អ្នក​វិទ្យាសាស្ត្រ​យល់​ថា ការ​តាម​រក​ប្រភព​វីរុស​ជំងឺ​កូវីដ១៩ គួរ​បញ្ចូល​តំបន់​អាស៊ី​អាគ្នេយ៍​ផងដែរ

រូបឯកសារ៖ សត្វប្រចៀវ ហើរ​ចេញ​ពី​ល្អាង​មួយ​នៅ​ក្បែរ​វត្ត Khao Cong Phran ដើម្បី​រក​ចំណី​នៅ​ពេល​ព្រលប់​នៅ​ខេត្ត​រ៉ាចាបូរី ចម្ងាយ​ប្រមាណ​១៣០ គីឡូម៉ែត្រ ភាគខាងលិច​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ទី១៤ ខែកញ្ញា ឆ្នាំ២០០៩។

អ្នក​វិទ្យាសាស្ត្រ​ដែល​ស្វែងរក​ប្រភព​នៃ​វីរុស​កូរ៉ូណា​ដែល​នាំ​ឲ្យ​កើត​ជំងឺ​កូវីដ១៩ និង​តម្រុយ​សម្រាប់​បង្ការ​ជំងឺ​រាតត្បាត​ផ្សេង​ទៀត​នៅ​ពេល​ខាង​មុខ បាន​និយាយ​ថា មាន​ភស្តុតាង​កាន់តែ​ច្រើន​ដែល​បង្ហាញ​ថា ការ​ស្វែងរក​ប្រភព​នៃ​វីរុស​នេះ​ គួរ​ធ្វើ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ផងដែរ ក្រៅ​ពី​ប្រទេស​ចិន។

តាំងពី​ពេល​ផ្ទុះ​ឡើង​ដំបូង​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ទីក្រុង Wuhan ប្រទេស​ចិន ដែល​ធ្វើ​ឲ្យ​ពិភពលោក​ចាប់​អារម្មណ៍​កាលពី​ខែ​ធ្នូ ឆ្នាំ ២០១៩ មក អ្នក​ស្រាវជ្រាវ​នានា​ដែល​បាន​ស្វែងរក​ប្រភព​នៃ​វីរុស​ដែល​នាំ​ឲ្យ​កើត​ជំងឺ​នេះ បាន​ផ្ដោតតែ​លើ​ប្រទេស​ចិន។

វីរុស​ដែល​មាន​អំបូរ​ជិតស្និទ្ធ​នឹង​វីរុស​ជំងឺ​កូវីដ១៩ នេះ ដែល​មាន​ហ្សែន​ដូច​គ្នា​ប្រហែល ៩៦% គឺជា​វីរុស​កូរ៉ូណា​មួយ​ប្រភេទ​ទៀត ដែល​គេ​បាន​រកឃើញ​កាលពី​ដើម​ឆ្នាំ​មុន​នៅ​ក្នុង​ខេត្ត Yunnan នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន។

ប៉ុន្តែ ការ​សិក្សា​ស្រាវជ្រាវ​កាលពី​ពេល​ថ្មីៗ​នេះ​បាន​រក​ឃើញ​វីរុស​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​ថៃ និង​កម្ពុជា។ វីរុស​ទាំង​នេះ​ស្ទើរតែ​ស្រដៀង​ទៅ​នឹង​វីរុស​ដែល​គេ​រក​ឃើញ​នៅ​ក្នុង​ខេត្ត Yunnan។

ក្រុម​អ្នក​វីរុសសាស្ត្រ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ដែល​បាន​ធ្វើ​បេសកកម្ម​ទៅ​កាន់​ទីក្រុង Wuhan កាលពី​ពេល​ថ្មីៗ​នេះ ដើម្បី​ស្វែងរក​ប្រភព​នៃ​ជំងឺ​កូវីដ១៩ ក៏​បាន​និយាយ​ផងដែរ​ថា ដំណាក់កាល​បន្ទាប់​នៃ​ការ​ស្វែងរក​ប្រភព​វីរុស​នេះ​គួរ​បញ្ចូល​តំបន់​អាស៊ី​អាគ្នេយ៍​ផងដែរ។

ដំបូន្មាន​របស់​ពួកគេ​គឺ​ថា ត្រូវ​តាមដាន​សត្វ​ប្រជៀវ។ សត្វ​ប្រជៀវ​ប្រភេទ​ខ្លះ ​គឺ​មាន​ផ្ទុក​អំបូរ​វីរុស​កូរ៉ូណា និង​ដែល​អាច​ជា​ប្រភព​នៃ​វីរុស​ជំងឺ​កូវីដ១៩។

