រុស្ស៊ី​ចាត់​វិធាន​ការ​ដោយ​បញ្ជូន​កងទ័ព​ចូលក្នុង​ឧបទ្វីប​គ្រីមា​របស់​អ៊ុយក្រែន

ទាហាន​រង់​ចាំ​នៅ​ជិត​រថយន្ត​យោធា​រុស្ស៊ី​នៅ​ខាង​ក្រៅ​ការិយាល័យ​ច្រក​ព្រំដែន​អ៊ុយក្រែន​មួយ​នៅ​ក្រុង​ Balaclava លើ​​ឧបទ្វីប​​គ្រីមារ កាល​ពី​ថ្ងៃ​ទី​១​ ខែ​មីនា ឆ្នាំ​២០១៤។

ដោយ​រដ្ឋាភិបាល​នៅ​ក្នុង​ទីក្រុង​គាវ​ទន់ខ្សោយ​និង​ស្ថិត​ក្នុង​ភាព​ច្រ​បូកច្របល់ ប្រទេស​រុស្ស៊ី​បាន​ចាត់​វិធានការ​ដ៏​គគ្លើនចូល​ក្នុង​ឧបទ្វីប​គ្រីមា។

ប្រធានា​ធិបតី​រុស្ស៊ី វ៉្លាឌីមា ពូទីន (Vladimir Putin) បាន​ប្រុង​ប្រៀប​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ដើម្បីបញ្ជូន​កងទ័ព​ទៅ​កាន់​ឧបទ្វីប​គ្រីមា​នៃ​ប្រទេស​អ៊ុយក្រែន បន្ទាប់​ពី​សភា​ជាន់​ខ្ពស់​បាន​បោះឆ្នោត​អនុម័តចំណាត់​ការ​នេះ។

ដោយ​អាង​លើ​ការ​បង្ហាញ​កម្លាំង​របស់​រុស្ស៊ី កាល​ពី​ថ្ងៃ​សៅរ៍ ​ជន​ប្រ​ដាប់​អាវុធ​បានរឹប​អូស​យក​អគារ​រដ្ឋាភិបាលក្នុង​ទីក្រុង​ធំៗ​ពីរ​គឺ​ទីក្រុង​ខារគីវ (Kharkiv) និង​ទីក្រុង​ដូណិតស្ក (Donetsk) របស់​អ៊ុយក្រែន។ ភា្លមៗ​នោះ​ទង់ជាតិ​របស់​រុស្ស៊ី ​បាន​បក់នៅ​លើ​ដំបូល​អគារ​នោះ។

ការ​សម្រេច​ចិត្ត​របស់​រុស្ស៊ី​បញ្ជូន​កងទ័ព​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន ​បាន​កើត​មាន​ឡើងបន្ទាប់​ពី​មេដឹកនាំថ្មី​ដែល​លម្អៀង​រុស្ស៊ី​បាន​សុំ​កងទ័ព​ដើម្បី​យាម​ល្បាត​ឧបទ្វីប​ដែល​មាន​អ្នក​និយាយ​ភាសា​រុស្ស៊ី​ដ៏​ច្រើន​លើស​លុប។

លោក ស៊ើចេ អាសេណូវ (Sergei Aksenov) នាយករដ្ឋ​មន្រ្តី​ថ្មីនៃ​សាធារណរដ្ឋ​ស្វ័យភាព​គ្រីមា​របស់​អ៊ុយក្រែន ​បាន​ដឹកនាំ​គណបក្ស​ឯក​ភាព​រុស្ស៊ីដែល​មិន​បាន​ទទួល​អាសនៈ​នៅ​ក្នុង​ការ​បោះឆ្នោតសភា​ឆ្នាំ​២០១២។

ប៉ុន្តែ​ក្រោយ​ពី​ជន​ប្រដាប់​អាវុធ​និយាយ​ភាសា​រុស្ស៊ី​នោះ ​បាន​ចូល​កាន់​កាប់សភា​គ្រីមា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ អ្នក​តំណាង​សំឡេង​ភាគ​ច្រើន​ដែល​ឈ្នះ​សំឡេង​តិចតួច​បានបោះ​ឆ្នោត​ជ្រើសរើស​លោក អាកសេណូវ ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋ​មន្រ្តី។ ​នៅ​ក្នុង​ទីក្រុង​ម៉ូស្គូ ​លោក ប៉ាវែល ហ្វ៊ែលចេនហូអ៊័រ (Pavel Felgenhauer) អ្នក​វិភាគ​នយោបាយ​និយាយ​ថា ​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ ​កំពុងធ្វើ​តាម​យុទ្ធសាស្រ្ត​នយោបាយដែល​មាន​ដំណើរ​ការ​យ៉ាង​ល្អ​ក្នុង​សម័យ​សូវៀត។

