ម្ចាស់​ហ្វេសប៊ុក «Kitchen Story» បង្ហាញ​ពី​របៀប​ធ្វើ​ម្ហូប​តាម​បណ្តាញ​សង្គម

អ្នកស្រី ដួង ធីតា ស្ត្រីខ្មែរម្នាក់រស់នៅប្រទេសកូរ៉េខាងត្បូង បានផលិតវីដេអូបង្ហាញពីវិធីធ្វើម្ហូប ហើយចែកចាយវីដេអូទាំងនោះតាមបណ្តាញសង្គមដោយមានឈ្មោះថា «Kitchen Story»។ (រូបថតផ្តល់ឲ្យដោយអ្នកស្រី ដួង ធីតា)

ភ្នំពេញ — ដូច​ជា​នារី​ខ្មែរ​ជាច្រើន​ទៀត​ដែរ​ អ្នកស្រី ដួង ធីតា​តែងតែ​ជួយ​ការងារ​ផ្ទះ​ម្តាយ។​ នៅ​ពេល​ម្តាយ​និង​ឪពុក​នាង​មិន​នៅ​ផ្ទះ​ ធីតា​ ដាំបាយ​និង​ស្ល​ដោយ​ខ្លួន​ឯង​ តាំង​ពី​អាយុ​តិច​ជាង ​១០ ​ឆ្នាំ​មក​ម្ល៉េះ។​ រយៈពេល​ ២០ ​ឆ្នាំ​កន្លង​មក ធីតា​ ដែល​ធំធាត់​នៅ​ក្នុង​ស្រុក​តាខ្មៅ​ខេត្ត​កណ្តាល​ ជាមួយ​ប្អូន​ស្រី​ម្នាក់​ចូលចិត្ត​រៀន​ធ្វើ​ម្ហូប​ពី​ម្តាយ។​

អ្នក​ស្រី​រៀបការ​ជាមួយ​ស្វាមី​ជនជាតិ​កូរ៉េ​ ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៦ ​ពីរ​ឆ្នាំ​បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ជួប​គ្នា។​ប្រហែល​កន្លះ​ឆ្នាំ​ក្រោយ​មក ធីតា​ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ​ទៅ​រស់​នៅ​ជាមួយ​ស្វាមី​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង។​

គម្រោង​ស្នាក់​នៅ​តែ​បី​ខែ​បាន​ក្លាយ​ទៅ​ជា​បួន​ឆ្នាំ ​ដែល​ធ្វើ​ឲ្យ​ជីវិត​មិន​បាន​ព្រាង​ទុក​របស់​ធីតា​ ជួប​ការ​លំបាក​ខ្លាំង។​

ធីតា​ដែល​មាន​វ័យ​ ២៥ ​ឆ្នាំ ​បាន​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​ថា​ ដោយសារ​តែ​បញ្ហា​សុខភាព​ដែល​មិន​អាច​ឲ្យ​អ្នក​ស្រី​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ ដូច​ប្រជាជន​ខ្មែរ​ដទៃ​ទៀត​ បាន​អ្នកស្រី​ត្រូវ​រក​ការងារ​ដែល​អ្នក​ស្រី​ស្រឡាញ់​ ហើយ​អាច​ឲ្យ​អ្នក​ស្រី​ធ្វើ​ពី​ផ្ទះ​បាន។​ ក្រោយ​ពី​មើល​វីដេអូ​ជា​ច្រើន​អំពី​ការ​ចម្អិន​ម្ហូប ​ដោយសារ​ចំណង់​ចំណូលចិត្ត​ធ្វើ​ម្ហូប​ និង​ការ​ចង់​ចែក​រំលែក អ្នក​ស្រី​សម្រេច​យក​ការងារ​ដែល​បង្ហាញ​ពី​ការ​ធ្វើ​ម្ហូប​តាម​បណ្តាញ​សង្គម​ ដែល​មាន​ឈ្មោះ​ថា​ «Kitchen Story»។​

«គោលដៅ​ចម្បង ​គឺ​ចង់​ឲ្យ​អ្នក​មើល​បាន​ប្រយោជន៍។ ​អ៊ីចឹង​ទៅ​មិន​ថា​ប្រយោជន៍​ណា​មួយ​ក៏ដោយ​ មិន​ថា​ ផ្នែក​ម្ហូប​អាហារ​ ផ្នែក​វប្បធម៌​ ចំណេះ​ដឹង​អី​ ក៏​ដោយ ​ខ្ញុំ​ចង់​ឲ្យ​វា​កាន់​តែ​រីក​ចម្រើន»។​

