ភ្នំពេញ — សាលារៀនឯកជនមួយចំនួនកំពុងរៀបចំអនាម័យនិងប្រព័ន្ធសុវត្ថិភាព នៅក្នុងសាលា។ ចំណែកសាលារដ្ឋវិញក៏រង់ចាំការណែនាំពីក្រសួងអប់រំយុវជននិងកីឡាផងដែរ ចំពោះវិធានការផ្សេងៗ ជុំវិញការបើកសាលារៀនឡើងវិញ បន្ទាប់ពីបានផ្អាកជាបណ្តោះអាសន្នប្រមាណ ៥ ខែកន្លងមកនេះ ដោយសារវិបត្តិជំងឺកូវីដ១៩។
កាលពីខែមីនាកន្លងមកនេះ ក្រសួងអប់រំបានប្រកាសឲ្យសាលាទាំងអស់នៅទូទាំងប្រទេសផ្អាកការសិក្សាមួយរយៈ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បន្ទាប់ពីមានការរកឃើញគណៈគ្រប់គ្រងជនជាតិបរទេស ១រូប របស់សាលាឯកជនមួយ នៅក្នុងទីក្រុងភ្នំពេញ បានឆ្លងជំងឺកូវីដ១៩ ក្រោយពេលគាត់ត្រឡប់មកពីក្រៅប្រទេស ហើយក៏មានការរកឃើញអ្នកឆ្លងជំងឺកូវីដចេះកើនឡើងជាបន្តបន្ទាប់។
ក្រសួងអប់រំឲ្យដឹងថា ក្រសួងកំពុងរៀបចំឲ្យមានការបើកសាលារៀនឡើងវិញជាដំណាក់កាលៗ អាស្រ័យទៅលើសាលា ដែលអាចឆ្លើយតបទៅនឹងស្តង់ដារសុវត្ថិភាពសុខភាពសិក្សា។ ដំណាក់កាលដំបូងអាចចាប់ផ្តើម ក្នុងខែសីហាខាងមុខនេះ។
វិធានការមានដូចជាការកាត់បន្ថយសិស្សអង្គុយរៀន នៅក្នុងថ្នាក់ប្រមាណ ៥០ ភាគរយ កន្លែងអង្គុយសម្រាក ឬកន្លងញុំអាហារបានដាក់ឲ្យមានគម្លាត ការបាញ់អាល់កុលសម្លាប់មេរោគ ជណ្តើរយន្តលែងឲ្យដំណើរការ តាមដានប្រវត្តិធ្វើដំណើររបស់សិស្សនិងបុគ្គលិក កាត់បន្ថយការទូទាត់សាច់ប្រាក់ដោយផ្ទាល់ ស្លាកសញ្ញានិងសារជាអក្សរ ដែលក្រើនរំឭកពីការលាងដៃ និងការនៅឆ្ងាយពីគ្នា បានបិទតាមជញ្ជាំងនៅកន្លែងមួយចំនួន ក្នុងសាលាវ៉េស្ទឡាញន៍ និងសាលាវេស្ទើនអន្តរជាតិ។
លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន Westline Education Group មានប្រសាសន៍ថា សាលារៀនវ៉េស្ទឡាញន៍ ត្រៀមកញ្ចប់ថវិកាយ៉ាងហោចណាស់ ១០ ម៉ឺនដុល្លារអាមេរិក សម្រាប់បំពាក់ឧបករណ៍សុវត្ថិភាពដល់សិស្សគ្រូ និងបុគ្គលិកក្នុងសាលា ដើម្បីទប់ស្កាត់និងបង្ការជំងឺកូវីដ១៩ បន្ទាប់ពីសាលាត្រូវបើកដំណើរឡើងវិញ។
លោកបន្ថែមថា សាលានឹងបំពាក់ឧបករណ៍វាស់កំដៅដោយស្វ័យប្រវិត្ត ហើយសិស្សគ្រូបង្រៀនបុគ្គលិកទាំងអស់ត្រូវពាក់ម៉ាស់ និងពាក់បន្ទះជ័រថ្លាការពារមុខពេល នៅក្នុងសាលា។
