លោក សម រង្ស៊ី ផ្តល់បទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិដើម្បីជាកែតម្រូវនូវការផ្សាយសម្តីរបស់លោកដោយខុសឆ្គងក្នុងពេលកន្លងមក ដែលនិយាយអំពីអនាគតនៃទីផ្សារសម្លៀកបំពាក់កម្ពុជានៅសហភាពអឺរ៉ុប។ ព័ត៌មានខុសនោះបាននាំឱ្យមានប្រតិកម្មជាច្រើនពីក្នុងចំណោមកម្មករ និងអ្នកតាមដានសភាពការណ៍កម្ពុជា។
នៅក្នុងសារបង្ហោះតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនៅថ្ងៃពុធកន្លងទៅនេះ លោកសម រង្ស៊ី បានចែករំលែកបទសម្ភាសន៍ជាមួយនឹងវិទ្យុ RFIដោយភ្ជាប់ជាមួយនឹងសារសរសេរថា៖ «ខ្ញុំបានកែតម្រូវការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ (RFI) ដែលបានបកប្រែខុសពាក្យសម្តីរបស់ខ្ញុំនៅសភាអឺរ៉ុបកាលពីថ្ងៃទី១៣ ខែកក្កដា ២០១៦ ទាក់ទងទៅនឹងទីផ្សារនៅអឺរ៉ុបសម្រាប់សម្លៀកបំពាក់ដែលនាំចេញពីប្រទេសកម្ពុជា»។
កន្លងមក វិទ្យុបារាំងអន្តរជាតិបានដកស្រង់ប្រសាសន៍របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិថា លោកសុំឱ្យបិទទីផ្សារសម្លៀកបំពាក់កាត់ដេរនៅកម្ពុជា ហើយបើបើកវិញត្រូវមានលក្ខខណ្ឌនោះ បានធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសហជីពកម្មករ និងកម្មករមួយចំនួន។
រហូតដល់រសៀលថ្ងៃទី២៤ ខែកក្កដាកន្លងទៅ តំណាងកម្មករ១០០នាក់ បានដាក់ញត្តិជូនរដ្ឋសភាប្រឆាំងនឹងសំណើរបស់លោក សម រង្សី ដោយយល់ថា លោក សម រង្ស៊ី ស្នើឲ្យសហភាពអឺរ៉ុបបិទទីផ្សារសម្លៀកបំពាក់ពីកម្ពុជា។
វិទ្យុបារាំងក៏បានផ្តល់ឱកាសជូនលោក សម រង្ស៊ី បានបកស្រាយនូវសេចក្តីថ្លែងរបស់លោកសារជាថ្មីឡើងវិញ ហើយតាមរយៈបទសម្ភាសន៍មួយ ក្រោយពីលោក សម រង្ស៊ី ប្រកាសជាសាធារណៈថា មានការបកប្រែពាក្យសម្តីរបស់លោកខុសទាំងស្រុងពីភាសាបារាំងមកជាភាសាខ្មែរនោះ។
លោក ហ្សង់ ហ្រ្វង់ស្វ័រតាន់ និពន្ធនាយកវិទ្យុបារាំងបានពន្យល់បន្ថែមថា ជាជាងការកែតម្រូវ លោកយល់ថា បទសម្ភាសន៍ប្រមាណជាង១២នាទីនេះអាចឲ្យលោក សម រង្ស៊ី បង្ហាញពីជំហររបស់លោកទៅកាន់មហាជន ហើយរឿងចម្រូងចម្រាស ដែលកើតជាសង្គ្រាមប៉ាកានេះគួរតែចប់ត្រឹមបុណ្ណឹង។
ទោះជាយ៉ាងណាក្តី ការថ្លែងបកស្រាយឡើងវិញរបស់លោក សម រង្ស៊ី នេះមិនទទួលបានការចាប់អារម្មណ៍ពីសំណាក់មន្ត្រីរដ្ឋាភិបាលឡើយ។
លោក ផៃ ស៊ីផាន បានប្រាប់ VOA ថា មិនថា លោក សម រង្ស៊ី បកស្រាយដោយពាក្យពេចន៍យ៉ាងណាក៏ដោយ លោកនៅតែប្រកាន់គោលជំហរដដែល។
«ខ្ញុំអត់មានការកែប្រែទេ។ ខ្ញុំមើលលើយុទ្ធសាស្រ្តជាជាងពាក្យគាត់ប្រើប្រាស់ ដូចជាចាំថា គាត់ឲ្យសភាអឺរ៉ុបពិចារណាសារថ្មីលើលក្ខខណ្ឌការងាររបស់កម្មករ ប៉ុន្តែអង្គការពលកម្មពិភពលោកដែលហៅថា ILO បានវាយតម្លៃខ្ពស់ថា កម្មករកម្ពុជាទទួលបានសិទ្ធិសេរីភាព និងលក្ខខណ្ឌខ្ពស់ បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតក្នុងចំណោមអាស៊ានដូចគ្នា»។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានឲ្យដឹងថា លោកនៅតែប្រកាន់យកគោលជំហរដដែល។
«អ្វីដែលយើងធ្វើប្រតិកម្មហើយនៅតែបន្តថ្កោលទោសនូវអ្វីដែលលើកឡើង និងសរសេរឡើងដោយសារព័ត៌មាន។ ការបកស្រាយរបស់គាត់ វាជារឿងរបស់គាត់ ហើយអ្វីដែលយើងធ្វើប្រតិកម្មគ្រប់គ្នា ធ្វើប្រតិកម្មគឺផ្អែកទៅលើខ្លឹមសារ បើគាត់និយាយន័យហ្នឹង ឬក៏យ៉ាងម៉េច មានតែសាធារណជនទេ ដែលមានសិទ្ធិថា ជឿលើការបកស្រាយរបស់គាត់លើកក្រោយហ្នឹងឬអត់?
