ក្រុមអ្នកជួយសង្គ្រោះកាលពីថ្ងៃព្រហស្បតិ៍បន្តស្វែងរកអ្នកនៅរស់រានពីការផ្ទុះដ៏ខ្លាំងកាលពីថ្ងៃអង្គារនៅក្នុងទីក្រុងបេរូតប្រទេសលីបង់ខណៈដែលប្រធានាធិបតីបារាំងលោក Emmanuel Macron ដែលកំពុងបំពេញទស្សនកិច្ចព្រមានថាប្រទេសលីបង់កាន់តែបន្តចុះខ្សោយប្រសិនបើគ្មានកំណែទម្រង់។
ក្រសួងសុខាភិបាលលីបង់និយាយថាមកទល់នឹងពេលនេះចំនួនអ្នកស្លាប់បានកើនដល់១៣៧នាក់ និងអ្នករបួសសរុបជាង៥.០០០នាក់ពីការផ្ទុះដ៏ ខ្លាំងនេះ ហើយក្រុមមន្ត្រីរំពឹងថាចំនួននេះនឹងកើនឡើងទៀត។
នៅពេលនេះគណៈរដ្ឋមន្ត្រីលីបង់បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេល២សប្តាហ៍ និងបានបញ្ជាឲ្យយោធាឃុំឃាំងឲ្យនៅផ្ទះនូវរាល់ជនទាំងឡាយណាដែលបានជាប់ពាក់ព័ន្ធឧប្បទ្ទវហេតុនៃការផ្ទុះដ៏ខ្លាំងនៅឃ្លាំងដែលមានស្តុកជាតិផ្ទុះនេះ។
ពួកអាជ្ញាធរកំពុងស៊ើបអង្កេតពីមូលហេតុអ្វីដែលបាននាំឲ្យមានការផ្ទុះនេះ ហើយពួកមេដឹកនាំបានផ្តោតលើអ្វីដែលពួកគេបាននិយាយថាជាសារធាតុអាម៉ូនីញ៉ូមនីត្រាតរាប់តោនដែលត្រូវបានស្តុកទុកនៅឯឃ្លាំងកំពង់ផែ៦ឆ្នាំមកហើយ។
ប្រទេសបារាំងដែលជាអតីតអាណាព្យាបាលអាណានិគមរបស់លីបង់ បានបញ្ជូនគ្រូពេទ្យសង្គ្រោះបន្ទាប់និងសម្ភារៈពេទ្ររាប់សិបតោនទៅកាន់ក្រុងបេរូត។ ប្រធានាធិបតីបារាំងលោក Macron ដែលបានទៅទស្សនាលីបង់កាលពីថ្ងៃព្រហស្បតិ៍ដើម្បីជួបមេដឹកនាំនយោបាយនិយាយថា ទស្សនកិច្ចរបស់លោកជាឱកាសជជែកគ្នាដោយដោយត្រង់ៗនិងតឹងតែងជាមួយមេដឹកនាំនិងស្ថាប័ននយោបាយលីបង់៕