លោកថ្លែងប្រាប់ VOA ថា៖ «អាហារដ្ឋានក៏ដោយក៏យើងរៀបចំមានរបាំងផ្សេងៗ ជាមួយនឹងគ្រូក៏ដោយគាត់ត្រូវពាក់ម៉ាស់ ពាក់កំបាំងមុខហ្នឹង ហើយក្នុងថ្នាក់ត្រូវមានគម្លាតសុវត្ថិភាព សិស្សត្រូវពាក់ម៉ាស់ ពាក់កំបាំងមុខ។ ពាក់ព័ន្ធបុគ្គលិកគ្រូបង្រៀនទាំងអស់ ត្រូវតែវាស់កំដៅរបស់គាត់ទាំងអស់ពីផ្ទះមកសិន ហើយផ្ញើមកប្រធានផ្នែកគាត់សិន មុនគាត់មក។ សិស្សក៏ដោយក៏ដូចគ្នាដែរ។ អ៊ីចឹងត្រូវការការចូលរួមពីឪពុកម្តាយខ្លាំងមែនទែន។ អ៊ីចឹងបូកបញ្ចូលជាមួយប្រព័ន្ធស្តង់ដារសុវត្ថិភាពរបស់យើងទៀតអ៊ីចឹង ខ្ញុំជឿថា យើងមានទំនុកចិត្ត។ បើក្នុងករណីនៅពេលក្រសួងអនុញ្ញាតឲ្យយើងបើក គឺយើងអាចធ្វើបានដោយសុវត្ថិភាព និងគុណភាពខ្ពស់នេះ»។
សាលាវ៉េស្ទឡាញន៍ ដែលមាន ១១ ទីតាំង បានបើកបង្រៀនអស់រយៈពេល ១២ ឆ្នាំមកហើយ។ សាលាមានសិស្សប្រមាណ ១៣០០០ នាក់ ដែលសិក្សាចាប់ពីថ្នាក់មតេ្តយ្យដល់វិទ្យាល័យ។ នេះបើតាមការឲ្យដឹងរបស់លោក ប៉ិច បូឡែន។
ស្រដៀងគ្នាដែរ សាលាវេស្ទើនអន្តរជាតិក៏ត្រៀមអនុវត្តវិធានការសុខភាពប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីអាចបើកសាលាវិញបាន។ សាលារៀននេះបានបើកដំណើរការអស់រយៈពេលជិត ២០ ឆ្នាំ ពីថ្នាក់មតេ្តយ្យដល់ថ្នាក់ឧត្តមសិក្សា ដែលមានសាខាទាំងអស់ ១៦ ទីតាំងមានសិស្សប្រមាណ ១៤០០០នាក់។
លោក តែ ឡូរិន នាយកនៃសាលាវេស្ទើនអន្តរជាតិ មានប្រសាសន៍ថា មុនចូលសាលាសិស្សគ្រូនិងបុគ្គលិកទាំងអស់ត្រូវឆ្លងកាត់ទ្វារសុវត្ថិភាពបាញ់អាល់កុល សម្លាប់មេរោគ បន្ទាប់មកត្រូវឆ្លងកាត់ច្រកទ្វារមួយទៀត ដែលមានម៉ាស៊ីនវាស់កំដៅដោយស្វ័យប្រវត្តិ ច្រកទ្វារនោះមិនបើកទ្វារឲ្យអ្នកដែលមានកំដៅលើសពី ៣៧.៥ អង្សារសេ នោះទេ ហើយសំឡេងរោទិ៍នឹងបន្លឺឡើង។
លោកមានប្រសាសន៍ថា៖ «យើងបានរៀបចំឲ្យមានការបាញ់សម្អាតតាមបន្ទប់រៀននីមួយៗ បាញ់អាល់កុលគ្រប់សព្វបែបយ៉ាង ហើយរៀបថ្នាក់រៀនឡើងវិញ ហើយបន្តិចទៀត យើងរៀបខ្លោងទ្វារសុវត្ថិភាព ដែលសិស្សចូលមក វាមានការបាញ់សម្លាប់មេរោគហ្នឹង អូតូម៉ាទិចដោយស្វ័យប្រវត្តិ»។
