លោក​សម រង្ស៊ី​ចោទ​លោកហ៊ុន សែន​ថា​កំពុង​បំបែក​បក្ស​សង្គ្រោះជាតិ

រូបឯកសារ៖ លោក សម រង្ស៊ី (កណ្តាល) និង​លោក កឹម សុខា (ស្តាំ) ក្នុង​ពេល​ថ្លែង​សុន្ទរកថា​មួយ​នៅ​ក្នុងការ​ជួបជុំ​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នៅ​ខាងមុខ​រដ្ឋសភា​​ជាតិ នៅ​ថ្ងៃ​ទី១០ ខែឆ្នូ ឆ្នាំ២០១៤។

លោកសម រង្ស៊ី​ ថ្លែង​ថា៖ «លោក​ប្រធាន​កឹម សុខា​ ត្រូវ​ហ៊ុន សែន​ ចាប់​យក​ទៅ​ឃុំឃាំង​ លោក​មិន​អាច​ធ្វើអី​បាន​ទេ​ លោក​អត់​មាន​សេរីភាព​ទេ​ គេ​យក​ឈ្មោះ​លោកកឹម សុខា​ យក​ទៅ​ប្រើ​ទៀត​ នេះ​ជា​ល្បិច​ហ៊ុន សែន​ ដើម្បី​បំបែក​បំបាក់​គណបក្ស​សង្គ្រោះ​ជាតិ»។

អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​កម្ពុជា បាន​ថ្លែង​ចោទ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ លោកហ៊ុន សែន ​ថា​បាន​និង​កំពុង​បំបែក​គណបក្ស​ប្រឆាំង​ដែល​មាន​លោក​កឹម សុខា ​ជា​ប្រធាន​តែ​ស្ថិត​ក្នុង​ការ​ជាប់​ឃុំ​ក្នុងផ្ទះ។ នេះបើ​យោងតាម​ការ​ប្រកាស​របស់​លោកសម រង្ស៊ី​ តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​កាលពី​ថ្ងៃ​អង្គារ។

ក្នុង​វីដេអូ​ឃ្លីប​ដែល​មាន​រយៈពេល​ជាង​ពីរ​នាទី​របស់​លោក​សម រង្ស៊ី​ ដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​ លោក​សម រង្ស៊ី​ បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ទាំង​អស់​កុំចាញ់​ល្បិច​កលនយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​លោក​ចោទ​ថា​ បាន​កំពុង​យក​លោក​កឹម សុខា​ ជា​ចំណាត់​ខ្មាំង​ខាង​នយោបាយ​ ដើម្បី​កម្ចាយ​គណបក្ស​សង្គ្រោះ​ជាតិ។

លោកសម រង្ស៊ី​ ថ្លែង​ថា៖

«លោក​ប្រធាន​កឹម សុខា​ ត្រូវ​ហ៊ុន សែន​ ចាប់​យក​ទៅ​ឃុំឃាំង​ លោក​មិន​អាច​ធ្វើអី​បាន​ទេ​ លោក​អត់​មាន​សេរីភាព​ទេ​ គេ​យក​ឈ្មោះ​លោកកឹម សុខា​ យក​ទៅ​ប្រើ​ទៀត​ នេះ​ជា​ល្បិច​ហ៊ុន សែន​ ដើម្បី​បំបែក​បំបាក់​គណបក្ស​សង្គ្រោះ​ជាតិ»។

សារ​នយោបាយ​ដែល​លោកសម រង្ស៊ី ថ្លែង​ពី​ទីក្រុង​អាត្លង់តា​សហរដ្ឋ​អាមេរិក​បាន​បន្ថែម​ថា៖

«តែ​យើង​ត្រូវតែ​រួម​កម្លាំង​គ្នា​ជា​ដាច់​ខាត​ ជាធ្លុង​មួយ​ ហើយ​យើង​ត្រូវ​យល់​ឲ្យ​ច្បាស់​រក្សាជំហរ​ ឲ្យ​ច្បាស់​កឹម សុខា​ និង​សម​ រង្ស៊ី​ ជា​មនុស្ស​តែមួយ​ទេ​ បេះដូង​តែមួយ ​គោល​បំណង​តែមួយ។ គឺ​សង្គ្រោះ​ជាតិ​យើង​ទាំង​អស់​គ្នា»។

លោកផៃ ស៊ីផាន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​ខ្មែរ​ ប្រាប់​ VOA ​នៅថ្ងៃ​ពុធ​នេះ ការ​អធិប្បាយ​របស់​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​សម រង្ស៊ី​ គឺ​ជា​សារ​នយោបាយ​ច្រំដែលៗ។ លោក​មាន​ប្រសាសន៍​ថា៖

