លោក​ សម រង្ស៉ី ​ថាការ​ចាប់​សកម្មជន​ខ្លួន​បង្ហាញ​ពី​ការ​ភ័យខ្លាច​ការ​ងើប​ប្រឆាំង​រដ្ឋាភិបាល

រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ថ្លែង​ទៅ កាន់​អ្នក​សារព័ត៌មាន ក្រោយ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Soekarno-Hatta ក្នុង​ទីក្រុង Tangerang ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩។

ការ​ចាប់ខ្លួន​ក្រុមមន្ត្រី​គណបក្ស​ជំទាស់ ​និង ​សកម្មជន​នយោបាយ​កើតឡើង​បន្តបន្ទាប់​ក្នុងពេល​មាន​បញ្ហា​ការរាត​ត្បាត​ជំងឺ​កូវីដ១៩ ​និង​ក្នុងពេល​កម្ពុជា​ត្រូវ​សហភាព​អឺរ៉ុប​ប្រកាស​ព្យួរ​ប្រព័ន្ធអនុគ្រោះពន្ធ​ចំពោះ​ទំនិញ​នាំចេញ ដោយសារ​តែបញ្ហា​ការ​ចោទ​ប្រកាន់​រឿងធ្លាក់​ចុះ​ប្រជាធិប តេយ្យ​និង​សិទ្ធិមនុស្ស​ តែ​ក្រុម​មេដឹកនាំ​នយោបាយ​កំពូល​នៃ​ប្រទេស​កម្ពុជា​បាន​បន្ត​វាយ​ប្រហារ​គ្នា ​និង​ប្រជែង​យក​ប្រៀប​រៀង​ខ្លួន។

លោក​ សម រង្ស៉ី ​ដែល​ជា​មេដឹកនាំ​ក្រុម​ជំទាស់​កំពុង​និរទេសខ្លួន​នៅ​ក្រៅ​ប្រទេស ​បាន​បន្ត​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ថា​បន្ត​ចាប់ខ្លួន​សកម្មជន​គណបក្ស​ជំទាស់​ក្នុង​ប្រទេស​ ដោយភ័យខ្លាច​នឹង​ការងើប​តវ៉ា​ប្រឆាំងនឹង​រដ្ឋាភិបាល​គណបក្ស​គ្រប់គ្រង​ប្រទេស។

ថ្លែង​ប្រាប់ ​VOA ​ក្នុង​កិច្ចសម្ភាសន៍​តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង​ក្រោយ​ពេល​លោក​បាន​ដាក់​លិខិតទៅកាន់​ស្ថាប័ន​សិទ្ធិមនុស្ស អំពីការ​ចាប់ខ្លួន​សកម្មជន​លោកថ្មីៗ​នេះ លោក​ សម រង្ស៉ី ​បាន​អះអាង​ថានោះ​គឺ​ជា​ការភ័យ​ខ្លាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន៖

«ចំពោះ​គាត់​ប្រជា​ពលរដ្ឋ​ដែលបាត់​បង់​ប្រាក់​ចំណូល ​លុយធនាគារ ​លុយ​អង្គការ​វ័ណ្ឌក ​ដូច្នេះប្រជា​រាស្ត្រ​មាន​បំណង​តតាំង​ងើបឈរ​ប្រឆាំង​រូបគាត់ ​អីចឹង​ហើយ​គាត់ភ័យ​ គាត់មិន​ដឹង​ធ្វើអ្វី​គាត់រករឿង​សមាជិក​គណបក្ស​សង្គ្រោះជាតិ​ តែរឿង​នេះ​ជារឿង​ប្រជារាស្ត្រ​ខ្មែរ​ទាំងមូល​មិនមែន​រឿងគណបក្ស​សង្គ្រោះជាតិ​ទេ»។

លោក​ សម រង្ស៉ី​បន្ត​ថា​រដ្ឋាភិបាល​មិនបាន​ដោះស្រាយ​ជូន​ប្រជា​ពលរដ្ឋទេ​ក្នុងពេល​មាន​បញ្ហា​កូវីដ១៩ ដែលធ្វើ​ឲ្យ​ពលរដ្ឋ​ជួប​បញ្ហា​ជីវភាព​ ហើយ​មិនអាច​សន្សំ​ប្រាក់សង​បំណុល​ធនាគារ​នេះ។

