កិច្ចប្រឹងប្រែងរបស់ប្រទេសរុស្ស៊ីដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ មានរួមបញ្ចូលការអនុម័តផែនការមួយសម្រាប់រយៈពេលប្រាំឆ្នាំអំពីពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការខាងវិនិយោគសេដ្ឋកិច្ចឌីជីថល (digital) និងការអភិវឌ្ឍប្រកបដោយចីរភាពជាមួយសមាជិកទាំង១០នៃសមាគមអាស៊ាន។
នៅក្នុងកិច្ចប្រជុំសេដ្ឋកិច្ចបូព៌ា Sixth Eastern Economic Forum លើកទី៦ កាលពីខែកញ្ញានៅក្រុង Vladivostok ប្រទេសវៀតណាម បានស្នើខ្លួនធ្វើជាស្ពានមួយដើម្បីភ្ជាប់អាស៊ានជាមួយប្រទេសរុស្ស៊ី និងសហភាពសេដ្ឋកិច្ចអឺរ៉ុប និងអាស៊ី-ដែលជាក្រុមសេដ្ឋកិច្ចមួយមានរួមបញ្ចូលប្រទេសរុស្ស៊ី អាមេនី បេឡារុស កាហ្សាក់ស្ថាន និងប្រទេសកៀហ្ស៊ីស៊ីស្ថាន។ ពួកអ្នកវិភាគទស្សន៍ទាយថា រដ្ឋាភិបាលក្រុងមូស្គូស្វះស្វែងបង្កើនចំណងទាក់ទងនយោបាយក្នុងតំបន់ជាការឆ្លើយតបនឹងការប្រែប្រួលខាងការទូតក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
លោក Bradley Murg នៃវិទ្យាស្ថានខ្មែរសម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព Cambodian Institute for Cooperation and Peace បាននិយាយថា «ប្រទេសរុស្ស៊ីចង់ឱ្យពលរដ្ឋរបស់ខ្លូនឃើញថា ខ្លួនជាមហាអំណាចសាកលមួយ»។
លោក Murg បានថ្លែងថា «រុស្ស៊ីចង់ឱ្យពលរដ្ឋរបស់ខ្លួនឃើញថា ខ្លួនមិនគ្រាន់តែជាតួអង្គមួយក្នុងតំបន់តែប៉ុណ្ណោះទេ ហើយថាអាស៊ីអាគ្នេយ៍ជាកន្លែងមួយអាចចូលទៅបានដោយងាយដែរ។ លោកបានបន្ថែមថា ការមានវ៉ាក់សាំង Sputnik ប្រឆាំងនឹងជំងឺកូវីដ១៩ និងការបើកចំហផ្លូវរបៀងពាណិជ្ជកម្មតាមរយៈគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មចិន បានផ្តល់ការលើកទឹកចិត្តបន្ថែមឱ្យបណ្តាប្រទេសក្នុងអាស៊ីអាគ្នេយ៍កែលម្អចំណងទាក់ទងជាមួយរុស្ស៊ីផងដែរ។
លោក Murg បានពោលថា «ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ការពង្រីកគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មចិន និងការភ្ជាប់ទំនាក់ទំនងជាមួយអាស៊ីអាគ្នេយ៍ ទៅកាន់អាស៊ីកណ្តាល ទៅកាន់អឺរ៉ុបតាមរយៈគម្រោងផ្លូវសូត្រ Silk Road initiative ព្រមទាំងការភ្ជាប់ទាក់ទងជាមួយផ្លូវរបៀងសេដ្ឋកិច្ចក្នុងអាស៊ីអាគ្នេយ៍ ផ្តល់នូវការលើកទឹកចិត្តបន្ថែម សម្រាប់ឱ្យបណ្តាបណ្តាប្រទេសអាស៊ីអាគ្នេយ៍ កែលម្អចំណងទាក់ទងពាណិជ្ជកម្មជាមួយរុស្ស៊ី»។
