លោក ​សម រង្ស៊ី ថា​ ការ​ប្តឹង​របស់​លោក​ ហ៊ុន​ សែន​ ទៅ​តុលាការ​បារាំង​មិន​អាច​រារាំងការ​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​របស់​លោក​ទេ

រូប​ឯកសារ៖ លោក សម រង្ស៊ី សហ​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ការិយាល័យ ​VOA Khmer ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៦ ធ្នូ ២០១៨។ (សាយ មុន្នី/VOA)

លោក ​សម រង្ស៊ី​ថា​ បណ្តឹង​លោក ​ហ៊ុន​ សែន​ ទៅ​តុលាការ​បារាំង​ជា​ការ​រារាំង​មិនឲ្យ លោក​វិល​មក​កម្ពុជា​ថ្ងៃទី៩ ​ខែ​វិច្ឆិកា។​ តែ​លោក​បញ្ជាក់​ថា​លោក​នឹង​នៅតែ​ធ្វើ​ដំណើរ ទៅកាន់​ប្រទេស​កម្ពុជា​តាម​ការ​កំណត់ ​ក្រៅពី​ដង្ហោយ​ហៅ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ប្តឹង​សំណុំ​រឿង​ផ្សេងៗ​ទៀត​ ដែល​លោក​បាន​ចោទ​ប្រកាន់។​

ក្រោយ​ពេល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​និង ​លោក​ ឌី វិជ្ជា​ កូនសព​លោក​ ហុក ឡងឌី ​ដែល​ជា​អតីត​ស្នងការ​នគបាលជាតិ​ រួមគ្នាប្តឹង​លោក​ សម រង្ស៉ី ​ប្រធាន​ស្តីទី​គណបក្ស​ជំទាស់​ដែល​មាន​សញ្ជាតិ​បារាំង ​ទៅ​កាន់​តុលាការ​បារាំង​ ​ទាក់​ទង​នឹង​ «បទ​បរិហាកេរ្តិ៍​ជាសាធារណៈ​ចំពោះ​បុគ្គល‍»​រឿងការ​ចោទ​ថា​សម្លាប់​លោក​ ហុក ឡងឌី​ ដែល​ត្រូវគេ​ដឹងថា​បាន​ស្លាប់​ក្នុងការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​កាលពីឆ្នាំ ​២០០៨​ លោក​ សម រង្ស៊ី ​ថា​លោក​មិន​ខ្លាច ​ហើយ​ស្វាគមន៍ ​តែបាន​ចាត់​ទុកការ​ប្តឹង​របស់​លោក ហ៊ុន​ សែន​នេះថា​ជាការ​ប៉ុនប៉ង​រារាំង​មិនឲ្យ​លោក​វិល​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​នៅថ្ងៃ​ទី៩​ ខែ​វិច្ឆិកា​ឆ្នាំ​២០១៩ ​ពីការ​និរទេស​ខ្លួន​រយៈពេល​៤ឆ្នាំ ​នៅ​ក្រៅ​ប្រទេស។

