បេក្ខភាព​របស់​​លោក​សម រង្ស៉ី​ទំនង​ជា​ត្រូវ​ទុក​ចរចា​គ្នា​ពេល​ចេញ​លទ្ធផល​នៃ​ការ​បោះឆ្នោត

លោក​​សម រង្ស៉ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​

វ៉ាស៊ីនតោន៖ ទោះជា​មេ​ដឹកនាំ​គណបក្ស​ជំទាស់​មិន​បាន​ទទួល​ជោគជ័យ​ក្នុងការ​ចុះ​ឈ្មោះ​បោះឆ្នោត​និង​ចុះ​ឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការបោះ​ឆ្នោតក្តី​ក្រុម​អ្នក​វិភាគ​បាន​អះអាង​ថា​ ដំណោះ​ស្រាយ​នយោបាយ​សម្រាប់​បញ្ហា​ភាព​ស្របច្បាប់​នៃ​ការ​បោះឆ្នោត​នេះ​ទំនង​ជា​អាច​កើត​មាន ​ក្រោយ​ពេល​បោះឆ្នោត។​ ពីរដ្ឋធានី​វ៉ាស៊ីនតោន​ លោកសុខ ខេមរា​នៃ​វីអូអេ​ ​រាយ​ការណ៍​ថា​ លទ្ធផល​បោះឆ្នោត​នឹង​ក្លាយជារឿង​សំខាន់​ក្នុងការ​ជជែក​គ្នា​របស់​អ្នក​នយោបាយ។

មេ​ដឹកនាំ​គណបក្ស​ជំទាស់​បាន​ធ្វើ​កិច្ចការ​តាម​ផ្លូវ​ច្បាប់​ក្នុង​កិច្ច​ព្យាយាម​ឲ្យ​មាន​ឈ្មោះ​បោះឆ្នោត​និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខជន​ដើម្បី​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ជាតិ​នីតិកាល​ទី៥​នេះ​ទទួល​បាន​ភាព​ស្រប​ច្បាប់ ​ឬ​ទទួល​ស្គាល់​ជា​អន្តរជាតិ។​ បើទោះ​បីជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​មេដឹកនាំ​គណបក្ស​ជំទាស់​ត្រូវ​បាន​ច្រានចោល​ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​និង​ដោយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ក្តី​ ក៏ក្រុម​អ្នក​វិភាគ​ខ្លះ​បាន​អះអាង​ថា​ បញ្ហា​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះឆ្នោត ​ឬ​ក៏​ភាព​មិន​ច្បាស់​លាស់​នៃ​តួនាទី​របស់​លោក​សម រង្ស៉ី​ទំនង​ជាត្រូវ​លើក​ទៅ​ចរចា​គ្នា​នៅ​ពេល​លទ្ធផល​នៃ​ការ​បោះឆ្នោត​បាន​ប្រកាស​ចេញ។​

លោក​បណ្ឌិត​ពុទ្ធា ហង្ស​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​គឺនិចហ្វិច​ បាន​អះអាង​ប្រាប់​វីអូអេ​ថា៖​ «ខ្ញុំ​ជឿ​ថា​ សម្រាប់អ្នក​នយោបាយ​អាច​នឹង​មាន​ការ​ព្យាយាម​នៅ​មុន​ការ​បោះឆ្នោត​ ប្រសិន​បើ​អាច​ទៅ​រួច។ ​ប៉ុន្តែបើ​ទៅមិន​រួច​ទេ ​ប្រហែល​ជា​អាច​នឹង​មាន​ការ​ព្យាយាម​ ក្រោយ​ការ​បោះឆ្នោត ​ពីព្រោះ​លទ្ធផល​បោះឆ្នោត​ក៏​អាច​ជា​ទម្ងន់​សម្រាប់​ការ​ចរចានៃ​ភាគី​ណាមួយ​ដែរ»។​

ក្រុម​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​គឺ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​និង​លោក​សម រង្ស៉ី​បាន​ប្រើ​ភាសាស្រដៀង​គ្នា ​ក្រោយ​ពេល​លោកសម រង្ស៉ី​ទទួល​បាន​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ។​ ការ​លើកលែង​ទោស​នេះ​ត្រូវ​ស្នើ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក្នុង​អ្វី​មួយ​ដែល​មេដឹកនាំ​ប្រជែង​នយោបាយ​ទាំង​ពីរ​បាន​អះអាង​ថា​ ជា​ស្មារតី​ការ​ផ្សះផ្សារ​ជាតិ ​បង្រួប​បង្រួម​ជាតិ​ និង​ប្រជាធិបតេយ្យ​ជាដើម។