សញ្ញា​ពី​សត្វ​ប្រជៀវ

អ្នក​វិទ្យាសាស្ត្រ​នានា​បាន​កំណត់​រួច​មក​ហើយ​នូវ​វីរុស​កូរ៉ូណា​ដែល​ទាក់ទង​នឹង​ជំងឺ​សារស៍ (SARS) ចំនួន​ជាង ១០០ ប្រភេទ នៅ​ក្នុង​សត្វ​ប្រជៀវ​នៅ​ទូទាំង​ប្រទេស​ចិន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Peter Daszak ដែល​ជា​អ្នក​វីរុស​សាស្ត្រ​ដែល​បាន​ចូលរួម​នៅ​ក្នុង​បេសកកម្ម​ស្វែងរក​ប្រភព​វីរុស​ជំងឺ​កូវីដ១៩ របស់​អង្គការ WHO។

លោក​បាន​ប្រាប់ VOA ថា៖ «យើង​មិន​បាន​ធ្វើការ​ឲ្យ​បាន​គ្រប់គ្រាន់​នៅ​ឡើយ​ទេ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ឡាវ និង​វៀតណាម ដើម្បី​អាច​និយាយ​បាន​ថា មិន​មាន​វីរុស​បែប​នេះ​ច្រើន​ទៀត​នៅ​ក្នុង​ប្រទេស​ទាំង​នោះ»។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «នៅពេល​ដែល​អ្នក​មើល​លើ​ផែនទី​រក​កន្លែង​ដែល​សត្វ​ប្រជៀវ​មាន​ផ្ទុក​វីរុស​ទាំង​នេះ​រស់នៅ អ្នក​ចាប់ផ្ដើម​ដឹង​ថា ប្រទេស​ទាំង​អស់​នោះ​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ត្បូង​ប្រទេស​ចិន មាន​ប្រជៀវ​ជា​ច្រើន​ប្រភេទ​ជាង​នេះ​ទៀត និង​អាច​មាន​វីរុស​ច្រើន​ប្រភេទ​ជាង​នេះ​ទៀត។ ដូច្នេះ ប្រភព​នៃ​វីរុស​ជំងឺ​កូវីដ១៩ ប្រហែលជា​កើតឡើង​នៅ​ក្នុង​ខេត្ត Yunnan ប៉ុន្តែ​បើ​តាម​គំនិត​ខ្ញុំ យើង​ចាំបាច់​ត្រូវ​មើល​ទៅ​លើ​ប្រទេស​មីយ៉ាន់ម៉ា ឡាវ វៀតណាម និង​ប្រទេស​ផ្សេង​ទៀត​នៅ​ភាគ​ខាង​ត្បូង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ផងដែរ»។

ប្រទេស​ចិន​បាន​បដិសេធ​មិន​ព្រម​ប្រគល់​ទិន្នន័យ​ដើម​របស់​អ្នក​ជំងឺ​កូវីដ១៩ ដំបូងៗ​មួយ​ចំនួន។ លោក Daszak បាន​និយាយ​ថា សូម្បីតែ​ដូច្នេះ​ក៏​ដោយ ក៏​អ្នក​វិទ្យាសាស្ត្រ​ចិន និង​ក្រុម​អ្នក​វិទ្យាសាស្ត្រ​របស់​អង្គការ WHO បាន​យល់ស្រប​ថា វីរុស​ជំងឺ​កូវីដ១៩ អាច​ឆ្លង​ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស​ពី​សត្វ​ប្រជៀវ​តាម​រយៈ​សត្វ​ផ្សេង​ទៀត។

កាលពី​ដើម​ឆ្នាំ​មុន អ្នក​វិទ្យាសាស្ត្រ​មកពី​ប្រទេស​ចិន​និង​អូស្ត្រាលី​បាន​រាយការណ៍​ថា ពួកគេ​បាន​រកឃើញ​វីរុស​ដែល​មាន​លក្ខណៈ​ជាង ៩០% ដូច​ទៅ​នឹង​វីរុស​ជំងឺ​កូវីដ១៩ នៅ​ក្នុង​សត្វ​ពង្រូល​នៅ​ឧបទ្វីប​ម៉ាឡេ។

សត្វ​ពង្រូល​នេះ​ អាច​ជា​សត្វ​ដែល​ចម្លង​វីរុស​ជំងឺ​កូវីដ១៩ នេះ​ពី​ប្រជៀវ​ទៅ​មនុស្ស។ សត្វ​ពង្រូល​នេះ​ ត្រូវ​គេ​ប្រមាញ់​រក​ដោយសារតែ​ស្រកា​និង​សាច់​របស់​វា និង​ត្រូវ​បាន​គេ​រត់ពន្ធ​ពី​តំបន់​អាស៊ី​អាគ្នេយ៍​ទៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន។