រូបភាពរបស់អ្នកស្រី ដួង ធីតា ដែលជាម្ចាស់ហ្វេសប៊ុក «Kitchen Story» ដែលបង្ហាញពីវិធីធ្វើម្ហូបដោយទទួលបានការគាំទ្រពីអ្នកប្រើប្រាស់បណ្តាញសង្គមកម្ពូជា។ (រូបថតផ្តល់ឲ្យដោយអ្នកស្រី ដួង ធីតា)

ធីតា​រស់​នៅ​ក្នុង​ក្រុង​ Yangju-si​ ក្នុង​ខេត្ត​ Gyeonggi​ នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង។​ ទីក្រុង​នេះ​មាន​ចម្ងាយ​ប្រមាណ​ជា ​៣០ ​គីឡូម៉ែត្រ​ ពី​ក្រុង​សេអ៊ូល។​ រយៈពេល​មួយ​ឆ្នាំ​ដំបូង​ ធីតា​ មិន​អាច​ទិញ​ម្ហូប​ដោយ​ខ្លួន​ឯង​បាន ​ហើយ​មិន​អាច​ចេញ​ទៅ​ណា​មក​ណា​ម្នាក់​ឯង​បាន​ទេ។​ ជីវភាព​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ស្រី​បាត់​ឯករាជ្យភាព​របស់​ខ្លួន។​

នៅ​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ ដែល​ឆ្ងាយ​ពី​ស្រុក​កំណើត​ពី​ម្តាយ​ឪពុក​ ធីតា​ ជួប​ការ​លំបាក​ខ្លាំង។​ ប៉ុន្តែ​ការ​ធ្វើ​ម្ហូប​និង​ការ​បង្ហាញ​ពី​របៀប​ធ្វើ​ម្ហូប​បាន​ធ្វើ​ឲ្យ​អ្នកស្រី ​មាន​ការ​សប្បាយ​ចិត្ត​ច្រើន​ជាង​មុន។​

«អរគុណ​អ្នកមើល​ទាំង​អស់។​ ដូច​ខ្ញុំ​បាន​និយាយ​ជាមួយ​បង​មិញ​អ៊ីចឹង។​ ឥឡូវ​នេះ​ខ្ញុំ​មិន​ទទួល​ស្គាល់​ថា​ ខ្ញុំ​ពូកែ​អី​ទេ។​ ហើយ​បើ​ទោះបី​ជា​ខ្ញុំ​ពូកែ​ប៉ុណ្ណា​ក៏ដោយ​ តែ​អត់​មាន​អ្នក​ជួយ​ share ​(ចែក​រំលែក)​ អត់មាន​អ្នក​ជួយ ​Like​ ក៏​វា​អត់​រីក​ចម្រើន។​ អ៊ីចឹង​ទៅ​ដោយសារ​តែ​អ្នក​មើល​ទាំងអស់​ហ្នឹង»។​

នៅ​ពេល​ចាប់​ផ្តើម​ដំបូង​ អ្នកស្រី​មាន​ការ​បាក់​ទឹកចិត្ត​ ដោយសារ​តែ​វីដេអូ ​អ្នកស្រី​មាន​មនុស្ស​ពី​បួន​ទៅ​ប្រាំ​បី​នាក់​ប៉ុណ្ណោះមើល។​ តែ​ក្រោយ​មក​អ្នក​ស្រី​មាន​អ្នក​គាំទ្រ​កាន់​តែ​ច្រើន​ទៅៗ។​ អ្នកស្រី​មិន​ដែល​បង្ហាញ​មុខ​របស់​អ្នកស្រី​នៅ​ក្នុង​វីដេអូ​នោះ​ទេ។​ នៅ​ក្នុង​វីដេអូ​គឺ​មាន​តែ​ដៃ​ទាំង​ពីរ​របស់​អ្នកស្រី ​ជាមួយ​កាយ​វិការ​ធ្វើ​ម្ហូប ​និង​សំឡេង​ស្រាល​ច្បាស់​មួយៗ​ ដែល​ប្រាប់​អ្នក​តាម​ដាន​បណ្តាញ​ kitchen story ​នៅ​លើ​បណ្តាញ​សង្គម​អំពី​របៀប​ធ្វើ​ម្ហូប​ផ្សេងៗ។​

វីដេអូ​មួយ​របស់​អ្នក​ស្រី​អំពី ​«ភ្លា​សាច់​គោ» ​មាន​អ្នក​មើល​រហូត​ជិត​៩​លាន​នាក់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក។​វីដេអូ​ដដែល​នេះ ​មាន​អ្នក​មើល​ជិត ២​លាន​នាក់​ នៅ​លើ​បណ្តាញ​សង្គម​យូធ្យូប ​(youtube)។​ អ្នកស្រី​ថា​ ជោគជ័យ​របស់​អ្នកស្រី​កើត​មក​ពី​ការ​គាំទ្រ​ពី​អ្នក​គាំទ្រ​ និង​អ្នក​ចូល​ចិត្ត​មើល​វីដេអូ​ធ្វើ​ម្ហូប​របស់​អ្នក​ស្រី។​

