មេដឹកនាំ​គណបក្ស​ប្រឆាំង​រិះគន់​​វិធានការ​ទិញ​ស្រូវ​អង្ករ​របស់​រដ្ឋាភិបាល

រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែង​​សុន្ទរកថា​ទៅកាន់​សមាជិក​គណបក្ស​សង្គ្រោះជាតិ នៅ​សណ្ឋាគារមួយនៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។

ភ្លាមៗ​ក្រោយ​ការ​ប្រកាស​របស់​លោក​ ហ៊ុន​ សែន​ ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ​ ក្រុម​មន្ត្រី​ទាំង​ថ្នាក់​ទាប​ ថ្នាក់​ខ្ពស់​ ​និង​ថ្នាក់​កំពូល​ បាន​ប្រកាស​ប្រាប់​ពី​ការ​ជួយ​ទិញ​អង្ករ​ពី​កសិករ​ជា​បន្តបន្ទាប់​ ក្នុង​ចំនួន​មិន​តិច​ជាង​១០​តោន។​

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ហៅ​ការ​ខិតខំ​របស់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ និង​ពាណិជ្ជករ​ក្នុង​ការ​ទិញ​អង្ករ​ពី​កសិករ​ថា​ ជា​គោល​នយោបាយ​ដែល​គួរ​ឲ្យ​អាណិតរបស់​រដ្ឋាភិបាល។​ មន្ត្រី​នៃ​គណបក្ស​កាន់​អំណាច​និយាយ​ថា​ ​ការ​ថ្លែង​របស់​មេ​បក្ស​ប្រឆាំង​ គឺ​ជា​រឿង​ច្រំ​ដែល ខណៈ​ដែល​សេដ្ឋវិទូ​ នៅ​មាន​ក្តី​សុទិដ្ឋិនិយម​ថា​ វិស័យ​កសិកម្ម​ឧស្សាហកម្ម កម្ពុជា​នឹង​អាច​មាន​លក្ខណៈល្អ​ប្រសើរ​ជាង​មុន​ នៅ​ពេល​រដ្ឋាភិបាល​ធ្វើ​ការ​ឲ្យ​ហ្មត់​ចត់​បន្តិច​ទៀត​លើ​ការ​កែ​ទម្រង់​សំខាន់ៗ។

ក្រោយ​ពី​កសិករផ្ទុះ​កំហឹង​ចំពោះ​ការ​ធ្លាក់​ចុះតម្លៃ​ស្រូវ​ធ្ងន់ធ្ងរ​ក្នុង​ខេត្ត​បាត់​ដំបង​ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ​បាន​ប្រកាស​គៀងគរ​ឲ្យ​មានចលនា​ទិញ​ស្រូវក្នុង​ស្រុក​ដើម្បី​ជួយ​ដល់​កសិករ។​

​ភ្លាមៗ​ក្រោយ​ការ​ប្រកាស​របស់​លោក​ ហ៊ុន​ សែន​ ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ​ ក្រុម​មន្ត្រី​ទាំង​ថ្នាក់​ទាប​ ថ្នាក់​ខ្ពស់​ ​និង​ថ្នាក់​កំពូល​ បាន​ប្រកាស​ប្រាប់​ពី​ការ​ជួយ​ទិញ​អង្ករ​ពី​កសិករ​ជា​បន្តបន្ទាប់​ ក្នុង​ចំនួន​មិន​តិច​ជាង​១០​តោន។​

រូបឯកសារ៖ នេះជាប្រភេទអង្ករដែលបានដាក់លក់នៅតូបមួយក្នុងផ្សារអូរឬស្សី កាលពីថ្ងៃទី៣០ កក្កដា ឆ្នាំ២០១៥។ (ប៉ាង ចំណាន/VOA)