«លោក​ហ៊ុន សែន​របប​គាត់ហ្នឹង​កាន់​តែធ្ងន់ធ្ងរ​ហើយ​ គាត់ធ្វើ​បាប​ប្រជា​ពលរដ្ឋ​កាន់តែ​ខ្លាំង នយោបាយ​សេដ្ឋកិច្ច​គាត់​កាន់តែ​បរាជ័យ ​គាត់​នៅតែ​បណ្តោយ​ឲ្យធនាគារ ​ឲ្យ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​អី​ទាំងអស់​ហ្នឹង​មក​កៀប​សង្កត់​ប្រជារាស្ត្រ​គឺ​របប​គាត់​មិនអាច​នៅ​ស្ថិតស្ថេរ​បាន​ទេពីព្រោះ​គាត់​ធ្វើសង្គ្រាម​ប្រឆាំង​នឹង​ប្រជារាស្ត្រ​ខ្មែរ​ទាំងមូល​ ដូច្នេះ​គាត់​មិន​អាច​នៅ​ដល់ការ​បោះឆ្នោត​អី ​២០២២ ​និង​ ២០២៣ ​ទេ ​ គាត់​ធ្វើ​អាក្រក់​អីចឹង ​គឺរបប​គាត់ដួល​កាន់តែ​ឆាប់»។

ព័ត៌មាន​ទាក់ទង៖ អាជ្ញាធរ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ធំ​រួច​បញ្ជូន​មក​ភ្នំពេញ​

ក្រុម​សកម្មជន​គណបក្ស​ជំទាស់​មួយ​ចំនួន​ចុងក្រោយ​នេះ​រួមទាំង​លោក ​ស៊ុន ធន់ ​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ​គណបក្ស​ជំទាស់​និង​ជា​សមាជិក​សមាគម​គ្រួ​បង្រៀនឯករាជ្យ​ត្រូវចាប់​ខ្លួន​មិនដឹង​មូលហេតុ​ក្នុងសប្តាហ៍ថ្មីៗ​នេះ។​ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​រំលាយ​រាប់​សិប​នាក់​ត្រូវចាប់​ខ្លួនដោយសារ​តែមាន​ការចោទ​ប្រកាន់​ថា​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត ​និង​ ប្រឆាំង​រដ្ឋាភិបាល។

លោក​សំ សុគង់​មេធាវី​ការពារ​ក្តី​ឲ្យ​មន្រ្តី​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​អះអាង​ថា ​ចាប់​តាំង​ពី​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ លោក​បាន​ការពារ​ក្តី​ឲ្យ​មន្រ្តី​គណបក្ស​ប្រមាណ​១០០​នាក់​ដែល​ក្នុង​នោះ​មាន​ការ​ចាប់​ខ្លួន​ដោយ​មាន​ដីកា​ខ្លះ​និង​មិន​មាន​ដីកា​ខ្លះ។​លោក​បន្ត​ថា ​បច្ចុប្បន្ន​នេះ​លោក​កំពុង​ការពារ​ក្តី​ឲ្យ​សកម្ម​ជន​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួនយ៉ាងតិច​១៦​នាក់​ទៀត​ដែល​កំពុង​ជាប់​ពន្ធនាគារ​ហើយ​ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ ​រួម​គំនិត​ក្បត់​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​និង​ញុះញង់​មិន​ឲ្យ​យោធា​ស្តាប់​បង្គាប់៕

លោក ​សម រង្ស៉ី​ដែល​បាន​ដាក់​លិខិត​ទៅកាន់​ស្ថាប័ន​សិទ្ធិមនុស្ស​អន្តរជាតិ ​អសប ​និង ​សហភាពអឺរ៉ុប​ដើម្បី​ទាមទារ​ឲ្យមាន​អន្តាគមន៍​ពីសហគមន៍​អន្តរជាតិ​ចំពោះការ​ចាប់ខ្លួន​ក្រុម​សកម្មជនជំទាស់​នេះ​ បាន​ចាត់ទុក​ថាការ​ចាប់ខ្លួន​នេះនឹង​បន្ថែម​ទម្ងន់​លើ​កំណត់ត្រា​សិទ្ធិមនុស្ស​និងប្រជាធិបតេយ្យ​ ដែល​រដ្ឋាភិបាល​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​កំពុងតែ​ប្រឈម​ស្រាប់។