លោកពុទ្ធា ហង្ស​បានចាត់​ទុក​ថា​ នេះ​ជា​ភាសា​ដែល​គួរ​តែ​បើក​ផ្លូវ​ឲ្យ​មាន​ការ​ចរចាស៊ីជម្រៅ​ដើម្បី​ឲ្យ​លោកសម រង្ស៉ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​និង​មាន​ឈ្មោះ​ក្នុងបញ្ជី​បោះឆ្នោត។

លោក​និយាយ​ថា៖ ​«ខ្ញុំថា​ នាយក​រដ្ឋមន្ត្រី​ លោក​បាន​បង្ហើប​និង​ប្រើ​ពាក្យ​ថា​ បង្រួប​បង្រួម​ជាតិ ​និង​ផ្សះផ្សា​ជាតិ។​ អញ្ចឹង​ខ្ញុំ​គិត​ថា ​គំនិត​នេះ​គឺ​ជា​ការ​បើក​ផ្លូវ​មួយ​ហើយ។ ​អញ្ចឹង​ ប្រសិន​បើ​គណបក្ស​នយោបាយ​ខ្មែរ​ហ្នឹង​អាច​ធ្វើការ​ចរចាគ្នា​បាន​ដើម្បី​ឈាន​ទៅរក​ដំណោះ​ស្រាយ​ដើម្បី​ឈាន​ទៅ​រក​ការ​អភិវឌ្ឍជាតិ​ឲ្យ​មាន​ភាព​កាន់តែ​ជឿន​លឿន​នោះ វា​គឺជា​រឿងល្អ​ប្រសើរ​សម្រាប់សង្គម​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា»។​

លោកសុខ ទូច ​អ្នកវិភាគ​នយោបាយ​ និង​ជា​សាកល​វិទ្យា​ធិការ​នៃ​សាកល​វិទ្យាល័យ​ខេមរៈ​ បាន​ថ្លែង​ថា​ ការ​មិន​ជួប​ចរចាក៏ជា​តាកតិច​នយោបាយ​របស់​លោក​សម រង្ស៉ី​ដើម្បី​កាត់បន្ថយ​ការភ័ន​ច្រឡំ​ពី​អ្នក​គាំទ្រ​ដែរ។


លោក​និយាយថា៖ ​ «អញ្ចឹង​ផ្លូវ​នយោបាយ​ បើសិន​ជា​ឯក​ឧត្តម​សម រង្ស៉ី​ទៅ​ចរចាក្រោមតុ ​ឬ​ក្រោយ​វាំងនន​ នឹង​ធ្វើឲ្យ​បាត់បង់​ជំនឿ​ទៅលើ​ឯក​ឧត្តម​សម រង្ស៉ី។​ ប៉ុន្តែ​បើសិន​ជា​ឯក​ឧត្តម​សម រង្ស៉ី​មិន​បាន​ធ្វើវិញ ​ខ្ញុំ​ជឿ​ថា ​គ្មាន​អ្វី​ប្រែប្រួល​ទេ។ ​អ្នកគាំទ្រ​ នៅតែ​គាំទ្រ​ដដែល​ ហើយ​ថែម​ទាំង​មាន​គេ​អាណិត​អាសូរ ​ព្រោះ​គាត់​ជាតួ​ដែល​គេ​ធ្វើ​បាប»។​

លោក​សុខ ទូច​បានប្រៀប​ប្រដូច​លោក​សម រង្ស៉ី​ទៅនឹង​តួអង្គ​ក្នុងរឿង​ព្រេង​ខ្មែរ​ ជាច្រើន​ដែល​ពលរដ្ឋ​តែងតែ​អាណិត​ដល់​តួ​ឯក​ជា​ជាង​តួ​យក្ស។ ​លោកសុខ ទូច​បាន​អះអាង​ថា​ កម្ពុជា​មិនគួរ​បាត់បង់​ភាព​ស្រប​ច្បាប់​ និង​ក្លាយ​ជា​ភូមា​ទី២ ​ដោយសារ​តែការ​ប៉ុនប៉ង​រារាំង​មេដឹកនាំ​ប្រឆាំង​មិនឲ្យ​ចូលរួម​ប្រកួត​ប្រជែង​ក្នុងការ​បោះឆ្នោត​ខាងមុខ​ដោយ​ស្មើភាព​គ្នា ហើយ​នឹង​បញ្ហា​មិនឲ្យ​ក្រុម​ប្រឆាំង​កាន់កាប់​រដ្ឋាភិបាល ​ពេលមាន​ជ័យ​ជំនះ​កាលពី​ការ​បោះឆ្នោត​នៅ​ដើម​ទសវត្សរ៍​១៩៩០​នោះ​ទេ។​