លោកបានបញ្ជាក់ថា ពេលនេះគឺជាពេលដែលសមស្របគួរតែបើកសាលាឡើងវិញ ពីព្រោះកន្លែងសាធារណៈផ្សេងៗ បានបើកដំណើរការអស់ហើយ។
លោកបន្ថែមថា៖ «ហើយដូចជាមិនគួរឃាត់ឃាំងសាលាបន្តទៅទៀតទេ ពីព្រោះសាលាហ្នឹងគឺជាទីសុវត្ថិភាពជាងគេ ហើយក្នុងរឿងអនាម័យហ្នឹង ដែលយើងអាចតម្រូវឲ្យធ្វើម៉េចក៏បាន។ យើងអាចដាក់កំហិតយ៉ាងម៉េច ក៏គាត់ព្រមធ្វើតាមដែរ ជាពិសេសសាលាឯកជនទាំងឡាយ។ គ្រប់សាលាទាំងអស់បញ្ហានេះ ជាបញ្ហាចម្បង ហើយអំពីស្តង់ដារអនាម័យនេះ ពីព្រោះវាជាសេដ្ឋកិច្ចរបស់គាត់»។
វិធានការរបស់រដ្ឋាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្រៅពីសាលារៀននៅមានកន្លែងប្រមូលផ្តុំមួយចំនួនទៀត ក៏បានផ្អាកបណ្តោះអាសន្នផងដែរ រួមមានការប្រគំតន្រ្តី កន្លែងច្រៀងកម្សាន្តខារ៉ាអូខេ ក្លឹបកម្សាន្ត បៀរហ្គាឌិន ក្លឹបហាត់ប្រាណ កាស៊ីណូ កន្លែងប្រារព្ធពិធីសាសនាជាដើម។ ក៏ប៉ុន្តែ នៅក្នុងអំឡុងពេលនេះ កន្លែងមួយចំនួនបានបើកឲ្យដំណើរការឡើងវិញជាបណ្តើរៗហើយ បើទោះជារដ្ឋាភិបាលមិនទាន់បានចេញសេចក្តីប្រកាសជាផ្លូវការឲ្យបើកឡើងវិញក៏ដោយ។
ចំណែកនៅឯខេត្តសៀមរាបវិញ ដែលជាតំបន់ទេសចរណ៍ លោក ឯក សុថាវន្ត័ ជានាយកសាលាអន្តរជាតិឃីងគ្លរី ឲ្យដឹងដែរថា សាលារៀនរបស់លោក បាននិងកំពុងរៀបចំអនាម័យជាបណ្តើរៗ ដើម្បីការពារសុវត្ថិភាពដល់សិស្សទាំងអស់ ឲ្យស្របទៅតាមស្តង់ដារសុវត្ថិភាព បើទោះបីជាពេលនេះនៅមិនទាន់ដឹងពីកាលបរិច្ឆេទចូលរៀនច្បាស់លាស់ក៏ដោយ។
«យើងមានចំណាត់ការច្បាស់លាស់ក្នុងការដាក់ចេញឲ្យសិស្សានុសិស្ស គោរពតាមគោលការណ៍របស់យើង។ ជារួម នៅសាលារៀនគឺអាចមានលទ្ធភាពគ្រប់គ្រងបានអ៊ីចឹង ខ្ញុំមិនគិតថារលកទី២ អាចនឹងកើតមាន នៅពេលដែលបើកដំណើរការសាលានោះទេ។ ខ្ញុំគិតថា សាលាជាទីតាំងមួយ ដែលអាចគ្រប់គ្រងនូវការរាតត្បាត មិនមែនជាកន្លែងដែលប្រឈមខ្ពស់»។
ខណៈពេលដែលពិភពលោកកំពុងប្រឈមនឹងជំងឺកូវីដ១៩ ស្ថាប័នអប់រំក្នុងប្រទេសកម្ពុជា រាប់តាំងពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ឧត្តមសិក្សា ជាង ១៥.០០០ ស្ថាប័ន ត្រូវបានក្រសួងអប់រំឲ្យផ្អាកដំណើរការបណ្តោះអាសន្ន។ ការណ៍នេះធ្វើឲ្យសិស្សនិស្សិតប្រមាណជា ៣ លាន ៥ សែននាក់ ផ្អាកការសិក្សាដោយផ្ទាល់នៅនឹងកន្លែងដោយប្តូរមករៀនតាមអនឡាញ ឬពីចម្ងាយវិញ។
