លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានអំពាវនាវឱ្យកម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរចូលរួមការបោះឆ្នោតឃុំ-សង្កាត់ បើទោះជាមិនមានការអនុញ្ញាតច្បាប់បន្ថែមនឹងជួយសម្រួលក្នុងការធ្វើដំណើរទៅកាន់លំនៅស្ថានរបស់ខ្លួននៅតាមខេត្តនានាក៏ដោយ។ នេះបើយោងតាមវីដេអូខ្លីដែលចេញផ្សាយក្នុងទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃអង្គារនេះ។
បន្ទាប់ពីសម្តែងការសោកស្តាយដែលក្រសួងការងារ មិនអនុញ្ញាតឱ្យមានការឈប់សម្រាកលើសពីថ្ងៃបោះឆ្នោត និងមិនសម្រួលដល់ការធ្វើដំណើររបស់កម្មករ-កម្មការិនី ឱ្យបានចូលរួមបោះឆ្នោតឃុំ-សង្កាត់ពេលខាងមុខ លោក សម រង្ស៊ីដែលកំពុងរស់នៅនិរទេសខ្លួនបានថ្លែងថា៖
«ទោះជាគេមិនសម្រួលឱ្យកម្មករ-កម្មការិនីចូលរួមបោះឆ្នោតនាថ្ងៃអាទិត្យនេះយ៉ាងណាក៏ដោយ ខ្ញុំសូមអំពាវនាវឱ្យក្មួយៗកម្មករ-កម្មការិនីហ៊ានលះបង់ពេលវេលាខ្លះនឹងថវិកាខ្លះដើម្បីចូលរួមក្នុងការបោះឆ្នោតនេះ កុំបីអាក់ខានឡើយ! ការលះបង់នេះគឺតិចតួចទេ ប្រៀបធៀបទៅនឹងផលចំណេញដែលក្មួយៗកម្មករកម្មការិនីនឹងទទួលបាន នៅពេលដែលមានការផ្លាស់ប្តូរក្នុងសង្គមដូចយើងចង់បានទាំងអស់គ្នា»។
ប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៤ នាថ្ងៃអាទិត្យ ទី៤ ខែមិថុនាខាងមុខ ដោយមានគណបក្សនយោបាយចំនួន១២ចូលរួមក្នុងការប្រកួតប្រជែងនេះ។
មកដល់ពេលនេះមិនទាន់មានការអនុញ្ញាតជាផ្លូវការណាមួយឱ្យកម្មករ-កម្មការិនីឈប់សម្រាកលើសពីថ្ងៃបោះឆ្នោត ដើម្បីធ្វើដំណើរទៅចូលរួមការបោះឆ្នោតនៅស្រុកកំណើតរបស់ពួកគេនៅឡើយនោះទេ។ ការណ៍នេះធ្វើឱ្យមានការព្រួយបារម្ភពីសំណាក់អ្នកឃ្លាំមើលការបោះឆ្នោតនិងអ្នកការពារសិទ្ធិការងារចំពោះការមិនអាចចូលរួមអនុវត្តសិទ្ធិបោះឆ្នោតរបស់កម្មករ-កម្មការិនីឱ្យបានពេញលេញ។
VOA មិនអាចទំនាក់ទំនងមន្ត្រីនៃក្រសួងការងារ និងអ្នកនាំពាក្យនៃក្រសួងនេះ ដើម្បីសុំក្តីអធិប្បាយបានទេនាថ្ងៃអង្គារនេះ។
កាលពីសប្តាហ៍កន្លងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប. បានឱ្យមានការសម្របសម្រួលដល់បុគ្គលិកឯកជន និងកម្មករ-កម្មការិនីទាំងអស់ចូលរួមក្នុងការបោះឆ្នោត ដែលនឹងធ្វើឡើងនាថ្ងៃទី៤ ខែមិថុនាខាងមុខ ដើម្បីឱ្យពួកគាត់មានឱកាសក្នុងការប្រើប្រាស់សិទ្ធិនយោបាយរបស់ខ្លួន ជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋាន ដែលខ្លួនពេញចិត្ត។
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC ថ្លែងប្រាប់ VOA នាថ្ងៃអង្គារនេះថា មកដល់ពេលនេះមិនទាន់មានការតម្រូវពីក្រសួង ណាមួយឱ្យកម្មករ-កម្មការិនីឈប់សម្រាកច្រើនថ្ងៃ ឬសម្រួលឲ្យមានការធ្វើដំណើរទៅបោះឆ្នោតនៅតាមខេត្តនានានៅឡើយទេ ក៏ប៉ុន្តែសមាគមរោងចក្រកាត់ដេរបានសម្រេចអនុញ្ញាតច្បាប់មួយថ្ងៃគឺថ្ងៃអាទិត្យ ទី៤ ដើម្បីឱ្យកម្មករ-កម្មការិនីបានចូលរួមការបោះឆ្នោត។
«ជាគោលការណ៍យើងប្រាប់ទៅសមាជិកយើងទាំងអស់ឱ្យធ្វើតាមច្បាប់ហើយ មានន័យថាថ្ងៃ៤ត្រូវតែឱ្យឈប់សម្រាក ក្រៅពីហ្អាហ្នឹង ឱ្យសហគ្រាសមួយៗទៅ ពិចារណាខ្លួនឯង ហើយសម្រួលតាមសហគ្រាសនិមួយៗទៅ»។
លោក ខេន លូ បន្ថែមថា កម្មករ-កម្មការិនីមានសិទ្ធិក្នុងការសុំច្បាប់ឈប់សម្រាកសម្រាប់ការធ្វើដំណើររបស់ខ្លួន ក៏ប៉ុន្តែរោងចក្រកាត់ដេរមិនទទួលខុសត្រូវ ក្នុងការចេញថ្លៃធ្វើដំណើរ ឬការឈប់សម្រាកអ្វីនោះទេ។ លោកថា តាមច្បាប់បោះឆ្នោតកម្មករ-កម្មការិនីអាចបោះឆ្នោតនៅឃុំសង្កាត់ដែលខ្លួនកំពុងស្នាក់នៅ ហើយនេះវាប្រសើរជាងការធ្វើដំណើរឆ្ងាយទៅកាន់ស្រុកកំណើតរបស់ខ្លួនដែលមិនបានរស់នៅដិតដល់នោះ។
លោក ខេន លូ បញ្ជាក់បន្ថែមថា៖
«ទីពីរខ្ញុំសួរថាកម្មករ ដែលធ្វើការឧទាហរណ៍គាត់ធ្វើការនៅភ្នំពេញ គាត់នៅទីតាំងធ្វើការប្រហែលនៅ១ឆ្នាំ៣៦៥ ហើយនៅហ្នឹងប្រហែល៣៥០ថ្ងៃ អីចឹងសំខាន់គាត់ជួបបញ្ហាគាត់ត្រូវលើកឱ្យមេសង្កាត់។ អញ្ចឹងគាត់បោះឆ្នោតនៅទីតាំងដែលគាត់ធ្វើការមានប្រយោជន៍ជាង មែនហ្អេ?»