លោក​និយាយ​ថា៖ ​«បើសិន​ជា​ឯក​ឧត្តម​សម​ រង្ស៉ី​ គាត់ចង់​ចរចាណា​មួយ​នៅក្នុង​ផ្នែក​នយោបាយ​ ត្រូវមាន​ការ​ដោះដូរ។​ តែបើ​គាត់អត់​ចរចាគាត់​បាន​បំពេញ​គតិ​យុត្ត​ អញ្ចឹង​មាន​ន័យ​ថា​ អ្នក​នយោបាយ​ ទោះជា​គ្មាន​ផ្លូវ​ណា​ចេញក៏អត់​មាន​បញ្ហា​ដែរ។​ តែអ្វី​ដែល​ជា​អ្នក​ទទួល​បរាជ័យ​ ​ មានបី​អ្នក​បរាជ័យ​គឺទី​១ ​ផ្លូវច្បាប់​នៅ​កម្ពុជា។​ ទី២​ រាជវាំង។​ ទី៣ ​គឺ​ប្រជាជន​ខ្មែរ​ដែល​ជា​អ្នក​បរាជ័យ»។​

ក្រុម​អ្នក​វិភាគ​និង​មន្ត្រី​គណបក្ស​នយោបាយ​រំពឹង​យ៉ាងខ្លាំង​ថា​ លោកសម រង្ស៉ី​អាច​មាន​លទ្ធភាព​ចុះ​ឈ្មោះ​និង​ចូលរួម​ឈរ​ឈ្មោះ​ឲ្យគេ​បោះឆ្នោត​ឲ្យ ​តាម​សេនារិយោ​ផ្សេងៗ​ ក្រោយពី​វិល​មកដល់​កម្ពុជា​វិញ​បើមាន​ការ​សម្រុះ​សម្រួល​នយោបាយ​មុនការ​បោះឆ្នោត​ថ្ងៃ​ទី២៨ខែ​កក្កដា​ឆ្នាំ​២០១៣ ។​ តែ​ក្តី​រំពឹង​ក្នុង​ការ​បំពេញ​ភាព​ស្របច្បាប់​នោះ​ត្រូវ​ថមថយ​ទៅវិញ ​ដោយ​សារ​ការ​ប្រឹង​ប្រែង​តាម​ផ្លូវ​ច្បាប់​មិន​បាន​ទទួល​ជោគជ័យ​ ហើយគ្មានការ​ចរចា​គ្នា​រវាងក្រុម​មេដឹកនាំ​នយោបាយ​ទាំង​ពីរ។​

ទោះជា​យ៉ាងណា​ក៏ដោយ​ លោកបណ្ឌិត ​ឡៅ ម៉ុងហៃ​ អ្នកវិភាគ​ឯករាជ្យ​ដែល​កោត​សរសើរ​អាជ្ញាធរ​ចំពោះ​បញ្ហា​សន្តិសុខ​សណ្តាប់​ធ្នាប់​សម្រាប់ដំណើរការ​បោះឆ្នោត​នោះ​ បាន​អះអាង​ថា ​ការ​ចរចាពេល​នេះ​មិនមែន​ជា​ការ​ចាំបាច់​ទេ។​

លោក​ពន្យល់ថា៖​ «កាលៈទេសៈ ​ដូចជា​មិនមាន​តម្រូវការ​ចាំបាច់​ឲ្យ​មាន​ការ​ជួប​គ្នា​ នៅពេល​ដែល​គណបក្ស​ទាំងឡាយ​ប្រកួត​ប្រជែង​គ្នា​ហ្នឹង​ទេ។​ ម្នាក់ៗ​ខំប្រឹង​រៀងៗ​ខ្លួន។​ ថ្វីត្បិត​តែ​មាន​ស្មារតី​បង្រួប​បង្រួម​ជាតិ​ក៏ដោយ ​ក៏​នៅតែ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​អញ្ចឹង»។​

ក្រុម​អ្នក​វិភាគ​បាន​អះអាង​ថា​ គណបក្ស​ធំៗ​ទាំង​ពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ អាច​មាន​ការ​ចរចា​គ្នា​ច្រើន​ដើម្បី​ដឹកនាំ​ប្រទេស ​បើ​គណបក្ស​ទាំង​ពីរ​នេះ​មិន​អាច​ឈ្នះ​សំឡេងច្រើន​ដាច់ខាត​ ដែល​អាច​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​បាន​ក្រោយការ​បោះឆ្នោត។​

កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ប្រថុយ​ប្រថាន​នឹង​ការ​កាត់​ជំនួយ​របស់​ស.រ.អា. ​និង​ការ​មិន​ទទួល​ស្គាល់​ភាព​ស្របច្បាប់​នៃ​ការ​បោះឆ្នោត​និង​ភាព​ស្របច្បាប់​នៃ​រដ្ឋា​ភិបាល​ថ្មី​ ​ប្រសិន​បើ​ការ​បោះឆ្នោត​នេះ​ត្រូវ​គេ​ចាត់​ទុក​ថា ​គ្មាន​លក្ខណៈ​សេរី ​យុត្តិធម៌​ ដែល​អាច​ទទួល​យក​បាន៕