ជាមួយគ្នានេះដែរ លោក សេង សុខហ៊ាន នាយកសាលាពន្លឺវិជ្ជាអន្តរជាតិនៅខេត្តកំពង់ចាម មានប្រសាសន៍ថា ទោះបីជាសាលារៀនជាកន្លែងប្រមូលផ្តុំកុមារ មែនតែមានភាពងាយស្រួលការពារសុវត្ថិភាពជាងនៅតាមទីសាធារណៈផ្សេង។
«សាលាក៏បង្កើន ហើយនឹងក៏រឹតតែជំរុញក្នុងការណែនាំហ្នឹងឲ្យកាន់តែខ្លាំងទៀត។ អនុវត្តនូវវិធានការការពារហ្នឹង ហើយជាពិសេស នៅពេលដែលចេញលេង ឬពេលរៀនក្នុងថ្នាក់ហ្នឹងគ្រូ ឬក៏ថ្នាក់ដឹកនាំហ្នឹងប្រាកដជា នឹងខិតខំប្រឹងប្រែងហើយជួយគ្នាក្នុងការណែនាំ ដើម្បីឲ្យគាត់មានការប្រុងប្រយ័ត្នទាំងអស់គ្នាក្នុងរឿងនេះ។ អ៊ីចឹងខ្ញុំគិតថា នៅក្នុងសាលាការប្រុងប្រយ័ត្ន ងាយស្រួលជាងនៅតាមទីផ្សារ»។
សាលារៀនឯកជនភាគច្រើននៅក្នុងអំឡុងនេះកំពុងតែត្រៀម និងរៀបចំពីប្រព័ន្ធស្តង់ដារសុវត្ថិភាពស្រដៀងៗគ្នា ដើម្បីឆ្លើយតបទៅតាមតម្រូវរបស់ក្រសួងអប់រំយុវជននិងកីឡា។
លោក ច័ន្ទ វាសនា នាយករងសាលាអន្តរជាតិបញ្ញាសាស្រ្ត នៅខេត្តបាត់ដំបង ឲ្យដឹងពីការត្រៀមលក្ខណៈការពារសុវត្ថិភាព ស្រដៀងទៅនឹងសាលាឯកជនផ្សេងៗទៀតដែរ។
លោកមានប្រសាសន៍ថា៖ «ឥឡូវយើងចាប់ផ្តើមធ្វើការរៀបចំសម្អាតនៅក្នុងថ្នាក់ ដូចជាការបាញ់សម្លាប់មេរោគ និងប្រព័ន្ធនៃការការពារមេរោគ មានទឹកអាល់កុលលាងដៃ និងត្រៀមម៉ាស់សម្រាប់ក្នុងការដំណើរការនៃការបើកសាលារៀនឡើងវិញ»។
ក្រៅពីសាលាឯកជន នៅមានសាលារដ្ឋមួយចំនួនក៏បានកំពុងគិតគូររៀបចំគម្រោងការពារសុវត្ថិភាពដល់សិស្ស នៅពេលឲ្យបើកដំណើរការចូលរៀនឡើងវិញផងដែរ បើទោះបីជាមិនទាន់មានការជូនដំណឹងជាផ្លូវការរបស់ក្រសួងអប់រំនៅឡើយ។
លោក ហួត សុធី នាយកអនុវិទ្យាល័យអូរបែកក្អម មានប្រសាសន៍ថា លោកកំពុងរង់ចាំមើលការណែនាំរបស់ក្រសួងថា តើមួយបន្ទប់អាចឲ្យដាក់សិស្សបានប៉ុន្មាននាក់ ខណៈលោកក៏បានត្រៀមជាឧបករណ៍វាស់កំដៅ និងសាប៊ូសម្រាប់លាងដៃផងដែរ។
