នៅថ្ងៃពុធនេះ ប្រទេសរុស្ស៊ីបានបដិសេធរបាយការណ៍មួយរបស់កាសែត New York Times ដែលថាពួកសមាជិកនៃក្រុមអ្នកឃោសនាបោះឆ្នោតឱ្យលោកប្រធានាធិបតីស.រ.អា. Donald Trump និងពួកសហការីឯទៀតៗរបស់លោកបានទាក់ទងជាមួយពួកមន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបការណ៍សម្ងាត់រុស្ស៊ីនៅមុនការបោះឆ្នោតក្នុងស.រ.អា.កាលពីខែវិច្ឆិកាឆ្នាំទៅ។
សារព័ត៌មាន New York Times បានសំដៅដល់មន្ត្រីស.រ.អា.បច្ចុប្បន្ន និងអតីតមន្ត្រីអាមេរិកាំងបួននាក់ដែលបាននិយាយថា ទីភ្នាក់ងារផ្នែកពង្រឹងច្បាប់ និងផ្នែកស៊ើបការណ៍សម្ងាត់បានស្ទាក់ស្តាប់ និងបានថតសំឡេងការនិយាយទូរស័ព្ទទាក់ទិនជាមួយលោក Paul Manafort ដែលធ្លាប់ជាអ្នកចាត់ចែងការឃោសនាបោះឆ្នោតឱ្យលោក Trump និងសហការីមួយចំនួនទៀតរបស់លោកដែលគេមិនបានបង្ហាញឈ្មោះ។
កាសែត New York Times សរសេរថា លោក Manafort បានហៅការរៀបរាប់ទាំងនេះថា «មិនសមហេតុផល» ទេ។
លោកក៏បានបដិសេធរបាយការណ៍ស្រដៀងគ្នាមួយដោយបណ្តាញទូរទស្សន៍អាមេរិកាំង CNN ដែលថាពួកសហការីរបស់ Trump ដែលមានរួមបញ្ចូលលោក Manafort និងលោក Michael Flynn ទីប្រឹក្សាសន្តិសុខជាតិ ដែលនៅពេលនេះបានលាលែងចេញពីតំណែងហើយនោះ បានទាក់ទងជាទៀងទាត់ជាមួយពួកជនជាតិរុស្ស៊ីនៅមុនការបោះឆ្នោតនោះ។
នៅក្នុងក្រុងមូស្គូ លោក Dmitry Peskov អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីបាននិយាយនៅថ្ងៃពុធនេះថា សេចក្តីរាយការណ៍នេះ «មិនផ្អែកលើការពិតជាក់ស្តែងណាមួយសោះ»។ ចំណែកឯបណ្តាញផ្សាយព័ត៌មានរបស់រុស្ស៊ីវិញបានដកស្រង់ពាក្យសម្តីភ្នាក់ងារស៊ើបការណ៍សម្ងាត់ក្រៅប្រទេសដែលបាននិយាយថា របាយការណ៍អំពីការទាក់ទងគ្នាទាំងនេះគ្មានមូលដ្ឋានទេ។
អ្នកស្រី Maria Zakharova អ្នកនាំពាក្យនៃក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសន្និសីទកាសែតមួយថា ពួកអ្នកការទូតរុស្ស៊ីធ្វើសកម្មភាពនៅក្នុងរង្វង់នៃការប្រតិបត្តិជាធម្មតាសម្រាប់ពួកអ្នកការទូតនៃប្រទេសទាំងអស់៕