នាង ​រុំ​ មូលីកា​ មាន​វ័យ​ ២៧​ ជា​អ្នក​ផលិត​មាតិកា​ម្នាក់។​ មូលីកា​ ដែល​ជា​អ្នក​គាំទ្រ​ម្នាក់​របស់​ kitchen story​ បាន​ប្រាប់វី​អូអេ​ថា​ ការ​ថត​និង​ចម្អិន​ម្ហូប​របស់​ធីតា​ មាន​ភាពទាក់​ទាញ​ខ្លាំង។​

«ខ្ញុំ​សរសើរ​នៅ​ពេល​ដែល​គាត់​ execute ​(អនុវត្ត)​ ទៅលើ ​content ​(ខ្លឹមសារ)។​ នៅ​ពេល​គាត់​ថត​ គាត់​អីហ្នឹង ​វា​មាន​ដំណាក់​កាល​ត្រឹមត្រូវ​ ហើយ​វា​ច្បាស់»។​

អ្នក​ស្រី​ ធីតា ​ឃឹះ​ ជា​អតីត​នាយិកា​ប្រតិបត្តិ​អង្គការ​ SILAKA​ នៅ​កម្ពុជា ​ក៏​ជា​អ្នក​គាំ​ទ្រ​ម្នាក់​របស់​ kitchen story​ ផង​ដែរ។​ អ្នក​ស្រី​ប្រាប់​វីអូអេ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា ​អ្នកស្រី​ចូល​ចិត្ត​រៀន​របៀប​ធ្វើ​ម្ហូប​ពី​ Kitchen Story។​

«ខ្ញុំ​ចូល​ចិត្ត​ផេច​ (ទំព័រ​ហ្វេប៊ុក)​ របស់​គាត់​ ដោយសារ​តែ​វា​ផ្តល់​រូបមន្ត​ ធ្វើ​ម្ហូប​ដែល​ខ្ញុំ​ចូលចិត្ត។​ ខ្ញុំ​ចូលចិត្ត​មើល​របៀប​គេ​ចម្អិន​ម្ហូប។​ ម្ហូប​ដែល​ខ្ញុំ​ស្គាល់​ ប៉ុន្តែ​របៀប​ធ្វើ​ខុសគ្នា។ ​អ្នកស្រី​ដែល​ជា​ម្ចាស់​ផេច​ (ទំព័រ​ហ្វេប៊ុក) ​ហ្នឹង​គាត់​ឆ្លាត ​ហើយ​គាត់​ប្រើ​ពេល​វេលា​ដ៏មាន​តម្លៃ​របស់​គាត់​បាន​ល្អ»។

អ្នក​ស្រី​ ទែន​ សុភោន ​វ័យ ​៥០ ​ឆ្នាំ ​ដែល​ជា​ម្តាយ​របស់​ធីតា​ មាន ​«មោទនភាព»​ ចំពោះ​កូនស្រី។ ​អ្នកស្រី​ក៏​ជា​អ្នក​លើក​កម្លាំង​ចិត្ត​ដ៏​ខ្លាំងក្លា​ម្នាក់​របស់​ ធីតា ​ផង​ដែរ។​

អ្នក​ស្រី​ប្រាប់វី​អូអេ​តាម​ទូរស័ព្ទ​ ដោយ​សំឡេង​សប្បាយ​រីករាយ​ថា៖​ «មីង​រំភើប​ខ្លាំង​ណាស់។ ​រំភើប​ឡើង​ចង់​ស្រក់​ទឹក​ភ្នែក​ក្មួយ។​ យើង​ជា​ម្តាយ​ម្តាយ​ឪពុក ​រំភើប​រក​អ្វី​មក​ប្រៀប​ផ្ទឹម​មិន​បាន​ទេ»។​

ការ​សម្រេច​ទាំង​នេះ​កើត​ឡើង​ ដោយ​ការ​ខិតខំ​មិន​រួញរា ​និង​ជា​ទៀង​ទាត់​របស់​ធីតា។​

