អារ៉ាប៊ី​សាអូឌីត​ខ្វាយ​ខ្វល់​អំពី​ការ​មិន​សប្បាយ​ចិត្ត​​នៅ​ក្នុង​ស្រុក

ព្រះអង្គម្ចាស់​ សូឌ​ អាល់ ហ្វេស្ហាលនៃប្រទេស​អារ៉ាប៊ី សាអូឌី អំពាវនាវ​ឲ្យមានសំវាទ មិនមែន​ការតវ៉ាទេ នៅកំឡុង​សន្និសិទ​កាសែតមួយ​ នៅក្នុង​ទីក្រុង​ ជ្ហេដដាហ (Jeddah) នៅ​ថ្ងៃ​ទី​៩​ខែ​មិនា ឆ្នាំ​២០១១។

ក្រុម​អ្នក​វិភាគ​សិក្សា​អំពី​ការបះបោរ​របស់​ប្រជាពលរដ្ឋ​ ដែល​ឥឡូវ​នេះ​បាន​ធ្វើឲ្យ​ញ័រ​រញ្ជួយ​នៅ​ក្នុង​ពិភព​អារ៉ាប់​ភាគ​ច្រើន​ កំពុង​ចាប់​ផ្តើមឆ្ងល់​ស្តី​ពី​ថា​តើ​ ភាព​ចលាចលនេះ​ អាច​រាល​ដាលទៅ​ដល់ប្រទេស​អារ៉ាប៊ី​ សាអូឌី​ (Saudi Arabia)​ ដែរ​ឬ​អត់​ ដែល​របប​រាជានិយម​ដាច់​ខាត​របស់​ប្រទេស​នេះ​ ជាប្រទេស​នាំ​ប្រេង​ចេញ​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភព​លោក និងជា​សម្ព័ន្ធ​មិត្ត​ដ៏សំខាន់​របស់​សហរដ្ឋ​អាមេរិក។​ មាន​ការ​អំពាវ​នាវ​រួច​ហើយ​ សុំ​ឲ្យ​មាន​កំណែ​ទម្រង់​នយោបាយ​ នៅអារ៉ាប៊ី​ សាអូឌី​ ហើយ​ឥឡូវ​នេះ​ មាន​កិច្ច​ប្រឹង​ប្រែង​ដើម្បី​រៀប​ចំការ​តវ៉ា​ជា​សាធារណៈ​ ដែល​មិន​ធ្លាប់មាន​ពី​មុន​មក។

នៅ​ពេលដែល​ការ​បះ​បោរ​របស់​ប្រជាពលរដ្ឋ​ បាន​បណ្តេញរដ្ឋាភិបាល​របស់​ប្រទេសទុយណេស៊ី​ ចេញ​ពី​អំណាច​ កាល​ពី​ខែ​មករា ​ក្រុម​អ្នក​ជំនាញ​ បាន​ទស្សទាយន៍ថា​អាច​មាន​ការ​ងើប​បះ​បោរ​ស្រដៀង​គ្នា​នេះ​ដែរ​ នៅ​តាម​បណ្តា​ប្រទេស​អារ៉ាប់​ដទៃ​ទៀត​ ដែល​មាន​រដ្ឋា​ភិបាលផ្តាច់ការ។​ នៅ​ក្នុង​រយៈ​ពេល​ខ្លី​មួយ​ ការ​បះ​បោរ​ ពិត​ជា​បាន​ផ្ទុះ​ឡើង​មែន​ នៅ​ប្រទេស​អេហ្ស៊ីប​ យ៉េមេន​ ហ្សកដង់​ លីប៊ី​ និង​ប្រទេស​ដែន​ដី​កោះ​ឈ្មោះ​ បារ៉េន​ (Bahrain)​ ដែល​ស្ថិត​នៅ​ត្រង់​ម្តុំឆ្នេរ​សមុទ្ររបស់​អារ៉ាប៊ី​ សាអូឌី។

