លោក សម រង្ស៊ី ​ជំរុញ​ឱ្យ​មាន​មហា​សាមគ្គី​កម្លាំង​រវាង​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​​និង​ក្នុង​ប្រទេស​ហើយ​ព្រមាន​ពី​ហានិភ័យ​នៃ​កំពង់ផែ​រាម

រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំង ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយស្តីអំពីសេរីភាពសារព័ត៌មាន នៅសណ្ឋាការ Gran Melia នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣។

កាលពី​ថ្ងៃ​ពុធ ទី២៧​ ខែ​កញ្ញា ​លោក ​សម រង្ស៊ី ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការរបស់​រដ្ឋាភិបាល​គណបក្ស​កាន់​អំណាច​របស់​លោក ​ហ៊ុន សែន​ កាលពី​ឆ្នាំ​២០១៧ បាន​ចូល​រួម​វេទិកា​សហគមន៍​ខ្មែរ​មួយ​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ​ ឬ CAHRAD។

វេទិកា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​បណ្ណាល័យ Thomas Jefferson នៅ​សង្កាត់ Arlington រដ្ឋ Virginia ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន​ ដោយ​មាន​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ និង​អ្នក​គាំទ្រ​ប្រមាណ​ជាង៤០នាក់​បាន​ចូលរួម។

គោល​បំណង​ដែល​អង្គការ​នេះ​អញ្ជើញ​លោក សម រង្ស៊ី ​មេដឹកនាំ​ក្រុម​ជំទាស់​ដែល​កំពុង​និរទេស​ខ្លួន​ នៅ​ក្រៅ​ប្រទេស​ មក​កាន់​វេទិកា​នេះ ​គឺ​ដើម្បីឱ្យ​លោក​ ជម្រាប​សហគមន៍​ខ្មែរ​អាមេរិកាំង​អំពីគោល​បំណង​នៃ​ការ​បង្កើត​មហា​ចលនា​ខ្មែរ​មួយ ​ដើម្បី​ពង្រីក​ការទាក់ទង​រវាង​ខ្មែរ​នៅ​ក្រៅប្រទេសនិង​ដំណើរ​ទស្សន​កិច្ច​របស់​លោក​មក​កាន់​រដ្ឋធានី​វ៉ាស៊ីតោន​ដើម្បី​ជួប​ជាមួយ​មន្ត្រី​សហ​រដ្ឋ​អាមេរិក​ និង​ការវិវត្ត​នៅ​ពេល​ថ្មីៗ​នេះ​ស្តីពី​ច្បាប់​មួយ​ចំនួន ​ដែល​សភា​អាមេរិក​នឹង​ត្រូវ​អនុម័ត​ដែល​ទាក់ទិន​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្សនិង​បញ្ហា​អន្តរជាតិ​ ជាពិសេស​ទាក់ទិន​កំពង់ផែ​រាម​ ដែល​លោក​បាន​មាន​ប្រសាសន៍​ថា​អាចត្រូវ​ចិន​ប្រើប្រាស់​សម្រាប់​កន្លែង​ចូលចត​របស់​នាវា​ផ្ទុក​យន្តហោះ​របស់យោធា​ចិន។

លោក សម រង្ស៊ី បាន​ថ្លែង​ថា​ ចលនា​មហាជន​ខ្មែរ​នោះ​រួមមាន​មនុស្ស​ថ្មីៗដែល​គេ​មិន​ហ៊ាន​ចេញ​មុខ អ្នក​ការពារ​បរិស្ថាន អ្នក​សារព័ត៌មាន​ដើម្បី​បង្ហាញ​ជា​កម្លាំង​ដ៏​ខ្លាំង​មួយ​រវាង​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ជាមួយ​ខ្មែរ​នៅ​ក្នុង​ប្រទេស​ តាមរយៈ​ការផ្តល់ព័ត៌មាន​ឱ្យ​គ្នា​ទៅវិញ​ទៅមក។

