ព្រះរាជបុត្រច្បងទី២ របស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានយាងធ្វើព្រះរាជទស្សនកិច្ចនៅមណ្ឌលថែទាំកុមារសម្រាប់គ្រួសារក្រីក្រកាលពីថ្ងៃទី៨ ខែសីហា ក្នុងព្រះរាជទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ព្រះរាជាណាចក្រថៃ ដែលនេះជាលើកទី១ ដែលព្រះអង្គបានយាងត្រឡប់មកស្រុកកំណើតវិញក្នុងរយៈពេល ២៧ ឆ្នាំ។
ព្រះរាជដំណើររបស់ព្រះអង្គ Vacharaesorn Vivacharawongse ព្រះជន្ម ៤២ ព្រះវស្សា ធ្វើឡើងក្នុងគ្រាដ៏ក្រៀមក្រំសម្រាប់ព្រះរាជវង្សានុវង្សថៃ ដោយបុត្រីច្បងរបស់ព្រះមហាក្សត្រ កំពុងស្ថិតក្នុងសភាពសន្លប់តាំងពីខែធ្នូមក។
ព្រះអង្គ Vacharaesorn ដែលបំពេញការងារនៅក្រុមហ៊ុនច្បាប់មួយក្នុងទីក្រុង New York (ញូវយ៉ក) សហរដ្ឋអាមេរិក បានយាងធ្វើព្រះរាជទស្សនកិច្ចទៅមូលនិធិសម្រាប់ការថែទាំកុមាររស់នៅតំបន់សំណង់អនាធិបតេយ្យដែលគាំទ្រដោយរាជវង្សានុវង្ស និងបានទទួលគារវកិច្ចពីអ្នកគាំទ្រ។
ដោយស្លៀកខោខូវប៊យ និងអាវខ្មៅធម្មតា ព្រះអង្គបានថតរូបនៅមុខរូបថតព្រះបិតា និងព្រះអយ្យកោរបស់ព្រះអង្គ គឺព្រះមហាក្សត្រ Bhumibol Adulyadej ដែលបានសោយទិវង្គតនៅឆ្នាំ២០១៦ បន្ទាប់ពីសោយរាជ្យ ៧០ ឆ្នាំ។
ព្រះអង្គ Vacharaesorn មានបន្ទូលប្រាប់អ្នកយកព័ត៌មាននៅទីតាំងមូលនិធិនេះក្នុងក្រុងបាងកកថា «ខ្ញុំរីករាយណាស់ដែលបានត្រឡប់មកវិញ... ខ្ញុំបានឃ្លាតឆ្ងាយអស់រយៈពេល ២៧ ឆ្នាំ»។
ព្រះអង្គមានបន្ទូលថា៖ «វាដូចជាសុបិនក្លាយជាការពិត»។
ព្រះបរមរាជវាំងថៃមិនបានធ្វើអត្ថាធិប្បាយជុំវិញព្រះរាជទស្សនកិច្ចនេះទេ។ ការិយាល័យកិច្ចការរាជវង្សានុវង្សថៃមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះទេ។
ប្រជាជនថៃជាច្រើនមានការភ្ញាក់ផ្អើលចំពោះការយាងត្រឡប់មកវិញរបស់ព្រះអង្គ Vacharaesorn។ រូបភាពរបស់ទ្រង់នៅក្នុង «ម៉ូតូកង់បី» (tuk-tuk) នៅទីក្រុងបាងកក ដែលទ្រង់បានបង្ហោះកាលពីថ្ងៃចន្ទ ទី៧ ខែសីហា នៅលើទំព័រហ្វេសប៊ុករបស់ទ្រង់ ដែលមានអ្នកតាមដានជាង ៨០.០០០ ទទួលបានការចុចចូលចិត្តរាប់ម៉ឺននាក់។