​ត​មក​ទៀត​ ធនាគារ​អភិវឌ្ឍន៍​ជនបទ​ ​ដែល​ទទួល​បាន​ការ​ផ្តល់​មូលនិធិ​ពី​រាជរដ្ឋាភិបាល​ចំនួន​២៧​លាន​ដុល្លារ​ បាន​ប្រកាស​ប្រាប់​ក្រុម​អ្នក​វិនិយោគ​ ​ពាណិជ្ជករ​ មន្ត្រី​រាជការ​ ប្រជារាស្ត្រ​ខ្មែរ​ និង​មា្ចស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ថា​ ខ្លួន​នឹង​ធ្វើការ​ផ្តល់​ឥណទាន​កម្ចី​ជូន​ទៅ​បណ្តា​រោង​ម៉ាស៊ីន​ទាំងឡាយ​ណា​ ដែល​កំពុង​ធ្វើការ​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជាកសិករ​ ដោយ​មិន​មាន​ការ​រើស​អើង​ ក្នុង​អត្រា​ការ​ប្រាក់​៧%​ ក្នុង​មួយ​ឆ្នាំ​ គឺ​ស្មើ​នឹង​០,៥៣៨​ភាគរយ​ក្នុង​មួយ​ខែ។​

ការ​ផ្តល់​ប្រាក់​កម្ចី​នេះ​តម្រូវ​ឲ្យម្ចាស់​រោង​ម៉ាស៊ីន​កិនស្រូវ​ យក​ស្តុក​ស្រូវ​ធ្វើ​ជា​វត្ថុ​ធានា​បំណុល​ និង​ត្រូវ​បំពេញលក្ខខណ្ឌ​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​ក្នុង​តម្លៃ​៨៤០​រៀល​ក្នុង​មួយ​គីឡូក្រាម​នៅ​នឹង​វាល​ស្រែ​ និង​តម្លៃ​៩០០រៀល​ក្នុង​មួយ​គីឡូក្រាម​នៅ​ឃ្លាំង​ ក្នុង​គោលដៅ​ផ្តល់ប្រយោជន៍​ជូន​ប្រជា​កសិករ។​

ក្រុម​អ្នក​ជំនាញ​កសិកម្ម​បាន​ចាត់​ទុក​ផែនការ​ឆ្លើយ​តប​ទាំង​តក់​ក្រហល់​ និង​គ្មាន​ការ​ប្រុងប្រយ័ត្ន​នេះ​ថា​ ​ជា​ការ​រំដោះ​គ្រោះ​មួយ​គ្រា​តែ​ប៉ុណ្ណោះ​ ក្នុងការ​កាត់​បន្ថយ​វិបត្តិ​នៃ​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​ ដែល​រមែង​កើត​ឡើង ​ក្រោយ​ការ​ប្រមូល​ផល ដោយ​សារ​ភាព​មិន​ច្បាស់​លាស់​នៃ​តម្រូវ​ការ​ក្នុង​ទីផ្សារទាំង​ក្នុង​ស្រុក​ ​និង​ក្រៅ​ប្រទេស។

ស្រប​ពេល​ដែល​វិបត្តិ​នេះ​ ​នៅ​បន្ត​អូស​បន្លាយ​នោះ​ ​មេដឹកនាំ​បក្ស​ប្រឆាំង​លោក​ សម រង្ស៊ី​ ដែល​កំពុង​និរទេស​ខ្លួន​ទៅ​រស់​នៅ​ក្នុង​ប្រទេស​បារាំង​ បាន​បង្ហាញ​ការ​យល់​ឃើញ​របស់​លោក​តាម​រយៈ​ការ​ផ្តល់​មតិ​ក្នុង​ព្រឹត្តិបត្រ​ព័ត៌មាន​ The​ Cambodia​ Daily ​ថា​ ​កិច្ច​ខិត​ខំ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​បញ្ចេញ​ប្រាក់​ក្នុង​នាទី​ចុង​ក្រោយ​ដើម្បី​ស្រោចស្រង់​តម្លៃ​ស្រូវ​ ការ​អំពាវនាវ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ និង​អ្នក​ជំនួញ​ស្តុកស្តម្ភ​ និង​មិត្ត​ភក្តិ​ផ្សេងទៀត​ ឲ្យ​ទិញ​ស្រូវ​ស្តុក​ទុក​ នោះ​គឺ​គ្រាន់តែ​ជា​ការ​ជួយ​ម្ចាស់​រោង​ម៉ាស៊ីន​ស្រូវ​ដែល​ខ្វះ​លុយ​ឲ្យ​រួចផុត​ពី​ការ​ក្ស័យ​ធន និង​ជា​គោល​នយោបាយ​ដែល​គួរ​ឲ្យ​អាណិត​ និង​អស់​សង្ឃឹមរបស់​រដ្ឋាភិបាល​ ដើម្បី​បំបែកស្ថានការណ៍​ដែល​កំពុង​តែ​មិន​អាច​គ្រប់​គ្រង​បាន​ច្រើន​ទៅៗនោះ។​

​លោក​ សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​គេច​ពី​ការ​ជាប់​ពន្ធនាគារ​រយៈពេល​ ២​ឆ្នាំ​ ដោយ​បណ្តឹង​បរិហារ​កេរ្តិ៍របស់​លោក​ ហោ​ ណាំហុង​ ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ និង​បណ្តឹង​ផ្សេង​ទៀត​នោះ​ បាន​សរសេរ​នៅ​ក្នុង​អត្ថបទ​បញ្ចេញ​មតិ​របស់​លោកក្នុង​ព្រឹត្តិបត្រ​ព័ត៌មាន​ចេញ​ផ្សាយ​កាល​ពីថ្ងៃ​អង្គារ​នេះ​ថា​ លោក​បាន​មើល​ឃើញ​ ​ការ​ដួល​រំលំ​នៃ​វិស័យ​ឧស្សាហកម្ម​កសិកម្ម​នេះ​ថា​ អាច​ជា​ផល​វិបាក​នយោបាយ​ សង្គម​ និង​សេដ្ឋកិច្ច​ដ៏​ធំធេង ចំពោះប្រជាពលរដ្ឋ​កម្ពុជា​ដែល​ពឹង​ផ្អែក​លើ​វិស័យ​កសិកម្ម​ជា​ទូទៅ​ និង​ជា​ពិសេស​នោះ​ គឺ​ក្នុង​ឧស្សាហកម្ម​ស្រូវ​នេះ​តែ​ម្តង។​

​មេ​បក្ស​រូប​នេះ​ បាន​លើកឡើង​ថា​ កម្សោយ​នៃ​ផលិតភាព​ដែល​មាន​កម្រិត​ទាប​ គឺ​ជា​ផលវិបាក​មួយ​របស់​កម្ពុជា​ ដើម្បី​ប្រកួត​ប្រជែង​នឹង​ប្រទេស​ក្បែរ​ខាង។​ លោក​ សម​ រង្ស៊ី​ បាន​សរសេរ​ក្នុង​អត្ថបទនោះ​ថា៖​

«វា​មិន​អាច​ប្រកែក​បាន​ទេ​ថា​ ផលិតភាព​កសិកម្ម​របស់​កម្ពុជា​ គឺ​ទាប​ជាង​ប្រទេស​ក្បែរ​ខាង​ និង​ប្រទេស​ប្រកួតប្រជែង​នានា។​ ហេតុ​ដូច្នេះ​ ដំណោះស្រាយ​ដែល​ច្បាស់លាស់​ណា​មួយ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ ​ត្រូវ​តម្រូវ​ថា​ យើង​ត្រូវ​ដោះស្រាយ​គម្លាត​រចនាសម្ព័ន្ធផលិតភាព​ ដែល​មាន​លក្ខណៈ​ជា​តំបន់​នេះ»។​

លោក​ពន្យល់​ថា តម្រូវការ​ទី​មួយ​សម្រាប់​ការ​ដំឡើង​ផលិត​ភាព​នោះ​ គឺ​ការ​កាត់​បន្ថយ​ថ្លៃ​ដើម​នៃ​ផលិត​កម្ម។​ លោក​ថា​ ប្រជាកសិករ​ខ្មែរ​ជា​ច្រើន​ ប្រឈម​នឹង​ការ​ចំណាយថ្លៃ​ដើម​ផលិត​ខ្ពស់​ដូចជា​ ​អគ្គិសនី​ និង​អត្រា​ការ​ប្រាក់។​