ប៉ុន្តែ​ បើ​ទោះ​ជា​មាន​ភាព​ចលាចលនៅ​ជុំវិញរាជា​ណាចក្រ​ទាំង​អស់ក៏​ដោយ​ ក្រុម​អ្នក​ជំនាញ​ជា​ច្រើន បន្ត​ទទូច​ឡើង​ថា​ ការ​បះ​បោរ​ស្រដៀង​គ្នា​នេះ​ដែរ​ ទំនង​ជា​មិនកើតមាន​ទេ នៅ​ក្នុង​សង្គម​អភិរក្ស​និយម​ ដូច​ករណីអារ៉ាប៊ី​ សាអូឌី នេះ។​ មិនមែន​មនុស្ស​ទាំងអស់យល់​ស្របឡើយ។​ ប្រជា​ពលរដ្ឋអារ៉ាប៊ី​ សាអូឌី​ ជាច្រើនពាន់​នាក់​ បាន​ចូល​រួម​ក្នុង​ក្រុម​អ៊ីនធឺណិត​ ដោយ​អំពាវ​នាវសុំឲ្យ​មាន​ការ​តវ៉ា​នៅ​ក្នុង​ «ទិវារចង​កំហឹង»​ មួយ នៅ​ក្នុង​រាជ​ធានីរីយ៉ាឌ​ (Riyadh)​ នៅ​ថ្ងៃ​សុក្រ​ ទី​១១ ខែ​មីនាកន្លងមកនេះ។​ ទិស​ដៅ គឺ​ត្រូវ​ជំរុញ​ឲ្យ​មាន​កំណែ​ទម្រង់ខាង​នយោបាយ​ និង​សង្គម នៅ​ក្នុង​រាជា​ណាចក្រ​អារ៉ាប៊ី​ សាអូឌី​ ដែល​គ្រប់​គ្រង​យ៉ាង​តឹង​រ៉ឹង​បំផុត។​ លើស​ពី​នេះ​ទៀត​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ សកម្ម​ជន​ និង​អ្នក​ជំនួញ​នាំ​មុខ​គេ ​ជាតិ​អារ៉ាប៊ី​ សាអូឌី​ ចំនួន​ជាង​១០០​នាក់​ បាន​ចុះ​ហត្ថលេខា​លើ​ញ្ញតិ​មួយ​ កាល​ពី​ខែ​មុន​ ដោយ​ទទូច​សុំ​ ​ព្រះ​មហាក្សត្រ​ អាប់ឌូឡោះ​ (King Abdullah)​ ឲ្យ​អនុម័ត​កំណែ​ទម្រង់ទ្រង់​ទ្រាយ​ធំ​ ដោយ​រាប់​បញ្ចូល​ទាំង​ ការ​បង្កើតឲ្យ​មាន​របប​រាជ​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញទៀត​ផង។

លោក​ សូឌ កាប្ល៊ី​ (Saud Kabli)​ ជា​អ្នក​ធ្វើ​អត្ថា​ធិប្បាយខាង​នយោបាយ​ ឲ្យ​កាសែតសាអូឌី​ ឈ្មោះ​ អាល់វ៉ាតាន​ (Al-Watan)។