ប៉ុន្មាន​ខែ​ក្រោយ​មក អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​វីរុស​មួយ​ចំនួន​ទៀត​ស្រដៀង​ទៅ​នឹង​វីរុស​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ខ្លួន​សត្វ​ប្រជៀវ​ដែល​គេ​ប្រមូល​បាន​ពី​ប្រទេស​កម្ពុជា និង​ត្រូវ​បាន​សម្ងួត​កាលពី​ជាង​មួយ​ទសវត្សរ៍​មុន។

ពួកគេ​បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​របស់​ពួកគេ​ថា ការ​រកឃើញ​នេះ «បង្ហាញ​ថា វីរុស​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩ មាន​នៅ​ក្នុង​ភូមិសាស្ត្រ​ធំ​ជាង​ភូមិសាស្ត្រ​ដែល​គេ​យល់​ឃើញ​ពី​មុន​ច្រើន និង​នាំ​ឲ្យ​មាន​ការ​យល់​ឃើញ​ថា តំបន់​អាស៊ី​អាគ្នេយ៍​ គឺជា​តំបន់​សំខាន់​មួយ​សម្រាប់​ពិចារណា​នៅ​ក្នុង​ការ​បន្ត​ស្វែងរក​ប្រភព​នៃ​ជំងឺ​កូវីដ១៩»។

កាលពី​ខែ​កុម្ភៈ អ្នក​វិទ្យាសាស្ត្រ​នៅ​ក្នុង​ប្រទេស​ថៃ​ក៏​បាន​រកឃើញ​ផងដែរ​នូវ​វីរុស​ដែល​ដូច​ខ្លាំង​ទៅ​នឹង​វីរុស​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ហ្វូង​សត្វ​ប្រជៀវ​ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង​បាងកក និង​បាន​រកឃើញ​អង់ទីករ​ដែល​អាច​បង្ការ​វីរុស​ជំងឺ​កូវីដ១៩ បាន​នៅ​ក្នុង​ខ្លួន​សត្វ​ពង្រូល​រត់​ពន្ធ​មួយ​ក្បាល ​ដែល​អាជ្ញាធរ​មូលដ្ឋាន​រឹប​អូស​បាន​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​ជិត​ប្រទេស​ម៉ាឡេស៊ី។

វីរុស​អំបូរ​វីរុស​ជំងឺ​កូវីដ១៩

អ្នកស្រី Supaporn Wacharapluesadee ដែល​ជា​អ្នក​វីរុសសាស្ត្រ​នៅ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​សុខាភិបាល​ជំងឺ​ឆ្លង​កាកបាទ​ក្រហម​ថៃ​នៃ​សាកល​វិទ្យាល័យ Chulalongkorn នៅ​ក្នុង​ទីក្រុង​បាងកក ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ចុងក្រោយ​បង្អស់ បាន​ហៅ​ការ​រក​ឃើញ​នេះ​ថា ​មាន «សារៈសំខាន់​សម្រាប់​ការ​ស្វែងរក​ប្រភព​នៃ​ជំងឺ​កូវីដ១៩»។

អ្នកស្រី​បាន​និយាយ​ថា ការ​ស្វែងរក​ប្រភព​ទាំង​នេះ​ អាច​ឈាន​ទៅ​ដល់​ការ​រក​ឃើញ​ទីតាំង​សត្វ​ប្រជៀវ​ដែល​ផ្ទុក​អំបូរ​វីរុស​ស្រដៀង​នឹង​វីរុស​ជំងឺ​កូវីដ១៩។

អ្នកស្រី​បាន​ប្រាប់ VOA ថា៖ «ប្រសិនបើ​យើង​រក​ឃើញ​វីរុស​ដែល​ទាក់ទង​នឹង​វីរុស​ជំងឺ​កូវីដ១៩ នៅ​ក្នុង​សត្វ​ប្រជៀវ​នៅ​ប្រទេស​ចិន ហើយ​ប្រសិនបើ​អ្នក​រក​ឃើញ​ប្រជៀវ​ប្រភេទ​នេះ​ដែរ​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត នោះ​មាន​ន័យ​ថា គេ​ក៏​អាច​រក​ឃើញ​វីរុស​នេះ​នៅ​ក្នុង​ប្រទេស​ទាំង​នោះ​ផងដែរ»។