«ខ្ញុំថា​នេះ​គ្រាន់​តែ​ជា​ល្បិច​របស់​លោក​ ហ៊ុន សែន។​ លោក​ ហ៊ុន សែន ​គាត់​ភ័យ​ស្លន់ ស្លោ ​បន្ទាប់​ពី​ខ្ញុំ​បាន​ប្រកាស​ថា​ខ្ញុំ​នឹង​បាន​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​៩ ​ខែវិច្ឆិកា ខាងមុខ​នេះ​គឺគាត់​ភ័យ​មែន​ទែន​ដូច្នេះ​គឺគាត់​ដាក់​ពាក្យ​បណ្តឹង​យ៉ាង​ប្រថុច​ញ៉ុច ​តក់​ក្រហល់​នេះ​ដើម្បី​ធ្វើ​ម៉េច​ឲ្យខ្ញុំ​ហ្នឹង​ជាប់​ការងារ​នៅ​ប្រទេស​បារាំង​ តតាំង​ជាមួយ​គាត់ តាម​នីតិវិធី​តុលាការ​នៅ​ប្រទេស​បារាំង​ហ្នឹង​គ្រាន់តែ​ជាល្បិច​ទេ។ ​ខ្ញុំសុំ​ប្រកាស​ប្រាប់ ទៅ​លោក​ហ៊ុន សែន​វិញ ​ខ្ញុំ​ឲ្យ​មេធាវី​ខ្ញុំ​ដោះ​ស្រាយ​បញ្ហា​នេះ ​ឲ្យក្តាប់​សំណុំ​រឿង​នៅ ចំពោះ​មុខ​តុលាការ​បារាំង​នេះ​ ខ្ញុំអត់​បារម្ភ​ទាល់តែ​សោះ។​ ខ្ញុំមាន​ជំនឿថា​លោក​ ហ៊ុន សែន​នឹង​បរាជ័យ​ហើយ ​តែ​រឿងនេះ​មិនមែន​ជារឿង​សំខាន់​ប៉ុន្មាន​ទេ ​រឿង​ដែល​សំខាន់ គឺខ្ញុំវិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​នៅថ្ងៃ​ទី៩ ​ខែវិច្ឆិកា​ខាងមុខ​នេះ ​ដូច្នេះ​ខ្ញុំសូម​បញ្ជាក់ ថាអត់​មាន​អ្វីប្រែ​ប្រួល​ទេ​ ទោះ​ជា​លោក ហ៊ុន​ សែន​ប៉ុនប៉ង​ចង់ឲ្យ​ខ្ញុំនៅ​ជាប់​ការងារ នៅ​ប៉ារីស​រឿង​តុលាការ​នេះ ​តែខ្ញុំ​ប្រកាស​ថា​អត់មាន​អី​ប្រែប្រួល​ទេ​ សូម​ជម្រាប​បងប្អូន ជនរួម​ជាតិ​ទៅ​ប្រទេស​កម្ពុជា​ គម្រោង​របស់​ខ្ញុំនេះ​គឺអត់​មាន​អី​ប្រែប្រួល​ទេ​ថ្ងៃ​ទី៩ ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩​នៅសល់​ពីរ​ខែ​កន្លះ​នេះ​គឺខ្ញុំ​នឹង​វិលមក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ‍»។

លោក​ សម រង្ស៉ី​ បន្ថែម​ថា ការ​ដាក់​ពាក្យ​បណ្តឹង​របស់​លោក​ ហ៊ុន​ សែន ​ទៅ​តុលាការ បារាំង​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ដែល​ជា​គេហដ្ឋាន​របស់​លោក ​សម រង្ស៉ី​ ស្នាក់​នៅ​បន្ត​ជីវិត នយោបាយ​ក្រៅ​ប្រទេស​នេះ​នឹង​នាំ​ឲ្យ​លោក​អាច​តតាំង​គ្នា​នៅក្នុង​តុលាការ​មួយ ដោយ​ឯករាជ្យ។

«ខ្ញុំ​សប្បាយ​ចិត្ត​មែន​ទែន។​ខ្ញុំស្វាគមន៍​ពាក្យ​បណ្តឹង​លោក ​ហ៊ុន ​សែន​ នេះ​ពីព្រោះ​វាជា ឳកាស​ដ៏​កម្រ​ ជា​លើក​ទី១ ​ហើយ​ដែល​ខ្ញុំនឹង​តតាំង​ជាមួយ​នឹង​លោក ​ហ៊ុន សែន​នៅ ចំពោះ​មុខ​តុលាការ​បារាំង​ដែល​ជា​តុលាការ​ឯករាជ្យ។​ កាលពី​មុន​ពាក្យ​បណ្តឹង​លោក ហ៊ុន សែន​ជាពាក្យ​បណ្តឹង​លេង​សើច​ចំពោះ​មុខ​តុលាការ​អាយ៉ង​របស់​គាត់ ​អាហ្នឹង គាត់​ច្បាស់​ជា​ឈ្នះ​ហើយ ​គាត់​ថា​ម៉េច ​គាត់​ចោទ​អី​ហ្នឹង​គឺ​ចៅក្រម​ដែល​ចាំតែ​ស្តាប់ បញ្ជា​គាត់​ហ្នឹង​គឺឲ្យ​គាត់​ត្រូវ​ ឲ្យ​ត្រូវ​ជានិច្ច​ ឲ្យត្រូវ​រហូតឲ្យគាត់​ឈ្នះ​ជានិច្ច ​ឲ្យខ្ញុំ​ចាញ់​ជានិច្ច​តែម្តង​នេះ​យើង​មក​តតាំង​គ្នា​នៅ​ចំពោះ​មុខ​តុលាការ​បារាំង​ តុលាកា​ឯករាជ្យ នឹង​ទាល់​តែ​មាន​ភសត្តុតាង​ត្រឹមត្រូវ​ ទាល់​តែ​មាន​ការ​លាត​ត្រដាង​ការពិត ​មិន​អាច និយាយ​តាម​តែ​ចិត្ត​ដូចគាត់​ធ្លាប់តែ​ធ្វើនៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ‍»។

