែប​ណា​នោះ​ទេ‍។ ខ្ញុំ​យល់​ថា បើ​គ្មាន​ការ​ជឿ​ទុក​ចិត្ត​បែប​នេះ​ទេ នោះ​ទីភ្នាក់ងារ​នេះ​គឺ​មិនឯករាជ្យ​នោះ​ទេ»៕

ប្រែ​សម្រួល​ដោយ ប៉ូច រាសី