រុស្ស៊ី​ហៅ​ការ​ចោទ​ប្រកាន់​អំពី​ការ​ប្រើ​ថ្នាំ​ជំនួយ​កម្លាំង​ថា​គ្មាន​មូលដ្ឋាន​អ្វី​ទាំង​អស់

សមាជិក​សន្តិសុខ​កំពុង​យាម​នៅ​អាគារ​គណកម្មាធិការ​អូឡាំពិក​របស់​ប្រទេស​រុស្ស៊ី​ នៅទីក្រុង​មូស្គូ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥។

ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ហៅ​ការ​ចោទ​ប្រកាន់​ថា​កីឡាករ​របស់​ខ្លួន​ប្រើ​ប្រាស់​ថ្នាំ​ជំនួយ​កម្លាំង​និង​ការចោទ​ថា​មាន​កិច្ច​ខំ​ប្រឹង​ប្រែង​លាក់​បាំង​រឿង​នេះ​ ថា​ជា​ការ​ចោទ​ប្រកាន់​គ្មាន​មូល​ដ្ឋាន​ជាក់​លាក់ ​ហើយ​ទទូច​ថា​ ខ្លួន​គោរព​តាមគោលការណ៍យ៉ាង​តឹង​រឹង​របស់​ទីភ្នាក់​ងារ​ពិភព​លោក​ប្រឆាំង​នឹង​ការ​ប្រើ​ប្រាស់​ថ្នាំ​ជំនួយ​កម្លាំង និង​គោល​ការណ៍​របស់​គណកម្មាធិការ​អូឡាំពិក​អន្តរជាតិ។

សេចក្តី​ថ្លែង​ការ​នេះ​ បាន​ចេញ​ផ្សាយ​មួយ​ថ្ងៃ​ បន្ទាប់​ពី​ទីភ្នាក់​ងារ​ពិភពលោក​ប្រឆាំង​នឹង​ការ​ប្រើ​ប្រាស់​ថ្នាំ​ជំនួយ​កម្លាំង​បាន​ចេញ​សេចក្តី​រាយការណ៍​មួយ​ ដែល​បាន​ចោទ​យ៉ាង​ធ្ងន់ធ្ងរលើ​ក្រុម​កីឡាករ ក្រុម​គ្រូ​បង្វឹក​ វេជ្ជ​បណ្ឌិត ព្រម​ទាំង​ស្ថាប័ន​រុស្ស៊ី​ផ្សេងៗ​រួម​ទាំង​ទីភ្នាក់ងារ​ប្រឆាំង​ថ្នាំ​ជួយ​កម្លាំង​នៃ​ប្រទេស​រុស្ស៊ី ក៏ដូចជា​កន្លែង​ពិសោធន៍​មួយ​ក្នុង​ទីក្រុង​មូស្គូ ដែលបាន​ធ្វើ​តែស្ត​សម្រាប់​ការ​ប្រកួត​កីឡា​អូឡាំពិក​ក្នុង​ទីក្រុង​ Sochi ផង។

អ្នក​នាំ​ពាក្យរដ្ឋាភិបាល​ក្រុង​មូស្គូ លោក ​Dmitry Peskov ​បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ពុំ​ទាន់​ឃើញ​មាន​ភស្តុតាង​អ្វី​ដែល​គាំ​ទ្រ​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ទេ។​ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​ ក្រសួង​កីឡា​នៃ​ប្រទេស​រុស្ស៊ី​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​មួយ​និយាយ​ថា ​ខ្លួន​បាន​ដឹង​អំពី​បញ្ហា​ក្នុង​ចំណោម​កីឡាករ​រុស្ស៊ី ហើយ​បាន​ប្រកាស​អំពី​ការ​តាំង​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​បង្ក្រាប​ការ​ប្រើ​ប្រាស់​ថ្នាំ​ជំនួ​កម្លាំង​ក្នុង​វិស័យ​កីឡា។

ក្រសួង​នេះ​បាន​និយាយ​ទៀត​ថា​ ខ្លួន​បាន​រៀប​ចំ​ខ្លួន​រួច​ជា​ស្រេច​ហើយដើម្បី​សហការណ៍​ជាមួយ​ទី​ភ្នាក់​ងារ​ពិភពលោកប្រឆាំង​នឹង​ការ​ប្រើ​ប្រាស់​ថ្នាំ​ជំនួយ​កម្លាំង ​ដើម្បី​បំបាត់​ការ​បំពានធ្វើ​ឡើង​ដោយ​ទី​ភ្នាក់ងារ​ប្រឆាំង​នឹង​ការ​ប្រើ​ប្រាស់​ថ្នាំ​ជំនួយ​កម្លាំង​របស់​ប្រទេស​នេះ៕