«គាត់​និយាយ​ជិត​២០​ ឆ្នាំ​ហើយ​អាហ្នឹង​ ខ្ញុំ​មិនសូវ​ចាប់​អារម្មណ៍​ទេ​គាត់​ ឲ្យ​គាត់​ថា​ម៉េច​ថា​ទៅ អាហ្នឹង​ជារឿង​របស់​គាត់​ទេ។ ហើយ​គាត់​មិន​ទុកចិត្ត​ខ្លួន​គាត់​ គាត់​ចេះបន្ទោស​គេ​ បន្ទោស​ឯង​ រហូត​បាន​ចងក្រង​ក្រម​មួយ​ គេថា​ «មិន​ខ្លាច​ មិនលក់​ មិនបែក‍»​ អាហ្នឹង​ពី​គាត់​បង្កើត​ ពាក្យ​ខ្លួន​គាត់​ទេ​ ដូច្នេះ​ គ្រាន់តែ ​ឲ្យ​គេ​ចាប់​អារម្មណ៍​ទៅលើ​គាត់​តែប៉ុណ្ណឹង​ ក្នុងការ​លើក​ឡើង​បាទ»។

ការ​អធិប្បាយ​របស់​លោក​សម រង្ស៊ី​ ដែល​បាន​ចោទ​ថា​ លោក​ហ៊ុន សែន​ ព្យាយាម​ប្រើ​ល្បិច​បំបែក​បំបាក់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ធ្វើ​ឡើង​ ​បន្ទាប់​ពីលោក​បាន​ជួបជុំ​គ្នា​ជាមួយ​ក្រុម​ដែល​ស្និទ្ធ​នឹង​លោក​ ដើម្បី​ធ្វើសន្និសីទ​ពិភពលោក​មួយ​របស់​គណបក្ស​សង្គ្រោះជាតិ​នៅ​ទីក្រុង​អាត្លង់តា ​រដ្ឋ​ Georgia​ ​សហរដ្ឋ​អាមេរិក ​កាលពី​ថ្ងៃទី​១និងទី​២ ខែធ្នូ​ កន្លង​ទៅនេះ​។​

ក្នុងពេល​ធ្វើ​សន្និសីទ​នោះ​ ​លោក​ ​សម​ ​រង្ស៊ី ដែល​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ផង​នោះ​បាន​ប្រកាស​ទទួល​យក​ឋាន:​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ពេល​ដែល​លោក​ ​កឹម សុខា​ ​នៅ​ជាប់​ឃុំឃាំង​ក្នុង​គេហដ្ឋាន​ ​ទៅតាម​ការ​ស្នើ​របស់​តំណាង​ដែល​ចូលរួម​សន្និ​សីទ​ពិភព​លោក​នោះ។

ពីរ​ថ្ងៃ​ក្រោយ​សន្និសីទ​នោះ​ លោក​ចាន់​ ចេន​ មេធាវី​មួយ​រូប​របស់​លោក​កឹម សុខា​ ​បាន​ប្រាប់​ VOA ​ថា​ លោក​សម រង្ស៊ី​ កំពុង​រំលោភ​លក្ខខន្តិកៈ​របស់​បក្ស​និង​មិន​ពេញ​ចិត្ត​នឹង​ការ​ធ្វើ​សន្និសីទ​របស់​ក្រុម​អ្នក​គាំទ្រគណបក្ស​សង្គ្រោះ​ជាតិ​នៅទីក្រុង​អាត្លង់តា ​រដ្ឋ​ Georgia​ ​សហរដ្ឋ​អាមេរិក​ទេ។

VOA ​ព្យាយាម​សុំការ​អធិប្បាយ​បន្ថែម​ ពី​លោក​ចាន់​ ចេន ​តែ​ទូរស័ព្ទ​លោករោទិ៍​ គ្មាន​អ្នក​ទទួល។ អ្នកស្រី​ម៉េងសុភារី​ មេធាវី​ មួយ​រូប​ទៀត​ របស់​លោក​កឹម សុខា​ មិន​មានការ​អធិប្បាយ​ទៅលើ​ការ​ថ្លែង​របស់​លោក​សម រង្ស៊ី​ ហើយ​ថា​ អ្វី​ដែល​លោក​សម រង្ស៊ី​ បាន​លើក​ឡើង​ពាក់​ព័ន្ធ​នឹង​កូនក្តី​អ្នកស្រី​នោះ​ គ្រាន់​តែ​ជា​ការ​បញ្ចេញ​ការយល់​ឃើញ​មួយ​តែប៉ុណ្ណោះ។

