លោក សម រង្ស៊ី ផ្តើម​មាន​ទស្សនកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ខណៈ​កម្ពុជា​ឆ្ពោះ​ទៅ​រក​ការបោះឆ្នោត​ជាតិ​ឆ្នាំ២០២៣

រូបឯកសារ៖ លោក សម រង្ស៊ី និងអ្នកស្រី មូរ សុខហួរ ដែលបាននិរទេសខ្លួនទៅក្រៅប្រទេស ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។

មេដឹក​នាំ​នយោបាយ​ជំទាស់​លោក ​សម រង្ស៊ី​ ដែល​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៥​ គឺ​ពីរ​ឆ្នាំ​មុន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ បាន​ចាប់​ផ្តើម​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ដើម្បី​ជួប​អ្នក​គាំទ្រ​ ខណៈ​ប្រទេស​កម្ពុជា​កំពុង​ឆ្ពោះ​ទៅរៀបចំ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០២៣។​

នៅ​ថ្ងៃ​អង្គារ​នេះ​ លោក​ សម រង្ស៊ី​ បាន​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី​ ដោយ​មាន​ការ​ទទួល​ស្វាគមន៍​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ​ឥស្លាម​មួយ​ចំនួន​នៅ​ទីនោះ។ ​មុន​ពេល​ទៅ​ដល់​ប្រទេស​នេះ​ លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌូណេស៊ី​ ដែល​ជា​ប្រទេស​ប្រជា​ធិបតេយ្យ​ធំ​មួយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។​

គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​ តើ​ដំណើរ​របស់​លោក​ សម រង្ស៊ី ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​នោះ​ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​គម្រោង​វិល​ត្រឡប់​របស់​លោក​មក​ប្រទេស​កម្ពុជា​ ក្នុងឆ្នាំ​២០២៣​នេះ​ ឬ​យ៉ាង​ណា​ទេ​ ព្រោះ​កាលពី​ពេល​ថ្មីៗ​នេះ​ លោក​បាន​ប្រាប់វិទ្យុ​អាស៊ីសេរី​ថា​ លោក​នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ដើម្បី​រាំង​ខ្ទប់​ផែន​ការ​ផ្ទេរ​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ទៅ​កូន​ប្រុស​របស់​លោក។​

នៅ​ពេល​កំពុង​បំពេញ​ទស្សន​កិច្ច​នៅប្រទេស​ឥណ្ឌូណេស៊ី​ លោក​ សម រង្ស៊ី​ បាន​ផ្តល់​ការ​អត្ថាធិប្បាយ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​ អ្នក​ប្រជា​ធិបតេយ្យ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ឱ្យ​តម្លៃ ​គោរព​ និង​ផ្តល់​កិត្តិយស​ដល់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​គេ​ចាត់​ទុក​ថា​ជាតំណាង​ប្រជា​រាស្ត្រ​ខ្មែរ​ពិត​ប្រាកដ​ ក្នុង​ការ​តស៊ូ​ ដើម្បី​ទាមទារ​សេរីភាព​ និង​យុត្តិធម៌។ ​លោក​បន្ថែម​ថា​មាន​តែ​លោក​ ហ៊ុន សែន​ ទេ​ដែល​និយាយ​ថា​ ថ្នាក់​ដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ​ជា​«ឧទ្ទាម»​ ឬ​ជា​ «ទណ្ឌិត»។​

អំឡុង​ពេលនៃ​ការ​ធ្វើ​ដំណើរ​របស់លោក​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ លោក​ សម រង្ស៊ី​ បាន​ថ្លែង​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី​ថា​ ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​នឹង​មាន​ការ​ប្រែប្រួល​ នៅ​ពេល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ កំពុង​ត្រៀម​ផ្ទេរ​អំណាច​ទៅ​កូន។​

លោក ​សម រង្ស៊ី​ ថា​ ផែន​ការ​ផ្ទេរ​អំណាច​នេះ​នឹង​មិន​អាច​ទៅរួច​ទេ​ ពីព្រោះ​លោក​យល់​ថា ​ការ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ​គឺ​ជា​ការ​បោះ​ឆ្នោត​មិន​តាម​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ ដែល​នឹង​ធ្វើ​ឱ្យ​កូន​ច្បង​លោក​ ហ៊ុន សែន ​គឺ​លោក​ ហ៊ុន ម៉ាណែត​ ខ្វះ​ភាព​ស្រប​ច្បាប់​ ហើយ​នឹង​ត្រូវ​ទទួល​ការ​ថ្កោល​ទោស​ពី​មជ្ឈដ្ឋាន​អន្តរជាតិ។​

