រុស្ស៊ី​វាយប្រហារ​ត្រូវចំ​មន្ទីពេទ្យ​កុមារ​មួយ​កន្លែង​នៅ​រដ្ឋធានី​កៀវ​​ក្នុង​អំឡុង​នៃ​ការវាយ​ប្រហារ​ដ៏​ខ្លាំង​ដោយ​មីស៊ីល​ដ៏​ប្រល័យ

Rescuers, medical staff and volunteers clean up the rubble and search victims after Russian missile strikes on Okhmatdyt Children's Hospital in Kyiv, Ukraine, July 8, 2024.

មីស៊ីល​រុស្ស៊ី​បាន​ត្រូវចំ​មន្ទីរពេទ្យ​កុមារមួយ​កន្លែង​នៅ​រដ្ឋធានី​នៃ​ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃ​ចន្ទ ជា​ផ្នែក​មួយ​ការវាយ​ប្រហារ​តាម​អាកាស​ពី​គ្រប់​ទិសទី​ទៅលើ​តំបន់​នានា​នៅ​ទូទាំង​ប្រទេស​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ក៏២០នាក់​ដែរ។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyyបាន​និយាយ​ថា​ពួក​អ្នក​ជួយ​សង្គ្រោះ​កំពុង​ជីក​កកាយ​តាម​គំនរ​បាក់បែក​នៅ​ឯ​មន្ទីរពេទ្យ​កុមារ​Okhmatdyt ក្នុង​រដ្ឋធានី​កៀវ​ជា​ទីកន្លែង​ដែល​ចំនួន​នៃ​ការខូចខាត​មិន​ទាន់​ដឹង​នៅ​ឡើយ។

លោក Zelenskyyបាន​និយាយ​នៅ​លើ​ប្រព័ន្ធXថា«រុស្ស៊ី​មិន​អាច​អះអាង​ពី​ការមិន​ដឹង​ឮ​ជា​ទីកន្លែង​ដែល​កាំជ្រួច​មីស៊ីល​របស់​ខ្លួន​កំពុង​ហោះ​ហើរ​ហើយ​ត្រូវតែ​ទទួល​ខុស​ត្រូវ​ពេញទី​ចំពោះ​ឧក្រិដ្ឋកម្ម​ទាំង​អស់​របស់​ខ្លួន ចំពោះ​ការប្រឆាំង​នឹង​មនុស្ស ប្រឆាំង​នឹង​កុមារ ប្រឆាំង​នឹង​មនុស្សជាតិ​ជា​ទូទៅ។ ការណ៍​នេះ​មាន​សារៈសំខាន់​ដែល​ពិភព​លោក​មិន​នៅ​ស្ងៀមស្ងាត់​អំពី​បញ្ហា​នេះ​នៅពេល​ឥឡូវនេះ ហើយ​ថា​មនុស្ស​គ្រប់​រូប​មើល ឃើញ​អ្វី​ដែល​រុស្ស៊ី​កំពុង​ធ្វើ»។

រដ្ឋបាល​យោធា​ទីក្រុង​កៀវ​បាន​និយាយ​ថា​ការវាយ​ប្រហារ​របស់​រុស្ស៊ី​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ក៏៧នាក់​ដែរ​និង​បាន​ធ្វើ​ឱ្យ​ខូចខាត​អគារ​នៅ​ក្នុង​ស្រុក​ជា ច្រើន។

ការវាយ​ប្រហារ​របស់​រុស្ស៊ី​ក៏​ត្រូវចំ​ទីក្រុង Kryvyi Rihដែល​ជា​ទីក្រុង​កំណើត​របស់​លោក​ប្រធានាធិបតី Zelenskyyដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ក៏១០នាក់​និង​ធ្វើ​ឱ្យ​របួស​៣១​នាក់​ផ្សេង​ទៀត។ នេះ​បើ​តាម​លោក Oleksandr Vilkulប្រធាន​រដ្ឋ បាល​យោធា​របស់​តំបន់ Kryvyi Rih។

នៅ​ក្នុង​តំបន់ Donetskភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន ពួក​អាជ្ញាធរ​បាន​និយាយ​ថា​កាំជ្រួច​មីស៊ីល​បាន​ត្រូវចំ​រោងចក្រ​ឧស្សាហកម្ម ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ក៏៣នាក់​ដែរ។

កងទ័ព​អាកាស​របស់​អ៊ុយក្រែន​បាន​និយាយ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ថាប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន​បាន​បាញ់​ទម្លាក់​កាំជ្រួច​មីស៊ីលCruise Kh-10 ចំនួន៣ គ្រាប់​នៅ​ពីលើ​តំបន់ Cherkasy និងZhytomyr។