ការ​ផ្តល់​យោបល់​របស់​លោក ​សម រង្ស៊ី​ ចំពោះ​វិបត្តិ​នៃ​វិស័យ​កសិកម្ម​នេះ បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី​១៨ ខែ​កញ្ញា​កន្លង​ទៅ​ កសិករ​ប្រមាណ​១.០០០​នាក់បាន​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ក្នុង​ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង​ ដើម្បី​តវ៉ា​នឹង​ឈ្មួញ​កណ្ដាល​ ដែល​ឲ្យ​តម្លៃ​ស្រូវ​របស់​ពួក​ទាប​ហួស​ហេតុ​ខុស​ពី​ការ​កំណត់​របស់​រដ្ឋាភិបាល។

ការ​តវ៉ា​ប្រឆាំង​ថ្លៃ​ស្រូវ​នៅ​ខេត្ត​បាត់ដំបង​ បាន​កើតឡើង ក្រោយ​ពី​មាន​ឈ្មួញ​កណ្ដាល​ ​មក​ចរចា​ទិញ​ស្រូវ​ពី​កសិករ​ ក្នុង​តម្លៃ​៦០០​រៀល​ ក្នុង​មួយ​គីឡូ​សម្រាប់​ស្រូវ​ប្រភេទ​លេខ​២​ និង​ ៦៥០​រៀល​សម្រាប់​ ​ប្រភេទ​លេខ​១។​ ក៏​ប៉ុន្តែ​ ​ពេល​កសិករ​យក​ស្រូវ​ទៅ​លក់​ ឈ្មួញ​កណ្ដាល​បែរ​ជា​មិន​ទិញ​ ដែលជា​ហេតុ​ធ្វើ​ឲ្យ​កសិករកើត​ក្ដី​ខឹង​សម្បារ​ជា​ខ្លាំង។

លោក​ សុខ​ ​ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រាប់​ VOA ​កាល​ពី​ថ្ងៃ​អង្គារ​នេះ​ថា​ រដ្ឋាភិបាល​នឹង​មិន​ធ្វើ​ការ​ពិចារណា​ លើ​ការ​លើក​ឡើង​រឿង​ច្រំដែល​របស់​លោក សម រង្ស៊ី​ ដែល​ជា​មនុស្ស​មាន​ទោស​ទណ្ឌ​នោះ​ទេ។​ លោក​ថ្លែង​ថា​ ក្រុម​មន្ត្រី​រដ្ឋាភិបាល​កំពុង​ធ្វើ​ទៅ​តាម​ការ​ចង្អុល​បង្ហាញ​ពី​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន​ សែន​ ក្នុង​ការ​រក​ផ្លូវ​ដោះស្រាយ​ បញ្ហា​ធ្លាក់​ចុះ​នៃ​តម្លៃ​ស្រូវ​នេះ។​

«ចំពោះ​ទៅ​ពេល​ខាង​ក្រោយ​ទៀត​ អា​ហ្នឹង​រាជរដ្ឋាភិបាល​ នឹង​រក​ឥណទាន​ពី​បរទេស​ ដើម្បី​យក​មក​ទប់ទល់​ ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ រោង​ម៉ាស៊ីន​ស្រូវ​វា​កាន់​តែ​ ​មាន​លទ្ធភាព​ដើម្បី​នឹង​ទទួល​បាន​ស្រូវ​អង្ករ​យក​មក​កិន​ ឲ្យ​ទៅ​តាម​ស្តង់ដា​ និង​គុណភាព​អន្តរជាតិ​ ហើយ​ទីពីរ​ ​ទៅ​កសាង​មូលដ្ឋាន​សម្ងួត​ស្រូវ​ដើម្បី​ស្តុក​ទុក​ឲ្យ​មាន​លក្ខណៈ​យូរ​អង្វែង​ ហើយ​ទីបី​ គឺ​ថា ​វា​មាន​លទ្ធភាព​ទុន​សម្រាប់​ប្រមូល​ទិញ​ អង្ករ​ ទិញ​ស្រូវ​ពី​ប្រជាពលរដ្ឋ​ដែល​លោកខ្វះខាត ប្រមូល​ផល​ស្រូវហើយ​ត្រូវ​ការ​លុយ​ ដើម​ទុនដើម្បី​បង្វិល​សង​ បញ្ហា​ដែល​ជា​សម្ភារៈ​កសិកម្ម​អី​ផ្សេងៗ​ ដែល​ជំពាក់​នាយ​ទុន​នោះ»។​