«យុទ្ធ​សាស្រ្ត​នេះ ​ចេញ​មក​ពីសៀវ​ភៅ​សិក្សារុស្ស៊ី។ ​គ្មាន​អ្វី​ថ្មី​ទាល់​តែ​សោះ។ ​វា ​បាន​កើតក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ វា​បាន​កើត​ក្នុង​ប្រទេស​ហុងហ្គារី»។

ក្នុង​ករណី​ទាំង​នេះ កងទ័ព​សូវៀត ​បាន​ចូល​កាន់​កាប់ប្រទេស​នានាដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវដោយ​ពួក​មេដឹកនាំ​ដែល​បាន​លើក​បន្តុប​ដោយ​រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំងនៃ​ប្រទេសរុស្ស៊ី។

ក្នុង​ឧបទ្វីប​គ្រីមា រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ ដូចជា​បានធ្វើ​សកម្មភាព​មុនពេល​នាយក​រដ្ឋ​មន្ត្រី​ថ្មី​អំពាវនាវ​រក​ជំនួយ។

ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន កង​ទ័ពរុស្ស៊ី​ ​ដូចជាបាន​ត្រួតត្រាអាកាស​យានដ្ឋាន​បី​នៅ​គ្រីមា។ ឧទ្ធម្ភាគចក្រ​យោធា​និង​យន្ត​ហោះ​ដឹក​ជញ្ជូន​បាន​ចាប់​ផ្តើមដឹក​ជញ្ជូន​កងទ័ព​និង​គ្រឿង​ផ្គត់​ផ្គង់ចូល​ក្នុង​ឧប​ទ្វីប។ ចំណុច​ឆែក​ប្រដាប់​ដោយ​អាវុធ​ដែល​កាន់​កាប់​ដោយ​អ្នក​និយាយ​ភាសា​រុស្ស៊ី​ ​កំពុងត្រួត​ត្រា​ផ្លូវ​ធំមួយ​ខ្សែ​ពី​តំបន់​ដី​គោក​ទៅ​កាន់​ឧបទ្វីប។ ពួក​មន្រ្តី​ស្ថានកុង​ស៊ុល​រុស្ស៊ី​បាន​ចាប់​ផ្តើម​ចែក​ចាយ​លិខិត​ឆ្លង​ដែន​ដល់​ប៉ូលីស​ក្នុង​ឧបទ្វីប​គ្រីមា។

កាល​ពី​ពីរ​ខែ​មុន​ទូរទស្សន៍​រុស្ស៊ី​បាន​សរសើរ​ប្រជា​ពលរដ្ឋ​អ៊ុយក្រែន​ថា ជា​បង​ប្អូន ស្លាវិក (Slavic) របស់​ពួកគេ។ ​ឥឡូវ​នេះ ​ផ្លាស់​ប្តូរ​ទាំង​ស្រុង​ ដោយ​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​ពណ៌នា​អ៊ុយ​ក្រែនថា ​ជា​ប្រទេសដែល​ត្រូវ​បាន​ត្រួតត្រា​ដោយ​ពួក​ជាតិ​និយម​ហ្វាស៊ីស។ ទូរទស្សន៍​បញ្ចាំងវីដេអូស្តីពី​រថក្រោះ​រុស្ស៊ី​បើក​កាត់​ភក់នៅ​ពេល​ធ្វើ​សមយុទ្ធ​យោធាដ៏​ធំ​មួយនៅ​ម្ខាង​ទៀត​នៃ​ព្រំដែន​ភាគ​ខាង​កើត​ប្រទេសអ៊ុយក្រែន។

លោក​ ហ្វ៊ែលចិនហូអ៊័រ (Felgenhauer) និង​អ្នក​វិភាគ​ផ្សេ​ទៀត​ព្រមាន​ថា រុស្ស៊ី​អាចខាំ​បានច្រើន​ពេក​ ទំពារ​មិន​កើត។

«ឥឡូវ​នេះ ​កង​រក្សា​សន្តិភាព​របស់​យើង​កំពុង​ជាប់​ផុង​នៅឧបទ្វីប​គ្រីមា ហើយ ​យើង​មិនមាន​កង​រក្សា​សន្តិភាព​ច្រើន​ទេ»។

គេ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ថា​តើ​មាន​ការគាំទ្រខ្លាំងក្នុង​ឧបទ្វីបគ្រីមា​សម្រាប់​ការ​បញ្ចូល​ជា​ឧបសម្ព័ន្ធ​របស់​រុស្ស៊ី​ដែរ​ឬទេ។