កងទ័ព​ការពារ​ដែន​អាកាស​អ៊ុយក្រែន​បាន​និយាយ​ថា​ការវាយ​ប្រហារ​របស់​រុស្ស៊ី​រយៈ​ពេល​មួយ​យប់​មាន​រួមទាំង​កាំជ្រួច​មីស៊ីល​ធន់ Kh-101 និង​កាំជ្រួច​មីស៊ីលIskander-M២ គ្រាប់។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​ខ្លួន​បាន​បំផ្លាញ​ដ្រូន​របស់​អ៊ុយក្រែន២គ្រឿង​នៅ​ពីលើ​តំបន់ Belgorodនិង Voronezh។

អភិបាល​តំបន់ Voronezhបាន​និយាយ​ថា​មិន​មាន​មនុស្ស​របួស​ឬ​ស្លាប់​ឬ​អគារ​ខូច​ខាត​ត្រូវ​បាន​រាយការណ៍​ទេ។

ចិន​ស្នើ​ឲ្យ​រុស្ស៊ី​និង​អ៊ុយក្រែន​ចរចា​ដោយ​ផ្ទាល់

ប្រធានាធិបតី​ចិន​ លោក ស៊ី ជីនពីង ​បាន​អំពាវនាវ​ដល់​មហា​អំណាច​ពិភពលោក​ឱ្យ​ជួយ​រុស្ស៊ី​ និង​អ៊ុយក្រែន​បន្ត​ការសន្ទនា​ដោយ​ផ្ទាល់ ​ក្នុង​អំឡុង​ជំនួប​ជាមួយ​នាយក​រដ្ឋមន្រ្តី​ហុងគ្រី ​លោក Viktor Orbán។

លោក ​Orbán ​បាន​ធ្វើ​ទស្សនកិច្ច​ដ៏គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ទៅកាន់​ប្រទេស​ចិន​កាលពី​ថ្ងៃចន្ទ​ បន្ទាប់ពី​ធ្វើដំណើរ​ស្រដៀងគ្នា​កាលពី​សប្តាហ៍​មុន​ទៅកាន់​ប្រទេស​រុស្ស៊ី ​និង​អ៊ុយក្រែន​ ដើម្បី​ពិភាក្សា​អំពី​អនាគត​សម្រាប់​ការដោះស្រាយ​ដោយ​សន្តិវិធី​នៃ​សង្គ្រាម​ដែល​អូស​បន្លាយ​ពេល​ជាង​ពីរឆ្នាំ។

ហុងគ្រី​បាន​ចូល​កាន់តំណែង​ជា​ប្រធាន​ប្តូរវេន​នៃ​សហភាព​អឺរ៉ុប​ក្នុង​ខែ​នេះ ​ហើយ ​លោក​Orbán បាន​ចាប់ផ្តើម​បេសកកម្ម​សន្តិភាព​ ប៉ុន្តែ​ខ្វះ​ការយល់ព្រម​ពី​មេដឹកនាំ​អឺរ៉ុប​ផ្សេង​ទៀត។

សម្ព័ន្ធ​មិត្ត​អូតង់​ជួប​ប្រជុំ​

សម្ព័ន្ធមិត្ត​អូតង់​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​រយៈពេល​បី​ថ្ងៃ​ក្នុង​ទីក្រុងវ៉ាស៊ីនតោន​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃអង្គារ​ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៧៥​ របស់​ខ្លួន ​ក្នុង​គ្រា​ដែល​ក្រុម​សម្ព័ន្ធមិត្ត​កំពុង​ពង្រឹង​ការគាំទ្រ​របស់ខ្លួន​សម្រាប់​អ៊ុយក្រែន​ក្នុង​សង្គ្រាម​ដែល​កំពុង​បន្ត​ជាមួយ​រុស្ស៊ី។

ក្នុងអំឡុងពេល​សន្និសីទ​សារព័ត៌មាន ​កាលពី​ថ្ងៃអាទិត្យ​ដែល​ពិនិត្យមើល​កិច្ចប្រជុំ​កំពូល​ អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg ​បាន​និយាយ​ថា​សមាជិក​អូតង់​ទាំងអស់​ចង់​បាន​សន្តិភាព ​ហើយ​វា​អាច​សម្រេច​បាន​ប្រសិនបើ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន​ យល់ថា​លោក​មិនអាច​ឈ្នះ​នៅលើ​សមរភូមិ​ប្រដាប់​អាវុធ​បាន​ទេ។

លោក Stoltenberg ​បាន​គូស​បញ្ជាក់​អំពី​វិធានការ​សំខាន់ៗ​ដែល​អង្គការ​អូតង់​នឹង​ចាត់វិធានការ​ រួមមាន​ការបង្កើត​បញ្ជាការដ្ឋាន​អចិន្ត្រៃយ៍​មួយ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ ការពង្រឹង​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ ​និង​យោធា ​និង​កិច្ចព្រមព្រៀង​សន្តិសុខ​ទ្វេភាគី៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ផ្តល់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters