រុស្ស៊ី​បិទ​ចោល​ការ​ស៊ើប​អង្កេត​ការ​បះបោរ​របស់​លោក Prigozhin និង​ក្រុម​ទាហាន​ស៊ី​ឈ្នួល

សមាជិក​នៃ​ក្រុម​ទាហាន​ស៊ី​ឈ្នួល ​Wagner ដក​ថយ​ពី​ទី​ស្នាក់ការ​តំបន់​យោធា​ភាគ​ខាង​ត្បូង នៅ​ក្នុង​ក្រុង Rostov-on-Don ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ​២០២៣។

ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​របស់​ប្រទេស​រុស្ស៊ី​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​បាន​បិទ​ចោលការ​ស៊ើប​អង្កេត​ការ​បះបោរ​ប្រដាប់​អាវុធ​របស់​លោក Yevgeny Prigozhin ​និង​សមាជិក​នៃ​ក្រុម​ទាហាន​ស៊ី​ឈ្នួល ​Wagner ​របស់​លោក។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​នានា​របស់​រុស្ស៊ី ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​រុស្ស៊ី​នេះ​បាន​បញ្ជាក់​ថា អ្នក​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​បះបោរ​នេះ «បាន​បញ្ឈប់​សកម្មភាព​ដែល​មាន​បំណង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម»។

ការ​មិន​កាត់ទោស​យុទ្ធជន​បះបោរ​ទាំង​នោះ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​កាលពី​យប់​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ដែល​ឈាន​ដល់​ការ​បញ្ចប់​ការ​បះបោរ​នេះ។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ក៏​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ផង​ដែរ​ថា ក្រុម Wagner ​បាន​ត្រៀម​ផ្ទេរ​យុទ្ធោបករណ៍​ធុន​ធ្ងន់​ទៅ​ឱ្យ​យោធា​រុស្ស៊ី។

គេ​មិន​ឃើញ​មាន​ការ​បញ្ជាក់​ណា​មួយ​នៅ​ថ្ងៃ​អង្គារ​នេះថាលោក Prigozhin ​កំពុង​នៅ​ទីណា​នោះ​ទេ។

វេបសាយ​តាមដាន​ជើង​ហោះហើរ​បាន​បង្ហាញ​ថា យន្តហោះ​ដែល​អាច​ដឹក​លោក Prigozhin បាន​ចុះ​ចត​នៅ​ក្នុង​ប្រទេស​បេឡារុស​នៅ​ថ្ងៃ​អង្គារ​នេះ។

លោក Prigozhin ​ធ្លាប់​បាន​និយាយ​ថា ​លោក​នឹង​ទៅ​ប្រទេស​បេឡារុស​នៅ​ក្នុង​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ដែល​សម្របសម្រួល​ដោយ​ប្រធានាធិបតី​បេឡារុស​លោក Alexander Lukashenko ​ដើម្បី​បញ្ចប់​ការ​បះបោរ​នេះ។

នៅ​ក្នុង​សុន្ទរកថា​ទៅ​កាន់​ប្រជាជាតិ​រុស្ស៊ី ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ​បាន​រិះគន់​ខ្លាំងក្លា​លើ​អ្នក​រៀបចំ​ការ​បះបោរ​របស់​ក្រុម Wagner ​ដោយ​ហៅ​ពួកគេ​ថា​ជា «ជន​ក្បត់​ជាតិ»។

លោក Putin បាន​និយាយ​ថា អ្នក​រៀបចំ​ការ​បះបោរ​ទាំង​នោះ​បាន​កុហក​ទាហាន​ខ្លួន​ឯង​និង «បាន​ជំរុញ​ពួកគេ​ឱ្យ​ទៅ​ស្លាប់ រង​គ្រាប់​កាំភ្លើង ​និង​បាញ់​គ្នា​ឯង»។ លោក​បាន​រិះគន់​ក្រុម​យុទ្ធជន Wagner នេះ​ថា​បាន​សម្រុក​វាយ​ប្រហារ​ទីក្រុង Rostov នៅ​ភាគ​ខាង​ត្បូង ដែល​ទីក្រុង​នេះ​ត្រូវ​បាន​ក្រុម​យុទ្ធជន ​Wagner ​នេះ​ដណ្ដើម​គ្រប់គ្រង​បាន​បណ្ដោះ​អាសន្ន​នៅ​ពេល​ធ្វើ​ដំណើរ​សំដៅ​ទៅ​កាន់​រដ្ឋធានី​មូស្គូ។

លោក Putin បាន​អញ្ជើញ​ទាហាន​និង​មេបញ្ជាការ​របស់​ក្រុម Wagner រូប​ណា​ដែល​លោក​បាន​ហៅ​ថា​ជា «អ្នក​ស្នេហា​ជាតិ» ឱ្យ​ចូលរួម​ជាមួយ​នឹង​យោធា​រុស្ស៊ី​ដោយ​ចុះ​ហត្ថលេខា​ជាមួយ​នឹង​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ឬ​ក៏​ជាមួយ​នឹង​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​ផ្សេងៗ​ទៀត។ លោក​ក៏​បាន​ផ្ដល់​ដល់​ពួកគេ​នូវ​ជម្រើស​ផង​ដែរ​ថា​តើ​ពួកគេ​ចង់​ត្រឡប់​ទៅ​រក​ក្រុម​គ្រួសារ​ឬ​ក៏​មិត្តភក្តិ​របស់​ពួកគេ​ឡើង​វិញ ឬ​ក៏​ផ្លាស់​ទៅ​ប្រទេស​បេឡារុស៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង​ Reuters។