ជម្លោះ​ដែន​ដី​នៅ​​អាស៊ី​អាគ្នេយ៍​អាច​នាំ​ឲ្យ​មាន​​ការ​ជាប់​ពាក់​ព័ន្ធ​ផ្នែក​យោធា​​​អាមេរិក​

ប្រជុំ​កោះ​សប៉្រាតលី​ស្ថិត​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

ផែនការរបស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​បញ្ជូនបុគ្គលិកយោធា​បន្ថែម​ទៀត​ទៅ​កាន់​ប្រទេស អូស្រ្តាលី (Australia) នៅ​ក្នុង​រយៈពេលប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ បាន​បង្ក​ឱ្យ​មាន​ការ​ឆ្លើយ​តបចម្រុះគ្នា នៅ​ក្នុង​ចំណោម​ក្រុម​មេដឹកនាំ​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​មាន​ភាព​ប្រយ័ត្ន​ប្រយែងចំពោះ​ការ​កើន​ឡើង​ នូវ​លទ្ធភាព​នៃ​ការ​ប្រឈម​មុខដាក់​គ្នា​ផ្នែក​យោធា។ ប៉ុន្តែ ក្រុម​អ្នក​វិភាគ​និយាយ​ថា ជម្លោះ​ដែន​ដី​ដែល​នៅ​តែ​បន្ត​ទាក់​ទង​នឹង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង គឺ​ជា​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង។ ប្រាយអិន ផែដឌែន (Brian Padden) នៃ​វីអូអេ​ ធ្វើ​សេចក្តី​រាយការណ៍​អំពី​រឿង​នេះ​ពី​ទីក្រុង​ ហ្សាកាតា (Jakarta)។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ បន្ទាប់​ពីកិច្ច​ប្រជុំ​កំពូល​អាស៊ីបូព៌ា (East Asia Summit) លោកប្រធានា​ធិបតី​ឥណ្ឌូនេស៊ី ស៊ូស៊ីឡូ បាមបាំង យូដូយូណូ (Susilo Bambang Yudhoyono) មិន​បាន​និយាយ​ថាតើ​លោក​គាំ​ទ្រ​ឬ​ប្រឆាំង​ទៅ​នឹង​កិច្ច​ព្រម​ព្រៀង​រវាងអូស្រ្តាលី និងសហរដ្ឋអាមេរិក ក្នុងការ​បោះ​ទីតាំងកង​ទ័ព​អាមេរិកាំងចំនួន​២ពាន់៥០០នាក់​ នៅ​អូស្រ្តាលីក្នុង​រយៈពេល​ពីរបីឆ្នាំទៀត។

លោក ​គ្រាន់​តែ​និយាយ​ថា លោក ​ត្រូវ​បាន​ធានា​ជា​ថ្មី​ម្តង​ទៀតថា សហរដ្ឋ​អាមេរិក​ប្តេជ្ញា​ដើម្បីថែ​រក្សា​សន្តិភាព​នៅ​ក្នុង​តំបន់នេះ។

លោក​ ​មាន​ប្រសាសន៍​ថា លោក​បាន​ជួប​ជាមួយ​នឹង​លោក​ប្រធានា​ធិបតី អូបាម៉ា (Obama) ដើម្បី​ស្តាប់​ជា​ផ្លូវ​ការ​ថា សហរដ្ឋ​អាមេរិក​មិន​មាន​ចេតនាបង្កការរំខាន​ដល់ប្រទេស​ជិត​ខាងរបស់​អូស្រ្តាលី​នោះ​ទេ។

ទោះ​បី​ជា​មេដឹក​នាំ​មួយ​ចំនួន​មាន​មតិ​ផ្ទុយ​គ្នាជា​សាធារណៈក្តី លោក ខាល ថែយ័រ (Carl Thayer) ដែល​ជា​អ្នក​វិភាគ​ស្តីពីតំបន់​អាស៊ី​អាគ្នេយ៍​នៃសាកល​វិទ្យា​ល័យ ញ៉ូវសោហ្វ​វេល (University of New South Wales) នៅ​ឯបណ្ឌិត្យសភា​កង​កម្លាំង​ការ​ពារ​ជាតិ​អូស្រ្តាលី (Australian Defense Force Academy) និយាយ​ថា មេ​ដឹកនាំ​ក្នុង​តំបន់​ភាគ​ច្រើន​បាន​ស្វាគមន៍​ចំពោះ​ដំណឹង​នេះ​ដោយ​ផ្ទាល់​ខ្លួន​វិញ។