លោក​ ចាន់​ សុផល​ ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​ការ​សិក្សា​គោល​នយោបាយ​ប្រាប់​ VOA ​កាល​ពី​ល្ងាច​អង្គារ​កន្លង​មក​ថា​ ឧស្សាហកម្ម​ស្រូវ​នៅ​កម្ពុជា​ នឹង​មិន​ដួល​រលំ​នោះ​ទេ។​ លោក​ថា​ បញ្ហា​ថ្មីៗ​ដែល​បាន​កើតឡើង​ក្នុង​ឧស្សាហកម្មស្រូវ​នេះ​ គឺ​មួយ​ផ្នែក​ធំ​បណ្តាល​មកពីបរិមាណ​ស្រូវ​ស្តុក​ទុក​ក្នុង​ប្រទេសក្បែរ​ខាង​នៅ​មាន​កម្រិត​ច្រើន​លើស​ពី​តម្រូវការ​ ដែល​ធ្វើ​ឲ្យ​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​មិន​អាច​លក់​ស្រូវ​ចេញ​បាន​ក្នុង​តម្លៃ​ខ្ពស់​ ​នៅ​គ្រា​កសិករ​មួយ​ចំនួន​ចំណាយ​ច្រើន​លើ​ការ​ផលិត​តែ​បាន​ផល​តិច។

​លោក​បាន​លើក​ឡើង​នូវ​ដំណោះ​ស្រាយមួយ​ចំនួន​សម្រាប់​ធ្វើ​ឲ្យ​ស្ថានភាព​នៃ​ឧស្សាហកម្ម​ស្រូវ​នេះ​ មាន​ភាព​ល្អ​ប្រសើរ​ឡើង​ ដែល​រួម​មាន​ ការ​ពង្រឹង​ប្រព័ន្ធ​ព័ត៌មាន​ដើម្បី​តាមដាន​រយៈពេល​ និង​សកម្មភាពផលិត ហើយ​និង​ទិន្នន័យ​នៃ​ផល​ស្រូវ​ដែល​ធ្វើ​បាននៅ​តាម​តំបន់​នីមួយៗ ​ ការ​ក្តាប់​ឲ្យ​បាន​ព័ត៌មាន​អំពី​ការ​នាំចេញ​ និង​នាំ​ចូល​ទាំង​បរិមាណ​ និង​ប្រភេទ​ស្រូវ​ ក៏​ដូច​ជា​តាមដាន​បម្រែបម្រួល​ទីផ្សារ​អន្តរជាតិ​ដែល​អាច​ឲ្យ​ដឹង​ជា​មុន​ ឬ​ប៉ាន់​ស្មាន​បាន​នៃ​ការ​កើន​និង​ធ្លាក់​ចុះ​តម្លៃ។

ក្រៅ​ពី​ដំណោះ​ស្រាយ​ទាំង​នោះ​ សេដ្ឋវិទូ​រូប​នេះ​បន្ថែម​ប្រាប់ VOA ថា៖​

«ក្រោយ​ពី​នោះ​ វិធានការ​ដែល​រដ្ឋ​អាច​មាន​លទ្ធភាព​ជួយ​ទៅ​តាម​ថវិកា​ដែល​រដ្ឋ​មាន​ ដូចជា​ជួយ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ប្រជាពលរដ្ឋ​យើង​ទទួល​បាន​នូវ​ធាតុ​ចូល​ក្នុង​តម្លៃ​សម​ស្រប កុំ​ឲ្យ​មាន​របាំង​នាំចូល​ពិបាក​ពេក គឺ​អ្នក​ដែល​នាំ​ចូល​ជីរ នាំ​ចូល​ថ្នាំ​ហ្នឹង​ នៅ​ជួប​ឧបសគ្គ​ច្រើន​ណាស់​ យើង​អាច​សម្រួល​ដល់​គាត់​ ហើយ​និង​ធាតុ​ចូល​ផ្សេងៗ​ រួម​នឹង​ធារាសាស្ត្រ គឺ​ត្រូវតែ​គិត​គូរ​ ហើយ​ចំពោះ​ម៉ាស៊ីន​ស្រូវ​ អស់​លោក​រអ៊ូ​ខ្លាំង​រឿង​ថ្លៃ​ភ្លើង​ អញ្ចឹង​យើង​ត្រូវ​បង្កើន​ល្បឿន​ថែម​ទៀត​ នៅ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អគ្គិសនី​ យើង​ឲ្យ​ធានា​ឲ្យ​មាន​អគ្គិសនី​គ្រប់​វ៉ុល​ ហើយ​មិន​ដាច់​ញឹកញាប់​ ហើយ​ថ្លៃ​ឲ្យ​ធ្លាក់​ទាប​ជាង​បច្ចុប្បន្នភាព»។​