នៅលើបណ្តាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថា ជាបណ្តាញ Twitter សញ្ញា hashtag ជាភាសាអង់គ្លេសថា #SonOfTenReturnToThailand ត្រូវបានប្រើប្រាស់ជិត ៣៩០.០០០ ដង។ ងារផ្លូវការរបស់បិតាទ្រង់គឺ ព្រះបាទរាមាទី១០។
អ្នកដែលបានឃើញព្រះអង្គ Vacharaesorn មានការភ្ញាក់ផ្អើលខ្លាំង។
លោក Angsana Seeprasit អាយុ ៦៦ ឆ្នាំបានថ្លែងថា៖ «ខ្ញុំមានអារម្មណ៍រំជើបរំជួលណាស់។ ទ្រង់បានយាងចេញពីប្រទេសអស់រយៈពេលយ៉ាងយូរ។ សម្រាប់ខ្ញុំ ទ្រង់នៅតែជាសមាជិករាជវង្សានុវង្ស»។
ព្រះអង្គ Vacharaesorn គឺជាព្រះរាជបុត្រទី២ ក្នុងចំណោមបុត្រា ៤ អង្គរបស់ព្រះជាយាទី២របស់ព្រះបាទ Vajiralongkorn គឺអ្នកនាង Sujarinee Vivacharawongse ដែលជាអតីតតារាសម្តែង និងត្រូវបានព្រះអង្គ Vajiralongkorn ដែលជារជ្ជទាយាទនៅពេលនោះ លែងលះក្នុងឆ្នាំ១៩៩៦។
ព្រះអង្គមិនមានឋានៈជារាជវង្សផ្លូវការទេ ទោះបីជាតាមបច្ចេកទេសទ្រង់នៅរក្សាឋានៈដែលប្រទានឱ្យកាលនៅកុមារ ក្នុងនាមជាចៅប្រុសរបស់ព្រះមហាក្សត្រក៏ដោយ។
ព្រះអង្គ មាតាទ្រង់ និងព្រះរាម និងព្រះអនុជរបស់ទ្រង់បានឃ្លាតឆ្ងាយពីគ្នាបន្ទាប់ពីការលែងលះនៅឆ្នាំ១៩៩៦ ដែលពេលនោះមាតារបស់ទ្រង់ត្រូវបានចោទប្រកាន់ជាសាធារណៈពីបទផិតក្បត់ ហើយព្រះអង្គបានយាងទៅក្រៅប្រទេស។
ព្រះអនុជស្រីរបស់ព្រះអង្គ Vacharaesorn ក្រោយមកត្រូវបានព្រះរាជវង្សានុវង្សទទួលយកជាថ្មី ហើយបានថ្វាយព្រះនាមថា ព្រះនាង Sirivannavari Nariratana។ ព្រះនាងជាអ្នកច្នៃម៉ូដ និងជិះសេះដែលបានចូលរួមប្រកួតកីឡាអាស៊ីឆ្នាំ២០១៤ តំណាងប្រទេសថៃ។
ព្រះចៅ Vajiralongkorn ដែលបានលែងលះព្រះជាយា ៣ ដងមានបុត្រ ៧ អង្គ។ ព្រះអង្គបានរៀបអភិសេកជាមួយព្រះអគ្គមហេសី Suthida ដែលជាអតីតអង្គរក្សរបស់ទ្រង់។ ព្រះអង្គបានរៀបអភិសេកប៉ុន្មានថ្ងៃមុនការឡើងគ្រងរាជ្យនៅឆ្នាំ២០១៩។
ព្រះមហាក្សត្រដែលមានព្រះជន្ម ៧១ ព្រះវស្សាមិនបានបញ្ចេញឈ្មោះអ្នកស្នងរាជ្យផ្លូវការនោះទេ។
កាលពីចុងខែធ្នូ ព្រះរាជបុត្រីច្បងរបស់ព្រះមហាក្សត្រគឺ ព្រះនាង Bajrakitiyabha Narendira Debyavati ព្រះជន្ម ៤៤ ព្រះវស្សា បានដួលសន្លប់ដោយសារជំងឺបេះដូងធ្ងន់ធ្ងរ។ ព្រះនាងនៅតែស្ថិតក្នុងស្ថានភាពសន្លប់នៅឡើយ៕