បទសម្ភាសន៍រវាងលោក សម រង្ស៊ី និងវិទ្យុបារាំង RFI
លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករ បានឲ្យដឹងថា លោកជឿថា នេះមិនមែនជាការកាត់ជំនួយទេ តែជាការពិនិត្យឡើងវិញនូវលក្ខខណ្ឌការងាររបស់កម្មករ។
«នេះមិនមែនការកាត់ជំនួយទេ តែជំនួយត្រូវការឃ្លាំមើលការអនុវត្តលើកិច្ចព្រមព្រៀងជំនួយ លើការគោរពសិទ្ធិ និងលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីហេតុអ្វីបានជាប្រតិកម្មថា លោក សម រង្ស៊ី និយាយមិនឲ្យសហគមន៍អឺរ៉ុបដឹកនាំសម្លៀកបំពាក់ចូលសហគមន៍អឺរ៉ុប?»
យោងតាមសម្តីដើមរបស់លោកសម រង្ស៊ី ដែលត្រូវផ្សព្វផ្សាយជាសាធារណៈ ហើយជាការថ្លែងតបទៅនឹងសមាជិកសភាអឺរ៉ុបលោក Petras AUŠTREVIČIUS កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងមក បានឲ្យដឹងថា លោក Petras AUŠTREVIČIUS បានលើកឡើងថា ស្ថានការណ៍ ប្រទេសកម្ពុជាមិនល្អទេក្នុងមួយរយៈពេលថ្មីៗនេះ ហើយលោកស្នើឱ្យក្រុមការងារបរទេសនៃសភានេះពិនិត្យមើលគម្រោង ជំនួយបច្ចេកទេសដល់កម្ពុជា ហើយត្រូវតែមានការដាក់លក្ខខណ្ឌបន្ថែម។
លោកបានបន្ថែមថា៖ «យើងត្រូវតែពិនិត្យមើលវាឡើងវិញ ហើយដាក់លក្ខខណ្ឌបន្ថែមទៀត និងឈប់ផ្តល់ថវិកាដល់គម្រោងបច្ចេកទេសខ្លះ ដើម្បីបង្ហាញជំហរដ៏ខ្លាំង និងត្រឹមត្រូវរបស់យើង»។
ហើយតាមការបកប្រែក្រៅផ្លូវការដោយ VOA ភាសាបារាំង និងខេមរភាសា លោក សម រង្ស៊ី ថ្លែងតបទៅវិញដោយនិយាយថា លោកយល់ស្របនឹងប្រសាសន៍របស់សមាជិកសភារូបនោះ ហើយលោកថា វិស័យដែលជាចម្បងដែលកម្ពុជានាំមកទីផ្សារអឺរ៉ុប គឺសម្លៀកបំពាក់ដែលផ្តល់ផលចំណេញដល់ក្រុមថៅកែដែលមានទំនាក់ទំនងជាមួយនឹងគណបក្សកាន់អំណាច។
លោកបានបន្ថែមថា៖
«ក្រុមហ៊ុន និងថៅកែធំៗរកប្រាក់ចំណេញបានច្រើនណាស់។ ពួកគេទាំងនោះបានផ្ដល់ (ប្រាក់ចំណេញនេះមួយភាគ)ទៅឲ្យនាយករដ្ឋមន្ត្រី ដែលអាចជាអំពើពុករលួយ។ បើអស់លោក(សហភាពអឺរ៉ុប)លូកដៃក្នុងរឿងទីផ្សារ (សម្រាប់វិស័យកាត់ដេរ)នេះ នោះមិនមែនកម្មករ ឬប្រជាជនក្រីក្រទេ ដែលរងផលប៉ះពាល់ តែគឺវានឹងប៉ះពាល់ទៅដល់ផលចំណេញរបស់ពួកថៅកែៗ ដែលបានផ្ដល់ប្រាក់ចំណេញនេះមួយផ្នែកធំដាក់ចូលទៅក្នុងហិបប្រាក់របស់គណបក្សកាន់អំណាច។ ប្រសិនជាអស់លោក(សហភាពអឺរ៉ុប)ធ្វើឲ្យពួកគេទាំងនោះយល់ថា ទីផ្សារ (សម្រាប់វិស័យកាត់ដេរ)នេះ មិនមែនបើកដោយគ្មានលក្ខខណ្ឌ នៅគ្រប់ពេលគ្រប់វេលានោះទេ នៅពេលហ្នឹងហើយដែលពួកគេអាចចាប់ផ្ដើមត្រិះរិះពិចារណា»។
នេះមិនមែនលើកទីមួយទេ ដែលសាររបស់ប្រធានគណបក្សប្រឆាំងរូបនេះតែងតែត្រូវបានគេបកស្រាយមិនចំន័យដើម។ ដូចជាក្នុងអំឡុងពេលឃោសនាបោះឆ្នោតកន្លងមក គណបក្សកាន់អំណាចបានចាត់ទុកថា បើគណបក្សសង្គ្រោះជាតិឈ្នះនឹងមិនមានទីផ្សារ និងសេដ្ឋកិច្ចជាដើម ក្នុងពេលដែលលោកព្រមានអ្នករកស៊ីទុច្ចរិតមួយចំនួនកុំឱ្យបន្តធ្វើបាបពលរដ្ឋសាមញ្ញ៕