លោក​និយាយ​ថា សហរដ្ឋ​អាមេរិក​ទទួល​បានការកោត​សរសើរ​ជា​ពិសេស នៅ​ពេល​ខ្លួន​បានដោះស្រាយ​ជាមួយ​នឹង​ប្រទេស​ចិន ទាក់ទងនឹង​ជម្លោះ​ដែនដីនៅ​ក្នុងសមុទ្រ​ចិន​ខាង​ត្បូង។ ក្រុម​ប្រទេសអាស៊ាន​ត្រូវ​ការ​ការ​ចូល​រួមផ្នែក​យោធា​របស់​សហរដ្ឋ​អាមេរិក។

«ពួកគេ​កំពុង​ធ្វើ​ឱ្យ​ប្រសើរ​ឡើងនូវ​សមត្ថ​ភាព​របស់​ពួកគេយ៉ាង​សន្សឹមៗ ប៉ុន្តែ​ ពួកគេ​ត្រូវ​ការ​មហា​អំណាច​ធំៗ ដើម្បី​ធ្វើ​ឱ្យ​មាន​តុល្យ​ភាព​ជាមួយគ្នា។ ដូច្នេះ ដូច​ដែល​ខ្ញុំ​បានលើក​ឡើង វត្តមាន​របស់​សហរដ្ឋ​អាមេរិក បាន​ផ្តល់​ខ្យល់​អុកស៊ីស្សែន អនុញ្ញាត​ឱ្យ​ពួក​គេ​ដក​ដង្ហើម មាន​តួនាទី​សំខាន់​មួយ ដោយ​បាន​ដឹងច្បាស់​ថា ប្រទេស​ចិន​នឹង​ធ្វើ​ការ​ពិចារណាទៅលើ​ការ​ពិត​ដែលថា សហរដ្ឋ​អាមេរិក​មាន​ការ​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​តំបន់។»

សមុទ្រ​ចិន​ខាង​ត្បូង គឺ​មាន​សារសំខាន់​ជា​យុទ្ធ​សាស្រ្ត​យ៉ាង​ធំធេង សម្រាប់​ការ​ដឹក​ជញ្ជូន​របស់​ពិភព​លោក ហើយ​ត្រូវ​បាន​ជឿ​ជាក់​ថា មាន​ផ្ទុករ៉ែ​ប្រេង​និង​ឧស្ម័នយ៉ាងច្រើន​សន្ធឹក​សន្ធាប់។ ប្រទេស​ចិន (China) ហ្វីលីពិន (the Philippines) វៀតណាម (Vietnam) តែវ៉ាន់ (Taiwan) ប្រុយណេ (Brunei) និង​ម៉ាឡេស៊ី (Malaysia) បាន​អះអាង​ប្រកប​ដោយ​ការ​ប្រកួត​ប្រជែង​គ្នា​ថា​ខ្លួនក៏​មាន​ចំណែក​នៅ​ក្នុង​សមុទ្រ​នេះ។

ចិន​ទាមទារ​យក​សមុទ្រ​ចិន​ខាង​ត្បូង​ទាំង​មូល ហើយ​និយាយ​ថា រាល់​ជម្លោះ​ទាំង​ឡាយ គួរ​ត្រូវ​បាន​ដោះ​ស្រាយដោយ​ឈរ​លើមូលដ្ឋាន​ទ្វេភាគី​។ សហរដ្ឋ​អាមេរិក​មិន​បានប្រកាន់​យក​ជំហរ​ណា​មួយ​ទៅ​លើការទាមទារ​របស់​ប្រទេស​ទាំង​នោះទេ ប៉ុន្តែគាំទ្រ​វិធី​សាស្រ្ត​ពហុ​ភាគី​សម្រាប់ការ​ដោះ​ស្រាយ​ជម្លោះ ដោយ​ផ្អែក​ទៅ​លើ​ច្បាប់​ដែន​សមុទ្រ​អន្តរ​ជាតិ និង​អនុសញ្ញា​អង្គការ​សហ​ប្រជាជាតិ​ស្តី​អំពី​ច្បាប់​សមុទ្រ (United Nations Convention on the Law of the Seas)។

