លោក​សម រង្ស៊ី ​និង​លោក​ហ៊ុន សែន​អះអាង​រៀងៗ​​ខ្លួន​អំពី​ជម្នះ​​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​ក្រោយ

រូបឯកសារ៖ លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ចាប់ដៃ​គ្នា​ជាមួយ​នឹង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

ពេល​ប្រជា​ពលរដ្ឋ​ខ្មែរ​កំពុង​​​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​​បិណ្ឌ ​លោក ​សម រង្ស៊ី​ មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ឆ្លៀត​ឱកាស​ផ្ញើ​សារ​នយោបាយ​មួយ ​ដែល​រំពឹង​ថា​ គណបក្ស​របស់​លោក​នឹង​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៧​ និង​២០១៨។

ពេល​ប្រជា​ពលរដ្ឋ​ខ្មែរ​កំពុង​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ​លោក ​សម រង្ស៊ី​ មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ឆ្លៀត​ឱកាស​ផ្ញើ​សារ​នយោបាយ​មួយ ​ដែល​រំពឹង​ថា​ គណបក្ស​របស់​លោក​នឹង​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៧​ និង​២០១៨​ ពីព្រោះ​តែ​ការ​ឈឺចាប់​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ​ដែល​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​អាជ្ញាធរ​តាម​រយៈ​ការ​បណ្តេញ​ចេញ​ពី​ផ្ទះ​សម្បែង​ និង​ការ​បង្រ្កាប​យ៉ាង​ហិង្សា ​នៅ​ពេល​ពួក​គេ​ធ្វើ​ការ​តវ៉ា​ទាមទារ​រក​យុត្តិធម៌។ ប៉ុន្តែ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដែល​ស្ថិត​ក្នុង​អំណាចជាង​៣០​មក​នេះ​ ​ក៏​បាន​ប្រកាស​បែប​ចំអក​ដែរ​ថា ​គណបក្ស​កាន់​អំណាច​របស់​លោក​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយៗ​ទៀត។​

លោក ​សម រង្ស៊ី​ ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ បាន​បង្ហោះ​វីដេអូខ្លី​មួយ​នៅ​លើ​ទំព័រ​ហ្វ៊េសប៊ុក ​(Facebook)​ របស់​លោក​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ បង្ហាញ​ពី​ក្តី​សង្ឃឹម​ក្នុង​ការ​យក​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៧​ និង​ឆ្នាំ​២០១៨​ខាង​មុខ​នេះ បើ​ទោះ​ជា​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ មេដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​តែង​តែ​ប្រកាស​ថា ​គណបក្ស​កាន់​អំណាច​របស់​លោក​នឹង​នៅ​តែ​ឈ្នះ​ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយៗ​ទៀត​ក៏​ដោយ។​

ការ​បង្ហោះ​វីដេអូ​នេះធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​កំពុង​ប្រារព្ធ​ពិធី​បុណ្យភ្ជុំបិណ្ឌ​ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ស្អែក​នេះ។​

វីដេអូ​ ដែល​មាន​រយៈ​ពេល​តែ​១​នាទី​នោះ​ បាន​បង្ហាញ​ពី​ទិដ្ឋ​ភាព​នៃ​ការ​ឈឺ​ចាប់​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​ ដោយ​ការ​បណ្តេញ​ចេញ​ទាំង​បង្ខំ​ដោយ​អាជ្ញាធរ​ និង​បង្ហាញសកម្មភាព​តវ៉ា​ស្វែងរក​យុត្តិធម៌​ផ្សេង​ទៀត។​ នៅ​លើ​វីដេអូនេះ​មានសរសរ​ជា​ចំណង​ជើង​មួយ​ថា​«ការ​តស៊ូ​របស់​យើង​ប្រកប​ដោយ​ធម៌​អហិង្សា​ និង​សន្ទនា​នឹង​នាំ​មក​នូវ​ជ័យ​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​ និង​២០១៨»។​

​វីដេអូ​ខ្លី​នេះ​បាន​ចាប់​ផ្តើម​ដោយ​ពាក្យ​មួយ​ឃ្លា​ថា​«ក​ម្ពុជា​ដ៏​កម្សត់»​ ហើយ​មាន​សរសេរ​ជា​ពាក្យខ្លីៗ​ថា​«ទឹកភ្នែក​របស់​រាស្រ្ត»​ «ការ​ឈឺចាប់​ដ៏​ធំ»​ «ការ​តស៊ូ​ដើម្បី​រស់»​ ហើយ​និង​ «កម្លាំង​សាមគ្គី​បាន​ផ្ទុះ​ឡើង»​ ដែល​ទាំងអស់​នេះគឺ​ជា​ដើមចម​នៃ​ជ័យ​ជម្នះ​របស់​គណបក្ស​ប្រឆាំង។​

