លោក ស ខេង ថា ​លោក​នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត

រូបឯកសារ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ចុះឈ្មោះមុនពេលចូលរួមកិច្ចប្រជុំនៅរដ្ឋសភាជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៣។ (AP Photo/Heng Sinith)

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង បាន​លើក​ឡើង​ថា​ លោក​នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត។

លោក ហ៊ុន ម៉ាណែត នឹង​ដឹកនាំ​រដ្ឋាភិបាល​ជា​ផ្លូវ​ការ ចាប់​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៣​ខាង​មុខ បន្ទាប់​ពី​ឪពុក​របស់​លោក​ដែល​ដឹកនាំ​ប្រទេស​អស់​រយៈពេល​៣៨ឆ្នាំ បាន​ប្រកាស​ចុះ​ចេញ​ពី​តំណែង​ បី​ថ្ងៃ​បន្ទាប់​ពី​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី ៧ ដែល​គ្មាន​គណបក្ស​ប្រឆាំង​ចម្បង​ចូលរួម បាន​បញ្ចប់។

លោក ស ខេង បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នា​ថ្ងៃ​សុក្រ​នេះ​ថា ​ក្រុម​អ្នក​នយោបាយ​និង​អ្នកវិភាគ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ «មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង​យ៉ាង​ធ្ងន់ធ្ងរ ក្នុង​រង្វង់​គណបក្សប្រជាជនកម្ពុជា» នៅ​ពេល​លោក ហ៊ុន សែន បាន​ឲ្យ​កូន​ប្រុស​របស់​លោក​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី។ លោក ស ខេង បាន​ច្រាន​ចោល​ការ​លើក​ឡើង​នេះ។

លោក​បន្ថែម​ថា​ ចំពោះ​ការជ្រើស​រើស​បេក្ខភាព​នាយករដ្ឋមន្ត្រី​ នាពេល​អនាគត លោក​គោរព​តាមការ​សម្រេច​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លោក ហ៊ុន សែន ជា​ប្រធាន។

លោក​បញ្ជាក់​ថា៖ «ក្នុង​ន័យនេះ ខ្ញុំ​នឹង​បន្តគាំទ្រ និង​ជួយ​ទំនុក​បម្រុង​ឲ្យ​រដ្ឋាភិបាល អាណត្តិ​ទី៧ ដែល​មាន​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត ជា​នាយក​រដ្ឋមន្ត្រី​ បាន​បំពេញ​ភារកិច្ច​របស់ខ្លួន​ឲ្យ​ទទួល​បាន​ជោគជ័យ​តាម​គោលការណ៍​ទាំងឡាយ ដែល​សម្រេច​ដោយ​សន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា»។

គួរ​បញ្ជាក់​ថា ​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​ តើ​ លោក ស ខេង នឹង​ទទួល​បាន​តំណែង​អ្វី​នោះ​ទេ នៅ​ពេល​លោក​ឈប់​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នា​ពេល​ខាង​មុខ។

លោក សម រង្ស៊ី មេដឹកនាំ​គណបក្សជំទាស់ ធ្លាប់​បាន​លើក​ឡើង​ថា​លោក ស ខេង នឹង​ក្លាយ​ជា​ប្រធាន​រដ្ឋសភា ហើយ​កូន​ប្រុស​របស់​លោកគឺ ​លោក ស សុខា នឹង​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជំនួស​ឪពុក៕