ដើម្បី​បង្រួម​បន្ថែម​ទៀត​លើ​ការ​ស្វែងរក​ប្រភព​នៃ​ជំងឺ​កូវីដ១៩ អ្នក​ស្វែងរក​ប្រភព​វីរុស​នេះ​កំពុង​ស្វែងរក​វីរុស​ដែល​ស្រដៀង​ខ្លាំង​បំផុត​ជាង ៩៦% នៃ​ប្រភេទ​វីរុស​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​ខេត្ត Yunnan ប្រទេស​ចិន កាលពី​ឆ្នាំ​មុន។ ប្រភេទ​វីរុស​ដែល​បាន​រកឃើញ​នៅ​ក្នុង​ប្រទេស​ថៃ​និង​កម្ពុជា មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​វីរុស​ជំងឺ​កូវីដ១៩ ប្រហែល​ពី ៩១% ទៅ ៩៣%។

ប៉ុន្តែ ដោយសារតែ​ប្រជៀវ​មាន​ច្រើន​ប្រភេទ និង​មាន​ចំនួន​ជា​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ក្រុម​អ្នក​ស្រាវជ្រាវ​ដែល​បាន​រកឃើញ​វីរុស​អំបូរ​វីរុស​កូវីដ១៩ នៅ​ក្នុង​ប្រទេស​ថៃ បាន​និយាយ​ថា តំបន់​អាស៊ី​អាគ្នេយ៍​ប្រហែល «ទំនងជា​កន្លែង​សំបូរ​វីរុស​ដូច​នេះ» ជាង​ប្រទេស​ចិន និង​ជា​តំបន់​ដែល​គួរ​បន្ថែម​ការ​យក​ចិត្តទុកដាក់។

លោក Chee Wah Tan ដែលជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ Duke នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី (National University of Singapore) និង​សមាជិក​ម្នាក់​ទៀត​នៃ​ក្រុម​ស្រាវជ្រាវ​នេះ បាន​និយាយ​ថា ការ​ស្វែងរក​ប្រភព​នៃ​វីរុស​ជំងឺ​កូវីដ១៩ គួរ​ធ្វើ​ទៅ​លើ​សត្វ​ប្រជៀវ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ និង​អាច​ទៅ​លើ​សត្វ​ផ្សេង​ទៀត​ដែល​ចម្លង​វីរុស​នេះ​ផងដែរ។

លោក​បាន​ប្រាប់ VOA ថា ប្រភេទ​វីរុស​ដែល​គេ​បាន​រកឃើញ​នៅ​ក្នុង​ប្រទេស​ថៃ​និង​កម្ពុជា «អាច​ជា​វីរុស​ដើម​នៃ​វីរុស​ជំងឺ​កូវីដ១៩ ឬ​ក៏​វីរុស​ដែល​កៀក​នឹង​នេះ»។

ការ​តាម​ស្វែងរក​ប្រភព​វីរុស​ជំងឺ​កូវីដ១៩

ការ​ស្វែងរក​ប្រភព​នៃ​វីរុស​ជំងឺ​កូវីដ១៩ បាន​ចាប់ផ្ដើម​រួច​ហើយ។

លោក Daszak ប្រធាន​អង្គការ​សម្ព័ន្ធភាព​អេកូ​សុខភាព (EcoHealth Alliance) ដែល​ជា​អង្គការ​មិន​រក​ប្រាក់​កម្រៃ​របស់​សហរដ្ឋ​អាមេរិក​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាមកំហែង​នៃ​ជំងឺ​លេច​ឡើង​នានា​ដែល​មាន​ប្រភព​ពី​សត្វ បាន​បញ្ជាក់​ថា ក្រុម​របស់​លោក​ទើបតែ​ចាប់ផ្ដើម​តាមដាន​រក​សញ្ញា​នៃ​វីរុស​ជំងឺ​កូវីដ១៩ នៅ​ក្នុង​សត្វ​ប្រជៀវ​នៅ​ក្នុង​ប្រទេស​ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម ដែល​សុទ្ធតែ​ជា​ប្រទេស​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ប្រទេស​ចិន។

ពួកគេ​បាន​ធ្វើ​កិច្ចការ​ស្រដៀង​គ្នា​នេះ​ដែរ​ទាក់ទិន​នឹង​វីរុស​កូរ៉ូណា​នានា​នៅ​ក្នុង​ប្រទេស​ថៃ​និង​ម៉ាឡេស៊ី​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​ហើយ ដូច​ទៅ​នឹង​អ្នក​វិទ្យាសាស្ត្រ​នៅ​ក្នុង​ប្រទេស​ទាំង​នោះ​និង​នៅ​កន្លែង​ផ្សេង​ទៀត​ដែរ។