លោកថ្លែង​ថា៖ «គឺ​យើង​ត្រូវ​ផ្តួចផ្តើម​គំនិត​ថ្មី​អ្វី​បន្ថែម​លើស​ពី​អ្វី​ដែល​យើង​មាន​នៅពេល​សព្វថ្ងៃ​នេះ ពីព្រោះ​ពេល​វេលា​សំខាន់​ណាស់ ពេល​វេលា​កាន់តែ​កន្លង​ទៅ បើ​ការតស៊ូ​របស់​យើង​នៅ​មាន​កម្រិត​ប៉ុណ្ណឹង​ឬទំហំ​ប៉ុណ្ណឹង ​គឺ​មិន​អាច​សម្រេច​បាន​ឆាប់ៗតាម​ដែល​យើង​ចង់​បាន​ទេ ដូច្នេះ យើង​ត្រូវ​ប្រមូលកម្លាំង​របស់​យើង​និង​ពង្រីកឈាន​បោះដៃ​ទៅរក​មជ្ឈដ្ឋាន​ក្មេងៗ យុវជន ​សង្គម​ស៊ីវិល​ដែល​មិន​ស្ថិតនៅ​ក្នុង​ជួរ​គណបក្ស​នយោបាយ​ទេ តែ​គេជា​ខ្មែរ​ក្នុង​វិស័យ​ផ្សេងៗក៏គេ​អាច​ជួយ​ស្តារ​ប្រទេស​កម្ពុជា​តាម​សមត្ថភាព តាម​ជំនាញ​របស់​គេ​ម្នាក់ៗ។ ដូច្នេះ​ហើយ​បាន​ជា​យើង​ឈាន​ទៅ​បង្កើត​មហា​ចលនា​ខ្មែរ​មួយ​ដូចយើង​បាន​ឃើញ​នៅ​ញូយ៉ក មុខ​ថ្មី មនុស្ស​ថ្មី បន្តិច​ទៀត​នេះ រូបភាព​បែបនេះ​នឹង​បញ្ជាក់​ឡើង​ច្បាស់​ថែម​ទៀត»។

លោក​បាន​និយាយ​ថា​ ចលនា​មហា​ជន​ខ្មែរ​នោះ​គឺ​លើក​ទឹកចិត្ត​យុវជន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ទាក់ទង​ជាមួយ​យុវជន​ខ្មែរ​ក្នុង​ប្រទេស​ តាម​រយៈការចែក​រំលែក​ចំណេះ​ដឹង ផ្លាស់ប្តូរ​បទពិសោធន៍​រវាង​គ្នា​ទៅវិញ​ទៅមក ដោយ​មិន​ចាំបាច់​ឆ្លងកាត់​តាម​គណបក្ស​ទេ។ លោក​ថា ​ការធ្វើ​ដូច្នេះ​មាន​ន័យ​ថា​បងប្អូន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ យល់​ថា​យុវជន​ខ្មែរ​នៅ​បរទេស​មិន​បំភ្លេច​យុវជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ។

​លោក​បាន​ថ្លែង​ទៀត​ថា​ ប្រទេស​កម្ពុជា​មិន​ត្រូវ​ស្លាប់​ជា​ដាច់​ខាត ហើយ​កូន​ខ្មែរ​ដែល​មាន​ព្រលឹង​និង​មនសិកា​រជា​ខ្មែរ​ក៏​មិន​បណ្តាយ​ឱ្យ​បុគ្គល​ណា ក្រុម​គ្រួសារ​ណា​យក​ប្រទេស​ខ្មែរ​ធ្វើ​ជា​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួនដែរ​។ បង​ប្អូន​យើង​នៅ​ក្រៅ​ប្រទេស​មិន​មាន​ចំនួន​ច្រើន​ទេ តែ​ទឹកចិត្ត​របស់​យើង​និង​ទឹកចិត្ត​របស់​បង​ប្អូន​ខ្មែរ​នៅ​ក្នុង​ប្រទេស​គឺ​មិន​ខុស​គ្នា​ទេ។ លោក​បន្ថែម​ទៀត​ថា​ប្រសិន​បើ​កម្លាំង​ខ្មែរ​យើង​ខ្លាំង បរទេស​ក៏​គេ​ស្រួល​ធ្វើការ​ជាមួយ​ខ្មែរ​យើង​ដែរ។

