កុមារ​រាប់​លាន​នាក់​មិន​បាន​ទទួល​ការ​អប់រំ​នៅ​សាលា​រៀន

  • Joe Capua

(រូបភាព​ឯកសារ)​ សិស្ស​សាលា​ជិះក្បូន​ទៅចូល​រួមបវេសន​កាល​នៅ​សាលា​បឋម​សិក្សា​Casili ក្នុង​តំបន់​ដាច់​ស្រយាលនៃ​ស្រុក​Montalban ខេត្ត​Rizal ភាគខាង​ជើង​រដ្ឋធានី​ម៉ានីល ប្រទេស​ហ្វីលីពីន​ ថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០១៦​។

របាយការណ៍​ថ្មី​មួយ​បាន​បង្ហាញ​ថា កុមារ​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​មិន​បាន​ចូលរៀន​ឡើយ​ ដោយសារ​តែ​មាន​ការ​រើសអើង​ ថ្លៃ​សិក្សា​ខ្ពស់ ការ​រំលោភ​បំពាន​និង​អំពើ​ហិង្សា បូក​រួម​ទាំង​ការបៀត​បៀន​ផ្លូវ​ភេទ​ជា​ដើម។ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ បាន​បញ្ចេញ​លទ្ធផល​នៃ​ការ​រកឃើញ​នេះ​​នៅ​មុន​ពេល​កិច្ចប្រជុំ​អន្តរជាតិ​ស្តីពី​ការអប់រំ​ក្នុង​ខែ​មិថុនា​នៅ​ប្រទេស​ន័រវែស។

របាយការណ៍​ដែល​មាន​៨៥​ទំព័រ​ និង​មាន​ចំណង​ជើងថា​ ឱនភាព​នៃ​វិស័យ​អប់រំ​ បង្ហាញ​អំពី​ «បរាជ័យ​ក្នុង​ការ​ការពារ និង​ការ​បំពេញ​សិទ្ធិ​ទទួល​បាន​ការ​អប់រំ»។​ លទ្ធផល​ក្នុង​របាយការណ៍​ការ​នេះ​ផ្អែក​លើ​ការ​ស្រាវជ្រាវ​ក្នុង​ប្រទេស​ជាង​៤០។ នាង​ Elin Martinez ដែល​ជា​អ្នក​ស្រាវជ្រាវ​អំពី​សិទ្ធិ​កុមារ​នៃ​អង្គការ​ ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​និយាយ​ថា៖ «យើង​កំពុង​និយាយ​អំពីកុមារ​ និង​ក្មេង​ជំទង់​ជាង​១២០​លាន​នាក់​ដែល​មិន​ទាន់​បាន​ចូល​រៀន​នៅ​ឡើយ។ តាម​រយៈ​ការព្យាករណ៍​ជា​សកល​ កុមារ​មួយ​ចំនួន​ក្នុង​ចំណោម​ពួក​គេ​ប្រហែល​មិន​ដែល​បាន​ចូល​រៀន​ទាល់​តែ​សោះ​ ដែល​ក្នុង​នោះ​ក្មេង​ស្រី​ជាង​៣១លាន​នាក់​ ដែល​បាន​បោះ​បង់​ចោល​ការ​សិក្សា​ពីព្រោះ​តែ​កង្វះធនធាន​ និងឆន្ទៈ​នយោបាយ»។

នាង​ Martinez​ និយាយ​ថា​ តួលេខ​ផ្លូវការ​របស់​ អ.ស.ប.​ ដែល​ថា​មាន​តែ​កុមារ​ ១២៤​លាន​នាក់​ប៉ុណ្ណោះ​មិន​បាន​ចូល​រៀន​នោះ​ គឺ​អាច​ជាតួលេខ​ដែល​ទាប​ពេក​ហើយ។ នាង​បន្ត​ថា​ រដ្ឋាភិបាល​នៃ​ប្រទេស​ជាច្រើន​មិន​មាន​លទ្ធភាព​ប្រមូល​ព័ត៌មាន​ជាក់​លាក់​នៃ​ចំនួន​កុមារ ​និង​មូល​ហេតុ​ដែល​កុមារ​ខកខាន​មិន​បាន​ចូល​រៀន​ទេ។