លោក ថែយ័រ (Thayer) និយាយ​ថា នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨ ដែល​បាន​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​នេះ មាន​តែ​ប្រទេស​ភូមា (Burma) និង​ប្រទេស​កម្ពុជា (Cambodia) ​តែ​ប៉ុណ្ណោះ ​មិន​បាន​លើកឡើង​ពី​ការ​ព្រួយ​បារម្ភអំពី​ជម្លោះ​ដែន​ដី​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ហើយមេដឹកនាំ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អគ្នេយ៍ស្ទើរ​តែ​ទាំង​អស់​ បាន​គាំ​ទ្រ​ជំហរ​របស់​លោក​ប្រធានាធិបតី អូបាម៉ា។

«ការធានាអះអាងរបស់​សេតវិមាន​ទៅលើ​រឿងនេះគឺថា​ជា​មូលដ្ឋាន អ្នកឃើញមាន​ប្រទេសជាច្រើនបញ្ជាក់​សា​ជា​ថ្មីអំ​ពី​គោល​ការណ៍​ចម្បងរបស់​លោក អូបាម៉ា ដែលរួម​មាន​ច្បាប់​អន្តរ​ជាតិ ការ​មិន​ប្រើ​កម្លាំងទ័ព អនុសញ្ញា​អង្គការ​សហ​ប្រជា​ជាតិ​ស្តី​អំពី​ច្បាប់​សមុទ្រ សេរីភាព​និង​សុវត្ថ​ភាព​នាវាចរណ៍ជាដើម។»

លោក ថែយ័រ (Thayer) មើល​ឃើញ​អំពី​ទំនាក់​ទំនងរវាងកំណើន​នៃការ​ជាប់​ពាក់​ព័ន្ធ​ផ្នែក​យោធា​របស់​សហរដ្ឋ​អាមេរិក និងកំណើន​នៃសាមគ្គី​ភាព​របស់​ប្រទេសអាស៊ាន ស្តីពី​ថាតើត្រូវដោះ​ស្រាយ​ជម្លោះ​ដែន​ដីនៅ​ក្នុង​តំបន់​យ៉ាង​ដូច​ម្តេច។

លោក ដេវីដ ខាឌិន (David Carden) ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ ប្រចាំ​នៅ​សមាគមប្រជាជាតិអាស៊ី​អាគ្នេយ៍ (ឬហៅកាត់ថា អាស៊ាន) បដិសេធថា​ សហរដ្ឋ​អាមេរិកកំពុង​ព្យាយាម​បញ្ជាក់​អំពីការសម្តែង​កម្លាំង​ទ័ព​ ដើម្បីជះឥទ្ធិ​ពល​ទៅ​លើបណ្តាប្រទេស​អាស៊ាននោះទេ។

«ខ្ញុំ​មិន​ជឿ​ថា មាន​ហេតុ​ផល​ណា​មួយ​ដើម្បីច្របាច់បញ្ចូលបញ្ហា​ទាំង​អស់​នោះ​ទេ។ ទោះ​ជា​មានការ​ប៉ុនប៉ង​ណា​មួយដែលខ្លួន​អាចធ្វើ​ឡើង​ចំពោះប្រទេសផ្សេងៗ ដែល​មាន​អារម្មណ៍ថា សហរដ្ឋ​អាមេរិក កំពុងដាក់ចេញ​នូវ​គោល​ជំហរបស់​ខ្លួន។ ខ្ញុំ​មិន​គិត​ថា រឿងនោះគឺជារឿង​ពិត​ឡើយ។»

លោក​មាន​ប្រសាសន៍ថា ទី​ក្រុង​ វ៉ាស៊ីនតោន ​គ្រាន់តែ​កំពុងដើរ​តួនាទីគាំ​ទ្រ​មួយ ដល់មេដឹកនាំ​អាស៊ានដ៏យូរអង្វែងរបស់អាស៊ាន នៅ​ក្នុង​ការ​ចរចារស្តី​ពី​ក្រម​នៃ​ការ​ប្រព្រឹត្ត​ជា​មួយ​ប្រទេស​ចិនតែប៉ុណ្ណោះ៕

ប្រែ​សម្រួល​ដោយ​ ឌី​ខាំបូលី