កាលពីថ្ងៃចន្ទ ប្រទេសរុស្សីបានច្រានចោលការអះអាងដោយផ្នែកស៊ើបការសម្ងាត់ស.រ.អា.ដែលថាខ្លួនបានជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីស.រ.អា.ដែលលោក Donald Trump បានឈ្នះ ដោយរុស្សីបាននិយាយថាការចោទប្រកាន់ទាំងនេះដូចគ្នានឹង «ការតាមរករឿងក្នុងគំនិតអាក្រក់»។
លោក Dmitry Peskov អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្សី Vladimir Putin បាននិយាយថា«ទាំងអស់នេះជាការចោទប្រកាន់គ្មានមូលដ្ឋានបានត្រូវធ្វើឡើងដោយពួកភ្នាក់ងារមិនមានវិជ្ជាជីវៈនិងមានកម្រិតរំភើបចិត្តដែលមិនស័ក្តិសមជាការងារប្រកបដោយវិជ្ជាជីវៈនៃសេវាកម្មសន្តិសុខកម្រិតពិភពលោកទេ»។
អត្ថាធិប្បាយរបស់លោក Peskov ជាសេចក្តីអធិប្បាយលើកទីមួយដោយវិមានក្រឹមឡាំងចាប់តាំងពីសហគមន៍ស៊ើបការសម្ងាត់ស.រ.អា.បាននិយាយកាលពីថ្ងៃសុក្រថាខ្លួនមាន«ទំនុកចិត្តខ្លាំងនិងច្បាស់លាស់» ថាលោក Putin បានបញ្ជាដោយផ្ទាល់ឱ្យមានយុទ្ធនាការមួយដើម្បីធ្វើឱ្យអន្តរាយដល់ដំណើរការបោះឆ្នោតប្រធានាធិបតីបែបប្រជាធិបតេយ្យនៅក្នុងស.រ.អា.។
ពួកមន្ត្រីស.រ.អា.បាននិយាយថាកិច្ចខិតខំប្រឹងប្រែងរបស់រុស្សីមានគោលដៅកាត់បន្ថយឱកាសជាប់ឆ្នោតរបស់លោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សប្រជាធិបតេយ្យហើយជួយលោក Trump បេក្ខជនប្រធានាធិបតីអាមេរិកាំងខាងគណបក្សសាធារណរដ្ឋ។
លោក Peskov បានថ្លែងថាប្រទេសរុស្សី «បដិសេធដាច់ខាតអំពីការទាក់ទិននឹងរឿងនេះ» ដែលថាខ្លួនទទួលខុសត្រូវដល់ការលបលួចចូលមើលអ៊ីម៉ែលរាប់ពាន់ពីកុំព្យូទ័ររបស់លោក John Podesta ប្រធានក្រុមអ្នកឃោសនាបោះឆ្នោតជូនលោកស្រី Hillary Clinton ហើយផ្សព្វផ្សាយអ៊ីម៉ែលទាំងនេះតាមក្រុមបន្លិចឯកសារ WikiLeaks៕