យ៉ាងហោចណាស់មានកម្មករ-កម្មការិនីជាង ៧០ម៉ឺននាក់ ដែលមកពីខេត្តនានាទូទាំងប្រទេសកម្ពុជាកំពុងបម្រើការងារក្នុងឧស្សាហកម្មកាត់ដេរក្នុងប្រទេសដ៏ក្រីក្រនេះ។ ក្នុងបញ្ជីឈ្មោះថ្មីសម្រាប់ការបោះឆ្នោតជ្រើសរើស ឃុំ-សង្កាត់ អាណត្តិទី៤ នេះ ចំនួនប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតជាផ្លូវការមានចំនួន៧លាន ៨សែននាក់ ដែលស្មើនឹងប្រមាណ៨៥ភាគរយនៃពលរដ្ឋដែលដល់អាយុបោះឆ្នោត។
ក្នុងការបោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខមានតែគណបក្សធំៗពីរតែប៉ុណ្ណោះគឺគណបក្សប្រជាជនកម្ពុជារបស់លោក នាយករដ្ឋមន្ត្រីហ៊ុន សែន និងគណបក្សសង្គ្រោះជាតិដែលមានបេក្ខជនឈរឈ្មោះគ្រប់ឃុំ-សង្កាត់ចំនួន ១.៦៤៦ទូទាំងប្រទេសកម្ពុជា។
លោក សម រង្ស៊ី អតីតប្រធានគណបក្សជំទាស់សង្គ្រោះជាតិ បានបន្ថែមក្នុងវីដេអូខ្លី ដែលបង្ហោះតាមបណ្តាញសង្គមថា មានតែការចូលរួមបោះឆ្នោត របស់និយោជិកកាត់ដេរទាំងអស់ អាចនាំមកនូវការផ្លាស់ប្តូរ ឱ្យមានសិទ្ធការងារ បំបាត់អំពើពុករលួយ ជំរុញឱ្យមានសេវាសាធារណៈប្រសើរជាងមុនជាដើម។
លោក សម រង្ស៊ីមានប្រសាសន៍បន្ថែមថា៖
«មានតែការបោះឆ្នោតទេដែលអាចធ្វើឱ្យយើងសម្រេចបាននូវគោលដៅរបស់យើងដែលចង់ឱ្យមានការផ្លាស់ប្តូរបណ្តើរៗ ពីភាពអយុត្តិធម៌ទៅភាពយុត្តិធម៌ និងពីភាពក្រតោកយ៉ាកទៅភាពសម្បូរសប្បាយ។ ទាល់តែគណបក្សសង្គ្រោះជាតិ និងប្រជារាស្រ្តខ្មែរទាំងមូល ទទួលបានជោគជ័យ ក្នុងការបោះឆ្នោត២០១៧នេះជាមុនសិន ទើបយើងនឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោតជាតិនៅឆ្នាំ២០១៨»។
អតីតប្រធានគណបក្សជំទាស់ លោក សម រង្ស៊ីបានសម្រេចលាលែងពីតំណែងប្រធានគណបក្សសង្គ្រោះជាតិកាលពីដើមខែកុម្ភៈកន្លងទៅ ក្រោយពីមានភាពតានតឹងរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន និងបណ្តឹងជាច្រើនប្រឆាំងនឹងរូបលោក។
ក្នុងសារមួយអំពាវនាវឱ្យនិយោជិកកម្មករក្នុងវិស័យកាត់ដេរចូលរួមការបោះឆ្នោតឃុំ-សង្កាត់នោះ លោក សម រង្ស៊ីក៏បានបញ្ជាក់ផងដែរថា ការចាកចេញរបស់លោកពីគណបក្សសង្គ្រោះជាតិគឺ គ្រាន់តែមួយរយៈប៉ុណ្ណោះ ហើយលោកនៅតែស្ថិតនៅជាមួយគណបក្សជំទាស់នេះដដែល៕