ក្រោយពីមានការចែកចាយខ្សែអាត់សំឡេងបែកធ្លាយមួយ ដែលស្ដែងឡើងនូវខ្លឹមសារនៃយុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន ក្នុងការចាត់ការផ្តាច់សរសៃឈាមនៅផ្ទៃក្នុងប្រទេសដែលនៅសេសសល់ របស់គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលជាស្ថាបនិកគណបក្សនេះបានចោទលោកនាយករដ្ឋមន្ត្រីថា កំពុងរៀបគម្រោងការ «សម្លាប់រង្គាល» លើក្រុមជំទាស់ ដូចដែលមេដឹកនាំខ្មែរក្រហម ប៉ុល ពត ធ្លាប់បានធ្វើពីពេលមុនមកនោះ។
លោក ហ៊ុន សែន ក៏បានអំពាវនាវឲ្យក្រុមមន្ត្រីរបស់លោកចាប់ខ្លួនលោកសម រង្ស៊ី ប្រសិនបើអតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះមកដល់កម្ពុជា។ នេះបើយោងតាមការអធិប្បាយរបស់លោក ហ៊ុន សែន ក្នុងខ្សែអាត់សំឡេងមួយដែលបានលេចធ្លាយដល់បណ្តាញព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ និយាយពីទំនាក់ទំនងនៃការផ្ដាច់ដង្ហើមរស់ដល់ក្រុមអ្នកជំទាស់ និងការព្រមានរបស់សហភាពអឺរ៉ុបក្នុងការដកប្រទេសកម្ពុជាចេញពី ឋានៈប្រទេសទទួលប្រយោជន៍ពីកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ» ឬ EBA ដែលផ្ដល់ការអនុគ្រោះពន្ធនាំចូលផលិតផលកម្ពុជាទៅកាន់សហភាពអឺរ៉ុប។
កាលពីសប្ដាហ៍មុន សហភាពអឺរ៉ុប បានប្រកាសចាប់ផ្ដើមនីតិវិធីជាផ្លូវការក្នុងដំណើរឆ្ពោះទៅការដកកម្ពុជាចេញពីប្រព័ន្ធ EBA ទាក់ទិននឹងការបង្ក្រាបនយោបាយមុនការបោះឆ្នោតខែកក្កដាឆ្នាំ២០១៨ ដែលគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន ឈ្នះប្រមូលអាសនៈទាំងអស់១២៥ នៅសភាតំណាងរាស្រ្ត ដោយអវត្តមានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលប្រកាសដាក់ឱ្យនៅក្រៅច្បាប់ មិនអាចចូលរួមការបោះឆ្នោតបាន។
តែលោកនាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានព្រមានមួយដងជាពីរដងថា បើសហភាពអឺរ៉ុបសម្រេចដក EBA ចេញពីកម្ពុជាមែននោះ មានន័យស្មើនឹង«សម្លាប់»ក្រុមជំទាស់នឹងរបបរបស់លោក។
ពីរថ្ងៃក្រោយការចេញខ្សែអាត់សំឡេងបែកធ្លាយរបស់លោក ហ៊ុន សែននេះ លោក សម រង្ស៊ី បានវាយបកប្រឆាំងនឹងលោកហ៊ុន សែន តាមទំព័រហ្វេសប៊ុករបស់លោក ដោយលោកសម រង្ស៊ី បានផ្តល់ការអធិប្បាយថា ការថ្លែងទាំងអម្បាលមាណ របស់លោកហ៊ុន សែន គឺស្មើនឹង «បទបញ្ជាឲ្យសម្លាប់» ដែលអាចដូចអ្វីដែល ប៉ុល ពត ធ្លាប់ធ្វើកន្លងមក អំឡុងការកាន់អំណាចនៃបក្សកុម្មុយនីស្ដកម្ពុជាពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
