រុស្ស៊ី​ថា សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ​វិបត្តិ​ផ្គត់ផ្គង់​ឧស្ម័ន​នៅ​អឺរ៉ុប

  • Reuters

រូបឯកសារ៖ បំពង់បង្ហូរឧស្ម័ន Nord Stream 1 នៅ​ទីក្រុង Lubmin ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២។

ក្រសួង​ការបរទេស​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា សហរដ្ឋ​អាមេរិក​បាន​បង្ក​ឱ្យ​មាន​វិបត្តិ​នៃ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​នៅ​ទ្វីប​អឺរ៉ុប​ដោយ​បាន​ជំរុញ​មេដឹកនាំ​នានា​នៅ​អឺរ៉ុប​ឱ្យ​ឆ្ពោះ​ទៅ​រក​ជំហាន «អត្តឃាត» តាម​រយៈ​ការ​កាត់ផ្តាច់​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ថាមពល​ជាមួយ​នឹង​រដ្ឋាភិបាល​រុស្ស៊ី។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

អឺរ៉ុប​កំពុង​ប្រឈម​នឹង​វិបត្តិ​ផ្គត់ផ្គង់​ឧស្ម័ន​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក ដោយ​តម្លៃ​ថាមពល​បាន​កើនឡើង ហើយ​ក្រុមហ៊ុន​នាំចូល​របស់​អាល្លឺម៉ង់​ថែម​ទាំង​ពិភាក្សា​គ្នា​អំពី​ការ​កំណត់​បែងចែក​របប​ឧស្ម័ន​នៅ​ក្នុង​ប្រទេស​ផង​ដែរ បន្ទាប់ពី​ប្រទេស​រុស្ស៊ី​បាន​កាត់​បន្ថយ​លំហូរ​ឧស្ម័ន​ទៅ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប។

នៅ​ពេល​ត្រូវ​បាន​សួរ​ថា​តើ​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​ប្រព័ន្ធ​បង្ហូរ​ឧស្ម័ន Nord Stream 1 អាច​ចាប់ផ្តើម​បូម​ឧស្ម័ន​ជា​ថ្មី​បាន អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី​អ្នកស្រី Maria Zakharova បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា៖ «សូម​ស្តាប់​ឱ្យ​បាន​ច្បាស់ អ្នក​កំពុង​សួរ​ខ្ញុំ​នូវ​សំណួរ​ដែល​សូម្បី​តែ​កូន​ក្មេង​ក៏​ដឹង​ចម្លើយ​ដែរ ដែល​នោះ​គឺ​ថា អ្នក​ណា​ដែល​បាន​ចាប់ផ្តើម​រឿង​នេះ អ្នក​នោះ​ត្រូវតែ​បញ្ចប់»។

អ្នកស្រី​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​បាន​ស្វែងរក​វិធី​ជា​យូរ​មក​ហើយ​ដើម្បី​បំបែក​ទំនាក់​ទំនង​ផ្នែក​ថាមពល​រវាង​ប្រទេស​រុស្ស៊ី​និង​បណ្ដា​ប្រទេស​មហា​អំណាច​នៅ​ទ្វីប​អឺរ៉ុប​ដូចជា​អាល្លឺម៉ង់​ជាដើម បើទោះបីជា​រដ្ឋាភិបាល​រុស្ស៊ី​គឺជា​អ្នក​ផ្គត់ផ្គង់​ថាមពល​ដែល​អាច​ទុកចិត្ត​បាន​តាំងពី​សម័យ​សូវៀត​មក​ក៏ដោយ។

អ្នកស្រី Zakharova បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ក្រៅ​វេទិកា​សេដ្ឋកិច្ច​ភាគ​ខាង​កើត (Eastern Economic Forum) នៅ​ក្នុង​ទីក្រុង Vladivostok ប្រទេស​រុស្ស៊ី​ថា៖ «ឥទ្ធិពល​លុប​លើ​របស់​សហរដ្ឋ​អាមេរិក​បាន​ឈ្នះ។ កម្លាំង​នយោបាយ​នានា​បាន​ចូល​មក​កាន់​អំណាច​នៅ​ក្នុង​សហភាព​អឺរ៉ុប​ដែល​កំពុង​ដើរ​តួ​ធ្វើ​ជា «អ្នក​ញុះញង់​សត្វ​ចៀម»។

អ្នកស្រី​បាន​និយាយ​ទៀត​ថា៖ «វា​គឺ​ជា​ការ​ធ្វើ​អត្តឃាត​ទាំងស្រុង ប៉ុន្តែ​វា​ហាក់​ដូច​ជា​ពួកគេ​នឹង​ត្រូវ​ឆ្លងកាត់​រឿង​នេះ»។

សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​បាន​ចោទ​ប្រកាន់​ប្រទេស​រុស្ស៊ី​ថា​បាន​ធ្វើ​ការ​គំរាមកំហែង​ដោយ​ប្រើ​វិស័យ​ថាមពល បន្ទាប់ពី​រដ្ឋាភិបាល​រុស្ស៊ី​បាន​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ដល់​អតិថិជន​នៅ​អឺរ៉ុប​មក។ ប្រទេស​រុស្ស៊ី​បាន​បញ្ជាក់​ថា មាន​បញ្ហា​បច្ចេកទេស​នៅ​ស្ថានីយ​បង្ហាប់​ឧស្ម័ន​របស់​ខ្លួន ដែល​ទណ្ឌកម្ម​របស់​ក្រុម​បស្ចិម​ប្រទេស​បាន​រារាំង​មិន​ឱ្យ​ខ្លួន​អាច​ធ្វើ​ការ​ជួសជុល​បាន។

រដ្ឋាភិបាល​រុស្ស៊ី​បាន​លើកឡើង​ថា ក្រុម​បស្ចិម​ប្រទេស​បាន​បង្ក​ឱ្យ​មាន​វិបត្តិ​ថាមពល​នេះ​កើតឡើង តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​នេះ ដែល​នេះ​គឺជា​ជំហាន​មួយ​ដែល​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​ថា​ស្រដៀង​ទៅ​នឹង​ការ​ប្រកាស​សង្រ្គាម​សេដ្ឋកិច្ច​ដូច្នេះ​ដែរ៕