លោកបញ្ជាក់ថា៖ «គម្រោងរបស់ខ្ញុំទី១ ខ្ញុំឲ្យច្រកចេញចូលតែមួយទេ ទី២ យើងត្រូវមានប្រដាប់វាស់កំដៅ ទី៣ សំខាន់គឺសាប៊ូហើយហ្នឹង ទឹកស្អាតអាហ្នឹង ក៏ខ្ញុំត្រូវត្រៀមដែរចាំមើលការណែនាំ ពីក្រសួងទៀតថា ក្នុង១បន្ទប់ យើងអាចដាក់ប៉ុន្មាននាក់ អីប៉ុន្មាននាក់»។
ចំណែកលោក នុត ងួនលី នាយកវិទ្យាល័យជាស៊ីមបឹងកេងកង បានមានប្រសាសន៍ថា ពេលនេះសាលាកំពុងរង់ចាំអនុវត្តតាមការណែនាំរបស់ក្រសួង ដើម្បីការពារសុវត្ថិភាពនៅពេលសាលាបើកឡើងវិញ។
លោកមានប្រសាសន៍ថា៖ «បើសិនជាក្រសួងតម្រូវការឲ្យមានដាក់គម្លាតសុវត្ថិភាពប៉ុន្មាន មានការលាងដៃយ៉ាងម៉េច រៀបចំលាងដៃ ឬក៏លាងអាល់កុលយ៉ាងម៉េច ឬក៏មុននឹងចូលឲ្យយើងបាញ់កំដៅយ៉ាងម៉េច យើងនឹងធ្វើតាមការណែនាំរបស់ក្រសួង»។
ក្រសួងអប់រំយុវជននិងកីឡា នឹងស្នើសុំទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីអនុញ្ញាតឲ្យដំណើរការសាកល្បងដំណាក់កាលទី១ សាលារៀនស្តង់ដារសុវត្ថិភាពខ្ពស់មួយចំនួនតូច ក្នុងអំឡុងខែសីហា ឆ្នាំ២០២០។ ចំណែកដំណាក់កាលទី២ និងទី៣ រង់ចាំមើលបទពិសោធន៍ដំណាក់កាលទី១ ជាមុនសិន។នេះបើតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ។
លោក រស់ សុវាចា បានមានប្រសាសន៍ថា គ្រឹះស្ថានសិក្សាត្រូវចុះកិច្ចសន្យាទទួលខុសត្រូវលើការអនុវត្តវិធានការនៃការលើកកម្ពស់សុខភាពសិក្សា ក្នុងបរិបទកូវីដ១៩ ដូចជាការរៀបចំបរិស្ថានសាលារៀន និងថ្នាក់រៀនឲ្យស្របតាមស្តង់ដារសុវត្ថិភាពសុខភាព សិក្សាការរក្សាគម្លាតសុវត្ថិភាព ការវាស់កំដៅបុគ្គល និងការលាងដៃជាប្រចាំ ការពាក់ម៉ាសរៀនក្នុងថ្នាក់ខ្លះ និងរៀនតាមអនឡាញខ្លះ។
លោកមានប្រសាសន៍ថា៖ «គ្រឹះស្ថានសិក្សាត្រូវរៀបចំក្រុមការងារទទួលបន្ទុកសុវត្ថិភាពសុខភាពសិក្សា ដើម្បីត្រួតពិនិត្យជាប្រចាំគ្រឹះស្ថានសិក្សា ត្រូវតម្រូវឲ្យមានការធ្វើតេស្ត ពិនិត្យសុខភាព និងរកមេរោគកូវីដ១៩ សម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស។ ក្រសួងអប់រំយុវជននិងកីឡានឹងចុះត្រួតពិនិត្យវាយតម្លៃយ៉ាងម៉ឺងម៉ាត់ លើការអនុវត្តរបស់គ្រឹះស្ថានសិក្សា»។
លោក រស់ សុវាចា បានបដិសេធមិនព្រមអត្ថាធិប្បាយលម្អិតបន្ថែមលើសពីនេះនោះទេ ជុំវិញការត្រៀមឲ្យមានការបើកសាលារៀនឡើងវិញនោះ៕