ការចូលចិត្ត និងការមិនចូលចិត្ត
អ្នកវិភាគម្នាក់ទៀតបាននិយាយថា រុស្ស៊ី«ខឹងសម្បាយ៉ាងខ្លាំង»ដោយស្ងាត់ស្ងៀមអំពីសម្ព័ន្ធភាពកងទ័ពជើងទឹក AUKUS រវាងប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក និងអំពីការបង្កើតសម្ព័ន្ធភាព Quad ដែលមានអូស្ត្រាលី ឥណ្ឌា ជប៉ុន និងចក្រភពអង់គ្លេស ជាសមាជិក។ សម្ព័ន្ធភាពទាំងពីរនេះ ត្រូវបានរៀបចំឡើងដើម្បីទប់ទល់នឹងឥទ្ធិពលចិន។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov កាលពីពេលថ្មីៗនេះ បាននិយាយប្រាប់សន្និបាតទី២៩នៃក្រុមប្រឹក្សាគោលនយោបាយការបរទេស និងការពារប្រទេសដែលជាអង្គការមួយនៃក្រុមមន្ត្រី ពួកអ្នកចាត់ចែងកិច្ចការប្រតិបត្តិនិងពួកសាស្ត្រាចារ្យកម្រិតខ្ពស់មានមូលដ្ឋានក្នុងក្រុងមូស្គូថា «និន្នាការមួយក្នុងបណ្តានិន្នាការកំពុងពេញនិយមបំផុតនៅពេលសព្វថ្ងៃនេះ គឺអ្វីដែលហៅថា យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលត្រូវបានបង្កើតដោយសហរដ្ឋអាមេរិក»។
លោក Lavrov បានថ្លែងថា «ទាំងអស់នេះធ្វើតាមខ្សែបន្ទាត់នាំឱ្យរេចរឹលទម្រង់សាកលក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលមានច្រើនទសវត្សរ៍មកហើយ ក្រោមការឧបត្ថម្ភរបស់សមាគមអាស៊ាន»។
ការរិះគន់របស់លោក Lavrov ទាំងនេះ កើតឡើងនៅពេលដែលទីភ្នាក់ងារព័ត៌មាន Tass របស់រដ្ឋាភិបាលរុស្សី បានរាយការណ៍អំពីកងនាវាចម្បាំងនិងនាវាមុជទឹកបានធ្វើដំណើរទៅកាន់មហាសមុទ្រឥណ្ឌាដើម្បីដាក់ពង្រាយជាអចិន្ត្រៃយ៍មួយ ដែលជាផ្នែកនៃកងនាវាចម្បាំងរុស្ស៊ីក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
លោក Lavrov មានការគាំទ្រនៅក្នុងប្រទេសម៉ាឡេស៊ីដែលនៅទីនោះ រដ្ឋមន្ត្រីការពារប្រទេសលោក Hishammuddin Hussein បាននិយាយប្រាប់សភាម៉ាឡេស៊ីថា AUKUS «ក៏អាចបង្កឱ្យមហាអំណាចឯទៀតៗធ្វើសកម្មភាពគឃ្លើនជាងមុនក្នុងតំបន់នេះដែរ ជាពិសេសក្នុងសមុទ្រចិនខាងត្បូង»។
