លោក កឹម សុខា ត្រូវបានសមាជិកសភាគណបក្សប្រជាជនកម្ពុជាបោះឆ្នោតជាឯកឆន្ទទម្លាក់ចេញពីមុខតំណែងអនុប្រធានទី១នៃរដ្ឋសភាជាតិ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០១៥នេះ បន្ទាប់ពីកាន់តំណែងនេះបានជាងមួយឆ្នាំ។
គណបក្សគ្រប់គ្រងប្រទេសអះអាងថា លោកបានបញ្ចេញមតិដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ បំបែកបំបាក់គណបក្សទាំងពីរដែលមានវប្បធម៌សន្ទនា និងប៉ះពាល់កិច្ចព្រមព្រៀងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
លោក ហេង សំរិន ប្រធានរដ្ឋសភាជាតិបានប្រកាសលទ្ធផលនៃការបោះឆ្នោតដោយប្រាប់អង្គសភាទាំងមូលភ្លាមៗថា៖
«អនុលោមតាមលទ្ធផលនៃការបោះឆ្នោតដកតំណែងជាអនុប្រធានទី១នៃរដ្ឋសភាពីឯកឧត្តម កឹម សុខា អម្បាញ់មិញនេះ ខ្ញុំសុំប្រកាសជាឧឡារិកថា ឯកឧត្តម កឹម សុខាត្រូវបានអង្គសភាបោះឆ្នោតដកតំណែងពីអនុប្រធានទី១នៃរដ្ឋសភាជាស្ថាពរ»។
ការបោះឆ្នោតដកតំណែងលោក កឹម សុខា មានការចូលរួមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
លោក ហេង សំរិន ត្រូវគេដឹងថា បានប្រាប់ឲ្យអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាឲ្យបោះឆ្នោតយល់ព្រមទម្លាក់ និងគូសឲ្យចំពាក្យយល់ព្រម ក្នុងពេលដែលសមាជិកសភាគណបក្សសង្គ្រោះជាតិទាំង៥៥រូប ធ្វើពហិកាមិនចូលរួមក្នុងការបោះឆ្នោត។
លោក ជាម យៀប ប្រធានគណៈកម្មការសភាដ៏មានឥទ្ធិពលក្នុងគណបក្សប្រជាជន កម្ពុជាម្នាក់បានប្រកាសថាលោក កឹម សុខា បានវាយប្រហារគណបក្សប្រជាជនកម្ពុជានាំឲ្យមានបញ្ហាចលាចលសង្គម ប៉ះពាល់សន្តិសុខជាតិ ធ្វើឲ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងនយោបាយរវាងគណបក្សទាំងពីរ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ នឹងយោងតាមការទាមទាររបស់ពលរដ្ឋ ដែលបានទាមទារឲ្យសភាដកតំណែង និងចុះចេញពីតំណែងជាអនុប្រធានសភាទី១សភា។
ការណ៍នេះជាហេតុផលមួយចំនួនក្នុងចំណោមហេតុផលដែលត្រូវដកតំណែងរបស់លោក។ ឆ្លើយតបនឹងសមាជិកសភា គណបក្សសង្គ្រោះជាតិបីរូប គឺលោក អេង ឆៃអ៊ាង លោក យ៉ែម បុញ្ញរិទ្ធ លោក ហូ វ៉ាន់ ដែលបានចូលរួមប្រជុំគណៈអចិន្ត្រៃយ៍សភា មុនកិច្ចប្រជុំសភាពេញអង្គ ដែលថាការដកតំណែងរបស់លោក កឹម សុខា វាខុសពីរដ្ឋធម្មនុញ្ញនោះ លោក ជាម យៀប បានបញ្ជាក់ថា៖