ទំព័រហ្វេសប៊ុកផ្លូវការរបស់លោក សម រង្ស៊ី បានសរសេរបន្ថែមជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖
«ការថ្លែងនេះស្មើនឹងបទបញ្ជាមួយឲ្យសម្លាប់។ ឆន្ទៈរបស់ ហ៊ុន សែន ដើម្បីងាកទៅរកការសម្លាប់ បោសសម្អាតអ្នករិះគន់ ត្រូវបានបង្ហាញជាច្រើនសារកាលពីពេលមុន។ គណបក្សសង្គ្រោះជាតិត្រូវបានគាំទ្រដោយប្រជាជនខ្មែររាប់លាននាក់ ហើយគណបក្សនេះបានទទួលសំឡេងជិតពាក់កណ្តាលប្រទេសនៅក្នុងការបោះឆ្នោតទាំងពីរគឺការបោះឆ្នោតជាតិឆ្នាំ២០១៣ និងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧»។
លោក សម រង្ស៊ី បានអះអាងបន្តថា៖ «ក្នុងបរិការណ៍នេះ ការអំពាវនាវឲ្យបំផ្លាញក្រុមប្រឆាំង បានស្ដែងឡើងអំពី គ្រោះថ្នាក់នៃការសម្លាប់រង្គាលនៅកម្ពុជា ដែលមិនធ្លាប់មានឡើយ តាំងពីសម័យខ្មែរក្រហមមក»។
មេដឹកនាំក្រុមជំទាស់នឹងនាយករដ្ឋមន្ត្រីលោកហ៊ុន សែន រូបនេះ បានចាត់ទុកថា ការគំរាម«សម្លាប់រង្គាល»ដែលមានឡើងខាងលើ បាននាំឱ្យរដ្ឋាភិបាលកម្ពុជា «បាត់បង់នូវភាពស្របច្បាប់របស់ខ្លួន» ហើយលោកអំពាវនាវឱ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិរិះរកវិធីទប់ស្កាត់ និងការពារប្រជាជនកម្ពុជាពីហានិភ័យនេះ ដែលលោកព្រមានបន្តថាអ្នករងគ្រោះអាចមានចំនួនរាប់លាននាក់។
គិតត្រឹមម៉ោង៥ល្ងាចថ្ងៃច័ន្ទនេះ មិនមានមន្ត្រីរដ្ឋាភិបាល ឬស្ថាប័នរដ្ឋាភិបាលចេញសេចក្តីថ្លែងការណ៍តបតនឹងសារនយោបាយរបស់លោកសម រង្ស៊ី ពាក់ព័ន្ធនឹងការណ៍ដែលលោកសម រង្ស៊ីចោទលោកហ៊ុន សែនថា «ចង់សម្លាប់ប្រជាពលរដ្ឋ ដូចក្រោមរបបប៉ុល ពត»។
ក្នុងខ្សែអាត់សំឡេងបែកធ្លាយរបស់លោកហ៊ុន សែន ដែលត្រូវបានគេចែកចាយ កាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៩ លោកហ៊ុន សែន បានប្រាប់ក្រុមថ្នាក់ដឹកនាំរដ្ឋាភិបាល ស្ថាប័នថ្នាក់ជាតិនានា រួមទាំងកងកម្លាំងកងទ័ព និងកម្លាំងនគរបាល កុំឲ្យមានប្រតិកម្មតបតនឹងការអធិប្បាយរបស់លោក សម រង្ស៊ី ដែលលោក ហ៊ុន សែន យល់ថា ការប្រតិកម្មតបណាមួយនោះនឹងផ្តល់តម្លៃបន្ថែមដល់លោក សម រង្ស៊ី។
