ព្យុះ​ព្រិល​ទឹកកក​ដ៏​សាហាវ​នៅ​សហរដ្ឋ​អាមេរិក​ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​តិច ៣២ នាក់​ស្លាប់

ខ្យល់បក់ខ្លាំង ខណៈព្យុះព្រិលទឹកកកកំពុងបោកបក់ដងផ្លូវនានានៅទីក្រុង Buffalo រដ្ឋ New York សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២។

ព្យុះ​រដូវ​រងា​ដ៏​កំណាច​បាន​បង្ក​គ្រោះថ្នាក់​និង​ទុក្ខ​វេទនា​ឱ្យ​ប្រជាពលរដ្ឋ​អាមេរិកាំង​រាប់​លាន​នាក់​ក្នុង​ថ្ងៃ​បុណ្យ​ណូអែល​កាលពី​ថ្ងៃ​អាទិត្យ នៅ​ពេល​ដែល​បណ្ដា​រដ្ឋ​ភាគ​ខាង​កើត​មួយ​ចំនួន​របស់​សហរដ្ឋ​អាមេរិក​ ជួប​ប្រទះ​នូវ​ការ​ធ្លាក់​ព្រិល​ទឹកកក​ដ៏​ច្រើន​សន្ធឹកសន្ធាប់​និង​ធាតុអាកាស​ត្រជាក់​ខ្លាំង ដោយ​ធ្វើ​ឱ្យ​ការ​ស្លាប់​ពាក់ព័ន្ធ​នឹង​ធាតុអាកាស​នេះ​បាន​កើនឡើង​រហូត​ដល់​យ៉ាង​តិច ៣២ នាក់។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

វិបត្តិ​មួយ​បាន​កើតឡើង​នៅ​ក្នុង​ទីក្រុង Buffalo ភាគ​ខាង​លិច​រដ្ឋ New York ដែល​នៅ​ទីនោះ ព្យុះ​ព្រិល​ទឹកកក​ធ្ងន់ធ្ងរ​ដែល​មាន​កម្ពស់​រហូត​ដល់​ជិត ២ ម៉ែត្រ​កន្លះ និង​ការ​ដាច់​ចរន្ត​អគ្គិសនី​បាន​បង្ក​ឱ្យ​មាន​ស្ថានការណ៍​គ្រោះថ្នាក់​ដល់​ជីវិត​និង​ធ្វើ​ឱ្យ​ទីក្រុង​នេះ​ក្លាយជា​ទីក្រុង​ដាច់​ឆ្ងាយ​ពី​គេ​ឯង ដោយ​សេវា​ផ្នែក​សង្គ្រោះ​បន្ទាន់​មិន​អាច​ចូល​ទៅ​ដល់​តំបន់​ដែល​រងគ្រោះ​ខ្លាំងក្លា​បំផុត​នានា​បាន។

អភិបាល​រដ្ឋ New York អ្នកស្រី Kathy Hochul ដែល​មាន​ដើម​កំណើត​មកពី​ទីក្រុង Buffalo នេះ បាន​និយាយ​ថា៖ «វា​ប្រៀប​ដូចជា​ធ្វើ​ដំណើរ​ទៅ​តំបន់​សង្គ្រាម​ដូច្នេះ​ដែរ ហើយ​រថយន្ត​នានា​នៅ​តាម​ដង​ផ្លូវ​មើល​ទៅ​គួរ​ឱ្យ​រន្ធត់បំផុត»។

អ្នកស្រី Hochul បាន​ប្រាប់​អ្នក​កាសែត​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​ថា ពលរដ្ឋ​នៅតែ​ស្ថិត​ក្នុង​ទុក្ខ​វេទនា​នៃ «ស្ថានភាព​គំរាមកំហែង​ដល់​ជីវិត​ដ៏​គ្រោះថ្នាក់​បំផុត»។ អ្នកស្រី​បាន​រំឭក​អ្នក​ដែល​នៅ​តំបន់​នោះ​កុំ​ឱ្យ​ចេញ​ក្រៅ។

មនុស្ស​ជាង ២០០.០០០ នាក់​នៅ​តាម​បណ្តា​រដ្ឋជាច្រើន​នៅ​ភាគ​ខាង​កើត​សហរដ្ឋ​អាមេរិក​បាន​ភ្ញាក់​ពី​ដំណេក​ដោយ​គ្មាន​អគ្គិសនី​នៅ​ព្រឹក​ថ្ងៃ​បុណ្យ​ណូអែល​កាលពី​ថ្ងៃ​អាទិត្យ ហើយ​មនុស្ស​ជា​ច្រើន​ទៀត​បាន​ផ្អាក​គម្រោង​ធ្វើ​ដំណើរ​រដូវ​ឈប់​សម្រាក​របស់​ពួកគេ បើ​ទោះ​បី​ជា​ព្យុះ​រយៈពេល ៥ ថ្ងៃ​នេះ​ ដែល​មាន​ស្ថានភាព​ព្យុះ​ព្រិល​ទឹកកក​ធ្ងន់ធ្ងរ​និង​ខ្យល់​បក់បោក​ខ្លាំង​ហាក់​ថមថយ​ឥទ្ធិពល​របស់​ខ្លួន​ក៏ដោយ។

ធាតុអាកាស​ត្រជាក់​ខ្លាំង​នេះ​បាន​ធ្វើ​ឱ្យ​សីតុណ្ហភាព​នៅ​ក្នុង​រដ្ឋ​ចំនួន ៤៨ របស់ដីគោក​សហរដ្ឋ​អាមេរិក​ធ្លាក់​ដល់​ក្រោម​សូន្យ​អង្សា​សេ​កាលពី​ចុង​សប្ដាហ៍ បាន​បង្អាក់​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ក្នុង​រដូវ​ឈប់​សម្រាក​ដោយ​ធ្វើ​ឱ្យ​ជើង​ហោះហើរ​រាប់​ពាន់​ត្រូវ​លុប​ចោល និង​ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​ជាប់​គាំង​នៅ​ក្នុង​ផ្ទះ​ដែល​គ្រប​ដណ្ដប់​ដោយ​ព្រិល​ទឹកកក។

មនុស្ស​យ៉ាង​តិច ៣២ នាក់​បាន​ស្លាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ធាតុ​អាកាស​នេះ​នៅ​ក្នុង​រដ្ឋ​ចំនួន ៩ ដែល​ក្នុង​នោះ​មនុស្ស​ចំនួន​យ៉ាង​តិច ១៣ នាក់​ស្លាប់គឺ​នៅ​ក្នុង​ស្រុក Erie ដែល​ទីក្រុង Buffalo ស្ថិត​នៅ​ក្នុង​ស្រុក​នោះ។ អាជ្ញាធរ​ព្រមាន​ថា ចំនួនស្លាប់​នេះនឹង​ឡើងទៀត។

អាកាសយានដ្ឋាន​អន្តរជាតិ​របស់​ទីក្រុង Buffalo នៅ​បិទ​ដំណើរការ​រហូត​ដល់​ថ្ងៃ​អង្គារ​ស្អែក ហើយ​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​នៅ​តែ​ចូល​ជា​ធរមាន​សម្រាប់​ស្រុក Erie ទាំង​មូល៕