«ហើយ​ម្យ៉ាងទៀត​គាត់​យល់​ច្រឡំហើយ​ គាត់​ស្មានថា​ធ្វើអីចឹង​គេមិន​ប្រតិកម្ម ​ឥឡូវ​ហ្នឹងអន្តរជាតិ​ប្រតិកម្ម​កាន់តែ​ខ្លាំងឡើងៗ​ពីព្រោះ​គាត់កំពុង​តែ​ប្រឈមមុខ​រឿង​នាំទំនិញ​ចេញ​ទៅ​លក់នៅខាង​ក្រៅ EBA។ ​សមាគម​រោងចក្រ​កាត់ដេរ​គឺទៅ​អង្វរ​សហភាព​អឺរ៉ុប​ថាឲ្យ​ពន្យា​កុំឲ្យ​ព្យួរប្រព័ន្ធ​អនុគ្រោះពន្ធ ​ប៉ុន្តែ​គាត់ធ្វើ​អីចឹង​មិនខ្មាស់​គេទេ ​អឺរ៉ុប​គេចង់​ឲ្យគាត់​គោរព​សិទ្ធិមនុស្ស ​គោរពប្រជាធិបតេយ្យ ​តែគាត់​មកធ្វើ​គណបក្ស​ប្រឆាំង ​ធ្វើបាប​ប្រជារាស្ត្រ​អីចឹង​ ហើយ​គាត់នឹង​ស្មានថាគេនឹង​ពន្យា​ទណ្ឌកម្ម​ដែលគេ​ដាក់មក​លើ​របប​គាត់»។

ក្រុម​មេដឹកនាំ​គណបក្ស​ជំទាស់​នៅក្រៅ​ប្រទេស​រួម​ទាំង​លោក ​សម រង្ស៉ី​ផងត្រូវ​ស្ថិត​នៅ​ក្រោមការចោទ​ប្រកាន់​ថាជា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ ដែល​មន្ត្រី​គណបក្ស​គ្រប់គ្រង​ប្រទេស​ បាន​វាយបក​និង​អះអាង​ថា​នេះ​ជាល្បែង​របស់​មេដឹកនាំ​គណបក្ស​ជំទាស់​ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​យូរ​ឆ្នាំមក​ហើយ ​តែមិន​បាន​ជោគជ័យ​ ហើយ​ដែល​អាជ្ញាធរ​រដ្ឋាភិបាល​ត្រូវចាត់​វិធានការ។

រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)

លោក ​សុខ ឥសាន​អ្នក​នាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​បាន​ថ្លែងថា​ជារឿង​ធម្មតា​និង​ជា​វប្បធម៌របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ ដែលបរិហារ​មកលើ​រាជរដ្ឋាភិបាល​ យាយី​ ធ្វើ​ទុក្ខបុក្ខ​ម្នេញ​ចូល​មកក្នុង​ប្រទេស ​តែ​លោក​ថាគេ​ពុំគួរ​គាំទ្រ​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់ទេ​ ដែល​លោក​ថា​អង្គការ​ចាត់​តាំងមួយនេះ​ត្រូវរំលាយ​ចោល​ដោយ​តុលាការ​កំពូល​រួច​ទៅ​ហើយ។

«មេ​ឧទ្ទាម​ក្រៅច្បាប់​និង​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​សុទ្ធតែ​ខុសច្បាប់​ទាំងអស់​រួមទាំង​អ្នកគាំទ្រ​ផង​។ បើថា​គាំទ្រ​នូវ​នយោបាយ​ឬ​ឧបាយ​កល​របស់​អ្នកក្រៅច្បាប់​ អ្នកហ្នឹង​សុទ្ធតែ​ខុសច្បាប់​ទាំងអស់ អីចឹង​ការ​ចាត់​វិធានការ​របស់​រាជ​រដ្ឋាភិបាល​គឺជា​ការ​ត្រឹមត្រូវ ​មិនមែន​ជាការ​រំលោភ​សិទ្ធិ​មនុស្សដូចខ្ញុំ​ជម្រាប​ខាង​ដើម​អីចឹង»។

