កំណត់និពន្ធ៖ លោកស្រី Erin Moriaty Harrelsonគឺជាអ្នកស្រាវជ្រាវថ្នាក់បណ្ឌិតជាន់ខ្ពស់ម្នាក់ផ្នែកនរវិទ្យានៃសាកលវិទ្យាល័យអាមេរិកាំង ហើយលោកស្រីក៏ជាអ្នកគថ្លង់ម្នាក់ដែរ។ នៅពាក់កណ្តាលឆ្នាំ២០១៤នេះ លោកស្រីត្រូវបានជ្រើសរើសជាអ្នកស្រាវជ្រាវម្នាក់ក្នុងចំណោមអ្នកស្រាវជ្រាវ៥នាក់ ដែលទទួលបានអាហាររូបករណ៍ស្រាវជ្រាវតាមរយៈការនិទានរឿងក្នុងរូបភាពប្រព័ន្ធឌីជីថលក្រោមការឧបត្ថម្ភរបស់កម្មវិធី Fulbright នៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ លោកស្រី Harrelson កំពុងស្ថិតនៅប្រទេសកម្ពុជាដើម្បីចងក្រងឯកសារស្តីអំពីជីវិតរបស់ប្រជាពលរដ្ឋគថ្លង់កម្ពុជា។ លោកស្រីសង្ឃឹមថាគម្រោងស្រាវជ្រាវរបស់លោកស្រីអំពីស្ថានភាពនៃភាពពិការគថ្លង់នៅកម្ពុជានឹងផ្តល់ជាទិន្នន័យបម្រើដល់ការតាក់តែងគោលនយោបាយដើម្បីលើកកម្ពស់ការយល់ដឹងអំពីភាពពិការនៅប្រទេសកម្ពុជា និងដើម្បីបង្កើតជាឱកាសដល់ប្រជាពលរដ្ឋគថ្លង់កម្ពុជាឲ្យទទួលបានប្រយោជន៍ពីវិស័យអប់រំ និងការអភិវឌ្ឍរបស់កម្ពុជា។ ក្នុងពេលថ្មីៗនេះនាងទែន សុខស្រីនិតនៃវីអូអេបានសម្ភាសតាមអ៊ីម៉េលជាមួយនឹងលោកស្រី Harrelson អំពីគម្រោងរបស់លោកស្រី៖
Your browser doesn’t support HTML5
VOA៖ តើមូលហេតុអ្វីបានជាលោកស្រីជ្រើសរើសមកប្រទេសកម្ពុជាដើម្បីអនុវត្តគម្រោងស្រាវជ្រាវរបស់លោកស្រី?
លោកស្រី Erin Moriarty Harrelson៖ ជានិច្ចកាល ខ្ញុំចាប់អារម្មណ៍ខ្លាំងមកលើប្រាសាទអង្គរវត្ត និងភាពអច្ឆរិយខាងបុរាណវិទ្យារបស់កម្ពុជា។ មានពេលមួយ ខ្ញុំចង់ក្លាយជាបុរាណវិទូ ហើយចាប់អារម្មណ៍ខ្លាំងលើអរិយធម៌បុរាណ។ ហើយថ្មីៗនេះ ខណៈពេលដែលខ្ញុំបានចាប់ផ្តើមថ្នាក់បណ្ឌិតរបស់ខ្ញុំខាងមុខវិជ្ជានរវិទ្យា