ចៅក្រមនៃតុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនបុរសវ័យចំណាស់ម្នាក់ទៀត ពីបទប្រមាថអង្គព្រះមហាក្សត្រ បន្ទាប់ពីបុរសរូបនេះចែកចាយរូបភាពពីទំព័រហ្វេសប៊ុកមួយដែលបានបង្ហោះសារអមដោយរូបថតបង្កប់ន័យប្រមាថព្រះមហាក្សត្រខ្មែរ។
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនចេញកាលពីថ្ងៃទី២០ ខែឧសភា លោក ងួន ណារ៉ា ប្រធានសាលាដំបូងខេត្តសៀមរាប និងជាចៅក្រមស៊ើបសួរ បានបង្គាប់ឲ្យឃុំខ្លួនឈ្មោះ បាន សម្ភីរ អាយុ ៧០ឆ្នាំ រស់នៅភូមិពន្លឺព្រះផុស ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប ពីបទ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ»។
ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួននោះត្រូវបានសរសេរក្នុងន័យដើមថា៖
«ត្រូវបានដាក់ឲ្យស្ថិត ក្រោមការត្រួតពិនិត្យពីបទប្រមាថចំពោះព្រះមហាក្សត្រ ប្រព្រឹត្តនៅភូមិពន្លឺព្រះផុស ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨។ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមប្បញ្ញត្តិមាត្រា៤៣៧ (ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ»។
ដីកាបង្គាប់ចេញដោយលោក ងួន ណារ៉ា មិនបានបញ្ជាក់ពីមូលហេតុនៃការចាប់ឃុំខ្លួនលោក បាន សម្ភីរ នោះទេ ដោយក្នុងនោះ លោក ងួន ណារ៉ា បានបញ្ជាឲ្យសមត្ថកិច្ចនាំខ្លួនជនត្រូវចោទទៅឃុំខ្លួននៅពន្ធនាគារ និងបញ្ជាឲ្យប្រធានមន្ទីរឃុំឃាំងខេត្តសៀមរាប ឃុំខ្លួនរហូតដល់មានសេចក្តីសម្រេចថ្មី។
លោក យិន ស្រេង ប្រធានលេខាធិការដ្ឋានរដ្ឋបាលតុលាការខេត្តសៀមរាប ក៏មិនបានប្រាប់ពីមូលហេតុនៃការប្រព្រឹត្តរបស់លោក បាន សម្ភីរ រហូតឈានដល់មានការឃុំខ្លួន ពីបទប្រមាថព្រះមហាក្សត្រនោះដែរ ដោយលោកគ្រាន់តែបញ្ជាក់ប្រាប់ VOA ថា៖
«តុលាការឃុំខ្លួនគាត់ពីបទប្រមាថអង្គព្រះមហាក្សត្រ...ខ្ញុំអត់អាចបញ្ជាក់បានទេ ពីព្រោះអាហ្នឹងរឿងហេតុនៅក្នុងសំណុំរឿង»។
ការចាប់ឃុំខ្លួនបុរសវ័យ៧០ឆ្នាំរូបនេះ ដោយចោទពីបទប្រមាថអង្គព្រះមហាក្សត្រ គឺជាការចាប់ខ្លួនលើកទីពីរហើយ បន្ទាប់ពីមាត្រាមួយចំនួនដែលចែងពីអំពើប្រមាថព្រះមហាក្សត្រត្រូវបានធ្វើវិសោធនកម្មក្នុងក្រមព្រហ្មទណ្ឌ កាលពីខែកុម្ភៈ ឆ្នាំ២០១៨នេះ។ បុរសដំបូងដែលត្រូវបានចាប់ខ្លួនពីបទប្រមាថព្រះមហាក្សត្រ គឺជានាយកសាលាបឋមសិក្សាម្នាក់ ស្ថិតក្នុងខេត្តកំពង់ធំ ឈ្មោះ ឃាង ណាវី អាយុ៥០ឆ្នាំ។ បុរសនោះត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងចោទប្រកាន់កាលពីសប្តាហ៍មុន ក្រោយបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់លោកថា ព្រះមហាក្សត្រ និងសមាជិករាជវង្សដទៃទៀត បានចូលដៃចូលជើងជាមួយរដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការរំលាយគណបក្សសង្គ្រោះជាតិកន្លងមក។
យោងតាមមាត្រា៤៣៧ស្ទួននៃក្រមព្រហ្មទណ្ឌ ពីបទប្រមាថអង្គព្រះមហាក្សត្រ ដែលទើបត្រូវបានធ្វើវិសោធនកម្ម បុរសវ័យចំណាស់ទាំងពីរនាក់នោះ អាចប្រឈមនឹងការជាប់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងរងពិន័យជាប្រាក់ពី ២លានរៀល ដល់១០លានរៀល ប្រសិនបើតុលាការរកឃើញថាមានកំហុស។
មាត្រាថ្មីដែលចែងដាក់បន្ថែមទោសនេះ ត្រូវបានអនុម័តឲ្យប្រើកាលពីខែកុម្ភៈកន្លងទៅ ក្រោយពេលដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តឹងរំលាយគណបក្សសង្គ្រោះជាតិ ការបង្ក្រាបលើក្រុមអ្នករិះគន់ ការបង្រ្កាបសារព័ត៌មានឯករាជ្យ និងអង្គការសង្គមស៊ីវិល។
លោក ស៊ឹង សែនករុណា មន្រ្តីអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រាប់ VOA ថា លោកមានការបាម្ភថា ប្រជាពលរដ្ឋជាច្រើននាក់ទៀតនឹងត្រូវបន្តចាប់ខ្លួន ដោយសារការយល់ដឹងរបស់ពួកគាត់នៅមានកម្រិត រួមជាមួយនឹងការទទួលបានព័ត៌មានរបស់ពួកគាត់កាន់តែតិចទៅ។
លោកបញ្ជាក់ថា៖
«បើសិនជាមាត្រាច្បាប់នេះ យើងនៅមានជាធរមាន ហើយពលរដ្ឋមិនមានការយល់ដឹងអំពីច្បាប់ឲ្យបានច្បាស់លាស់ យើងព្រួយបារម្ភថា រឿងនេះវាមិនត្រឹមតែពីរករណីទេ។ យើងនឹងអាចគិតថានឹងមានករណីជាបន្តទៀត បើសិនជាការផ្សព្វផ្សាយមិនបានទូលំទូលាយ ហើយការប្រើប្រាស់បណ្តាញសង្គម ឬក៏ការយល់ដឹងពីការពិនិត្យពិចារណាលើព័ត៌មាន ពិត ឬមិនពិត ត្រឹមត្រូវ ឬក៏មិនត្រឹមត្រូវយ៉ាងណានោះ យើងគិតថា វានឹងមានផលប៉ះពាល់ជាច្រើនជាតិដល់ពលរដ្ឋកម្ពុជាយើង»។
លោក សឹង សែនករុណា បន្ថែមថា ការដាក់ទោសការលើកឡើងណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់អង្គព្រះមហាក្សត្រ គឺទើបតែមាននាពេលថ្មីៗ បន្ទាប់ពីការលើកឡើងកន្លងមក មិនមានចេញជាវិធានការ ដែលលោកថា ករណីនេះជាការកែប្រែដែលធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការអនុវត្តភ្លាមៗ។ លោកបន្ថែមថា រដ្ឋាភិបាលគួរតែផ្សព្វផ្សាយពីវិសោធនកម្មមាត្រាស្តីពីការដាក់ទោសទណ្ឌពាក់ព័ន្ធនឹងការប្រមាថអង្គព្រះមហាក្សត្រ ដែលទើបធ្វើវិសោធនកម្មនេះឲ្យបានកាន់តែទូលំទូលាយជាមុនសិន មុននឹងចាត់វិធានការដាក់ទោសទណ្ឌឲ្យជាប់ពន្ធនាគារ។
លោកមានប្រសាសន៍ថា៖
«វាជារឿងមួយដែលធ្វើឲ្យគាត់ហ្នឹងបាត់បង់សេរីភាពរបស់គាត់ ឬក៏ធ្វើឲ្យគាត់មានសម្ពាធផ្លូវចិត្ត ក្នុងការដែលយើងមិនដឹងថាតើគាត់ហ្នឹង នឹងមានភាពប្រឈមយ៉ាងម៉េចទៀត។ ព្រោះមានប្រជាពលរដ្ឋច្រើនទៀត ដែលតាមការដែលខ្ញុំសន្និដ្ឋាន ព្រោះយើងដឹងហើយ នៅក្នុងប្រទេសកម្ពុជាយើងហឹ្នង គឺពលរដ្ឋតាមទីជនបទ លោកនៅខ្វះខាតផ្នែកព័ត៌មាននេះណាស់ ដើម្បីយល់ដឹង ពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ ពីស្ថានភាពសង្គម និងនយោបាយនេះឯង»។
កម្ពុជាបានក្លាយទៅជាប្រទេសទីពីរក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសថៃ ដែលជាប្រទេសចែងច្បាប់ដាក់ទោសទណ្ឌជាពន្ធនាគារ ចំពោះជនណាដែលហ៊ានប្រមាថព្រះចេស្ដាព្រះមហាក្សត្រ។ ការណ៍នេះធ្វើឲ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិជាច្រើន មានក្តីបារម្ភយ៉ាងខ្លាំងលើសិទ្ធិបញ្ចេញមតិក្នុងតំបន់។
ក្រៅពីការចាប់ខ្លួនអ្នកដែលបង្ហោះសារពាក់ព័ន្ធនឹងព្រះមហាក្សត្រ ក៏នៅមានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនរូបទៀតនាពេលកន្លងមក ត្រូវបានឃាត់ខ្លួន ចោទប្រកាន់ និងឃុំខ្លួន ពាក់ព័ន្ធនឹងការបង្ហោះសារផ្សេងៗ ដែលរដ្ឋាភិបាលបញ្ជាក់ថា ជាការប្រមាថ និងជាការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ជាដើម៕