លោក ​សុខ ឥសាន​បាន​បន្ថែម​ថា៖

«យើងដឹង​ហើយថា​បើសិន​ណា​ជា​រាជ​រាដ្ឋាភិបាល​ធ្វើឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​ដើរថយ​ក្រោយ​ឬមួយក៏មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​កម្ពុជា​ ប្រាកដ​ណាស់​ប្រទេស​កម្ពុជា​មិនមានសន្តិភាព​ពេញលេញ​ហើយ​មិនមាន​ស្ថិរភាព​នយោបាយ​ព្រមទាំង​ប្រជាពលរដ្ឋ​រស់នៅ​ប្រកប ដោយភាព​សុខដុមរមនា​នៅក្នុង​ប្រទេស​កម្ពុជា​ទាំងមូល​ទេ»។

លោក​បាន​បន្ថែម​ថាការ​ប៉ុនប៉ង​របស់​ក្រុម​ប្រឆាំងបំផុស​ពលរដ្ឋ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កើត​ឡើង​ជាច្រើន​ឆ្នាំមក​ហើយ​។

«ហើយសួរ​ថាវា​បាន​ប្រយោជន៍​អីតាំងពី​២០១៣ ​ហើយ​ឥឡូវ​ជិត​១០ឆ្នាំ​ទៅហើយ។ ​តែ​យើងឃើញ​ហើយថា​តើ​ទណ្ឌិត​សម រង្ស៉ី​និយាយ​វាមាន​ប្រសិទ្ធភាព​ទេ ​គ្មាន​ប្រជាជន​ណា​យក​ត្រចៀកស្តាប់ទេ​បាទ​។​ នេះ​គ្រាន់តែ​ល្បិច​កល្ប​បោក​ប្រាស់​យកចំណេញ​នយោបាយ​មួយ​ពេលៗ​តែ​ប៉ុណ្ណោះទេ​ តែដល់​វាច្រើន​ឆ្នាំ ​ច្រើនដង​ដែល​គេ​ហៅថា​រាប់ដង​ទៅហើយ​ប្រជាជន​គេ​មើល​ឃើញ»។

កាលពី​ពេលថ្មីៗ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​ព្រមាន​ចាប់ខ្លួន​ក្រុមជំទាស់​ ដែល​មាន​ការ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​និងធ្វើ​វិទ្ធង្សនា​សេដ្ឋកិច្ច ​ដែលលោក​ចាត់ទុក​ថាជា​អំពើ​ភេរវកម្ម​ហើយថែម​ទាំងបាន​ព្រមាន​ដល់អ្នក​ដែល​ចង់​ឆ្លៀត​ឳកាស​មានបញ្ហា​កូវីដ១៩​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាលរបស់​លោក។

«ហ្អែង​ចង់​បង្កើត​ចលាចល​ដោយ​បំផុស​មនុស្ស​មិនឲ្យ​សងលុយ​ដល់​ធនាគារ ​រួចហើយ​ធ្វើឲ្យធនាគារ​រលំ​ រួចហើយ​ហ្អែង​ទាញ​យកផល​ដើម្បី​ផ្តួលរំលំ ​អញមិន​ទុក​ឱកាស​ឲ្យហ្អែងទេ​ ហ្អែង​ត្រូវដឹង ​ហើយអញ​ប្រាប់ហ្អែង​ឲ្យត្រង់ ​ប្រាប់ហ្អែង​ឲ្យច្បាស់​រាប់ទាំង​អាអ្នក​ធ្វើ​សកម្មភាព​ក្នុង​ស្រុក ហ្អែង​ធ្វើ​អញ​ចាប់ហើយ​ វិទ្ធង្សនា​សេដ្ឋកិច្ច​ ភេរវកម្ម។ ​វិទ្ធង្សនា ​ភេរវកម្ម​មិន​សំដៅ​ទៅលើ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែក​គ្រាប់មីន​នោះទេ ​អ្នកឯង​ធ្វើវិទ្ធង្សនា​សេដ្ឋកិច្ច​បំផ្លាញជាតិ​យ៉ាង​ដូច្នេះ​គ្មានរឿងត្រូវ​ទុកអ្នក​ឯងទេ ​រឿង​សិទ្ធិមនុស្ស​ទុកមួយ​ឡែក​សិន​ រឿងអី​និយាយ​ដល់​សិទ្ធិមនុស្ស ​សិទ្ធមិនឲ្យ​បំផ្លាញ​ទេ ​ឥឡួវ​មើល​នៅ​អាមេរិក»។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងទៅកាន់អ្នកធ្វើដំណើរតាមនាវាកម្សាន្ត Westerdam បន្ទាប់ពីពួកគេបានឡើងដីគោកនៅកំពង់ផែប្រចាំខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