«វាជា​ការលឿន​ពេក​ក្នុង​ការ​និយាយ​អំពី​រឿង​បែប​នេះនៅ​អារ៉ាប៊ី​ សាអូឌី។​ ជា​បឋម​ បរិស្ថាន​សង្គម​ មិន​ទាន់ឈាន​ដល់​កម្រិត​ចាំ​បាច់​ខ្លាំង​ ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​បែប​នោះ​ទេ។​ ជា​ការណ៍​ពិត​ណាស់​ អ្នក​នឹង​មាន​ក្រុម​មួយ​ចំនួន​ ដែល​អំពាវ​នាវ​សុំ​ឲ្យ​មាន​ទិវារ​ចង​កំហឹង​នេះ ហើយ​អ្នក​នឹងមាន​ក្រុម​អ្នក​គាំ​ទ្រ​មួយ​ចំនួន​ដែរ​ពី​ទី​នេះ​ និង​ទី​នោះ​ជា​ដើម​ ប៉ុន្តែ​ ការ​អំពាវ​នេះ​ គឺផុស​ចេញ​ពីអារម្មណ៍​ច្រើន​ជាងហេតុ​ផល។​ នៅ​អារ៉ាប៊ី សាអូឌី យើង​គ្មាន​ទស្សនៈ​វិស័យស៊ី​សង្វាក់​គ្នា សូម្បី​តែ​នៅ​ក្នុង​ចំណោម​ក្រុម​យុវជន​ខុសៗ​គ្នា​ក៏​ដោយ។ ​ឥឡូវ​នេះ​ ការ​យល់​ដឹង តម្រូវ​ឲ្យ​មាន​នៅ​អារ៉ាប៊ី​ សាអូឌី​ ហើយ​កិច្ច​ការ​នេះ​ នឹង​ត្រូវ​ការ​ពេល​ខ្លះ​ ដើម្បី​ឲ្យ​រឿង​ទាំង​នេះ​ អាច​វិវត្ត​ន៍​ទៅ​មុខ​បាន»។

ដោយ​កត់​សម្គាល់​ឃើញ​ថា​ បាតុកម្ម​ជា​សាធារណៈ​ ជា​ការ​ខុស​ច្បាប់​នៅ​អារ៉ាប៊ី​ សាអូឌី​ លោក​កាប្ល៊ី មាន​ប្រសាសន៍​ថា វប្បធម៌​របស់​អារ៉ាប៊ី សាអូឌី មាន​លក្ខណៈ​ប្រពៃ​ណី និង​ប្រឆាំង​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ការ​សម្តែង​ជា​សាធារណៈ​ នូវ​ការ​មិន​គោរពផ្នែក​សង្គម។​ ក្នុង​ករណី​ខ្លះ អ្នក​ធ្វើ​អត្ថា​ធិប្បាយ​រូបនេះ​ ថ្លែង​ថា​ ការ​ផ្លាស់​ប្តូរ អាច​កើត​ឡើង​ជា​បន្ត​បន្ទាប់​ ដោយ​សារតែ​រាជា​ណាចក្រ​នេះ​ គ្មាន​គណបក្ស​នយោបាយ​ ឬ​ប្រព័ន្ធ​រដ្ឋ​សភា​និយម​ឡើយ។​ លោក​ ទទួល​ស្គាល់​ពី​សេចក្តី​ត្រូវ​ការ​ឲ្យ​មាន​ការ​ពិភាក្សា​គ្នា អំពី​កំណែ​ទម្រង់​ដ៏​ចាំ​បាច់ ប៉ុន្តែមិន​មែន​ជា​ការ​ផ្លាស់​ប្តូរ​សង្គម​នោះ​ឡើយ។

«យើង​ត្រូវ​មាន​យុវជន​កាន់​តែ​ច្រើននៅ​ក្នុង​រដ្ឋា​ភិបាល​ នៅ​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​ ដែល​លើក​កម្ពស់ ទស្សនៈ​វិស័យ​របស់​យុវជន។​ ប្រជា​ពលរដ្ឋ កំពុង​អំពាវ​នាវ​សុំ​ឲ្យ​មាន​របប​រាជា​និយមអាស្រ័យ​រដ្ឋ​ធម្មនុញ្ញ។​ ឧទាហរណ៍​ អ្នក​មិន​អាច​មាន​របបរាជាអាស្រ័យ​រដ្ឋធម្មនុញ្ញ​ ដោយ​មិន​ចាំ​បាច់​មានប្រព័ន្ធសភា​យ៉ាង​រឹង​មាំ​មួយ​បាន​ទេ និង​ការ​យល់​ដឹង​របស់​ពលរដ្ឋ​ក្នុង​ការ​កំណត់​ការ​បោះ​ឆ្នោត។​ ខ្ញុំ​គិត​ថា អ្វី​ដែល​ត្រូវ​ធ្វើ​នោះគឺ​ត្រូវផ្តួច​ផ្តើម​ឲ្យ​មាន​ដំណើ​ការ​នេះ​សិន។​ យើង​ត្រូវ​តែចាប់​ផ្តើម​ការ​ចរចា​ជាក់​ស្តែង​មួយ​ ដើម្បី​ពិភាក្សាស្តី​ពី​ថា​តើ​យើង​នឹង​នាំ​យក​កិច្ច​ការ​ទាំង​នេះ​ឆ្ពោះ​ទៅ​រក​ការ​បង្កើតទស្សនៈ​វិស័យ​មួយយ៉ាង​ដូច​ម្តេច»។