លោក សម រង្ស៊ី បាន​ថ្លែង​ទៀត​ថា​ ពេល​ដែល​និយាយ​ជាមួយ​មេដឹកនាំ​បរទេស ជា​ពិសេស​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប ពួកគេ​តែងតែ​អាណិត្ត​អាសូរ​ដល់​ពលរដ្ឋ​ខ្មែរ​យើង​ណាស់​ហើយ​អ្វី​ដែល​គេ​រឹតតែ​ចាប់​អារម្មណ៍​ទៀត​គឺ​ចិន​ដែល​កំពុង​ចាប់ផ្តើម​កំពង់ផែ​រាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ចិន​អាច​ប្រើប្រាស់​ជា​កន្លែង​ផ្ទុក​នាវា​ចម្បាំង​របស់​យោធា​ក្នុង​ចិន។ លោក​បាន​ថ្លែង​ថា​ បញ្ហា​នេះ គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​ប្រទេស​កម្ពុជា​យើង។ លោក​និយាយ​អះអាង​ជា​ឯកតោភាគី​ទៀត​ថា​ ប្រសិន​បើ​មាន​សង្គ្រាម​ផ្ទុះឡើង​នៅ​ក្នុង​តំបន់​ សហរដ្ឋ​អាមេរិក​នឹង​ទម្លាក់​គ្រាប់​បែក​មកលើ​ទីតាំង​នោះ។

រូបភាពផ្កាយរណបរបស់ BlackSky បង្ហាញទិដ្ឋភាពនៃទីតាំងមូលដ្ឋានទ័ពរាម ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២។

លោក​បាន​ថ្លែង​ថា៖ «ហើយ​នៅ​កោះកុង​ នៅតារា​សាគរ​ជា​ទីកន្លែង​ដែល​ចិន​វាទទី​យក​នោះ អត់​ឱ្យ​នរណា​ចូល​មើល​ទេ ចិន​យក​ប្រហែល ៣ម៉ឺន​ហិកតា​ មាន​ជា​ច្រើន​កន្លែង ក៏ប៉ុន្តែ​ហ្នឹង គេបិទជិត។ ហើយ​ក្នុង​នោះ​មាន​ឃ្លាំង មាន​បន្ទាយ​និង​សកម្មភាព​អ្វី​ខ្លះ​ទេ បើ​តាម​ខ្ញុំ​ថា​កន្លែង​នោះ​គឺ​កន្លែង​សឹក កន្លែង​យោធា ដាក់​ទាហាន​រាប់​ម៉ឺន​នាក់​បាន បើ​មាន​ការផ្ទុះ​សង្គ្រាម​អី​ណា​មួយ​គឺចិន​ចេញ​មុខ ឥឡូវនេះ​ចិន​រៀបចំ​រួច​ហើយគឺ​ថា​មាន​ហេដ្ឋារចនា​សម្ពន្ធ​គ្រប់​គ្រាន់​ហើយ បើ​គេ​ត្រូវការ​ពេល​ណា គេ​អាច​ប្រើ​ពេញ​ទំហឹង ហើយ​រឿង​នេះ​គ្រោះថ្នាក់​ណាស់ បើ​មាន​ការច្បាំង​គ្នា ប៉ះទង្គិច​គ្នា​នៅ​ក្នុង​តំបន់ ខ្ញុំ​ជឿ​ថា​អាមេរិកាំង​ច្បាស់​ជា​ទម្លាក់​គ្រាប់​បែក​ហើយ។ គេ​មិន​ឱ្យ​យន្តហោះ​របស់​ចិន​ឡើង​ពីរាម​ទៅបាញ់​គេ​ទេ ចាប់ផ្តើម​គេ​នឹង​ទម្លាក់​មូលដ្ឋាន​ដែល​ចិន​សាងសង់​នៅ​ស្រុក​ខ្មែរ ការណ៍​នេះ​ប៉ះពាល់​ដល់​ស្រុក​ខ្មែរ​ហើយៗពល​រដ្ឋ​ខ្មែរ​នឹង​រងគ្រោះ ដូច្នេះ​ល្បែង​ដែល​ហ៊ុន សែន​លេង​ជាមួយ​ចិន​នេះ​គ្រោះថ្នាក់​ណាស់ ដូច​ហ៊ុន សែន​លេង​ជាមួយ​ភ្លើង​អញ្ចឹង»។

