បន្ទាប់ពីការធ្វើយុទ្ធនាការតាមបណ្តាញសង្គមអំពីយុទ្ធសាស្ត្រផ្ការីក ដែលបានរំលេចពីការបែកបាក់នៅក្នុងជួរគណបក្សប្រជាជនកម្ពុជារបស់លោក សម រង្ស៊ី អ្នកនាំពាក្យលោក ស ខេង បានប្រតិកម្មទាត់ចោលការលើកឡើងនោះ ហើយបរិហារលោក សម រង្ស៊ី ថាជាអ្នកនយោបាយដែលបរាជ័យ និងតែងតែចញ្ចឹមចិត្តដណ្តើមអំណាចតាមរយៈការធ្វើបដិវត្តន៍។
មេដឹកនាំនយោបាយជំទាស់លោក សម រង្ស៊ី ដែលបានចាកចេញពីប្រទេសកម្ពុជាកាលពីឆ្នាំ ២០១៥ គឺពីរឆ្នាំមុនការរំលាយគណបក្សសង្គ្រោះជាតិ បានបន្តប្រើប្រាស់បណ្តាញសង្គមវាយប្រហារមកលើរបបនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ហើយចុងក្រោយនេះ លោកបានប្រើវោហារស័ព្ទបំបែកគណបក្សប្រជាជនកម្ពុជា ដោយលើកឡើងពីការមិនពេញចិត្តរបស់ឥស្សរជនមួយចំនួនរបស់គណបក្សកាន់អំណាចនឹងរបបគ្រួសារនិយមបង្កើតឡើងដោយលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាជាតិ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ អ្នកនាំពាក្យលោកស ខេង បានថ្លែងបដិសេធនិងថោ្កលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះបណ្តាញសង្គមឈ្មោះ Sam Rainsy និងបក្ខពួកដែលបានទាញក្រុមគ្រួសាររបស់លោក ស ខេង ភ្ជាប់ទៅនឹងនយោបាយទុច្ចរិតរបស់ខ្លួនម្តងហើយម្តងទៀត។
សេចក្តីប្រកាសបានសរសេរថា៖ «អ្នកនាំពាក្យចាត់ទុកថា ក្រុមអ្នកនយោបាយនិរទេសខ្លួននៅឯបរទេសដែលគេចវេសពីការអនុវត្តទោសក្នុងបទឧក្រិដ្ឋព្រហ្មទណ្ឌនានានោះ គឺជា «អ្នកនយោបាយបរាមុខ ដែលបើទោះបីជាធ្វើនយោបាយរាប់សិបឆ្នាំហ្នឹងគេដែរប៉ុន្តែនៅតែបន្តប្រើកលវិធីស្មោកគ្រោកច្រំដែល ដោយជញ្ជ្រំផលិត ផ្សព្វផ្សាយសារ បំពានបំភ្លៃ បំភាន់មួលបង្កាច់ ក្លែងបន្លំ ញុះញង់ បំបែកបំបាក់សាមគ្គីផ្ទៃក្នុង ដើម្បីតែគោលដៅដ៏ខ្មៅងងឹតមួយគត់ គឺសម្រេចមហិច្ឆតាដណ្តើមអំណាចក្នុងទម្រង់ទាញទម្លាក់ប្រជាជន និងកម្ពុជាទាំងមូលឲ្យចូលក្នុងភ្នក់ភ្លើងវិនាសកម្មម្តងទៀត» តាមរបៀប «បដិវត្តន៍ពណ៌» ដែលទីបំផុតមិនដែលឈ្នះសូម្បីប៉ុនសរសៃសក់»។
បើតាមសេចក្តីប្រកាសដដែល លោក ស ខេង តែងតែផ្លាស់ប្តូរយោបល់ជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា «ដើម្បីទប់ទល់នឹងភាពមិនប្រាកដប្រជារបស់ពិភពលោក រក្សាការពារសន្តិភាព និងលំនឹងសេដ្ឋកិច្ច ពោលគឺធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ» ក្រោមការដឹកនាំរបស់ប្រធានគណបក្សប្រជាជនកម្ពុជាលោកហ៊ុ ន សែន និងរបស់រាជរដ្ឋាភិបាលបន្តវេនដែលមានលោកហ៊ុ ន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
អ្នកនាំពាក្យលោក ស ខេង បានអំពាវនាវឲ្យសាធារជនទាំងក្នុងនិងក្រៅប្រទេស «កុំជឿតាមសាររបស់ក្រុមឧក្រិដ្ឋកម្មនយោបាយ ដែលមានចរិតបំពានជាន់ឈ្លីច្បាប់ គោលការណ៍ប្រជាធិបតេយ្យ សន្តិភាព ការអភិវឌ្ឍ និងប្រក្រតីភាពនៃសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ»។