លោក​ថ្លែង​ថា៖ ​«លើក​បន្តុប​ក្នុង​កាលៈ​ទេសៈ​បែប​ហ្នឹង​ ក្រោយ​ពី​ការ​បោះឆ្នោត​ក្លែង​ក្លាយ​ ហើយ​ការ​បោះឆ្នោត​ក្លែង​ក្លាយ​នឹង​ទទួល​ការ​ផ្តន្ទាទោស​យ៉ាង​ធ្ងន់​ ដូច​ខ្ញុំ​និយាយ​អម្បាញ់​មិញ។ ​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ ប្រទេស​បារំាង​ ប្រទេស​ឥណ្ឌូណេស៊ី អាច​ផ្តួច​ផ្តើម​ការ​កោះ​ប្រជុំ​ឡើង​វិញ​ សន្និ​សីទ​ទីក្រុង​ប៉ារីស​ស្តីពី​កម្ពុជា​ នឹង​ប្រកាស​ថា ​អត់​ទទួល​ស្គាល់​រដ្ឋាភិបាល​ចេញ​ពី​ការ​បោះឆ្នោត​ហ្នឹង​ គឺ​អត់​ទទួល​ស្គាល់​លោក​ ហ៊ុន ម៉ាណែត​ មក​ជំនួស​លោក​ ហ៊ុន សែន»។​

ការ​បក​ស្រាយ​របស់​លោក​ សម រង្ស៊ី​ ខាង​លើ​នេះ ​គឺ​ស្ថិត​ក្នុង​ចំណោម​ហេតុផល​បី​យ៉ាង​ ដែល​លោក​ជឿ​ថា​ ផែន​ការ​ផ្ទេរ​អំណាច​របស់​លោក​ ហ៊ុន សែន ​នឹង​មិន​អាច​ទៅ​រួច។​ មេ​ដឹកនាំ​ជំទាស់​រូប​នេះ​ថា​ ហេតុផល​ពីរទៀត​គឺ​លោក​ ហ៊ុន សែន​ អាច​ប្រឈម​មុខ​នឹង​វិធាន​ការ​របស់​តុលាការ​ប្រទេស​បារាំង​ ក្នុង​សំណុំ​រឿង​គប់​គ្រាប់​បែក​នៅ​មុខ​រដ្ឋសភា​ចាស់​ កាល​ពី​ឆ្នាំ​១៩៩៧​ និង​មួយ​ទៀត​គឺ​ការ​ប្រែប្រួល​ស្ថាន​ការណ៍​នយោបាយ​នៅ​ប្រទេស​ថៃ​ ដែល​លោក​ថា​នឹង​អំណោយ​ផល​ដល់​ការ​ធ្វើ​មាតុ​ភូមិនិវត្តន៍​របស់​លោក។​

លោក​លើក​ឡើង​ទៀត​ថា៖ ​«ក្នុង​ឆ្នាំ​២០២៣​នេះ​ គឺ​ច្បាស់​ជា​មាន​រដ្ឋាភិបាល​ថ្មី។ ​ហើយ​បើ​រដ្ឋាភិបាល​ថៃ​ មិន​រារាំង​ខ្ញុំ​ ឱ្យ​ខ្ញុំ​ត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ​ ដោយ​ឆ្លង​កាត់​ប្រទេស​ថៃ​ ខ្ញុំ​នឹង​ទៅ។​ ខ្ញុំ​នឹង​អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​ប្រមាណ​២​លាន​នាក់ ​មួយផ្នែក​ធ្វើ​ដំណើរ​ជាមួយ​ខ្ញុំ។​ យើង​ទៅ​ដល់​ប៉ោយប៉ែត​ ហើយ​ខ្ញុំ​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់​ងើប​ ពីព្រោះ​ប្រជា​ពលរដ្ឋ​ចាំយូរ​ហើយ​ ចាំតែ​ឱកាស​ ចាំ​តែ​មេ។ ​ឥឡូវ​ឱកាស​មក​ដល់​ហើយ មេមក​ដល់​ហើយ​ សុំបង​ប្អូន​ជន​រួម​ជាតិ​ងើប​ទាំង​អស់​គ្នា»។​