ទោះជា​មិនបាន​បញ្ជាក់​ចំៗ​ទៅលើ​ការ​រិះគន់​ចំពោះ​កម្ពុជា​ដែលថា​ កម្ពុជា​អនុញាត​ឲ្យចិន​កសាង​មូលដ្ឋាន​យោធា​ចិន​នៅ​កំពង់​ផែរាមក្តី ​តែ​នៅពេល​ថ្លែង​សុន្ទរកថា​នៅឯ​មហា​សន្និបាត អង្គការ​សហ​ប្រជាជាតិ​ (អ.ស.ប) ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​បាន​បំភ្លឺអំពី​រឿង​នេះ​ជា​ថ្មី​ ដោយ​បាន​ប្រកាស​ប្រាប់​ពិភពលោក​ថា កម្ពុជានឹង​បន្ត​ប្រកាន់​ជំហរ​អព្យាក្រឹត ឥតលម្អៀង​ គោរព​គ្នា​ទៅវិញ​ទៅមក​ ហើយ​ប្រកាន់ខ្ជាប់​នូវ​ធម្មនុញ្ញ​ អ.ស.ប​ លើក​កម្ពស់​ផលប្រយោជន៍​កម្ពុជា​ និង​ កសាង​បន្ថែម​នូវ​ទំនាក់​ទំនង​ជា​មិត្តភាព។ លោក​បញ្ជាក់​ថា ​កម្ពុជា​នឹង​មិន​អនុញាត​ឲ្យមាន​មូលដ្ឋាន​កងទ័ព​យោធា​បរទេស​នៅលើ​ទឹកដី​កម្ពុជាទេ ដូច​អ្វី​ បាន​បញ្ជាក់​ច្បាស់​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​ ហើយ​កម្ពុជា​ក៏មិន​អនុញាត​ឲ្យ​ប្រទេស​ណា​មួយ​ឬក្រុម​ណាមួយ​ប្រើប្រាស់​ដែនដី​កម្ពុជា​ដើម្បី​ប្រឆាំង​នឹង​ប្រទេស​ណា​នោះ​ដែរ។

ឆ្លៀត​ក្នុង​ឱកាស​នៃការ​ជួប​សំណេះសំណាល​នោះ​ដែរ លោក​ស្រី មួរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ក៏​បាន​ថ្លែង​អំណរគុណ​ចំពោះ​អ្នក​ចូលរួម​ក្នុង​វេទិកា​នោះ​ ហើយដែល​បាន​ចូលរួម​ក្នុង​បាតុកម្ម​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​កាលពី​ពេល​ថ្មីៗ ដើម្បី​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត​ ដែល​លោក​ស្រី​ថា​ មិន​មែនជា​នាយក​រដ្ឋមន្ត្រី​ដែល​កើត​ចេញ​ពីការបោះ​ឆ្នោត​ត្រឹមត្រូវ​និង​យុត្តិធម៌​ដែល​អាចធ្វើ​ជា​តំណាង​ដល់​កម្ពុជា​ក្នុងការ​ថ្លែងការណ៍​នៅឯ អ.ស.ប បាន​ទេ។

លោក​ស្រី​បាន​ថ្លែង​ថា ​គោលបំណង​នៃ​ការធ្វើ​បាតុកម្ម​នោះ​គឺ​ការ​មិន​ទទួលស្គាល់​លោក ហ៊ុន ម៉ាណែត ​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា។ ហើយលោក​ស្រី​បាន​ថ្លែង​ថា​ នៅពេល​ឥឡូវនេះ កញ្ញា​ សេង ធារី​ ត្រូវ​បាន​គេ​បញ្ជូន​ពី​ពន្ធនាគារ​ព្រះវិហា​មកកាន់​ពន្ធនាគារ​ព្រៃស​។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ​លោក​ស្រី​នឹង​បន្ត​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា សេង ធាវី​ និង​អ្នក​ទោស​នយោបាយ​ខ្មែរ​ទាំង​អស់។

​ក្តីរំពឹងបន្ត​របស់​ក្រុម​ជំទាស់​មួយទៀត​ គឺផ្អែក​ទៅលើ​សភា​សហរដ្ឋ​អាមេរិក​ដែល​នៅបន្ត​យក​ចិត្ត​ទុក​ដាក់​ពាក់ព័ន្ធ​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ដែល​រំលោភ​សិទ្ធិ​មនុស្ស​និង​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា។