ខ្ញុំបានអានអត្ថបទកាសែតមួយ អំពីប្រវត្តិភាសាគថ្លង់ និងអំពីអ្នកពិការគថ្លង់នៅកម្ពុជា។ អត្ថបទនេះ បានលើកឡើងថា នៅកម្ពុជា គ្មានភាសាជាតិសម្រាប់អ្នកគនិងសហគមន៍សម្រាប់អ្នកពិការគថ្លង់ទេ រហូតដល់ពេលអង្គការក្រៅរដ្ឋាភិបាលបានមកដល់កម្ពុជា ក្រោយ អ៊ុនតាក់។ ខ្ញុំពិតជាពិបាកនឹងជឿការអះអាងនេះ ហើយខ្ញុំបានចាប់អារម្មណ៍ពីភាពពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រថ្មីៗនេះនៃភាសាគថ្លង់មកលើការអភិវឌ្ឍអត្តសញ្ញាណ និងសហគមន៍។ ខ្ញុំចង់ដឹងដោយខ្លួនឯង ថាមានអ្វីកើតឡើងនៅកម្ពុជា ហើយខ្ញុំបានមកកម្ពុជាលើកដំបូងបង្អស់នៅឆ្នាំ២០០៩ជាមួយនឹងស្វាមីរបស់ខ្ញុំ។ យើងបានជួបនឹងស្ត្រីគថ្លង់ម្នាក់ ដែលជាអ្នកលក់ដូរនៅខេត្តសៀមរាប ប៉ុន្តែ ខ្ញុំមិនបានដឹងថា គាត់ជាអ្នកពិការគថ្លង់នោះទេ ពីព្រោះគាត់និយាយសន្ទនាបានយ៉ាងល្អជាមួយនឹងអតិថិជនរបស់គាត់។ ស្វាមីខ្ញុំបានប្រាប់ខ្ញុំថា ស្ត្រីម្នាក់នោះគឺជាអ្នកពិការគថ្លង់ ហើយខ្ញុំសួរស្វាមីខ្ញុំថា ហេតុអ្វីបានជាគាត់ដឹង? ស្វាមីខ្ញុំបានប្រាប់ខ្ញុំថា គាត់ដឹងតាមរយៈសំឡេងរបស់ស្ត្រីនោះ។ ខ្ញុំភ្ញាក់ផ្អើល ព្រោះមើលទៅ គាត់អាចសន្ទនាបានយ៉ាងល្អជាមួយនឹងអតិថិជន ដែលពូកែតថ្លៃ។ ព្រឹត្តិការណ៍នេះ បានជំរុញឲ្យខ្ញុំពិចារណាបន្ថែមទៀត អំពីភាសាគថ្លង់ស្តង់ដារ និងអំពីការណ៍ដែលថា ភាសារួមគ្នាមួយមិនចាំបាច់ប្រើសម្រាប់ការទំនាក់ទំនងគ្នាដោយប្រសិទ្ធភាពនោះទេ។ ដូច្នេះ ខ្ញុំបានចាប់អារម្មណ៍ត្រឡប់មកកម្ពុជាវិញ ដើម្បីធ្វើគម្រោងស្រាវជ្រាវមួយ ហើយខ្ញុំបានមកកម្ពុជាជាច្រើនដង ដើម្បីចុះស្រាវជ្រាវសម្រាប់ការសរសេរនិក្ខេបទរបស់ខ្ញុំ។
VOA៖ តើលោកស្រីសង្ឃឹមថានឹងសម្រេចបានអ្វីខ្លះពីគម្រោងស្រាវជ្រាវរបស់លោកស្រី?