លោក Hussein បានថ្លែងថា ការប្រជុំរបស់រដ្ឋមន្ត្រីការពារប្រទេសនៃសមាគមអាស៊ានដែលកំណត់នឹងធ្វើក្នុងប្រទេសប៊្រុយណេនៅខែវិច្ឆិកា ត្រូវរំពឹងថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការខាងការការពារក្នុងតំបន់ដោយសារវត្តមានរបស់អង្គការ AUKUS តែក្រុមអ្នកវិភាគមិនជឿថា រុស្ស៊ីមានកម្លាំងយោធា ប្រាក់កាស ឬកិច្ចព្រមព្រៀងពាណិជ្ជកម្មដើម្បីឱ្យខ្លួនមានឥទ្ធិពលក្នុងតំបន់នោះទេ ក្រៅពីក្នុងប្រទេសមីយ៉ាន់ម៉ា និងវៀតណាម។
លោក Ian Storey នៃវិទ្យាស្ថាន ISEAS-Yusof Ishak ក្នុងប្រទេសសិង្ហបូរី បាននិយាយថា «ប្រទេសរុស្ស៊ីយល់ឃើញថា ខ្លួនជាប្រទេសមហាអំណាចមួយ»។
លោក Storey បានថ្លែងថា រុស្សីគ្របដណ្តប់លើសហភាពសេដ្ឋកិច្ចអឺរ៉ុប និងអាស៊ី ហើយមាន«ឥទ្ធិពលខ្លាំងនិងផលប្រយោជន៍ច្រើនក្រាស់ក្រែលក្នុងក្រុមពហុជាតិដូចជាក្រុមប្រឹក្សាអាទិក Arctic Council ដែលជាអង្គការអន្តររដ្ឋាភិបាលមួយមានមូលដ្ឋានក្នុងប្រទេសន័រវ៉ែសមានគោលដៅផ្ចុងផ្តើមកិច្ចសហការក្នុងតំបន់អាទិក អង្គការ BRICS នៃពួកប្រទេសមានសេដ្ឋកិច្ចលេចធ្លោ គឺប្រទេសប្រេស៊ីល រុស្សី ឥណ្ឌា ចិន និងប្រទេសអាហ្វិកខាងត្បូង និងអង្គការកិច្ចសហប្រតិបត្តិការ Shanghai ដែលជាអង្គការពហុភាគីខាងសន្តិសុខ និងការអភិវឌ្ឍ មានរួមបញ្ជូលប្រទេសចិន ឥណ្ឌា កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន រុស្ស៊ី ប៉ាគីស្ថាន តាហ្ស៊ីគីស្ថាន និងអ៊ូសបេគីស្ថាន។
លោក Storey បានពោលថា «រុស្ស៊ី ចង់ឱ្យមានកន្លែងអង្គុយមួយនៅតុចរចា។ រុស្ស៊ីចាត់ទុកថា ខ្លួនមានសិទ្ធិបែបនេះដោយស្វ័យប្រវត្តិពីកំណើត តែរុស្សីមិនចូលចិត្តស្ថាប័នពហុភាគីទេ លើកលែងតែខ្ឡួនមានឥទ្ធិពលខ្លាំងណាស់ទៅលើស្ថាប័នទាំងនេះ»។ លោកបានបន្ថែមថា រដ្ឋាភិបាលមូស្គូ មិនមាន«ឥទ្ធិពលខ្លាំង»បែបនេះទេក្នុងសមាគមអាស៊ាន ឬក្នុងសន្និសីទកំពូលអាស៊ីខាងកើត។
ការផ្សព្វផ្សាយ និងការពិត
ឥទ្ធិពលជាប្រពៃណីរបស់រុស្ស៊ីក្នុងសមាគមអាស៊ានមានកម្រិតត្រឹមការលក់អាវុធឱ្យប្រទេសមីយ៉ាន់ម៉ា និងវៀតណាម។ លោក Murg បាននិយាយថា «វៀតណាម បាននិយាយច្បាស់លាស់ថា ខ្លួនសហការជាមួយរុស្ស៊ិ ខុសពីជាមួយប្រទេសដទៃ» ដោយសារកេរដំណែលនៃចំណងទាក់ទងជិតស្និទ្ធរបស់ប្រទេសទាំងពីរនេះ នៅអំឡុងសង្គ្រាមត្រជាក់។