លោក​ស្រី ​ទិត គឹមហ៊ុន ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ស្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បញ្ជាក់​ថា​ សេចក្តី​ព្រាងច្បាប់​នោះ​បាន​សម្រេច​ ៩៩ ភាគរយ​ហើយ អ្វី​ដែល​សំខាន់​នោះ​គឺ​សមាជិក​ព្រឹទ្ធសភា​និង​រដ្ឋសភា​សហរដ្ឋ​អាមេរិក បាន​យកចិត្ត​ទុកដាក់​សេចក្តី​ព្រាង​ច្បាប់​នោះ​មែន​ទែន ដោយសារ​ការបន្ត​ការដឹកនាំ​បែប​បន្ត​ពូជ​និង​គ្មាន​ការបោះឆ្នោត​ដែល​កើតចេញ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ហើយ​នឹង​បញ្ហា​ពាក់ពន្ធ​ជាមួយ​ចិន។ លោក​ស្រី​បាន​និយាយ​ទៀត​ថា​ សេចក្តី​ស្នើច្បាប់​មាន​ឈ្មោះ​ថា​ S 2331 ដែល​ជា​សេចក្តី​ព្រាង​ច្បាប់​ស្តារលទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​ដែល​លោក​ស្រី​សង្ឃឹម​ថា ​នឹង​បោះឆ្នោត​ដើម្បី​បន្ត​សេចក្តី​ព្រាង​ច្បាប់​នោះ​នៅ​ឆ្នាំ​ ២០២៤ និង​ ២០២៥​ ខាង​មុខ​នេះ។

លោក​ស្រី​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​បន្ត​ការហៅ​ទូរសព្ទ​ទៅ​សមាជិក​ព្រឹទ្ធសភា​នៅ​ក្នុង​រដ្ឋ​របស់​ខ្លួន​ជួយ​ជំរុញ​ឱ្យ​សមាជិក​ព្រឹទ្ធសភា​របស់​ខ្លួន​បោះឆ្នោត​គាំទ្រ​លើ​សេចក្តី​ព្រាងច្បាប់​នេះ។

លោកស្រី​ថ្លែង​ថា៖ «ក្នុង​នោះ បងប្អូន​ក៏​មាន​កិច្ចការ​ក្នុង​ការចូលរួម​ចំណែក​នេះ​ កិច្ចការ​ទាំង​អស់​នោះ​គឺ​មិន​មែន​ជា​កិច្ចការ​របស់​គណបក្ស​ឬ​កិច្ចការ​របស់​លោក​ប្រធាន​និង​លោក​ជំទាវ មួរ សុខហួ​រឬ​ខ្ញុំ​ទេ។ វា​ជា​កិច្ចការ​របស់​ខ្មែរ​យើង​ទាំង​អស់​គ្នា ដូច្នេះបង​ប្អូន​ក្នុង​នាម​ជា​អ្នក​បោះឆ្នោត​នៅ​តាម​មណ្ឌល​របស់​បង​ប្អូន បងប្អូន​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការហៅ​ទូរសព្ទ​ទៅព្រឹទ្ធសភា​របស់​បងប្អូន​ ជា​ពិសេសព្រឹទ្ធសភា​ដែល​ជា​ប្រធាន​កិច្ចការ​បរទេសដែល​បាន​ឡើង​ថ្មី​គឺ​លោក Ben Carden មកពីដើម្បី​ជំរុញ​ឱ្យ​លោក​ជួយ​គាំទ្រ​សេចក្តី​ព្រាងច្បាប់​នេះ»។

បើ​តាម​លោក​សម រង្ស៊ី ​សេចក្តី​ព្រាងច្បាប់​នោះ​មិន​មែន​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​កម្ពុជា​ទេ សេចក្តីព្រាងច្បាប់​នោះ​ធ្វើ​ឡើង​ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ណា​ដែល​រំលោភ​សិទ្ធិ​មនុស្សនិង​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​ក៏​បាន​លើក​ឡើង​ពី​ការខាត​បង់​ នៅពេល​ដែល​រដ្ឋាភិបាល​ងាក​ទៅ​រក​ប្រទេស​ចិន ចំពេល​ដែល​ពួក​អ្នក​វិនិយោគ​ប្រទេស​លោក​ខាង​លិច​កំពុង​ដក​រោងចក្រ​របស់​ពួកគេ​ចេញ​ពី​ប្រទេស​ចិន​នោះ។ លោក​បាន​បន្ត​ទៀត​ថា ​ប្រទេស​ដែល​បាន​ទទួល​អត្ថប្រយោជន៍​ពី​ក្រុមហ៊ុន​ទាំង​នោះ​គឺ​ប្រទេសវៀតណាម​និង​ថៃ។

ពិធី​សំណេះ​សំណាល​របស់​លោក​ សម រង្ស៊ី ​ជាមួយ​សហគមន៍​ខ្មែរ​នេះ​បាន​បញ្ចប់ដោយ​មាន​ការសួរ​ជា​សំណួរ​ពី​អ្នក​ចូលរួម​អំពី​ការ​រីក​ចម្រើន​នយោបាយ​ និង​សង្គម​កម្ពុជា​៕