អង្គភាព​ព័ត៌មាន​ Fresh News​ គាំទ្រ​រដ្ឋា​ភិបាល​បាន​ផ្សព្វផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន ​ពីការ​ដាក់​ពាក្យ​បណ្តឹង​ដ៏​កម្រ​តាម​រយៈ មេធាវី​បារាំង​បីរូប​ គឺឈ្មោះ​ Luc Brosselet ​និង ​Frederic Doyez ​ហើយនឹង​ Didier Leick​ នោះគឺ​ដោយ​សារ​លោក ​សម រង្ស៉ី ​បាន​បង្ហោះសារ​តាម​ទំព័រ​ហ្វេប៊ុក​របស់​លោក និង ​សម្ភាស​ជាមួយ​ VOA ​ដោយ​បាន​មួល​បង្កាច់​ថា​លោក​នាយក​រដ្ឋមន្ត្រី​បាន​សម្លាប់ និងជា​មេក្លោង​សម្លាប់​លោក​ហុក ឡងឌី ​ជាអតីត​អគ្គស្នងការ​នគបាល​ជាតិ ​សម្លាប់ លោក​ ជា វិជ្ជា ​ប្រធាន​សហជីព​ដ៏​ល្បីល្បាញ​និង​ចុង​ក្រោយ​ភូតកុហក​អំពី​មូល​ហេតុ នៃការ​ស្លាប់​របស់​លោក ​ហុក ឡងឌី​ដោយសារ​ការធ្លាក់​យន្តហោះ​ដោយ​រន្ទះ​បាញ់​នោះ ​ទៅជា​ការ​ដាក់​គ្រាប់បែក​បង្កប់​ទៅវិញ។

ដោយ​ឡែក​ អង្គភាព​ព័ត៌មាន​ Fresh News ​បាន​ផ្សព្វផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន របស់​លោក​ឧត្តម​សេនីយ៍ឯក​ ឌី វិជ្ជា ​អគ្គស្នងការរង​នរគរបាល​ជាតិ​ដែល​ជា​កូន​សព លោក​ ហុក ឡងឌី ​និង​ជាកូន​ប្រសា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​ផង​ដែរ ដោយ​បាន​បញ្ជាក់​ថា​ លោក ​ឌី វិជ្ជា ​បាន​ប្តឹង​លោក​ សម រង្ស៊ី ​តាមរយៈ​មេធាវី​ដដែល ផង​នោះ ​គឺ​ដោយ​សារ ​លោក ​សម រង្ស៉ី ​បាន​ផ្សព្វផ្សាយ​សារ​តាម​ហ្វេស​ប៊ុក​ចោទ ប្រកាន់​លោក​ ឌី វិជ្ជា​ដោយ​បំពាន​និង​ខុស​ស្រឡះ​ថា ​លោក​ឌី វិជ្ជា ​បាន​ជឿថា​ឳពុក លោក​ត្រូវបាន​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន ​សម្លាប់។​ ហើយ​សេចក្តី​ប្រកាស ព័ត៌មាន​នោះ​បាន​បន្តថា ​លោក ​សម រង្ស៊ី​ បាន​អះអាង​ដោយ​មួល​បង្កាច់​ថា ​លោក​ ឌី វិជ្ជា​ មាន​ចេតនា​សងសឹក ​ចំពោះ​ការ​សម្លាប់​ឳពុក​របស់​ខ្លួន​ ហើយ​ដើម្បី​សម្រេច កិច្ចការ​នេះ​លោក​ឌី វិជ្ជា ​ត្រូវ​រៀបចំ​ផែនការ​សងសឹក​នេះ ​ដោយ​រួមដៃ​ជាមួយ​រដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ​ដែល​កំពុង​កាន់​តំណែង ​គឺត្រូវ​គេ​ស្គាល់​ថាជា​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង ​ដែល​គេដឹង​ថា​បាន​ដាក់​ពាក្យ​ប្តឹង​លោក ​សម រង្ស៉ី​ក្នុង​ប្រទេស​កាល​ពីខែ កក្កដា​ពីបទ​ញុះញង់​ បំបែក​បំបាក់​ឬបំភ្លៃ​ការពិត​ដោយទារ​សំណង​១លាន​ដុល្លារ។