មាន​កុមារ​ជាច្រើន​ទៀត​ដែល​យើង​មិន​ទាន់​រក​ឃើញ​នៅឡើយ​ បើ​ទោះ​ជា​តួលេខ​នេះ​ធំ​ក៏​ដោយ​ ពីព្រោះ​ការរើស​អើង​កំពុង​តែ​កើត​ឡើង​ក្នុង​ប្រទេស​ផ្សេងៗ​ទៀត​ជាច្រើន​ដែល​មិន​ចាំ​បាច់​ត្រូវកត់ត្រា​ក្នុង​កម្រិត​សកល​ទេ។ ហើយ​ក្នុង​ករណី​បែប​នេះ​មាន​កុមារ​រាប់លាន​នាក់។ ឧទាហរណ៍​ ដូចជា​ករណី​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ការស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ កុមារ​ដែល​ពិការ​ជាង​កន្លះ​លាន​នាក់​មិន​បានចូល​រៀន​ទេ។ ករណី​នេះ​គឺ​វា​កើត​ឡើង​ក្នុង​ប្រទេស​ដែល​បាន​ប្រកាស​ថា​ ខ្លួន​បានសម្រេច​បាន​គោល​ដៅ​ការអប់រំ​កម្រិត​បឋម​សិក្សា​សាកល​ នៃ​គោលដៅ​អភិវឌ្ឍន៍​សហសវត្សរ៍។

របាយការណ៍ដដែល​នេះ​ក៏​បាន​រិះគន់​លើ​ការ​ដាក់​ទណ្ឌកម្ម​លើ​រាងកាយ​ផងដែរ​ ដោយ​ហៅ​ការ​ដាក់​ទណ្ឌកម្ម​បែប​នេះ​ថា​ជា​ «ការ​ធ្វើ​ឲ្យ​បាត់​បង់​តម្លៃ​ ហើយ​ស្មើ​នឹង​ការ​ដាក់​ទារុណកម្ម» ដូច្នោះ​ដែរ។ របាយកាណ៍​នោះ​ក៏​បាន​បង្ហាញ​ដែរ​ថា ​ប្រព័ន្ធ​បែប​នេះបាន​ «រីករាល​ដាល​ក្នុង​ប្រទេស​ជាច្រើន​ រួម​មាន​ តង់សានី​ អាហ្រ្វិក​ខាងត្បូង​ និង​បណ្តា​រដ្ឋ​ជាច្រើន​នៅ​សហរដ្ឋ​អាមេរិក»។

នាង​ Martinez ​និយាយ​ថា ​ឧបសគ្គ​ចម្បង​មួយ​ទៀត​នៃ​វិស័យ​អប់រំ​គឺ​បញ្ហា​ហិរញ្ញវត្ថុ។

ថ្លៃ​សិក្សា​គឺជា​ឧបសគ្គ​ដ៏​ធំ​ធេង​មួយ​សម្រាប់​កុមារ​រាប់លាន​នាក់។ ​កុមារ​ភាគ​ច្រើន​ដែល​យើង​បាន​សម្ភាស​ គឺ​ក្រុម​កុមារ​មក​ពី​គ្រួសារ​ក្រីក្រ​ ឬ​កុមារ​ដែល​ប្រឈម​មុខ​នឹង​ការ​ហាម​ឲ្យ​ចូលរៀន​ដោយ​ហេតុ​តែ​ពួក​គេ​រស់​នៅ​ក្នុង​ក្រុម​ណា​មួយ។ ​ពួក​គេ​នៅ​តែ​ប្រឈម​នឹង​ការ​បង់​ថ្លៃ​សិក្សា​ បើ​ទោះ​ជាគ្រប់ប្រទេស​ទាំង​អស់​ដែល​បាន​ចុះហត្ថ​លេខា​លើ​អនុសញ្ញា​ស្តី​ពី​សិទ្ធិកុមារ​ និង​អនុសញ្ញា​អន្តរជាតិ​នានា​ ដែល​បានចែងបំបាត់​ការបង់ថ្លៃ​សិក្សា​នៅកម្រិត​អប់រំបឋម​សិក្សាយ៉ាង​ណាក្តី។

របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បង្ហាញ​ថា​ កុមារី​ប្រឈម​ឧបសគ្គ​រាប់​ជំពូក​ក្នុង​ការ​សិក្សា។ ឧបសគ្គ​ទាំង​នោះ​រួម​មាន​ទាំង​ «ការរំលោភ​បំពាន​ផ្លូវភេទ​ និង​អំពើ​ហិង្សា​ដោយគ្រូ​បង្រៀន និង​មិត្ត​ភក្តិ​ ការធ្វើ​តេស្ត​មើល​ព្រហ្មចារី​ ការ​ធ្វើតេស្ត​មើល​ការ​មាន​ផ្ទៃ​ពោះដែលច្បាប់​កណត់​ កង្វះ​សម្ភារ​បរិក្ខា​សម្រាប់​រក្សា​ការ​សម្ងាត់​ពេល​មក​រដូវ​ ភាព​ថ្លៃថ្នូរ​ និង​ការ​រៀប​ការ​នៅវ័យ​ក្មេង»។