ក្ដី​សង្ឃឹម​របស់​លោក​គឺ​ថា រដ្ឋាភិបាល​ចិន​បង្កើន​ការ​តាមដាន​រក​ប្រភព​នៃ​វីរុស​ជំងឺ​កូវីដ១៩ និង​ការ​ធ្វើ​តេស្ត​លើ​កសិដ្ឋាន​សត្វ​ព្រៃ​និង​ផ្សារ​លក់​សត្វ​ព្រៃ​នានា​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន ដូច​ដែល​រដ្ឋាភិបាល​ចិន​បាន​ឯកភាព​ជា​បណ្ដោះអាសន្ន​កន្លង​មក​នៅ​ក្នុង​ការ​ធ្វើ​ដូច្នេះ។

លោក​ក៏​សង្ឃឹម​ផងដែរ​ថា​ អាច​ធ្វើ​ការ​ជាមួយ​ប៉ូលិស​មូលដ្ឋាន​ដើម្បី​ធ្វើ​តេស្ត​លើ​សត្វ​ដែល​ពួកគេ​បាន​ជួយ​សង្គ្រោះ​ពី​អ្នក​ជួញដូរ​សត្វ​ព្រៃ​ខុស​ច្បាប់ ដែល​ឆ្លងកាត់​ព្រំដែន​ទាំង​នោះ។

លោក Daszak មិន​រំពឹង​ថា ​នឹង​ទទួល​បាន​ចម្លើយ​ណា​មួយ​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ​ទាក់ទិន​នឹង​ប្រភព​របស់​វីរុស​ជំងឺ​កូវីដ១៩ និង​របៀប​ដែល​វីរុស​នេះ​ឆ្លង​ទៅ​មនុស្ស។

លោក​បាន​និយាយ​ថា ការ​ស្វែងរក​ប្រភព​វីរុស​ជំងឺ​សារស៍ បាន​ចំណាយពេល​អស់​ប្រមាណ ៥ ឆ្នាំ និង​ថា អ្នក​វិទ្យាសាស្ត្រ​នៅតែ​មិន​ទាន់​ដឹង​ច្បាស់​អំពី​ប្រភព​នៃ​វីរុស​ជំងឺ​អ៊ីបូឡា (Ebola) បន្ទាប់ពី​គេ​បាន​រក​ឃើញ​វា​ដំបូង​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​កាលពី​ជាង ៤ ទស្សវត្សរ៍​មុន។

ការ​ស្វែងរក​ចម្លើយ​ទាំង​នេះ​ គឺ​ហួស​ពី​ការ​សិក្សា​ស្រាវជ្រាវ​បែប​ទ្រឹស្ដី​ទៅ​ទៀត។ តាម​រយៈ​ការ​តាមដាន​រក​ប្រភព​នៃ​វីរុស​ជំងឺ​កូវីដ១៩ អ្នក​វិទ្យាសាស្ត្រ​សង្ឃឹម​ថា​ នឹង​អាច​ស្វែងរក​វីរុស​ផ្សេង​ទៀត​ដែល​ឆ្លង​ពី​សត្វ និង​ច្រក​ដែល​អាច​បណ្ដាល​ឲ្យ​ផ្ទុះ​ឡើង​នូវ​ជំងឺ​រាតត្បាត​ណា​មួយ​ទៀត​នៅ​ពេល​ខាង​មុខ ដែល​អាច​ឲ្យ​ពួកគេ​បង្ការ​បាន​មុន មុន​ពេល​ដែល​វីរុស​នោះ​ផ្ទុះ​ឡើង។

លោក Daszak បាន​បញ្ជាក់​ដូច្នេះ​ថា៖ «វា​ស្រដៀង​ទៅ​នឹង​ការ​បង្អាក់​ក្រុម​ភេវជន​ដូច្នេះ​ដែរ។ នៅ​ពេល​ដែល​អ្នក​ឮ​ពាក្យ​ចចាមអារ៉ាម​អំពី​ការ​វាយ​ប្រហារ​ភេរវកម្ម អ្នក​មិន​បាន​រង់ចាំ​ឲ្យ​មាន​ការ​វាយ​ប្រហារ​កើតឡើង​នោះ​ទេ គឺ​អ្នក​រក​មធ្យោបាយ​បង្អាក់​បណ្ដាញ​នោះ។ នេះ​ គឺជា​អ្វី​ដែល​យើង​ចាំបាច់​ត្រូវ​ធ្វើ​ចំពោះ​ជំងឺ​ឆ្លង​រាតត្បាត​នានា»៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