មុន​នឹង​សម្រេច​ថា​ធ្វើ​ម្ហូប​អ្វី​មួយ​នោះ ​ធីតា ​ត្រូវ​ចំណាយ​ពេល​មើល​សៀវភៅ​ម្តង​ហើយ​ម្តង​ទៀត ​អំពី​មុខ​ម្ហូប​នោះ។​ ធីតា​ក៏​ត្រូវ​មើល​ពី​របៀប​ធ្វើ​ និង​របៀប​ថត​វីដេអូ​អ្នក​ធ្វើ​ម្ហូប​ដទៃៗ​ទៀត​ ដើម្បី​ឲ្យ​ប្រាកដ​ថា​ «រស់​ជាតិ​ម្ហូប​ឆ្ញាញ់​ពិសា»​ ហើយ​វីដេអូ​ដែល​បង្ហាញ​ពី​ការ​ធ្វើ​ម្ហូប​នោះ​ «ទាក់ទាញ» ​ផង​ដែរ។​

អ្នកស្រី ​ធីតា​ ត្រូវ​រៀបចំ​ធ្វើ​ម្ហូប​និង​ថត​វីដេអូ​ដោយ​ខ្លួន​ឯង។​ អ្នកស្រី​ត្រូវ​រៀន​ថត​វីដេអូ​ និង​កាត់​វីដេអូ​ដោយ​ខ្លួន​ឯង។​ មុខ​ម្ហូប​ខ្លះ​តម្រូវ​ឲ្យ​អ្នកស្រី​ធ្វើ​ពី​ពីរ​ទៅ​បួន​ដង​ ទើប​អ្នក​ស្រី​ពេញចិត្ត។​ នេះ​មាន​ន័យ​ថា​អ្នក​ស្រី​ត្រូវ​ចំណាយ​កម្លាំង​ធ្វើម្ហូប​ និង​ថត​ច្រើន​ដង ​ហើយ​ការ​ចំណាយ​ទៅ​លើ​តម្លៃ​គ្រឿង​បន្លែ​ និង​សាច់​នៃ​មុខ​ម្ហូប​នោះ​ក៏​កើន​ឡើង​តាម​ហ្នឹង​ដែរ។ ​យូរៗ​ម្តង​ ស្វាមី​អ្នក​ស្រី​ជួយ​អ្នក​ស្រី​ក្នុង​ការ​រៀបចំ។

សកម្មភាពចម្អិនបង្កងអាំងរបស់អ្នកស្រី ដួង ធីតា ម្ចាស់ហ្វេសប៊ុក «Kitchen Story» ដែលចែករំលែកវិធីធ្វើម្ហូបតាមបណ្តាញសង្គមដោយទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់បណ្តាញសង្គមកម្ពុជា។ (រូបថតផ្តល់ឲ្យដោយអ្នកស្រី ដួង ធីតា)

ពីរ​ឆ្នាំ​ក្រោយ​មក ​អ្នកស្រី​ទទួល​បាន​ចំណូល​ខ្លះ​ពី​ហ្វេសប៊ុក​និង​យូធ្យូប។​ ខែ​ខ្លះ​អ្នក​ស្រី​ទទួល​បាន ​២០០​ ដុល្លារ ។​ ខែ​ខ្លះ​ទៀត​អ្នក​ស្រី​ទទួល​បាន​ជិត​ដល់ ​៦០០ ​ដុល្លារ។​ អ្នកស្រី​ប្រើ​ចំណូល​ទាំង​នេះ​ ដើម្បី​ទិញ​បន្លែ​សាច់ ​និង​គ្រឿង​គ្រៅ​សម្រាប់​ការ​បង្ហាញ​មុខ​ម្ហូប​ផ្សេងៗ​ទៀត។​

ទោះ​បីជាយ៉ាងណា​ក៏​ដោយ ​អ្នក​ស្រី​ថា ​ចំណូល​ពី​ការ​ធ្វើ​ម្ហូប​ និង​ការ​បង្ហោះ​វីដេអូ​ទាំង​នេះ​មិន​មែន​ជា​គោល​បំណង​សំខាន់​របស់​អ្នក​ស្រី​នោះ​ទេ។​ អ្នកស្រី​សប្បាយ​ចិត្ត​ នៅ​ពេល​អ្នក​តាម​ដាន​ការ​ធ្វើម្ហូប​របស់​អ្នកស្រី​សាក​ល្បង​តាម​អ្វី​ដែល​អ្នក​ស្រី​បាន​បង្ហាញ។​

អ្នកស្រី​នឹង​បន្ត​រៀន​ធ្វើ​មុខម្ហូប​បន្ថែម​ទៀត។​ អ្នកស្រី​ក៏​ត្រូវ​រៀន​បន្ថែម​អំពី​ការ​ថត​និង​កាត់​វីដេអូ​ឲ្យ​កាន់តែ​មាន​គុណ​ភាព​ល្អ​ជាង​មុន​ផង​ដែរ។ ​ហើយ​អ្នក​ស្រី​សង្ឈឹម​ថា ​នឹង​ទទួល​ការ​គាំទ្រ​កាន់​តែ​ច្រើន៕