លោកស្រី Harrelson៖ ខ្ញុំសង្ឃឹមថា នឹងជួយលើកកម្ពស់ការយល់ដឹងអំពីអ្នកពិការគថ្លង់នៅកម្ពុជា និងអំពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ខ្ញុំក៏គ្រោងនឹងបង្កើតសម្ភារៈសិក្សា ដើម្បីឲ្យអ្នកពិការគថ្លង់ និងអង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការជាមួយនឹងអ្នកពិការគថ្លង់ ប្រើប្រាស់សម្រាប់គម្រោងអប់រំរបស់គេ។ ខ្ញុំក៏សង្ឃឹមថា នឹងបង្កើតឲ្យមានការយល់ដឹងប្រសើរជាងនេះ អំពីស្ថានភាពនៃអ្នកពិការគថ្លង់នៅកម្ពុជា ក្រុមគ្រួសារ និងសហគមន៍របស់អ្នកពិការគថ្លង់។ អង្គការក្រៅរដ្ឋាភិបាលខ្លះ បានស្នើសុំឲ្យខ្ញុំចែករំលែកទិន្នន័យ ដែលខ្ញុំស្វែងរកបាន ដើម្បីជួយដល់កិច្ចការរបស់គេ ហើយខ្ញុំពិតជារំពឹងថា នឹងអាចចែករំលែកទិន្នន័យទាំងនោះជាមួយនឹងអង្គការទាំងនោះ ហើយសង្ឃឹមថា អង្គការទាំងនោះជួយឧបត្ថម្ភដល់អ្នកពិការគថ្លង់នៅកម្ពុជាកាន់តែប្រសើរឡើង។ ខ្ញុំសង្ឃឹមថា នឹងមានការពិភាក្សា ថាតើអ្នកពិការគថ្លង់នៅតាមតំបន់ជនបទកម្ពុជា អាចត្រូវបានផ្តល់ឲ្យ និងទទួលបានការអប់រំឲ្យប្រសើរជាងនេះបានដោយរបៀបណា។
VOA៖ ដោយសារតែលោកស្រីជាអ្នកពិការគថ្លង់ម្នាក់ដែរ តើលោកស្រីជួបនឹងផលពិបាកអ្វីខ្លះក្នុងការអនុវត្តគម្រោងស្រាវជ្រាវនេះនៅកម្ពុជា?
លោកស្រី Harrelson៖ រាល់ថ្ងៃ ខ្ញុំអាចទំនាក់ទំនងបានល្អគួរសមជាមួយប្រជាពលរដ្ឋកម្ពុជាហើយរហូតមកដល់ពេលនេះ ខ្ញុំពិតជាមិនបានប្រឈមនឹងភាពរើសអើង ដោយសារតែខ្ញុំជាអ្នកពិការគថ្លង់ប៉ុន្មានទេ។ កត្តាប្រឈមធំបំផុតរបស់ខ្ញុំ គឺការទទួលបានព័ត៌មាន។ ទូរទស្សន៍មិនមានការប្រែសម្រួលជាអក្សរលើកញ្ចក់ទូរទស្សន៍ទេ ដូច្នេះ ខ្ញុំមិនអាចមើលទូរទស្សន៍បានទេនៅទីនេះ ហើយខ្ញុំមិនទទួលបានសេវាកម្មជាខ្សែវីដេអូ ដែលជាសេវាកម្មមួយដែលខ្ញុំអាចវាយទូរស័ព្ទបាន តាមរយៈការប្រែសម្រួលជាភាសាគថ្លង់មួយ។ អាស្រ័យហេតុនេះ ខ្ញុំត្រូវតែពឹងពាក់មិត្តភ័ក្តរបស់ខ្ញុំ ដែលអាចនិយាយ និងស្តាប់បាន ឲ្យជួយទិញភីហ្សាឲ្យខ្ញុំរាល់ពេល។ នៅកម្ពុជា ខ្ញុំមិនសូវញុំាអាហារបញ្ជាទិញស្រាប់ប៉ុន្មានទេ មិនដូចពេលដែលខ្ញុំនៅសហរដ្ឋអាមេរិកទេ ព្រោះខ្ញុំមិនអាចនិយាយតាមទូរស័ព្ទបាន តែ នេះគឺជារឿងល្អដល់សុខភាពខ្ញុំទៅវិញទេ។
ហើយ ខ្ញុំគ្មានបញ្ហាធ្វើដំណើរទៅណាមកណាទេរាល់ថ្ងៃនេះ ខ្ញុំអាចទាក់ទងជាមួយនឹងអ្នកបើក tuk tuk បើខ្ញុំចង់ទៅផ្សា និងកន្លែងផ្សេងៗ។
ប៉ុន្តែ កត្តាប្រឈមធំបំផុតរបស់ខ្ញុំមួយទៀត គឺសមត្ថភាពទាក់ទងជា«ផ្លូវការ» នៅពេលដែលខ្ញុំត្រូវសម្ភាសឬជួបជាមួយនឹងអ្នកនិយាយភាសាអង់គ្លេសដែលមិនចេះប្រើភាសាគថ្លង់។ ខ្ញុំពិតជាមានសំណាង ដែលទទួលបានការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាលចំនួន២ ដែលខ្ញុំបានធ្វើការជាមួយ គឺអង្គការគម្រោងអភិវឌ្ឍន៍សម្រាប់អ្នកពិការគថ្លង់ (DDP) និងអង្គការគ្រួសារថ្មី។ អង្គការគម្រោងអភិវឌ្ឍន៍សម្រាប់អ្នកពិការគថ្លង់ បានផ្តល់ពេលវេលា ធនធាន និងបុគ្គលិក និងការផ្តល់ព័ត៌មានផ្សេងៗឲ្យខ្ញុំ។ កត្តាប្រឈមមួយទៀតគឺថា គ្មានអ្នកប្រែសម្រួលភាសាគថ្លង់របស់សហរដ្ឋអាមេរិកទេនៅកម្ពុជា ដូច្នេះ ខ្ញុំត្រូវតែស្វែងរកដំណោះស្រាយច្នៃប្រឌិតផ្សេងៗ ដើម្បីទាក់ទងជាមួយនឹងអ្នកមិនចេះភាសាគថ្លង់។ គម្រោងអាហារូបករណ៍ Fulbright និងក្រសួងការបរទេសសហរដ្ឋអាមេរិក បានជួយផ្តល់អ្នកប្រែសម្រួលជាភាសាគថ្លង់របស់សហរដ្ឋអាមេរិក មកពីសហរដ្ឋអាមេរិក ដើម្បីឲ្យខ្ញុំអាចទាក់ទងដោយមានប្រសិទ្ធភាព ខណៈពេលដែល ខ្ញុំកំពុងតែបង្កើតទំនាក់ទំនងជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលនៅទីក្រុងភ្នំពេញ ដោយជួបសន្ទនាជាមួយនឹងមេដឹកនាំសំខាន់ៗ និងមន្ត្រីរដ្ឋាភិបាលកម្ពុជា។ ថ្មីៗនេះ ខ្ញុំបានរៀនភាសាគថ្លង់របស់កម្ពុជាបានចេះច្រើនជាងមុន ហើយអាចប្រើភាសានេះជាមួយនឹងអ្នកបកប្រែភាសាអង់គ្លេសទៅជាខ្មែររបស់ខ្ញុំ ប៉ុន្តែ ខ្ញុំនៅតែពិបាក ពីព្រោះវាចំណាយពេលយូរ។
វាពិតជាពិបាកក្នុងការទទួលបានព័ត៌មាន និងការធ្វើទំនាក់ទំនង ប៉ុន្តែ ការគាំទ្រពីគម្រោងអាហារូបករណ៍ Fulbright របស់សហរដ្ឋអាមេរិក និងស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងភ្នំពេញ បានអនុញ្ញាតឲ្យខ្ញុំ ដោះស្រាយកត្តាប្រឈមទាំងអស់នេះ។ ខ្ញុំមិនទទួលបានព័ត៌មាន ដូចគ្នានឹងមនុស្សដែលនិយាយបាន និងស្តាប់ឮទេ ប៉ុន្តែ ខ្ញុំមានដំណោះស្រាយផ្សេងៗ ដោយរៀបចំផែនការដោយប្រុងប្រយ័ត្ន និងទទួលបានការគាំទ្រពីមនុស្ស ដែលខ្ញុំត្រូវនិយាយជាមួយ។ មនុស្សដែលខ្ញុំបានជួបនៅកម្ពុជា មានទឹកចិត្តល្អ ដោយចែករំលែកសាច់រឿងជីវិត និងធនធានរបស់គេជាមួយនឹងខ្ញុំ ហើយខ្ញុំពិតជាដឹងគុណពួកគាត់ទាំងអស់គ្នា។ ហើយខ្ញុំគិតថា ខ្ញុំមិនអាចទទួលបានជោគជ័យ ប្រសិនបើខ្ញុំគ្មានការគាំទ្រ និងការទទួលស្គាល់ពីសារៈសំខាន់នៃកិច្ចការស្រាវជ្រាវនេះពីគម្រោងអាហារូបករណ៍ Fulbright ។
VOA៖ មកដល់ពេលនេះ តើលោកស្រីបានរកឃើញអ្វីខ្លះពីបញ្ហាពិការភាពនៅកម្ពុជា? តើលោកស្រីយល់ថា អ្នកពិការគថ្លង់នៅកម្ពុជាត្រូវបានផ្តល់ឱកាសឲ្យទទួលបានការអប់រំ និងអត្ថប្រយោជន៍ពីការអភិវឌ្ឍរបស់កម្ពុជាកម្រិតណាដែរ?
លោកស្រី Harrelson៖ ខ្ញុំបានសិក្សាដឹងថា អ្នកពិការគថ្លង់ បានប្រឈមនឹងកត្តាប្រឈមច្រើន ដោយសារតែបញ្ហាភាសា។ គ្រួសារជាច្រើន មិនទទួលស្គាល់ថា កូនរបស់គាត់ជាអ្នកពិការគថ្លង់ទេ រហូតដល់ពេលកុមារឈានដល់ដំណាក់កាលអភិវឌ្ឍទទួលយកភាសា។ មកដល់ពេលនេះ គ្រួសារទាំងនេះ មិនដឹងទៅរកជំនួយពីទីណាទេ។ គ្រួសារជាច្រើនបានចំណាយប្រាក់សន្សំលើថ្លៃថ្នាំពេទ្យ និងគ្រូថ្នាំបុរាណ ដោយសង្ឃឹមថា អាចជួយព្យាបាលកូនរបស់គេបាន។ នៅពេលនោះ ដោយសារតែពួកគេមិនដឹងពីភាសាគថ្លង់របស់កម្ពុជា ឫគម្រោងផ្សេងៗ ដែលផ្តល់ការអប់រំជាភាសាគថ្លង់ គ្រួសារទាំងនេះបានខិតខំថែរក្សា និងថ្នាក់ថ្នមកូនដោយខ្លួនឯង។ គ្រួសារខ្លះបានបង្កើតមធ្យោបាយផ្សេងៗសម្រាប់ការសន្ទនា តាមរយៈកាយវិការ ដូចជាការចង្អុល និងគូររូប ហើយគ្រួសារខ្លះមិនបានធ្វើដូច្នេះទេ។
អ្នកពិការគថ្លង់ជាច្រើនរស់នៅតាមខេត្ត ឬក្នុងតំបន់ ដែលគ្មានគម្រោងអប់រំសម្រាប់អ្នកពិការគថ្លង់ ដូច្នេះ ក្រុមគ្រួសារត្រូវតែផ្លាស់ទីលំនៅ ឬផ្ញើកូនរបស់ខ្លួនទៅឲ្យរស់នៅក្នុងអង្គការ ដែលមានគម្រោងអប់រំសម្រាប់អ្នកគថ្លង់ ដូចជានៅទីក្រុងភ្នំពេញ ខេត្តកំពង់ចាម កំពត សៀមរាប និងខេត្តបាត់ដំបង។ គ្រួសារជាច្រើនខ្លាច ហើយមិនហ៊ានបញ្ជូនកូនរបស់ខ្លួនទៅរស់នៅឆ្ងាយពីផ្ទះទេ ហើយក៏មិនជឿទុកចិត្តលើអង្គការក្រៅរដ្ឋាភិបាលដែរ ដោយសារតែភ័យខ្លាចអំពីការជួញដូរមនុស្ស។ ជាញឹកញាប់ គ្រួសារទាំងនេះមិនចង់បញ្ជូនកូន ដែលគថ្លង់ទៅកាន់អង្គការ ដែលអប់រំអ្នកពិការគថ្លង់ ពីព្រោះអង្គការទាំងនោះនៅឆ្ងាយពីលំនៅដ្ឋានរបស់គាត់។ ថ្មីៗនេះ ខ្ញុំបានចូលរួមក្នុងគម្រោងអប់រំតាមភូមិរបស់អង្គការគម្រោងអភិវឌ្ឍសម្រាប់អ្នកពិការគថ្លង់ នៅពេលដែលបុគ្គលិកអង្គការនេះបានធ្វើដំណើរចុះតាមភូមិនៅតំបន់ជនបទ។ ភាគច្រើន ក្រុមគ្រួសារទាំងនោះ តែងតែនិយាយថា ពួកគាត់ចង់ឲ្យកូន ដែលពិការគថ្លង់របស់គាត់ ទទួលបានការអប់រំ ប៉ុន្តែ គម្រោងអប់រំនោះមានទីតាំងនៅឆ្ងាយពេក។
អ្នកពិការគថ្លង់មិនទទួលបានការអប់រំ ដូចគ្នានឹងអ្នកដែលនិយាយបាន និងស្តាប់ឭនោះទេ ជាពិសេស បើសិនជាពួកគេត្រូវបានបញ្ជូនឲ្យទៅរៀននៅសាលារៀន ដែលគ្រូបង្រៀនមិនចេះប្រើភាសាគថ្លង់ ឬមិនយល់ពីការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកគថ្លង់។ យ៉ាងណាមិញ អ្នកពិការគថ្លង់មានធនធានច្រើន។ ពួកគាត់នឹងខិតខំស្វែងរកវិធី ដើម្បីទទួលបានអ្វី ដែលពួកគេត្រូវការ ប៉ុន្តែ ឧបសគ្គខាងសង្គម និងខាងព័ត៌មាននៅតែជាការលំបាក។
VOA៖ បើប្រៀបធៀបនឹងអ្នកពិការគថ្លង់នៅកម្ពុជា តើលោកស្រីយល់ថា លោកស្រីត្រូវបានទទួលការប្រាស្រ័យទាក់ទងប្រសើរជាង អ្នកពិការគថ្លង់នៅតាមតំបន់ជនបទកម្ពុជាដែរឬទេ?
លោកស្រី Harrelson៖ ប្រាកដណាស់ ខ្ញុំពិតជាត្រូវបានទទួលការប្រាស្រ័យទាក់ទងដ៏ប្រសើរ ក្នុងនាមខ្ញុំជាអ្នកពិការគថ្លង់ម្នាក់ ដោយសារតែខ្ញុំជាជនជាតិស្បែកសមកពីសហរដ្ឋអាមេរិក។ ខ្ញុំយល់ថា នេះគឺដោយសារតែមូលហេតុពីរ។ គឺថាមនុស្សគ្រប់គ្នាយល់ថា ខ្ញុំមានប្រាក់ ហើយខ្ញុំជាជនជាតិបរទេស និងជាអ្នកចេះដឹងម្នាក់។ នៅពេលដែលខ្ញុំធ្វើដំណើរចុះទៅតាមភូមិ អ្នកភូមិជាច្រើនភ្ញាក់ផ្អើល ដែលដឹងថា ខ្ញុំជាអ្នកពិការគថ្លង់ ប៉ុន្តែ អាចសរសេរបាន។ ជាញឹកញាប់ ពួកគាត់និយាយថា៖ «អូ! មានជនជាតិបរទេសដែលគថ្លង់ដែរ?» អ្នកភូមិជាច្រើនមិនចង់ជឿថា មានជនជាតិបរទេសដែលគថ្លង់ទេ។ ពួកគាត់បានឈរអមជុំវិញខ្ញុំ មើលខ្ញុំសរសេរ ហើយសរសើរថា ខ្ញុំអាចសរសេរជាភាសាអង់គ្លេសបានលឿន។ ខ្ញុំសើច ហើយប្រាប់ពួកគាត់ថា ខ្ញុំមិនទាន់ចេះសរសេរជាភាសាខ្មែរនៅឡើយទេ ដូច្នេះ ខ្ញុំមិនពូកែ ដូចពួកគាត់ថាទេ!