លោក​ ហ៊ុន សែន​ ដែល​ទំនង​ជានិយាយ​យោង​ទៅលើ​ក្រុម​ជំទាស់​នៅ​បរទេស​ រួមទាំង​លោក សម រង្ស៉ី ​ដែល​ធ្លាប់​បាន​និយាយ​ពីការ​ដួលរលំ​របស់​ធនាគារ​នៅកម្ពុជា​នោះ ​បាន​បញ្ជាក់​ពីការ​ត្រៀម​ថវិកា​៥០០​រយលាន​ដើម្បី​ជួយជាទុន​បង្វិល​នៃធនាគារ​និង​វិធានការ​សេដ្ឋកិច្ច​ផ្សេងៗ​ទៀត​មក​បញ្ជាក់​ឲ្យដឹង​ជា​សាធារណ:​ថ្មីៗនេះ​ដែរ​ ក្រៅពី​លើក​យក​ស្ថានការណ៍​បាតុកម្ម​នៅ​សហរដ្ឋ​អាមេរិក​មក​ចំអក​ដល់អ្នកការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ដែល​រិះគន់កម្ពុជា។

«ពេល​កម្ពុជា​ទប់​បាតុកម្ម ​គេថា​កម្ពុជា​រំលោភ​លើ​សិទ្ធិមនុស្ស​ដល់ទៅ​ប្រទេស​ដ៏ទៃ​ទប់បាតុកម្ម ​គេថា​វិធានការ​ការពារ​សណ្តាប់​ធ្នាប់​សង្គម​ ខុសគ្នា​ខ្លាំងម្ល៉េះ ​រឿងហ្នឹង​មិនខុស​ពីប្រទេស​ចិន lockdown​បិទ​តំបន់​វូហាន​ នៅក្នុង​ខេត្ត​ហឺប៉ី ​គេថា​បំពាន​សិទ្ធពលរដ្ឋ ​ដល់ទៅ​ពេល​ប្រទេសលោក​ខាងលិច​បិទប្រទេស​ បិទ​ទីក្រុង​ គេថា​វិធានការ​ការពារ​កូវីដ ​អីចឹង​ម៉េច​ក៏ស្តង់ដា​ដល់ទៅ​២ ដល់​ទៅ​៣​យ៉ាង​ដូច្នេះ»។

លោក ​សុខ ឥសាន​វិញបាន​ថ្លែង​បន្ទ​ដោយ​យោង​ទៅលើ​ព្រឹត្តិការណ៍​ថ្ងៃទី៩​ ខែ​វិច្ឆិកា​ឆ្នាំ​២០១៩ ​ដែល​ទាក់ទងនឹង​ផែនការ​វិលត្រឡប់​មកកម្ពុជា​របស់​លោក​សម រង្ស៉ី ​ត្រូវ​អាក់​ខាន​ ដែល​លោក​អះអាង​ជា​ឯកតោ​ភាគី​ថា​មិនមាន​អ្នក​គាំទ្រ​ ដោយ​បន្ថែម​ថា​ពេលនេះ​រដ្ឋាភិបាល​មាន​ការ​គាំទ្រ​ពីមហា​អំណាច​អាមេរិក​ ចិន​ និង​បណ្តា​ប្រទេស​ធំៗ​ជាច្រើន​ទៀត​ ហើយ​ក៏បន្ត​កិច្ចសហប្រតិបត្តិការ​ល្អលើ​វិស័យ​ជាច្រើន​ដូចជា​ការ​ដោះមីន​ផងដែរ។