ភាគ​ច្រើន​នៃ​ប្រជា​ពលរដ្ឋ​២​លាន​នាក់​នៅ​ក្នុង​ឧបទ្វីប​គ្រីមាជា​អ្នក​និយាយ​ភាសា​រុស្ស៊ី។ ក៏​ប៉ុន្តែ ឧប​ទ្វីប​គ្រីមា បាន​ត្រូវ​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​ទីក្រុង​គាវ​អស់​រយៈ​ពេលជិត​៧០​ឆ្នាំ។ ពល​រដ្ឋ​មួយ​ផ្នែក​ធំ​បាន​ចាត់​ទុក​ខ្លួន​ឯង​ថា ​ជាជន​ជាតិ​អ៊ុយក្រែន​និយាយ​ភាសា​រុស្ស៊ី។

បន្ថែម​ពី​នេះ​ទៀត ជន​ជាតិ​ភាគ​តិច​តាតារ(Tatar) កាន់​សាសនា​អ៊ីស្លាម​មាន​១៥​ភាគ​រយ​នៃ​ប្រជា​ពលរដ្ឋ​ទាំងអស់ក្នុង​ឧបទ្វីប​គ្រីមា។​ ពីដើម​ដល់ពាក់​កណ្តាល​សតវត្សរ៍ទី​២០ ​គោល​នយោបាយ​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​នៃ​ប្រទេស​រុស្ស៊ី ​បាន​សម្លាប់​ជន​ជាតិ​ តាតារ​ប្រហែល​ពាក់​កណ្តាល​តាម​រយៈការ​អត់អាហារនិង​ការនិរទេស​ខ្លួន។ ​ជា​លទ្ធផល​ជន​ជាតិ​ភាគ​តិច​ តាតារ​នៃ​ឧបទ្វី​គ្រីមា​បាន​ប្រឆាំងយ៉ាង​ខ្លាំង​នឹងការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ​នេះ។

ប្រសិន​បើ ​ការ​កាន់​កាប់​នេះ ​ក្លាយ​ជា​អំពើ​ហិង្សា ប្រទេស​ទួរគី ​អាច​លូកដៃ​ដើម្បី​ការ​ពារ​ជន​ជាតិ​ភាគ​តិច​Tatar ។ ​មធ្យោបាយ​ដ៏​ស្រួលបំផុត ​គឺ​បិទ​ច្រក​សមុទ្រ​ បូសហ្វូរិស (Bosphorus) ដែល​ជាផ្លូវ​សម្រាប់​ការ​នាំ​ប្រេង​ចេញប្រហែល​១​ភាគ​៣​របស់​រុស្ស៊ី។ លោក​ ហ្វ៊ែលចិនហូអ៊័រ(Felgenhauer) ព្រមាន​ថា តួគី ​អាចគម្រាម​កំហែង។

«ពួកគេគ្រាន់​តែ​ធ្វើ​ឲ្យ​មាន​ភាព​មិន​ល្អ​ជាមួយ​រុស្ស៊ី។ ​ពួកគេ ​អាច​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​លើ​ប្រទេស​រុស្ស៊ី»។

រដ្ឋាភិបាល​កណ្តាល​អ៊ុយក្រែន ​អាច​មាន​អានុភាព​របស់​ខ្លួន។ អ៊ុយ​ក្រែន ​អាច​កាត់​ផ្តាច់​បំពង់​បង្ហូរទឹក​ទៅ​ទ្វី​ប​នោះ​ដែលជា​ប្រភព​ទឹក​បរិភោពដ៏​សំខាន់​មួយ​ដល់​ឧបទ្វីប​គ្រីមា។

ជាកិច្ចចាប់​ផ្តើម ​ពួក​មេដឹកនាំ​បស្ចឹម​ប្រហែល​នឹង​ធ្វើ​ពហិការ​សន្និសិទ​កំពូលរបស់​ប្រទេស​ដែល​មាន​ឧស្សាហ៍​កម្ម​ជឿន​លឿនជាង​គេ​បំផុតនៅ​លើ​ផែនដី​ហៅ​ថា​ G8 ​នៅ​ខែ​មិថុនា​ ។ ​ប្រធានា​ធិបតី​ពូទីន​កំពុងរៀប​ចំ​ផែនការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​សន្និសីទ​កំពូល​ក្នុង​ទីក្រុង​សូជី​ដែល​មាន​ចម្ងាយ​៤០០គីឡូម៉ែត្រម្ខាង​ទៀត​នៃសមុទ្រ​ខ្មៅ​ពី​ឧបទ្វីប​គ្រីមា។

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន​