ប្រទេសរុស្ស៊ីបានចាប់ធ្វើការវាយប្រហារលើប្រទេសអ៊ុយក្រែននៅព្រលឹមថ្ងៃព្រហស្បតិ៍នេះ ដោយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានព្រមានប្រទេសដទៃមិនឱ្យចូលមកអន្តរាគមន៍ ខណៈសម្ព័ន្ធមិត្តលោកខាងលិចបន្តប្តេជ្ញាគាំទ្រអ៊ុយក្រែន និងប្រកាសការដាក់ទណ្ឌកម្មថ្មីៗទៀត ខណៈពួកគេថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីនេះ។
នៅពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកសម័យប្រជុំបន្ទាន់មួយនៅពេលយប់នៅក្នុងការស្វះស្វែងដើម្បីបញ្ចៀសសង្គ្រាមនោះ លោក Putin បានប្រកាសការចាប់ផ្តើមកិច្ចប្រតិបត្តិការយោធានៅក្នុងតំបន់ខាងកើតអ៊ុយក្រែននៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយនិយាយថា លោកបានធ្វើនៅក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងមកពីអ៊ុយក្រែនហើយបានព្រមានប្រទេសផ្សេងៗទៀតកុំឲ្យធ្វើអន្តរាគមន៍។
លោក Putin បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា អ្នកដែលជំទាស់ប្រឆាំងសកម្មភាពរបស់រុស្ស៊ីនៅក្នុងតំបន់ Donbas នឹងប្រឈម«ផលវិបាកដែលពួកគេមិនដែលបានឃើញ»។
នៅពេលប្រហែលជាមួយគ្នានោះដែរ គេបានឮការផ្ទុះលាន់សូរយ៉ាងខ្លាំងជាច្រើននៅក្នុងរដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែនដោយស្ថិតនៅឆ្ងាយពីកណ្តាលទីក្រុង។ ក្រោយមកសារ៉ែន បានបន្លឺនៅក្នុងទីក្រុងដែលជាសញ្ញាមួយប្រាប់ដល់ប្រជាពលរដ្ឋឲ្យស្វះស្វែងរកកន្លែងជ្រកពួន។
មន្ត្រីខ្លះ បានប្រាប់វីអូអេថា ចំណតយន្តហោះ២កន្លែងនៅក្នុងរដ្ឋធានីកៀវ បានក្លាយជាទីដៅនៃការវាយប្រហាររបស់យន្តហោះដ្រូនដែលគ្មានមនុស្សបើក ហើយថា សំឡេងផ្ទុះខ្លះដែលគេបានឮនោះជាគ្រាប់រ៉ុក្កែតដែលកងទ័ពអ៊ុយក្រែនបាញ់យន្តហោះដ្រូនគ្មានមនុស្សបើកនោះ។ មន្ត្រីម្នាក់បាននិយាយថា រុស្ស៊ី អាចវាយប្រហារប្រព័ន្ធការពារដែនអាកាសដើម្បីត្រួសត្រាយផ្លូវសម្រាប់ការវាយប្រហារតាមអាកាសរបស់ខ្លួន។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា កងទ័ពរុស្ស៊ី បានធ្វើការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធយោធានិងឆ្មាំការពារព្រំដែនរបស់អ៊ុយក្រែន។ លោកបាននិយាយទៀតថា រដ្ឋាភិបាលអ៊ុយក្រែន បានដាក់ចេញច្បាប់អាជ្ញាសឹកទូទាំងប្រទេស ស្របពេលជាមួយគ្នានោះ បានជំរុញឲ្យប្រជាពលរដ្ឋរក្សាការស្ងៀមស្ងាត់ហើយស្ថិតនៅផ្ទះ។
លោកប្រធានាធិបតី Zelensky បាននិយាយទៀតថា «សូមកុំភ័យស្លន់ស្លោ។ យើងនៅតែខ្លាំង។ យើង បានត្រៀមខ្លួនដើម្បីអ្វីៗទាំងអស់។ យើងនឹងឈ្នះលើពួកគេ ពីព្រោះយើងជាអ៊ុយក្រែន»។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានមានប្រសាសន៍ថា ប្រជាពលរដ្ឋអ៊ុយក្រែន បានទទួលរងគ្រោះដោយការវាយប្រហារដែលខ្លួនមិនបានបង្កនិងដោយអយុត្តិធម៌ពីកងកម្លាំងយោធារបស់រុស្ស៊ី។
លោកប្រធានាធិបតី Biden បានពិភាក្សាស្ថានភាពនេះនៅក្នុងការនិយាយតាមទូរស័ព្ទជាមួយលោក Zelensky ដែលបានសុំឲ្យលោកធ្វើការអំពាវនាវដល់មេដឹកនាំពិភពលោក ដើម្បីថ្កោល ទោសប្រឆាំងនឹងភាពគគ្លើនរបស់ប្រធានាធិបតី Putin ហើយនឹងសាមគ្គីជាមួយប្រជាពលរដ្ឋអ៊ុយក្រែន។
បន្ទាប់ពីនិយាយជាមួយមេដឹកនាំដែលមានសេដ្ឋកិច្ចជឿនលឿនជាងគេទាំង៧ប្រទេសឬ G-7នៅព្រឹកថ្ងៃព្រហស្បតិ៍នេះមក លោកប្រធានាធិបតី Biden មានប្រសាសន៍ថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តផ្សេងៗទៀត នឹងដាក់ទណ្ឌកម្មយ៉ាងខ្លាំងប្រឆាំងនឹងរុស្ស៊ី។
វិធានការទាំងនោះ កើតមានឡើងបន្ទាប់ពីការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុបនិងប្រទេសផ្សេងៗទៀតនៅសប្តាហ៍នេះប្រឆាំងនឹងពួកមន្ត្រីរុស្ស៊ីនិងប្រព័ន្ធហិរញ្ញវត្ថុរបស់រុស្ស៊ី ហើយនឹងបញ្ឈប់គម្រោងបំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ី។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានបញ្ជូនសារតាម Twitter នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំរុស្ស៊ី បានចាប់ផ្តើមឈ្លានពានប្រទេសអ៊ុយក្រែនពេញបន្ទុកហើយ។
លោកបាននិយាយថា សហគមន៍អន្តរជាតិ ចាំបាច់ធ្វើការឆ្លើយតបដោយ«ការដាក់ទណ្ឌកម្មដ៏ខ្លាំងទៅលើប្រទេសរុស្ស៊ី» និងបញ្ជូនអាវុធឧបករណ៍យោធា ជំនួយហិរញ្ញវត្ថុនិងជំនួយមនុស្សធម៌ដល់ប្រទេសអ៊ុយក្រែន។
អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg បានថ្កោលទោសការវាយប្រហាររបស់រុស្ស៊ី ដោយលោកបានហៅការវាយប្រហារនេះថា ជា«ការរំលោភច្បាប់អន្តរជាតិដ៏ធ្ងន់ធ្ងរ»មួយ៕