ពួកមន្ត្រីក្នុងរដ្ឋធានីនៃប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថារុស្ស៊ីបានវាយប្រហារតំបន់មួយដោយប្រើដ្រូនជាង១០គ្រឿងក្នុងរយៈពេលមួយយប់។
លោក Serhii Popko ប្រធានរដ្ឋបាលយោធាស៊ីវិលទីក្រុងកៀវបាននិយាយថាប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូនទាំងអស់ហើយថាមិនមានសេចក្តីរាយការណ៍ពីមនុស្សស្លាប់ឬរងរបួសឬការខូចខាតទេ។
នៅក្នុងតំបន់ Mykolaiv ក្នុងប្រទេសអ៊ុយក្រែនភាគខាងត្បូង លោកអភិបាល Vitalii Kim បាននិយាយនៅលើតេឡេក្រាមថាយោធាបានបាញ់ទម្លាក់ដ្រូនរុស្ស៊ីចំនួន៣ គ្រឿង។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនបានកម្ទេចដ្រូនអ៊ុយ ក្រែនទាំងអស់ចំនួន៧គ្រឿង រួមមាន៤គ្រឿងនៅពីលើតំបន់ Kurskនិង៣គ្រឿងទៀតនៅពីលើសមុទ្រខ្មៅ។
ពួកមន្ត្រីនៅក្នុងតំបន់ Bryansk នៃប្រទេសរុស្ស៊ីក៏បានរាយការណ៍ដែរថាដ្រូនជាច្រើនគ្រឿងបានត្រូវបាញ់ទម្លាក់នៅទីនោះក្នុងរយៈពេលមួយយប់។
សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធថាទាហានកូរ៉េខាងជើង៣ពាន់នាក់បានត្រូវបញ្ជូនទៅកាន់ប្រទេសរុស្ស៊ីនៅដើមខែនេះហើយត្រូវបានគេហ្វឹកហាត់ដែលអាចប្រយុទ្ធជាមួយកងទ័ពរុស្ស៊ីនៅក្នុងសង្គ្រាមប្រឆាំងនឹងប្រទេសអ៊ុយក្រែន។
រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានប្រាប់ពួកអ្នកយក ព័ត៌មានថាអ្វីដែលទាហានរដ្ឋាភិបាលក្រុងព្យុងយ៉ាងកំពុងធ្វើនៅក្នុងប្រទេសរុស្ស៊ី«ត្រូវបានគេមើលឃើញ»។ អ្នកនាំពាក្យសន្តិសុខជាតិសេតវិមានលោក John Kirby បាននិយាយថាសហរដ្ឋអាមេរិកកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ពន្ធមិត្តនិងដៃគូរបស់យើងដើម្បីឱ្យទទួលបានការយល់ដឹងពេញលេញអំពីស្ថានភាពនេះ»។
លោក Kirby បាននិយាយទៀតថាកងទ័ពកូរ៉េខាងជើងបានធ្វើដំណើរតាមកប៉ាល់នៅចន្លោះខែតុលានិងពាក់កណ្តាលខែពីកំពង់ផែនាវា Wonsan របស់ខ្លួនទៅកាន់ទីក្រុង Vladivostokក្នុងប្រទេសរុស្ស៊ី។ លោកបាននិយាយទៀតថា បន្ទាប់មក ទាហានកូរ៉េខាងជើងទាំងនោះត្រូវបានបញ្ជូនទៅកន្លែងហ្វឹកហាត់យោធាជាច្រើននៅក្នុងប្រទេសរុស្ស៊ីភាគខាងកើត៕