ប្រហែល​ជាមាន​ប្រតិកម្ម​តប​ទៅ​នឹង​ភាព​ចលាចល​នៅ​កន្លែង​ផ្សេងៗ នៅ​ក្នុង​ពិភព​អារ៉ាប់​ កាល​ពី​ពេល​ថ្មីៗ​នេះ ព្រះ​មហាក្សត្រ​ អាប់ឌុលឡោះ​ បាន​ប្រកាស​អំពី​ផែនការ​ជួយ​សង្គ្រោះ​ក្នុង​ទឹក​ប្រាក់​ចំនួន​៣៧​ពាន់​លាន​ដុល្លារ​ ដោយ​រាប់​បញ្ចូល​ទាំង​ការ​លុប​ចោល​បំណុល​ និង​ការ​បង្កើន​ការ​ចំណាយ​ក្នុង​ជីវភាព​រស់​នៅ​ចំនួន​១៥​ភាគ​រយ​ សម្រាប់​និយោជិត​ក្នុង​វិស័យ​សាធារណៈ​ទៀត​ផង។​ ព្រះ​អង្គ ​ក៏​បានផ្តល់​ដល់​អ្នក​ទាំង​នោះនូវប្រាក់​កម្ចីមិន​យក​ការ​ប្រាក់​ សម្រាប់​អ្នក​ដែល​ហៀប​នឹង​រៀប​អាពាហ៍​ពិពាហ៍​ ហើយ​ចាប់​ផ្តើមប្រកប​មុខ​របរ។