លោក គល់​ បញ្ញា ​មន្ត្រី​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា ​ហើយ​ជា​អ្នក​ឃ្លាំ មើល​ស្ថាន​ការណ៍​កម្ពុជា​ម្នាក់​បាន​ថ្លែង​ថា​ អ្នក​នយោបាយ​កំពុង​បន្ថែម​ភាព​តាន​តឹង​រវាង​គ្នា​ទៅវិញ​ទៅមក​ដោយ​សារ​ភាព​ស្មុគស្មាញ​ខាង​នយោបាយ​មិនទាន់​ដោះ ស្រាយ​ផង​បាន​យក​រឿង​ប្តឹង​ផ្តល់​គ្នា​បន្ថែម​មួយ​ជាន់​ទៀត។

«ស្ថាន​ការណ៍​ហ្នឹង​វាពាក់​ព័ន្ធ​ទៅនឹង​រឿង​បញ្ហា​ធ្លាក់ចុះ​ប្រជាធិប​តេយ្យ​ ការធ្វើ​ឲ្យ​មាន ការ​បោះឆ្នោត​មួយ​មិនមាន​ការ​ចូលរួម​ពី​គណបក្ស​ប្រឆាំង។ ​រឿង​ហ្នឹង​ហើយ​ដែល​ចេះ តែនាំឲ្យ​មាន​បញ្ហា​ទំនាស់​ហ្នឹង​ ដោយ​សារ​តែការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​ការ​ដក​សិទ្ធិ​នយោបាយ​ ការចាប់​ឃុំឃាំង​មេដឹកនាំ​គណបក្ស​ប្រឆាំង ​ហើយនឹង​មន្ត្រី​របស់ គណបក្ស​ប្រឆាំង​ហ្នឹង​ អីចឹង​ហើយ​បាន​វារាល​ដាល​ផ្នែក​ខាង​ទំនាស់ ​នយោបាយ​ហ្នឹង កាន់​តែ​ជ្រាលជ្រៅ​ទៅៗ ​អីចឹង​ទេ​បាន​ជាមាន​ការ​ចោទ​ប្រកាន់​គ្នាទៅវិញ​ទៅមក​ពីរឿង ថាម្នាក់ៗ​សុទ្ធតែ​មាន​កំហុស​ ឬក៏មាន​ការ​ប្រព្រឹត្ត​បទ​ល្មើស​តាមការ​ចោទ​ប្រកាន់​គ្នា ទៅវិញ​ទៅមក​ហ្នឹង ​នេះគឺ​ជា​បញ្ហា‍»។

លោក​ គល់ បញ្ញា​ បាន​បន្ថែម​ថាពាក្យ​បណ្តឹង​នេះ​ ហាក់ដូច​ជាភាគី​ទាំងពីរ​យល់​ស្រប គ្នាថា​តុលាការ​បារាំង​អាច​រក​យុត្តិធម៌​ជូនភាគី​ទាំងសង​ខាង​បាន​ តែយ៉ាង​ណា​លោក បញ្ជាក់​ដែរថា​នេះ​ជា​ស្ថានការណ៍​វិវត្តន៍​ថ្មីមួយ​គួរឲ្យ​ចាប់​អារម្មណ៍​ពីការ​ប្តឹងផ្តល់​នៅ ក្នុង​តុលាការ​កម្ពុជា ​ឈាន​ទៅដល់​តុលាការ​ប្រទេស​បារាំង​ ក្រោយពេល​ដែល​ក្រុម ជំទាស់​មិនអាច​នៅ​ស្ងៀម​ពេល​គណបក្ស​កាន់​អំណាច​មិនផ្តល់​ភាព​ស្របច្បាប់​ឲ្យ គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ក្នុងការ​បោះឆ្នោត​ដោយ​ត្រឹមត្រូវ​នោះ។