VOA៖ ជាចុងក្រោយ នាងខ្ញុំចង់ដឹង ថាតើលោកស្រីយល់យ៉ាងដូចម្តេចដែរចំពោះបទពិសោធន៍របស់លោកស្រីក្នុងការសន្ទនាទាក់ទងជាមួយនឹងអ្នកគថ្លង់នៅតាមសហគមន៍ជនបទនៅកម្ពុជា តាមភាសាគថ្លង់? ហើយ ថាតើលោកស្រីអាចយល់ភាសាគថ្លង់របស់កម្ពុជាបានកម្រិតណា?
លោកស្រី Harrelson៖ ខ្ញុំបានរៀនអំពីភាសាកាយវិការរបស់កម្ពុជា ហើយអាចសន្ទនាទាក់ទងបានល្អជាមួយនឹងអ្នកគថ្លង់ ដែលប្រើភាសាគថ្លង់របស់កម្ពុជា។ តាមពិតទៅ មិនមានភាសាគថ្លង់ជាសាកលទេ ប៉ុន្តែ ខ្ញុំយល់ថា ការចេះភាសាគថ្លង់កម្ពុជាមានភាពងាយស្រួលដល់ការរៀនភាសាគថ្លង់ផ្សេងទៀត។ យើងយល់ពីភាសាគថ្លង់របស់យើងរៀងៗខ្លួនបានយ៉ាងល្អ ប៉ុន្តែ យើងបានជួបបញ្ហាខ្លះដែរ ហើយមិត្តភក្តិរបស់ខ្ញុំ ដែលជាអ្នកពិការគថ្លង់មានភាពអត់ធ្មត់ជាមួយខ្ញុំ ដោយនិយាយម្តងហើយម្តងទៀត ឬស្វែងរកវត្ថុផ្សេងៗ ឬធ្វើកាយវិការជាឧទាហរណ៍ ដើម្បីឲ្យខ្ញុំយល់ពីខ្លឹមសារនៃភាសាគថ្លង់ ដែលយើងទាំងអស់គ្នាបានប្រើ។
ខ្ញុំពិតជាមានសំណាង ដែលទទួលបានស្វាគមន៍ដ៏ល្អ ដែលមិត្តភក្តិរបស់ខ្ញុំ និងអ្នកពិការគថ្លង់នៅកម្ពុជាមានទឹកចិត្តល្អ ដែលផ្តល់ពេលវេលា បង្រៀនខ្ញុំពីភាសាគថ្លង់ហើយមានភាពអត់ធ្មត់ជាមួយនឹងភាសាគថ្លង់របស់ខ្ញុំ។ ហើយនៅពេលដែលខ្ញុំនៅកម្ពុជាកាន់តែយូរ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចចេះភាសាគថ្លង់របស់កម្ពុជាបានកាន់តែប្រសើរឡើង។
VOA៖ ចា៎ស សូមអរគុណលោកស្រី Harrelson ។ សូមជូនពរឲ្យលោកស្រីទទួលបានជោគជ័យក្នុងការស្រាវជ្រាវរបស់លោកស្រីនៅប្រទេសកម្ពុជា។ សូមជំរាបលា។
លោកស្រី Harrelson៖ ចា៎ស សូមអរគុណ និងសូមជំរាបលា៕