ទោះជា​យ៉ាងណា​ក៏ដោយ​ មន្ត្រី​សហភាព​អឺរ៉ុប​មួយចំនួន​និង​មន្ត្រី​សិទ្ធិមនុស្ស​អ.ស.ប. ​មិន​អាចទាក់ទង​បាន​ដើម្បី​សេចក្តី​អត្ថាធិប្បាយ​បានទេ​ចំពោះការ​តវ៉ាថ្មី​បន្ថែម​របស់​លោក​ សម រង្ស៉ី។​ មន្ត្រីសិទ្ធិមនុស្ស​នៅក្នុង​ទីក្រុង​ហ្សឺណែវ​មិនបាន​ឆ្លើយតប​នឹងសំណួរ​របស់​VOA​និងឆ្លើយ​ទូរស័ព្ទ​របស់​VOA​ នៅ​ឡើយ​ដែរ។

នៅក្នុង​សារ​លិខិត​របស់​លោក​ កាលពី​ថ្ងៃទី៧​ខែ​មិថុនា​ទៅកាន់​លោកស្រី​ រ៉ូណាស្មីត អ្នក​រាយ​ការណ៍​ពិសេស​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ​លោក ​សម រង្ស៉ី ​បាន​រៀបរាប់​ពីការ​ធ្វើទុក្ខ​បុកម្នេញ​ថ្មីៗ​លើ​សកម្មជន​ក្រុម​ជំទាស់​ និង ​កំណើន​នៃក្តី​បារម្ភចំពោះ​ការ​បង្ក្រាប​ក្នុង​ប្រទេស​កម្ពុជា​ថ្មីៗនេះ។​សារ​លិខិតនេះ​ត្រូវ​គេដឹង​ថា​លោក​សម​រង្ស៉ី​បានបញ្ជូន​ទៅកាន់​ស្ថាប័ន​សហភាពអឺរ៉ុប​ផ្សេង​ទៀត​ផងដែរ។

«នៅពេល​ដែល​ចំណាប់​អារម្មណ៍​របស់​ពិភពលោក​និង​មេដឹកនាំ​ជាតិ​និង​អន្តរជាតិ​ផ្តោត​ទៅលើ​តែការ​ជួយ​សង្គ្រោះ​ជីវិត​ជន​រងគ្រោះ​ដោយសារ​ជំងឺ​កូវីដ១៩​ដ៏ធ្ងន់ធ្ងរ​នោះ​ ការ​រាតត្បាត​ជា​សាកល​ត្រូវបាន​ប្រើប្រាស់​ទាំង​បំពាន​ដោយ​របប​គ្រប់គ្រង​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​បន្ត​រលក​នៃការកៀប​សង្កត់​លើអ្នក​ដែលហ៊ាន​បញ្ចេញ​ទស្សន:សេរី ​សេសសល់​តិចតួច»។

លោក ​សម រង្ស៉ី ​បាន​ទទូច​ឲ្យ​សហភាព​អឺរ៉ុប​និង​ស្ថាប័ន​អន្តរជាតិ​បន្ត​ជួយ​ស្តារ​សិទ្ធិមនុស្ស​និងលទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ប្រទេស​ស៊ុយអែត​ បាន​ប្រកាស​ឲ្យដឹង​កាលពីថ្ងៃ​ទី១២ ​ខែមិថុនា ​អំពីការ​ផ្តោតការ​យក​ចិត្តទុកដាក់​របស់ខ្លួន​ទៅលើ​កិច្ចសហប្រតិ្ត​ផ្នែកការ​អភិវឌ្ឍន៍​នៃការ​ពង្រឹង​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិប​តេយ្យ។

សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​ ចុះ​ថ្ងៃ​ទី​១២ ​ខែ​មិថុនា​នេះ បាន​រៀបរាប់ថា​លំហ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ថ្មីៗ​នេះ ​មាន​ការ«​រឹតត្បិត​យ៉ាង​ធ្ងន់ធ្ងរ»។​

លោក​ Peter Eriksson​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរ​ជាតិ​ស៊ុយ​អែត ​បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នេះ​ថា៖​

«ការណ៍​នេះ​ បង្ក​ការ​លំបាក​ដល់​ការ​បន្ត​ការ​សហការ​ដែល​ជិតស្និទ្ធ​និង​ទូលំទូលាយ។ ដូច្នេះ​រដ្ឋាភិបាល​[ស៊ុយអែត]​បាន​ជ្រើស​រើស​បង្វែរ​កិច្ច​ប្រឹងប្រែង​ការ​អភិវឌ្ឍន៍​របស់​យើង​ដើម្បី​ផ្តល់​ការ​គាំទ្រ​ប្រសើរ​ជាង​នេះ​ដល់​ការ​ផ្លាស់ប្តូរទាក់​ទង​នឹង​សិទ្ធិ​មនុស្ស ប្រជា​ធិបតេយ្យ​ និង​នីតិរដ្ឋ​ក្នុង​ប្រទេស​[កម្ពុជា]»។