លោក ​សម រង្ស៉ី ​និង​មេដឹកនាំ​គណបក្ស​ជំទាស់​ដ៏ទៃ​ទៀត​បាន​រងនូវ​បណ្តឹង​របស់​មន្ត្រី បក្សកាន់​អំណាច​ពីបទ​បរិហាកេរ្តិ៍​ព្រហ្មទណ្ឌ​ មូល​បង្កាច់​ការពិត​ជាដើម​លើរឿង​រ៉ាវ ជាច្រើន​រួមទាំង​បញ្ហា​ទាក់ទង​នឹងការ​ស្លាប់​របស់​លោក​នាយឧត្តម​សេនីយ៍ ​ហុក ឡងឌី ដ៏មាន​ឥទ្ធិពល​ខ្លាំង​ ដែលបាន​ស្លាប់​ក្នុងការ​ផ្ទុះធ្លាក់​យន្តហោះ​ឧទ្ធម្ភាចក្រ​ ដែល​គេអះ អាង​ថា ​រន្ទះបាញ់​កាលពី​ថ្ងៃទី​៩ ​ខែវិច្ឆិកា ​ឆ្នាំ​២០០៨​ចំថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ ​ហើយនឹង រងពាក្យ​បណ្តឹង​ជាច្រើន​ទៀត​ពីមន្ត្រី​គណបក្ស​កាន់​អំណាច។​ មេដឹក​នាំ​មួយរូប​នៃគណ បក្ស​ជំទាស់​គឺ​លោក​ សម រង្ស៉ី​បាន​ប្រកាស​ដោយ​ក្លាហាន​លើទំព័រ​ហ្វេសប៊ុក ​របស់ លោក​នៅថ្ងៃ​នេះ​ ដង្ហោយ​ហៅ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ដាក់​ពាក្យប្តឹង​លោក​ដែរ ​ដែល លោក​ចោទ​ប្រកាន់។​ ក្នុងនោះ ​មាន​ដូចជា​ រឿង​ឃាតកម្ម​លោក​ ជា វិជ្ជា​ ឃាតកម្ម លោក​បណ្ឌិត​កែម ឡី ​និង​ឃាតកម្ម​លើ​អ្នកស្រី​ពិសិដ្ឋ ​ពិលីកា។ ​គេគ្មាន​ឃើញ​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ​ពី​មន្ត្រី​រដ្ឋាភិបាល​ចំពោះ​រឿងនេះ​។

មន្ត្រី​អ្នក​តាក់តែង​ច្បាប់​នៃ​គណបក្ស​ជំទាស់​ខ្លះ​អះអាង​ថា​ការ​បញ្ចេញ​មតិ​របស់​លោក​សម រង្ស៉ី ​ជាការ​បញ្ចេញ​មតិ​ផ្នែក​នយោបាយ​ ហើយ​នៅ​ប្រទេស​បារាំង​ ជា​ឧទាហរណ៍ នេះ​គឺជា​បទល្មើស​រដ្ឋប្បេវេណី ​មិនមែន​ជាបទ​ល្មើស​ព្រហ្មទណ្ឌ​ឬបទ​ល្មើស ​ញុះញង់ ឲ្យមាន​ហិង្សា ​ព្រហ្មទណ្ឌ ​ដូចនៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​តុលាការ​ក្នុង​ប្រទេស​តែង​ចោទ​ប្រកាន់​មកលើ​ក្រុមជំទាស់​កន្លង​មក​នោះ​ទេ ​ហើយ​ទទូច​ថា​តុលាការ​និង​ស្ថាប័ន យុត្តិធម៌​កម្ពុជា​ត្រូវរៀន​សូត្រ​និង​ពិនិត្យ​ឡើងវិញ។