ក៏​ប៉ុន្តែ​លោក​ ហ៊ុន សែន​ ដែល​ជា​ដៃ​គូ​សន្ទនា​របស់​លោក​ សម រង្ស៊ី​ ​ក្រោយ​ការ​ស្រុះ​ស្រួល​គ្នា​ផ្នែក​នយោបាយ​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៤​ បាន​ថ្លែង​ជា​ញឹកញាប់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​របស់​លោក​នឹង​នៅ​តែ​ឈ្នះ​ការ​បោះ​ឆ្នោត​ដដែល។

ថ្លែង​នៅ​ក្នុង​សន្និបាត​ស្តីពី​ទេសចរណ៍​ដែល​បាន​រៀបចំ​ឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ​ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ដ៏​មាន​ឥទ្ធិពលមាន​ប្រសាសន៍​ថា៖​

«ម៉្ងៃៗ​ធ្វើ​ខ្លួន​ឯង​ ដូច​ចង់​ទៅ​ជា​អ្នក​ឈ្នះ​ហើយ​ ចង់​ជា​អ្នក​គ្រប់​គ្រង​ប្រទេស​ហើយ។ប៉ុន្តែ​អាហ្នឹង​រឿង​របស់​គេ​ថា​ តែ​យើង​ក៏​ចេះ​ថា​ដែរ​តើ! ​ខ្ញុំ​នឹង​ឈ្នះ​ទៀត​ ជា​នាយក​រដ្ឋមន្ត្រី​ក្រោយ​ឆ្នាំ​២០១៨​ដល់​២០២៣»។​

នៅ​ក្នុង​រូបថត​ដែល​ត្រូវ​ចែកចាយ​យ៉ាង​ទូលំទូលាយ​តាម​បណ្តាញ​សង្គម លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ថត​រូប selfie ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​បញ្ជាក់​ពី​«វប្បធម៌​សន្ទនា‍» ក្នុង​អំឡុងការ​ទទួល​ទាន​អាហារ​រួម​គ្នា​រវាង​ក្រុម​គ្រួសារអ្នក​នយោបាយ​ទាំង​ពីរ នៅ​សណ្ឋាគារកាំបូឌីយ៉ាណា​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃអាទិត្យទី​១២ ខែ​កក្កដា ឆ្នាំ ២០១៥។ (រូបថតដោយ​ សម រង្ស៊ី)

លោក​បាន​បន្ត​ចំអក​ឲ្យ​គណបក្ស​ប្រឆាំង​បន្ថែម​ទៀត​អំពី​ការ​ឈ្នះ​ឆ្នោត​នេះ ដោយ​និយាយ​ថា៖​

«ចាំ​ឈ្នះ​នៅ​ជាតិ​ក្រោយ​ចុះ!​ ហ៊ុន សែន​នៅ​តែ​ជាប់​ធ្វើ​អី ​ហ៊ុន សែន!​ បើ​ប្រជាជន​បោះ​ឆ្នោត​ឲ្យ​ធ្វើ​ទៀត»។​

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ឈ្នះ​អាសនៈ​ចំនួន​៦៨ ​ហើយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​អាសនៈ​ចំនួន​៥៥​ពី​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ឆ្នាំ​២០១៣។​ តែ​គណបក្ស​សង្គ្រោះជាតិ​បាន​តវ៉ា​ថា ​ លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះ​មិនឆ្លុះ​បញ្ចាំង​ឆន្ទៈរាស្ត្រ ​ហើយ​មាន​ការ​លួច​បន្លំ។​

លោក ​យ៉ែម បុញ្ញាឫទ្ធិ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ប្រាប់​VOA​ថា​ លោក​មិន​អាច​សន្និដ្ឋាន​ទុក​ជា​មុន​អំពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នោះ​ទេ​ ដោយ​លោក​បញ្ជាក់​ថា៖​

«ខ្ញុំ​ជឿ​ថា​ ពាក្យ​ថា​ ឈ្នះ​ ហើយ​អ្នក​វិភាគ​មួយ​ចំនួន​ដែល​លោក​និយាយ​មុន​ការ​បោះ​ឆ្នោត​២០១៣​ យើង​បាន​ដឹង ​បាន​ឮ​ទាំង​អស់​គ្នា ​ហើយ​លទ្ធផល​ជាក់​ស្តែង​ថា​តើ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កើត​ចេញ​ពី​ការ​រួបរួម​អ្នក​ប្រជា​ធិបតេយ្យ​ អ្នក​ជាតិ​និយម​ មក​ពី​គណបក្ស​ សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​ហ្នឹង​ តើ​មាន​ការ​កើន​ឡើង​សំឡេង​ដល់​ណា? ​រហូត​ដល់​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ទី​បំផុត​ពី​គណបក្ស​កាន់​អំណាច។​ ដូច្នេះ​ការ​វិភាគ​រៀង​ខ្លួន​ ដែល​ថា ​ឈ្នះ​រៀង​ខ្លួន​នេះ​គឺ​ជារឿង​មួយ​ ក៏​ប៉ុន្តែ​គួរ​ពិនិត្យ​មើល​តថភាព​ជាក់​ស្តែង​ក្នុង​សង្គម ​និង​ទឹក​ចិត្ត​របស់​ប្រជា​ពលរដ្ឋ»។​