កុមារ​ដែល​ឆាប់​រៀបការ​ភាគច្រើន​ជាកុមារី ដែលឱពុក​ម្តាយពួក​គេចាប់​រៀបការ​ដោយសារ​ពួកគាត់​មិនអាច​ផ្គត់ផ្គង់​ការសិក្សា​កូនៗ​របស់គាត់​ និង​គិតថា​ពួក​គាត់​អាច​កាត់​បន្ថយ​ការ​ចំណាយ​បានខ្លះ​ដោយ​ការ​រៀប​ការកូនៗ​ទាំង​នោះ។ យើង​បាន​រកឃើញ​ករណី​បែប​នេះ​ក្នុង​ប្រទេស​ជាច្រើន​ ដូចជា​ប្រទេស​ឥណ្ឌូនេស៊ី​ សហរដ្ឋ​អាមេរិក និងនៅ​ប្រទេស​តង់សានី។

គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​អ.ស.ប.​ថ្មី (SDGs) បាន​ប្រកាស​ឲ្យ​មាន​ «ការធានា​បាន​នូវ​ការ​អប់រំ​សម្រាប់​ទាំងអស់​គ្នា​ប្រកប​ដោយ​គុណភាព​ និងបរិយាប័ន្ន​ត្រឹមឆ្នាំ​២០៣០»។ ​គោល​ដៅ​នេះ​ គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​បាន​កំណត់​យក​ការអប់រំ​កម្រិត​មធ្យម​សិក្សាជា​ទិស​ដៅ​សកល។​ ប៉ុន្តែ​អ្នកស្រី​ Martinez និយាយ​ថា ​ការ​បេ្តជ្ញា​ចិត្ត​ជា​ច្រើន​ក៏​ត្រូវ​ធ្វើ​ឲ្យបាន​សម្រេចនៅ​មុន​ពេល​ដែល​គោល​ដៅ​អភវិឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​អាច​សម្រេច​បាន។

ស្ទើរ​តែ​គ្រប់​ប្រទេស​ទាំង​អស់​នៅ​លើ​ពិភព​លោក​ បាន​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​សិទ្ធិ​កុមារ លើក​លែង​តែ​សហរដ្ឋ​អាមេរិក។ អនុសញ្ញា​នេះ ​បាន​ចែង​យ៉ាង​ច្បាស់​ថា​ កុមារ​ទាំង​អស់​មាន​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ​កម្រិតបឋម​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​និង​ជាកាតព្វ​កិច្ច។ ​កុមារ​ទាំង​នោះក៏មាន​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​កម្រិត​មធ្យម​សិក្សា​ ហើយ​ប្រទេស​នីមួយៗ​ត្រូវ​ធានា​ឲ្យ​មាន​ការអប់រំ​ និង​ឥត​គិត​ថ្លៃ​ជា​បន្តបន្ទាប់​ ដល់​កុមារ​ទាំង​អស់​ក្នុង​ទឹក​ដី​របស់​ខ្លួន។

របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ក៏​បាន​បង្ហាញ​ដែរ​ថា ​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ និង​មធ្យម​ បាន«បង្កើត​ឧបសគ្គ​ដល់​ការ​ទទួល​បាន​ការ​អប់រំ​តាម​រយៈ​ការ​អនុវត្ត​បែប​រើសអើង​លើ​កុមារ​ជនជាតិ​ភាគ​តិច​ ជនភៀស​ខ្លួន និង​ជន​អន្តោប្រវេសន៍ ក៏​ដូច​ជា​កុមារី​កុមារា​ស្រឡាញ់​មនុស្ស​ភេទ​ដូច​គ្នា​ កុមារ​ស្រឡាញ់​ភេទ​ទាំងពីរ​ និង​កុមារ​ដែល​វះ​កាត់​ប្តូរភេទ។

កិច្ច​ប្រជុំ​កំពូល​ភាព​ជាដៃ​គូ​សកល​សម្រាប់​ការអប់រំ​ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាល​ពីថ្ងៃ​ទី១៣​ ដល់​ទី១៦​ ខែ​មិថុនា ​នៅ​ប្រទេស​ន័រវែស៕

ប្រែសម្រួល​ដោយ កោះ​ សុគន្ធី