ប៉ុន្តែ​ សម្រាប់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ សកម្មជន​ និង​អ្នក​ជំនួញ​របស់​អារ៉ាប៊ី​ សាអូឌី​ ដែល​បាន​ធ្វើ​ញ្ញតិ​ទៅ​កាន់​ព្រះ​មហាក្សត្រ​ កាល​ពី​ខែ​មុន​វិញ ការ​ផ្តល់​ជូន​ផ្នែក​ហិរញ្ញវត្ថុ មិន​ទាន់​គ្រប់​គ្រាន់​នោះ​ទេ។​ ជា​ជំនួស​វិញ​ ពួក​គេអំពាវ​នាវ​សុំ​ឲ្យមាន​កំណែ​ទម្រង់​ផ្នែក​នយោបាយទ្រង់​ទ្រាយ​ធំ ដោយ​រាប់​បញ្ចូល​ទាំង​ សិទ្ធិក្នុង​ការ​បង្កើត​គណបក្ស​នយោបាយ​ និង​សិទ្ធិ​ក្នុង​ការ​ជ្រើស​រើស​ក្រុម​ប្រឹក្សាស៊ូរ៉ា​ (Shura)។ ​អនុ​លោម​តាម​របប​រាជា​និយម​អាស្រ័យ​ធម្មនុញ្ញរបស់​អារ៉ាប៊ី​ សាអូឌី​ ក្រុម​ប្រឹក្សា​ស៊ូរ៉ា​ មិន​មែន​ជា​អង្គ​នីតិប្បញ្ញតិ​ទេ ប៉ុន្តែ​គ្រាន់​តែ​ជា​ក្រុម​ជំ​នុំពិគ្រោះ​យោបល់​ ហើយ​សមាជិក​របស់​ខ្លួន​ទាំង​អស់​ ត្រូវ​តែង​តាំង​ដោយ​ព្រះ​មហាក្សត្រ។​ លោក​ស្រី ម៉ារីណា​ អូតាវ៉េ​ (Marina Ottaway)​ ជា​នាយិកា​នៃ​កម្ម​វិធី​មជ្ឈិម​បូព៌ា​ នៃ​អង្គការទេយ្យទាន​ខាណឺជី​ដើម្បី​សន្តិភាព​អន្តរជាតិ​ (Carnegie ​Endowment​ for​ International​ Peace)​ នៅ​ទី​ក្រុង​វ៉ាស៊ីនតោន។​ លោក​ស្រី ថ្លែង​ថា​ អារ៉ាប៊ី​ សាអូឌី​ មាន​ភាព​ខុស​គ្នា​ខ្លាំងពី​ប្រទេស​អារ៉ាប់​ជា​ច្រើន​ ដែល​បាន​ជួប​ប្រទះ​រួច​ហើយ​ នូវ​ការ​បះ​បោរ​របស់​ប្រជាពលរដ្ឋ​ ហើយលោក​ស្រីបាន​ទស្សទាយន៍​ថា កំណែ​ទម្រង់​នយោបាយ​នៅ​ទី​នោះ​ នឹង​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ។

«អារ៉ាប៊ី​ សាអូឌី​ ជា​ករណី​មួយ​ដ៏​លំបាក​ជាង​គេ​បំផុត​មួយ។​ អ្នក​ត្រូវ​ចាប់​ផ្តើម​ចេញ​ពី​ចំណុច​សូន្យ​ ហើយ​ខ្ញុំ​មិន​គិត​ថា​ សហរដ្ឋ​អាមេរិក​ មាន​គំនិត​ច្បាស់​លាស់​ស្តី​ពី​ថា​តើ​ដំណើ​ការបែបណាខ្លះនឹង​អាច​នាំ​យក​ប្រទេស​អារ៉ាប៊ី សាអូឌី ចេញ​ពី​កន្លែង​ដែល​ប្រទេស​នេះ កំពុង​ស្ថិត​នៅនា​ពេល​ឥឡូវ​នេះ​ ដើម្បីឲ្យ​ក្លាយ​ទៅ​ជា​ប្រទេស​មួយ​កាន់​តែ​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ​ជាង​មុន​ ឬ​អ្វី​ជារបៀប​នៃការ​ផ្លាស់​ប្តូរនោះ។​ គ្មាន​នរណា​អាច​ដឹង​បាន​ឡើយ»។

ក្រសួង​មហា​ផ្ទៃរបស់​អារ៉ាប៊ី​ សាអូឌី​ សច្ចា​ថា​នឹង​ប្រឹង​ប្រែង​ឲ្យ​អស់​លទ្ធភាព​ក្នុង​ការ​ថែ​រក្សា​សិ្ថរ​ភាព។​ ហើយ​ប្រសិន​បើ​មាន​អំពើ​ហិង្សា​មែន​ រដ្ឋបាល​លោក​អូបាម៉ា​ អាច​ប្រឈម​មុខ​នឹង​បញ្ហា​លំបាក​ថ្មី​មួយ​ ក្នុង​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​សម្ព័ន្ធ​មិត្ត ​និងរាជ​វង្សា​នុវង្សអារ៉ាប៊ី​ សាអូឌី​ និង​ការ​សង្កត់​ធ្ងន់​ទៅ​លើការ​គោរព​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ដោយ​សេរី​ និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិ​វិធី៕

ប្រែសម្រួល​ដោយ លី សុខ ឃាង