លោក Storey យល់ស្របអំពីរឿងនេះ។ លោកបានកត់សម្គាល់ថា រុស្ស៊ី«ធ្វើពាណិជ្ជកម្មក្នុងវិស័យខ្លះតែប៉ុណ្ណោះ» ហើយថា ប្រទេសឯទៀតៗដូចជាចក្រភពអង់គ្លេសជាដើម ធ្វើពាណិជ្ជកម្មទូលំទូលាយក្នុងតំបន់អាស៊ីអាគ្នេយ៍ជាងរុស្ស៊ី។
ឧទាហរណ៍ ពាណិជ្ជកម្មទ្វេភាគីរវាងរុស្ស៊ី និងអាស៊ានមុនការរាត្បាតនៃជំងឺកូវីដ១៩មានទឹកប្រាក់ប្រមាណ២០ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ចំណែកឯពាណិជ្ជកម្មរបស់អាស៊ានកាលពីឆ្នាំ២០១៩ ជាមួយអង់គ្លេសមានទឹកប្រាក់ ៥២ពាន់ លានដុល្លារ និងមានចំនួន ៩៣ពាន់ លានដុល្លារជាមួយអូស្ត្រាលី មាន ៣៦២ពាន់ លានដុល្លារជាមួយសហរដ្ឋអាមេរិក និងមាន ៦៤៤ពាន់ លានដុល្លារជាមួយប្រទេសចិន។
លោក Storey បានថ្លែងថា «រុស្សីជាអ្នកពាក់ព័ន្ធនឹងតំបន់នោះ តែមិនមែនជាអ្នកពាក់ព័ន្ធធំមួយទេ»។
លោក Storey បានពោលថា «រុស្សីមានវត្តមានយោធាតិចតួចក្នុងតំបន់នោះ។ លោកអ្នកដឹងហើយថា ដៃគូជិតស្និទ្ធបំផុតរបស់រុស្សីក្នុងតំបន់នោះ គឺវៀតណាម ហើយរុស្សី មិនបានធ្វើសមយុទ្ធយោធាណាមួយជាមួយវៀតណាមទេ ឬប្រហែលមានធ្វើម្តង។ ហើយនេះ ជាការចម្លែកសម្រាប់ប្រទេសពីរដែលមានចំណងទាក់ទងគ្នាខាងវិស័យការពារប្រទេសអស់ពេលជាច្រើនទសវត្សរ៍មកហើយនោះ»។
«ការធ្វើសមយុទ្ធប្រហែលម្តង»នោះ ជាការនិយាយយោងដល់សមយុទ្ធហ្វឹកហ្វឺនរួមគ្នាមួយកាលពីឆ្នាំ២០១៩ទាក់ទិននឹងនាវាតែមួយគ្រឿងសម្រាប់ចាត់ចែងដល់ការជួយសង្គ្រោះនាវាមុជទឹក។ ក៏ប៉ុន្តែ រុស្ស៊ី បានធ្វើសមយុទ្ធយោធារួមគ្នាជាមួយប្រទេសលាវក្នុងដែនដី Primorsky នាតំបន់ចុងបូព៌ារបស់ខ្លួន។
លោក Murg ក៏បាននិយាយដែរថា រុស្ស៊ីនៅតែជិតស្និទ្ធជាមួយចិនពេក ដែលនាំឱ្យគេមិនអាចចាត់ទុករុស្ស៊ីថា ជាដៃគូឯករាជ្យមួយក្នុងអាស៊ីអាគ្នេយ៍ទេ។ ក៏ប៉ុន្តែក្នុងវិស័យសេដ្ឋកិច្ចវិញ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ប្រទេសសិង្ហបូរី និងវៀតណាមជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី អាចនាំឱ្យមានអនាគតល្អសម្រាប់ការលូតលាស់សេដ្ឋកិច្ច។
លោក Murg បានថ្លែងថា «ប៉ុន្តែ អ្នកបណ្តាក់ទុនរុស្ស៊ី មានការប្រុងប្រយ័ត្នគួរសម»។
លោកបានពោលទៀតថា «ជាមួយរុស្ស៊ី នេះ ជាឱកាសដើម្បីថតរូបជាមួយគ្នា ហើយថា នៅមានការប្រជុំគ្នា និងមានសេចក្តីប្រកាសច្រើនថែមទៀតអំពីមាគ៌ាឆ្ពោះទៅកាន់អនាគត»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