​ទោះជា​យ៉ាងណា ​ថ្លែងប្រាប់ ​VOA តាម​ទូរស័ព្ទ​ពីប្រទេស​អូស្ត្រាលី ​កាល​ពីថ្ងៃ​អង្គារ ភ្លាមៗ​ក្រោយពី​លោក​នាយក​រដ្ឋមន្ត្រី​ដាក់​ពាក្យ​បណ្តឹង ​លោក​ សមរង្ស៉ី​អះអាង ​ថា​លោកនឹង​សុំមេធាវី​របស់​លោក​តតាំង​ជាមួយ​ពាក្យ​បណ្តឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​ក្នុង​ប្រទេស​បារាំង​ដោយ​មិនខ្លាច​នោះ​ទេ។

មេដឹកនាំ​មួយរូប​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ​ហើយ​កំពុង​និរទេស​ខ្លួន​គឺ​លោក​សម រង្ស៊ី ​បាន​បញ្ជាក់​ជាថ្មី​ដោយ​ផ្ទាល់​មាត់​ថា​លោក​នឹង​ធ្វើ​មាតុភូមិ​និវត្តន៍​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​ដូច​ការ​កំណត់​និង​សម្រេច​របស់​គណៈ ​អចិន្ត្រៃយ៍​គណបក្ស​លោក​គឺ​យក​ថ្ងៃ៩ ​ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ជា​ថ្ងៃ​ដែល​លោក​វិល​ត្រឡប់​ទៅកាន់​ប្រទេស​កម្ពុជា​វិញ ​ដើម្បី​អ្វីមួយ​ដែល​លោក​បាន​អះអាង​ថា​ នឹង​ស្តារ​ប្រជាធិប​តេយ្យ​កម្ពុជា ​ការពារ​កុំ ឲ្យ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​និង​ GSP ​បាត់បង់ ​ហើយ​នឹង​ជួយ​ដល់​ប្រជារាស្ត្រ​ខ្មែរ​ដោយ​ផ្ទាល់​ពីក្នុង​ប្រទេស​វិញ។

លោក​ សម រង្ស៊ី ​បានធ្វើដំណើរទៅដល់​ប្រទេស​អូស្ត្រាលី ​និងបន្តទៅកាន់​ប្រទេស​នូវែលសេឡង់​ទៀត​ចាប់ពី​ថ្ងៃទី​១៧​ដល់​ថ្ងៃទី២៦​ខែ​សីហា ​ដើម្បី​ស្វែងរក​ការ​គាំទ្រ​នយោបាយ​និង​ជួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​ពិភាក្សា​បញ្ហា​ស្ថានការណ៍​នយោបាយ​កម្ពុជា​ចុង​ក្រោយ​ ជាពិសេស​ការវិល​ត្រឡប់ ទៅ​កាន់​ប្រទេស​កម្ពុជា​របស់​លោក​នៅថ្ងៃ​ទី៩ ​ខែ​វិច្ឆិកា​ដែល​ជាថ្ងៃ​ខួប​លើក​ទី៦៦ ​នៃទិវា​ឯករាជ្យ​ជាតិ កម្ពុជា​ ដែល​សម្តេច​ឪ​ ព្រះ​បរមរតន​កោដ ព្រះបាទ​សម្តេច​ព្រះនរោត្តម ​សីហនុ ​បាន​ដណ្តើម​ពីប្រទេស​បារាំង​កាល​ពីឆ្នាំ​១៩៥៣ ​ហើយ​ពលរដ្ឋ​កម្ពុជា​គ្រប់គ្នា​បាន​ចងចាំ​ពី​ស្នា​រព្រហស្ថនៃ​ឯករាជ្យ​នេះ ដែល​កើត​ឡើង​ដោយ​សារ ​ឯកភាព​ជាតិ ​សាមគ្គីជាតិ ​ការ​បង្រួប​ប្រង្រួម​ជាតិ​ ជា​ប្រវត្តិសាស្ត្រ​នេះ៕