មេដឹកនាំ​រុស្ស៊ី​និង​ចិន​នឹង​ជួប​គ្នា​នៅ​ក្នុង​សន្និសីទ​កំពូល​នៅ​តំបន់​អាស៊ី​កណ្តាល​នៅ​ក្នុង​ការបង្ហាញ​កិច្ចសហ​ប្រតិបត្តិការ​កាន់តែ​ស៊ី​ជម្រៅ

រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចាប់ដៃជាមួយប្រធានាធិបតីចិន លោក Xi Jinping អំឡុងពេលកិច្ចប្រជុំនៅទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៤។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin​និង​ប្រធានាធិបតី​ចិន​លោកXi Jinping​ នឹង​ជួប​គ្នា​ជា​លើក​ទី២​ក្នុង​ប៉ុន្មាន​ខែ​នេះ​នៅពេល​ដែល​ពួក​អស់​លោក​ទៅបំពេញ​ទស្សនកិច្ច​ប្រទេស​Kazakhstan ​ដើម្បី​ចូលរួម​សម័យ​ប្រជុំ​ក្រុម​អន្តរជាតិ​មួយ​ដែល​ផ្តោត​លើ​ការប្រឆាំង​សម្ព័ន្ធភាព​របស់​ប្រទេស​លោក​ខាង​លិច។

លោក Putinនិង​លោកXi បាន​ជួប​គ្នា​កាលពី​ខែ​ឧសភា​នៅពេល​ដែល​មេដឹកនាំ​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​នេះ​ទៅបំពេញ​ទស្សនកិច្ច​នៅ​រដ្ឋធានី​ប៉េកាំង​ដើម្បី​សង្កត់​ពី​ភាព​ជា​ដៃគូ​ដ៏​ជិតស្និទ្ធ​របស់​មេដឹកនាំ​ទាំង២​ដែល​ជំទាស់​ប្រឆាំង​នឹង​សណ្តាប់​ធ្នាប់​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ហើយ​នឹង​ស្វះស្វែង​ផ្សព្វផ្សាយ​ពហុ​ប៉ូល​ពិភពលោក។

ឥឡូវ​នេះ មេដឹកនាំ​ទាំង២នឹង​ចូលរួម​សម័យ​ប្រជុំ​នៃ​អង្គការ​កិច្ចសហប្រតិបត្តិការ​ក្រុង​សៀងហៃ​នៅ​ក្នុង​រដ្ឋធានីអាស្តាណា​នៃ​ប្រទេស​កាហ្សាក់​ស្ថាន។

ពួក​អ្នក​វិភាគ​និយាយ​ថា​គោលដៅ​សម្រាប់​លោក Putinគឺ​ដើម្បី​បង្ហាញ​ថា​រុស្ស៊ី​មិន​មែន​ឯកោ​បន្ទាប់ពី​ការឈ្លានពាន​ប្រទេស​អ៊ុយក្រែន​មក៕