ក្រុមមន្ត្រីនៅភាគខាងត្បូងអ៊ុយក្រែននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រុស្ស៊ីបានវាយប្រហារ តាមអាកាសនៅពេលយប់ ទៅលើទីក្រុងកំពង់ផែ Mykolaiv ដោយធ្វើឱ្យមនុស្សយ៉ាងហោចណាស់១៨នាក់រងរបួស។
អភិបាលតំបន់លោក Vitaliy Kim និយាយនៅលើបណ្តាញតេឡេក្រាមថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីនេះបានត្រូវចំកណ្តាលក្រុង ហើយអ្នករបួសក៏រួមមានកុមារ៥នាក់ផងដែរ។
លោក Kim បន្ថែមថា មនុស្ស២នាក់ត្រូវបានជួយសង្គ្រោះចេញពីគំនរបាក់បែក។
អភិបាលក្រុង Mykolaiv លោក Oleksandr Snkevych និយាយថា ការវាយប្រហារនេះបានធ្វើឱ្យខូចខាតអគារខ្ពស់ៗយ៉ាងតិចណាស់ក៏ចំនួន៥ដែរ ហើយរោងចតរថយន្តមួយចំនួនក៏រងការខូចខាតដែរ។
ដោយឡែកនៅក្នុងទីក្រុងកំពង់ផែ Odesa ឯណោះវិញ ក្រុមមន្ត្រីអ៊ុយក្រែននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហារតាមអាកាសមួយរបស់រុស្ស៊ី ក៏បានធ្វើឱ្យមនុស្ស២នាក់រងរបួស និងខូចអគារមួយខ្នង។
កងកម្លាំងរុស្ស៊ីបានយកទីក្រុងកំពង់ផែ Odesa និងទីក្រុង Mykolaiv ធ្វើជាគោលដៅនៃការវាយប្រហារតាមអាកាសរបស់ខ្លួនជាច្រើនលើកក្នុងសប្តាហ៍នេះ។
ទន្ទឹមនឹងនេះក្រុមមន្ត្រីដែលត្រូវបានតែងតាំងដោយរុស្ស៊ីនៅក្នុងតំបន់ Crimea និយាយថា ការវាយប្រហារតាមដ្រូនរបស់អ៊ុយក្រែន បានសម្លាប់មនុស្សម្នាក់ និងធ្វើឱ្យខូចខាតអគាររដ្ឋបាលជាច្រើនកន្លែងនៅតំបន់ភាគពាយ័ព្យនៃឧបទ្វីប Crimea។
ក្នុងពេលជាមួយគ្នានេះផងដែរ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសសេចក្តីព្រមានថ្មីមួយដល់នាវាផ្ទុកទំនិញនានា ដែលត្រូវចូលមកកំពង់ផែអ៊ុយក្រែន គឺ២ថ្ងៃក្រោយពីរុស្ស៊ីបានប្រកាសលុបចោលកិច្ចព្រមព្រៀង ដែលអនុញ្ញាតឱ្យមានការដឹកជញ្ជូនគ្រាប់ធញ្ញជាតិអ៊ុយក្រែន ឆ្លងកាត់តាមសមុទ្រខ្មៅ។
សេចក្តីថ្លែងការណ៍នោះ ដែលត្រូវបានផ្សព្វផ្សាយលើបណ្តាញតេឡេក្រាមនិយាយថា ចាប់ពីពាក់កណ្តាលអាធ្រាតចូលថ្ងៃទី២០ខែកក្កដានេះតទៅ រាល់នាវាទាំងអស់ ដែលស្ថិតនៅក្នុងសមុទ្រខ្មៅ ឆ្ពោះទៅកាន់កំពង់ផែអ៊ុយក្រែន នឹងត្រូវចាត់ទុកថា ជានាវាដឹកជញ្ជូនសម្ភារៈយោធា»។
សេចក្តីថ្លែងការណ៍នេះបន្តទៀតថា «ប្រទេសដែលជាម្ចាស់នាវាទាំងនេះនឹងត្រូវចាត់ទុកថា បានចូលរួមនៅក្នុងជម្លោះនិងគាំទ្ររបបក្រុងកៀវរបស់អ៊ុយក្រែន»៕
អ្នកឆ្លើយឆ្លងព័ត៌មានសន្តិសុខជាតិរបស់ VOA លោក Jeff Seldin អ្នកឆ្លើយឆ្លងព័ត៌មាន VOA ប្រចាំមន្ទីរបញ្ចកោណ អ្នកស្រីCarla Babb និងអ្នកស្រី Anna Chernikova នៃ VOA នៅទីក្រុង Kyiv បានចូលរួមចំណែកក្នុងសេចក្តីរាយការណ៍នេះ។ ព័ត៌មានខ្លះដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន The Associated Press, Agence France-Presse និង Reuters ។