រូបឯកសារ៖ ឧត្ដមស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អ្នកស្រី Michelle Bachelet ថ្លែង​សុន្ទរកថា​នៅក្នុង​វេទិកា​ស្តីពី​ស្ត្រី​ដែល​មាន​ដើមកំណើត​អាហ្វ្រិក​នៅ​ទីក្រុង San Jose កាលពី​ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៩។

ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​(អ.ស.ប)​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​គឺ​អ្នកស្រី មីស្សែល បាស្សេឡេត ​(Michelle Bachelet) កាលពីសប្តាហ៍ថ្មីៗនេះ បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​បង្ក្រាប​លើ​សិទ្ធិ​បញ្ចេញ​មតិ​ក្នុង​ប្រទេស​ចំនួន១២​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វ្រិក​រួម​ទាំង​កម្ពុជា​ផង ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣​ខែ​មិថុនា​នេះ បាន​បញ្ជាក់​ថា​ ​នៅ​កម្ពុជា​មាន​ករណី​ចាប់​ខ្លួន​បុគ្គល​ចំនួន​៣០​នាក់ រួម​ទាំង​ស្ត្រី​៦​នាក់ ​និង​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​ដែរ ដោយ​សារ​តែ​ការ​និយាយ​ជា​សាធារណៈ និង​ការ​បង្ហោះ​សារ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទាក់​ទង​នឹង​ជំងឺ​កូវីដ១៩។​

បុគ្គល​មួយ​ចំនួន​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ចែកចាយ​ «ព័ត៌មាន​ក្លែងក្លាយ» ឬ​«ព័ត៌មាន​មិន​ពិត»​ និង​ពី​បទ​ «ញុះញង់​ឱ្យប្រព្រឹត្តបទ​ឧក្រិដ្ឋ» ​ហើយ​និង​បទ «រៀបចំ​ផែន​ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល»​ ជាដើម។​

បច្ចុប្បន្ន​ មនុស្ស​១៤​នាក់​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ឃាំង ដែល​ក្នុង​នោះ​១០​នាក់​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ ​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ ដែល​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជារំលាយ​កាល​ពី​ឆ្នាំ​២០១៧។

កាល​ពី​ខែ​កុម្ភៈ ​ សហភាព​អឺរ៉ុប​បាន​សម្រេច​ថា ​ នឹង​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​សម្រាប់​កម្ពុជា​ «គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វា​វុធ» ​ឬ ​Everything But Arms ​(EBA)​ ដែល​កម្ពុជា​ទទួល​បាន​តាំង​ពី​ឆ្នាំ​២០០១។​ ការ​ព្យួរ​នេះ​ នឹង​ប៉ះពាល់​ទឹក​ប្រាក់​ជាង​១ពាន់​លាន​ដុល្លារ​អាមេរិក​នៃ​ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប។ ​ការ​សម្រេច​ព្យួរ​នេះ​ ក្រោម​ហេតុ​ផល​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ និង​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​ ការ​ព្យួរ​នេះ​ នឹង​ចូល​ជា​ធរមាន ​ចាប់​ពី​ថ្ងៃ​ទី​១២​ខែ​សីហា​ឆ្នាំ​២០២០។

ក្រុមមន្ត្រី​រដ្ឋាភិបាល​នៃគណបក្ស​គ្រប់គ្រង​ប្រទេស​រួមទាំង​លោក​ សុខ ឥសាន​ផងមិន​បាន​ខ្វល់នឹងការ​រិះគន់​របស់​បរទេស​ជាពិសេស​លោក​ខាងលិច​នោះ​ បាន​បញ្ជាក់​ខ្លីថា ​កម្ពុជា​ត្រូវទទួល​រងការវាយ​តម្លៃពី​ភាពខ្មៅ​ងងឹត​មិនឆ្លុះ​បញ្ចាំង​ពីការ​ពិតនោះ​យូរមក​ហើយ៕