លោក ហ៊ុន សែន ក៏ស្នើឲ្យក្រុមមន្ត្រីរបស់លោកកុំធ្វើការអធិប្បាយណាមួយដែលមានលក្ខណៈវាយប្រហារលើសហភាពអឺរ៉ុប ដោយលោកបានលើកឡើងថា ការសម្រេចចាប់ផ្តើមដំណើរការនីតិវិធីដកកម្ពុជាពីឋានៈអនុគ្រោះពន្ធ EBA នោះ គឺធ្វើឡើងដោយបុគ្គលពីរនាក់ប៉ុណ្ណោះ មិនមែនដោយសំឡងឯកច្ឆន្ទក្នុងសហភាពអឺរ៉ុបនោះទេ។
នាយករដ្ឋមន្ត្រីយូរឆ្នាំរបស់កម្ពុជា ក៏បានសម្ដែងការជឿជាក់ដែរថា ការបាត់បង់ឋានៈអនុគ្រោះពន្ធ EBA នោះនឹងមិនធ្វើឲ្យកម្ពុជាស្លាប់នោះទេ ព្រោះរយៈពេល១៨ខែទៀត កម្ពុជានឹងប្រឹងធ្វើកំណែទម្រង់ផ្ទៃក្នុងដើម្បីទ្រទ្រង់សេដ្ឋកិច្ចខ្លាំងក្លាដែលកំពុងមាននាពេលបច្ចុប្បន្ន។
ភ្លាមៗ ក្រោយមានសារលេចធ្លាយរបស់ លោក ហ៊ុន សែន ព្រមានផ្តាច់ដង្ហើមក្រុមគណបក្សប្រឆាំងនោះ អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រាប់VOAថា កម្ពុជានឹងរស់ដោយត្រដរ ប្រសិនបើប្រទេសនេះធ្វើឲ្យបាត់បង់ឋានៈអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ដែលបានជួយជ្រោមជ្រែងផលិតកម្មរបស់ឧស្សាហកម្មកាត់ដេរកម្ពុជា ដែលបានផ្តល់ការងារដល់ពលរដ្ឋខ្មែរដែលភាគច្រើនជាស្ត្រីប្រមាណជាជាង៧០ម៉ឺននាក់។
កាលពីសប្តាហ៍មុន សហភាពអឺរ៉ុបចាប់ផ្តើមដំណើរការជាផ្លូវការដែលអាចឈានទៅដកហូតជាបណ្តោះអាសន្ននូវឋានៈអនុគ្រោះពន្ធពាណិជ្ជកម្មពីប្រទេសកម្ពុជា ដោយសារតែការធ្លាក់ចុះនៃសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
សហភាពអឺរ៉ុបគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ដោយបាននាំផលិតផលចូលគិតជាទឹកប្រាក់ចំនួនជាង៥,៥ពាន់លានដុល្លារសហរដ្ឋអាមេរិកដោយមិនបង់ពន្ធ ហើយធ្វើឱ្យកម្ពុជាចំណេញប្រាក់ពន្ធប្រមាណជា៧០០លានដុល្លារក្នុងមួយឆ្នាំៗ។ ភាគច្រើននៃទំនិញដែលកម្ពុជានាំចូលសហភាពអឺរ៉ុបគឺមានសម្លៀកបំពាក់ ស្បែកជើង ផលិតផលកសិកម្មនិងកង់ជាដើម។
ប៉ុន្តែយុទ្ធនាការរបស់រដ្ឋាភិបាលបង្ក្រាបលើអង្គការសង្គមស៊ីវិល បណ្តាញព័ត៌មានឯករាជ្យ និងគណបក្សប្រឆាំង នៅមុនការបោះឆ្នោតជាតិខែកក្កដាឆ្នាំមុន បានធ្វើឱ្យសហភាពអឺរ៉ុបនិងសហគមន៍អន្តរជាតិស្នើឱ្យកម្ពុជាកែប្រែស្ថានការណ៍ឱ្យបានល្អឡើងវិញ បើមិនដូច្នោះទេ អាចប្រឈមនឹងទណ្ឌកម្មផ្សេងៗទៀត៕