«ពីមុន​ដូចជា​គាត់​លើក​ករណី​រឿង​ភ្នាល់​ហ្នឹង​ វា​មាន​ប៉ះពាល់​ហើយ​ អ៊ីចឹង​ យើង​ក៏បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​មួយ​ ដោយសារ​តែ​ការ​ភ្នាល់​របស់​គាត់​ហ្នឹង​ វា​ប៉ះពាល់​ទៅដល់​ដំណើរការ​នីតិវិធី​របស់​កូន​ក្តីយើង​ខ្ញុំ​ច៎ា។ ហើយ​ដោយ​ឡែក​ ចំពោះ​ការណ៍​ដែល​គាត់​លើក​ឡើង​ថ្មីៗ​នេះ​ គឺ​ជា​ការយល់​ឃើញ​ស្រេច​តែ​គាត់​យល់​ឃើញ​ទៅចុះ។ ហើយ​ចំពោះ​យើង​ខ្ញុំ​សុំ​មិន​ ធ្វើការ​អត្ថាធិប្បាយ​ទាក់​ទង​ទៅនឹង​ការ​យល់​ឃើញ​របស់​គាត់​ទេ»។

គ្រា​លោក​សម រង្ស៊ី បន្ត​ថ្លែង​ការពារ​ថា​ លោក​កឹម សុខា​ និង​រូប​លោក​ជា​មនុស្ស​តែមួយ​នោះ​ ក្រុម​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏ត្រូវ​បាន​គេមើល​ឃើញ​ថ្លែង​សារ​នយោបាយ​ផ្សេងៗ​គ្នា​នៅក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក។ មន្ត្រី​មួយ​ចំនួន​ដែល​គាំទ្រ​លោក​កឹម សុខា​ បាន​រិះគន់​ទស្សនៈ​នយោបាយ​របស់​លោក​សម រង្ស៊ី​ ចំពោះ​ការ​ស្តារ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យបាន​ដំណើរការ​ឡើង​វិញ​ នៅគ្រា​លោក​កឹម សុខា​ គ្មាន​សេរីភាព​ធ្វើនយោបាយ​ ចំណែក​មន្ត្រី​មួយ​ចំនួន​ទៀត ដែល​គាំទ្រ​លោក​សម រង្ស៊ី​ បាន​ថ្លែង​កោត​សរសើរ​លោក​សម រង្ស៊ី​ ចំពោះ​ការ​ធ្វើនយោបាយ​ការបរទេស​របស់​លោក។

លោក​បណ្ឌិត​មាស នី​ អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​កម្ពុជា​ មានប្រសាសន៍​ប្រាប់​ VOA ​ភាព​ជ្រុល​និយម​របស់​ក្រុម​និយម​បុគ្គល​ក្នុង​គណបក្ស​ប្រឆាំង​ កំពុង​នាំ​គណបក្ស​មួយ​នេះ​ ជួប​វិបត្តិ​ផ្ទៃក្នុង​បក្ស។ លោក​មាន​ប្រសាសន៍​ថា៖

«ខ្ញុំមើល​ទៅ​ក្រុម​អ្នកផ្កាប់​មុខ​ ទៅលើ​បុគ្គល​រៀង​ខ្លួន​ហ្នឹង​ ក៏បាន​បង្ក​ឲ្យ​មាន​បញ្ហា​ធំៗ​ច្រើន​ដែរ​ បើ​[យើង] ​បើ​ខ្ញុំ​ស្តាប់​ទៅ។ ព្រោះអី​ដូច​ក្នុ​ង​លក្ខខណ្ឌ​ហ្នឹង​ ឯកឧត្តម​សម រង្ស៊ី ដែល​មក​កាន់​ធ្វើ​ប្រធាន​ក្នុង​ពេល​នេះ​ គឺជា​ប្រធាន​ស្តីទី​ នៅ​ពេល​ដែល​លោក​កឹម សុខា​ មិន​បាន​ មិន​ទាន់​មានការ​ដោះលែង​ ហើយ​នៅក្នុង​លក្ខខណ្ឌ​នោះ​ តាម​ខ្ញុំ​ដឹង​ ថា​កាលណា លោក​កឹម សុខា​ គេ​ត្រូវបាន​ គេ​ដោះលែង​មក​វិញ​ ពេលនោះ​ គឺ​លោកកឹម សុខា​ នឹង​ឡើង​មក​ជា​ប្រធានសង្គ្រោះជាតិ​ហ្នឹង​ដដែល​ ដដែល​វិញ​បាទ។ ទាំងហ្នឹង​ហើយ​ដែល​ពួកក្រុម​ដែល​ផ្កាប់​មុខ​ទៅលើ​បុគ្គល​រៀងខ្លួន​ហ្នឹង​គឺ​ អត់​បាន​មើល​អាហ្នឹង​ទេ​ គ្រាន់​តែ​ ឮសូរ​ថា​មាន​ការ​ប្រជុំ​អី​ គឺ​នាំគ្នា​ប្រកាស​ គឺថា​ ដៀល​គ្នា​ទៅវិញ​ទៅមក​ តែម្តង​បាទ។ នេះ​ជា​រឿង​មួយ​ មិន​ល្អ​មើល​ទេ​ ហើយ​ក្រុម​អ្នក​ផ្កាប់​មុខ​ទាំងអស់​ហ្នឹង​ ជួនកាល​ពេលខ្លះ​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​បក្ស​ហ្នឹង​ ច្រើន​ជាជាង​ការ​គិតគូរ​អំពី​រឿង​ជាតិ»។