VOA បាន​ព្យាយាម​ទាក់​ទង​សុំការ​ឆ្លើយ​តបពី​លោក​ សុខ​ ឦសាន្ត ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ប៉ុន្តែ​នៅ​តែ​មិន​អាច​ទាក់​ទង​បាន​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

ក្រៅ​ពី​មាន​ការ​បង្ហោះ​វីដេអូរបស់​លោក ​សម រង្ស៊ី​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អនុប្រធាន​ទី​មួយ​នៃ​រដ្ឋ​សភា​ជាតិ​ ធ្លាប់​បាន​ថ្លែង​ប្រាប់​អ្នក​គាំទ្រ​គណបក្ស​របស់​លោក​ឲ្យ​បញ្ឈប់​ការ​រិះគន់​គណបក្ស​កាន់​អំណាច​ ហើយ​ត្រៀម​ខ្លួន​ទៅ​បោះឆ្នោតនៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោត​ជាតិដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៨។​ លោក​ថា​ ការ​ត្រៀម​ខ្លួន​ទុក​ជា​មុន​នេះ​ នឹង​នាំ​ឲ្យ​បក្ស​របស់​លោក​ឈ្នះ​ឆ្នោត។​

អ្នក​វិភាគ​នយោបាយ​ខ្មែរ​ឲ្យ​ដឹង​ថា​ ការ​បន្ទន់​ជំហរ​រិះគន់​របស់​គណបក្ស​ប្រឆាំង​ នឹង​ធ្វើ​ឲ្យ​គណបក្ស​នេះ​ចុះ​ខ្សោយ​ប្រជាប្រិយភាព​ និង​ងាយ​នាំ​ទៅ​ការ​ប្រេះ​ស្រាំ។​ អ្នក​វិភាគ​មើល​ឃើញ​ផង​ដែរ​ថា​ ការ​បន្ធូរ​បន្ថយ​ការ​រិះ​គន់​នេះ​គឺ​ទំនង​ជា​ចេតនា​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង ​ដែល​ចង់​ជួយ​សកម្មជន​ និង​មន្ត្រី​នៃ​គណបក្ស​ប្រឆាំង​ជាង​១០នាក់​ឲ្យ​រួច​ពីការ​ឃុំ​ឃាំង​ បន្ទាប់​ពី​តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​សកម្ម​ជន​ និង​មន្ត្រី​គណបក្ស​ប្រឆាំង ​នៅ​គ្រា​ដែល​ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​មួយ​ក្រុម​បាន​កកូរ​កកាយរឿង​បញ្ហា​ផែន​ទី​ និង​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម​ឡើង​វិញ​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែចុង​ក្រោយ​នេះ។​

ថ្មីៗ​នេះ​ ​លោក​ សម រង្ស៊ី មេ​ដឹកនាំ​គណបក្ស​ប្រឆាំង ​បាន​ផ្តាំ​ផ្ញើ​តាម​លោក​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​រដ្ឋ​សភា​ជាតិ​ ដោយ​សុំឲ្យ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ មាន​សន្តាន​ចិត្តល្អ​ក្នុង​ការ​ជួយ​អ្នក​ជាប់​ពន្ធនាគារ​ឲ្យ​មាន​សិទ្ធិ​សេរីភាព​ឡើង​វិញ។​

ការ​បន្ទន់​ជំហរ​របស់​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​នេះ​ទំនង​ជា​ស្រប​នឹង​សភាព​ការណ៍​ ពីព្រោះ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ដែល​រឿយៗ​បាន​ហៅ​ខ្លួន​លោក​ថា​ «ជា​ជើងយូរ»​ ក្នុង​ឆាក​នយោបាយ​ខ្មែរ​ ក៏​បាន​លើក​ឡើង​នៅ​ក្នុង​សន្និបាត​ទេសចរណ៍​កាលពី​ពេល​កន្លង​ទៅ​ថា​ គណបក្ស​ប្រឆាំង​អស់​សន្លឹក​បៀរ​អាត់​ហើយ​ នៅ​ក្នុង​ការ​ត​ថ្លៃ​នយោបាយ​ជាមួយ​គណបក្ស​កាន់​អំណាច៕