វីអូអេបានព្យាយាមសុំការអត្ថាធិប្បាយពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិតាមសារអ៊ីមែល តែគ្មានការឆ្លើយតប។ វីអូអេក៏មិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យរបស់លោក ស ខេង បានផងដែរ។
គិតចាប់តាំងពីការចាកចេញពីប្រទេសកម្ពុជាកាលពីឆ្នាំ ២០១៥ លោក សម រង្ស៊ីបានប្រឈមមុខនឹងការផ្តន្ទាទោសនៅក្នុងសំណុំរឿងព្រហ្មទណ្ឌជាច្រើនករណី។ លោកនិងសហការីរបស់លោកជាច្រើននាក់ទៀត ក៏បានរងការចោទប្រកាន់មួយចំនួន ពាក់ព័ន្ធនឹងការរៀបចំផែនការត្រឡប់មកកម្ពុជាវិញដែលមិនជោគជ័យកាល ពីឆ្នាំ ២០១៩។ មេដឹកនាំនយោបាយជំទាស់រូបនេះ ក៏បានរងការចោទប្រកាន់ចំពោះការប្រមាថព្រះមហាក្សត្រខ្មែរផងដែរ។
ខណៈកំពុងរស់នៅក្រៅប្រទេស លោក សម រង្ស៊ី បានផ្តួចផ្តើមឲ្យមានចលនានយោបាយជាច្រើនដើម្បីតស៊ូជាមួយនឹងរដ្ឋាភិបាលរបស់ប្រទេសកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ចុងក្រោយនេះ លោកបានលើកឡើងពី«យុទ្ធសាស្ត្រផ្ការីក» ដោយក្នុងនោះ លោករំលេចឈ្មោះឥស្សរជនសំខាន់ៗមួយចំនួនរបស់គណបក្សប្រជាជនកម្ពុជា ដែលអាចក្រោកឈរប្រឆាំងនឹងក្រុមគ្រួសាររបស់លោកហ៊ុន សែន។
ឥស្សរជនទាំងនោះរួមមាន លោក ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក សាយ ឈុំ អតីតប្រធានព្រឹទ្ធសភា លោក ទៀ បាញ់ អតីតរដ្ឋមន្ត្រីការពារជាតិ និងអតីតមេទ័ពមួយចំនួនទៀតដូចជាលោក ប៉ុល សារឿន លោក មាស សុភា លោក កែ គឹមយ៉ាន ហើយនិងលោក គន់ គីម។
ក្នុងបទសម្ភាសន៍មួយជាមួយវិទ្យអាស៊ីសេរីលោក សម រង្ស៊ី បានអះអាងថា មេដឹកនាំយោធាដែលមានឋានៈឧត្តមសេនីយ៍មួយចំនួនមិនពេញចិត្តនឹងរបៀបរបបនៃការចាត់ចែងអំណាចរបស់លោក ហ៊ុន សែន។ ដូច្នេះលោកមានសុទិដ្ឋិនិយមថា យុទ្ធសាស្ត្រផ្ការីករបស់លោកនឹងដំណើរការនៅពេលអំណោយផលមួយ។
លោក សម រង្ស៊ី ថ្លែងថា៖ «នៅក្នុងជួរគណបក្សប្រជាជនកម្ពុជា ក្នុងជួរកងកម្លាំងប្រដាប់អាវុធ ឧត្តមសេនីយ៍ដែលគេមានបទពិសោធន៍ ដែលគេមានជំនាញ គឺ ហ៊ុន សែន ផាត់ចោល ទាត់ចោលច្រើនណាស់។ អ៊ីចឹងហើយបាន ហ៊ុន សែន ដែលគួរឲ្យសង្ស័យ ហ៊ុន សែន សង្ស័យគឺសង្ស័យអ្នកនៅជុំវិញគាត់ទេ។ ហើយបើគាត់ធ្វើច្បាប់ គាត់ថា ប្រឆាំងភេរវករ ភេរវកម្ម គឺមែនទែន គាត់សម្លុតគ្នាគាត់ទេ។ គាត់ធ្វើអីខ្ញុំ អត់កើតទេ ពីព្រោះមានតែខ្ញុំម្នាក់ឯងដែលចេញមុខ តែច្បាប់នេះ គឺគាត់សំដៅទៅមន្ត្រី ទៅមេទ័ព ក្នុងជួរគណបក្សប្រជាជនកម្ពុជាឯណោះ»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេថា ទោះបីមន្ត្រីរបស់គណបក្សកាន់អំណាចបង្ហាញភាព«ល្អូកល្អឺន»ជាមួយគ្នាយ៉ាងណាក្តី ក៏សារ ឬសម្តីរបស់មេដឹកនាំជំទាស់លោក សម រង្ស៊ី អាចបង្កឲ្យមានភាពមិនទុកចិត្តគ្នាក្នុងចំណោមមន្ត្រីបក្សកាន់អំណាចទាំងនោះបាន។