នៅមុន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ឆ្នាំ​២០១៧​ លោកកឹម សុខា​ ត្រូវបាន​អាជ្ញាធរ​ចាប់​ដាក់​ក្នុង​ពន្ធនាគារ​ ក្រោម​បទ​ចោទ​លោក​បាន​ឃុបឃឹត​ជាមួយ​សហរដ្ឋ​អាមេរិក​ ក្នុង​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោកហ៊ុន សែន​ ដែល​ស្មើនឹង​ការ​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ។ លោកកឹម សុខា​ បាន​ច្រាន​ចោល​ការចោទប្រកាន់​នោះ។

តែ​ទោះជា​យ៉ាង​ណា​ក៏ដោយ​ លោក​កឹម សុខា​ ត្រូវ​បាន​តុលាការ​បង្គាប់ឲ្យ​ឃុំខ្លួន​រយៈពេល​ជាងមួយ​ឆ្នាំ​ ក្នុង​ពន្ធ​នាគារ​មួយ​ដែល​ស្ថិត​នៅ​ខេត្ត​ត្បូងឃ្មុំ​ ដែល​ស្ថិត​នៅ​ភាគ​ខាងកើត​ប្រទេស​កម្ពុជា​ និង​មាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម។​ បច្ចុប្បន្ន​នេះ​ លោក​កំពុង​ស្ថិត​ក្នុងការ​ជាប់​ឃុំឃាំង​ក្នុងផ្ទះ​របស់​លោក​នា​ទីក្រុង​ភ្នំពេញ។

ប្រ​ទេស​ប្រជាធិបតេយ្យ​ធំៗ​ រួមមាន​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ បាន​ព្រមាន​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ជា​បន្តបន្ទាប់​ ដោយ​សហរដ្ឋ​អាមេរិក​ បាន​គំរាម​ផ្អឹប​ទ្រព្យសម្បតិ្ត​ក្រុមមន្ត្រី​កម្ពុជា​រូប​ណា​ ដែលធ្វើ​ឲ្យ​ខូច​ដំណើរការ​ប្រជាធិបតេយ្យ​នៅកម្ពុជា​ និង​បាន​ដាក់​បម្រាម​ក្រុមមន្ត្រី​កម្ពុជា​មួយ​ចំនួន​មិន​ឲ្យ​ចូល​ក្នុង​ទឹកដី​របស់​ប្រទេស​អាមេរិក​ផងដែរ​ រីឯ​សហភាព​អឺរ៉ុប​បាន​រំឭក​រដ្ឋាភិបាល​លោក​ហ៊ុន សែន ​ឲ្យ​រួសរាន់​ស្តារ​ការ​អនុវត្ត​ដំណើរ​ប្រជាធិបតេយ្យ​សេរីពហុបក្ស​ និង​ការ​គោរព​សិទ្ធិមនុស្ស​ និង​សិទ្ធិ​នយោបាយ​ជាបន្ទាន់​ នៅ​មុនពេល​កម្ពុជា​បាត់​បង់​ការ​គាំទ្រ​ខាង​ពាណិជ្ជកម្ម​ ក្រោម​គំនិត​ផ្តួចផ្តើម​ពាណិជ្ជកម្ម​ «គ្រប់មុខ​ទំនិញ​លើក​លែង​សព្វាវុធ» ឬ​ហៅថា​ EBA​ នោះ៕