ទស្សន​កិច្ច​របស់​លោក ​សម រង្ស៊ី អតីត​សហ​ស្ថាបនិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ទៅ​កាន់​ប្រទេស​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​នាពេល​នេះ​ កើត​មាន​ឡើង​នៅ​ស្រប​ពេល​ដែល​គណ​បក្ស​ភ្លើងទៀនត្រូវ​បាន​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​ជាតិ​ និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ប្រទេស​កម្ពុជាប្រកាស​ថា​ ខ្វះភាព​ស្រប​ច្បាប់​សម្រាប់​ការ​ឈរ​បោះឆ្នោត​ឆ្នាំ​២០២៣​នេះ​ បន្ទាប់​ពី​គណបក្ស​បាត់​ឯកសារ​រដ្ឋបាល​ដែល​ប្រើប្រាស់​សម្រាប់​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ។​

វីអូអេ​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ សម រង្ស៊ី​ តាម​សារ​អេឡិចត្រូនិក​អ៊ីមែល​នៅ​ថ្ងៃ​អង្គារ​នេះ​ ជុំវិញ​ដំណើរ​របស់​លោក​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ តែ​គ្មាន​ការ​ឆ្លើយ​តប​គិត​ត្រឹម​រសៀល​ថ្ងៃ​អង្គារ​នេះ។​

រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ លោក​ ខៀវ សុភ័គ​ ប្រាប់​វីអូអេ​ថា​លោក​ សម រង្ស៊ី​ ជា​«មនុស្ស​កំសាក» ​ដែល​នឹង​មិន​ហ៊ាន​ចូល​មក​ប្រទេស​នោះ​ឡើយ​ ហើយ​ថា ​ការ​ថ្លែង​របស់​លោក​គឺ​គ្រាន់​តែ​ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​សាធារណ​ជន​បាន​ដឹង​ប៉ុណ្ណោះ។​

លោក​ថ្លែង​ថា៖​ ​«និយាយ​ដើម្បីឱ្យ​តែ​មាន​សំឡេង និយាយ​អួត​ តាម​ពិត​មិន​មក​ទេ​ មិន​ហ៊ាន​មក​ទេ។ ​ម្នាក់​ហ្នឹង​មិន​មក​ដាច់​ខាត​ ខ្លាច​ងាប់​ណាស់​ ខ្លាច​គុក​ណាស់​ ព្រោះ​ដឹង​ថា​មក​គឺ​ជាប់​គុក​ បើ​មិន​ជាប់​គុក​គឺ​ងាប់​ប៉ុណ្ណឹង។ ​និយាយ​សាមញ្ញ​ប៉ុណ្ណឹង»។​

លោក ​ខៀវ សុភ័គ ​បន្ថែម​ថា ​បើ​លោក ​សម រង្ស៊ី ​ចូល​មក​ប្រទេស​កម្ពុជា​មែន​ហើយ​ធ្វើ​សកម្ម​ភាព​ណា​មួយ​ដែល​មាន​លក្ខណៈ​ប្រឈម​មុខ​ដាក់​គ្នា​នោះ​ អ្នក​នយោបាយ​ជំទាស់​ចាស់​វស្សារូប​នេះ​នឹង​ត្រូវ​ទទួល​បាន​ការ​ឆ្លើយតប​ពី​សមត្ថ​កិច្ច​កម្ពុជា ​ដោយ​សារ​លោក​ត្រូវ​បាន​កាត់​ទោស​ដោយ​តុលាការ។​

លោក​បន្ថែម​ថា៖ ​«ស្លាប់​ខ្លួន​នឹង​អា​ម៉េច? ​ស្លាប់​ខ្លួន [ត្រង់​ថា]​តដៃ​ជាមួយ​សមត្ថកិច្ច។ ​យើង​គេ​ចាប់​ទៅ​ តដៃ​ គេ​ដាក់​ហើយ​ ព្រោះ​ដីកា​រុំខ្លួន​ជុំ​ទិស។​ គេ​អនុវត្ត​ច្បាប់​ហើយ​ហ្នឹង​ហើយ»។​

កាលពី​៨​ឆ្នាំ​មុន​ លោក​ សម រង្ស៊ី​ បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា ​ដើម្បី​គេច​ពី​ការ​ប្រឈម​មុខ​នឹង​ការ​ផ្តន្ទា​ទោស​សំណុំ​រឿង​ព្រហ្មទណ្ឌ​ជា​ច្រើន​ករណី។ ​លោក​និង​សហការី​របស់​លោក​ជា​ច្រើន​នាក់​ទៀត ​ក៏​បាន​រង​ការ​ចោទ​ប្រកាន់​មួយ​ចំនួន ​ពាក់​ព័ន្ធ​នឹង​ការរៀបចំ​ផែន​ការ​ត្រឡប់​មក​កម្ពុជា​វិញ៕