លោក ឯម សុវណ្ណារ៉ា ថ្លែងថា៖ «ទោះបីជាគណបក្សកាន់អំណាចមានភាពល្អូកល្អឺនស្មោះស្ម័គ្រនឹងគ្នា កាលណាពាក្យចចាមអារ៉ាមកើតឡើង។ អាហ្នឹងវា វាពិបាកដែរដោយសារតែយើងបង្កើតអាចរន្តហ្នឹង ឬក៏វប្បធម៌មិនទុកចិត្តគ្នាហ្នឹង។ អ៊ីចឹង អាភាពសង្ស័យ ភាពមិនទុកចិត្តគ្នាហ្នឹងវាកើតឡើង វាប្រេះស្រាំ អ៊ីចឹងទៅ។ ហើយណាមួយ វាអាចកើតឡើងពិតប្រាកដ បើសិន ដូចខ្ញុំលើកឡើងថា អ្នកនយោបាយមិនប្រកាន់នូវគោលការណ៍តាមភារកិច្ច និងកាតព្វកិច្ចខ្លួនឯងជាអ្នកដឹកនាំឬក៏បម្រើពលរដ្ឋពិតប្រាកដ»។
បើតាមអ្នកជំនាញនយោបាយរូបនេះ យុទ្ធសាស្ត្រផ្ការីកនឹងមិនអាចក្លាយជាការពិតបានទេនៅកម្ពុជា បើសិនរដ្ឋាភិបាលដោះស្រាយរាល់កង្វល់ ឬការប្រឈមរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសគឺការលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ពួកគេ ខណៈស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នមិនសូវអំណោយផលដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ប្រតិកម្មទៅនឹងការថ្លែងរបស់លោក សម រង្ស៊ី អំពីការបែកបាក់ផ្ទៃក្នុងរបស់គណបក្សកាន់អំណាច លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងថា លោក សម រង្ស៊ី បានប្រើប្រាស់យុទ្ធសាស្ត្រនេះតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ ប៉ុន្តែមិនបានធ្វើឲ្យមានការប្រេះស្រាំណាមួយលើសាមគ្គីភាពរបស់គណបក្សប្រជាជនកម្ពុជានោះទេ។ លោកបន្ថែមថា លោក សម រង្ស៊ី ទៅវិញទេ ដែលបានឃើញការបែកបាក់នៅក្នុងគណបក្សរបស់គាត់ ហើយបានភៀសខ្លួនចេញពីប្រទេស និងបន្តប្រើប្រាស់ពាក្យសម្តីដែលភូតភរប្រជាពលរដ្ឋ។
លោក សុខ ឥសាន ថ្លែងថា៖ «វាជាការពិតហើយ សម រង្ស៊ី និយាយតាំងពីទសវត្សរ៍ឆ្នាំ ៩០ មកថា គណបក្សប្រជាជនបែកបាក់។ តែតាមពិតគាត់អ្នកបែកបាក់ទេ ពីព្រោះគាត់ខួរក្បាលអវិជ្ជមាន បើកាលណាគាត់និយាយលេខសូន្យ អាហ្នឹងគឺ សថាវាទៅខ្មៅ ហើយបើថាគាត់និយាយក្រហម វាខៀវហើយ។ អាហ្នឹងគាត់និយាយអ៊ីចឹង ព្រោះគាត់រាល់ថ្ងៃហ្នឹង គាត់និយាយថា គាត់ជោគជ័យៗតើ! តែឥឡូវគាត់ជោគជ័យនៅស្រុកបារាំងឯណោះ មានជោគជ័យនៅស្រុកខ្មែរឯណា! អាហ្នឹងអ្នកសារព័ត៌មានល្មមមានបទពិសោធន៍ជ្រៅជ្រះហើយពីរឿងសម្តីរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមហ្នឹង»។
បើតាមលោក សុខ ឥសាន កម្ពុជាកំពុងឃើញភាពរីកចម្រើនដូចផ្ការីក រួមមានការកើនឡើងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងអាកាសយានដ្ឋានខា្នតធំ ហើយកម្ពុជាក៏នឹងបានចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចផងដែរ៕