រីឯ​លោក​ ឆុង​ សុផល​ មន្ត្រី​សម្រប​សម្រួល​សហគមន៍​កសិកម្ម​នៃ​បណ្តាញ​កសិករ​ ​និង​ធម្មជាតិ​ (FNN) មើល​ឃើញ​ការ​នាំ​ចូល​ស្រូវ​ពី​ប្រទេស​ក្បែរ​ខាង​ ​ថា​ជា​ការ​គំរាម​កំហែង​ដល់​ឧស្សាហកម្ម​ស្រូវ​កម្ពុជា។ លោក​បាន​លើក​ពី​វិធានការ​មួយ​ចំនួន​បន្ថែម​ទៀត​ ដើម្បី​ធ្វើ​ឲ្យ​មាន​ស្ថិរភាពក្នុងឧស្សាហកម្ម​ស្រូវ​យ៉ាង​ដូច្នេះ​ថា៖​

«ទី​មួយ​គឺ​ទប់​ស្កាត់​ការ​នាំចូល​ពី​វៀតណាម​ ទីពីរ​ យើង​កំណត់​តម្លៃ​ស្រូវ​ឲ្យ​ច្បាស់​លាស់​ ទីបី​ យើង​ធ្វើ​អា​ farming-contract​ ហ្នឹង​ គឺ​ដើម្បី​ឲ្យ​កសិករ​ហ្នឹង​ គាត់​...​ មាន​បង្អែក​ មាន​ន័យ​ថា​ នៅ​ពេល​ណា​គាត់​ ធ្វើ​ទៅ​ គាត់​មាន​ទីផ្សារ​សម្រាប់​លក់​ អញ្ចឹង​គាត់​អត់​មាន​ខ្វាយខ្វល់​អី​ទៀត អត់​មាន​អី​ទាក់ទង​រឿង​ទីផ្សារ​ពិភពលោក​អី​ទៀត​ទេ​ នៅ​ពេល​ណា​គាត់​ធ្វើ​ farming-contract ​ហើយ​ គឺ​គាត់​ទទួល​បាន​ផល​ចំណេញ​ដែរ»។​

គោល​នយោបាយ​នាំ​ស្រូវ​អង្ករ​ចេញ​ឲ្យ​បាន​១​លាន​តោន​នា​ឆ្នាំ​២០១៥របស់​រដ្ឋាភិបាល​ ​ បាន​ទទួល​បរាជ័យ​ ដោយ​សារ​ក្រុម​មន្ត្រី​មិន​បានអនុវត្ត​គោលនយោបាយ​ព្រម​គ្នា​ ​ខណៈ​ដែល​អ្នក​វិនិយោគ​នៅ​រារែក​មិន​ហ៊ាន​បោះ​ទុន​លើ​ការ​ដំឡើង​ម៉ាស៊ីន​កិន​ស្រូវ។

កាល​ពី​ខែ​មករា​ឆ្នាំ​២០១៦ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​ស្ថិត​ក្នុង​អំណាច​ជាង​៣០ឆ្នាំ​ បាន​ទទួល​ស្គាល់​បរាជ័យ​របស់​រដ្ឋាភិបាល​ក្នុង​ការ​នាំ​ចេញ​អង្ករ​ឲ្យ​បាន​១លាន​តោន​នៅ​ឆ្នាំ​២០១៥ ​ដោយ​សារ​តែ​ការ​នាំ​ចេញ​ គឺ​បាន​តែ​៥០%​ប៉ុណ្ណោះ​ នៃ​ផែនការ​នាំ​ចេញ​ដែល​បាន​កំណត់៕