«នៅក្នុងនោះទាំងឯកឧត្តម អេង ឆៃអ៊ាង ឯកឧត្តម យ៉ែម បុញ្ញរិទ្ធ បានលើកឡើងថា បើសិនជាអង្គសភាធ្វើដូច្នេះ វាខុសនឹងរដ្ឋធម្មនុញ្ញ។ ខ្ញុំសូមបញ្ជាក់ជូនសាធារណជន ឲ្យបានជ្រាបថា និយាយអំពីគោលការណ៍នៃច្បាប់ពិសេស គឺច្បាប់រដ្ឋបាលដែល បានចែងពីអ្វី ដែលគ្មានចែងក្នុងច្បាប់ បើសិនជាពិនិត្យឃើញនេះជាការចាំបាច់ និងជាការត្រឹមត្រូវ ធ្វើក៏បានឬ មិនធ្វើក៏បាន»។
លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានថ្លែងប្រាប់ VOAថានៅក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍សភាលោក បានលើកឡើងថា សភាមិនគួរដាក់របៀបវារៈការដកតំណែងលោក កឹម សុខា ដែលលោកថា មានអធម្មនុញ្ញភាពនោះ។ លោកបន្តថា តែគណបក្សប្រជាជនកម្ពុជាមានសំឡេងច្រើនជាងក្នុងការសម្រេចដាក់ របៀបវារៈនេះ។
«នៅក្នុងរដ្ឋធម្មនុញ្ញហ្នឹង អត់មានមាត្រាណាចែងអំពីនីតិវិធីនៃការផ្លាស់ប្តូរថ្នាក់ដឹកនាំ រដ្ឋសភាទេ មានចែងពីការជ្រើសតាំង តែការផ្លាស់ប្តូរអត់មានទេ លើកលែងតែករណី ថ្នាក់ដឹកនាំជាប្រធាន និងអនុប្រធានលាលែង ឬទទួលមរណភាព នោះទើបរដ្ឋធម្មនុញ បានអនុញ្ញាតឲ្យមានការផ្លាស់ប្តូរ។ ក្នុងករណីដែលថ្នាក់ដឹកនាំរដ្ឋសភា ប្រធានអនុប្រធាននៅជ្រងោៗ។ អូ! មានទោសត្រូវផ្លាស់ប្តូរ ឬមានញ្ញតិស្តីបន្ទោសអី អត់មានទេ»។
លោក អេង ឆៃអ៊ាង បានបន្ថែមថា ដោយសារហេតុផលអធម្មនុញភាពនេះហើយដែលសមាជិកសភាគណបក្សសង្គ្រោះជាតិពហិកាមិនចូលប្រជុំសភា។
លោក សឺន ស៊ូប៊ែរ៍ អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានគណបក្សសិទ្ធិមនុស្សបានថ្លែងថា តាមគោលការណ៍ប្រជាធិបតេយ្យគេមិនអាចធ្វើការដកតំណែង លោក កឹម សុខា របៀបនេះបានទេ។
«តាមយោបល់ខ្ញុំដែលធ្លាប់នៅរដ្ឋសភាពីមុនហ្នឹង កាលណាគេបោះឆ្នោត តែងតាំង ហើយគេអត់អាចទម្លាក់បានទេ លុះត្រាតែមានធ្វើកំហុសណាមួយ ដូចជាឧក្រិដ្ឋកម្ម។ ហើយឯកឧត្តម កឹម សុខា មិនទាន់បានធ្វើអ្វីខុសបទបញ្ជាផ្ទៃក្នុងផង និងខុសរដ្ឋធម្មនុញផង ហើយខ្ញុំយល់ថា ការប្រព្រឹត្តរបៀបនេះគឺទាក់ទងនឹងរបបផ្តាច់ការ»។
លោក សឺន ស៊ូប៊ែរ៍ បានថ្លែងថា សភានេះមានគណបក្សពីរដែលត្រូវនិយាយគ្នាមិនមែនជាសភាគណបក្សប្រជាជនទេ។
គណបក្សសង្គ្រោះជាតិជាគូប្រជែងនយោបាយដ៏សំខាន់សម្រាប់គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំជាពិសេសសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១៧ និងការបោះឆ្នោតជាសកលនៅឆ្នាំ២០១៨។
មេដឹកនាំគណបក្សសង្គ្រោះជាតិរួមទាំងលោក សម រង្ស៊ី រងការគំរាមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្មីៗនេះថាអាចត្រូវជាប់គុករឿងបង្ហោះឯកសារព្រំដែនលើទំព័រហ្វេសប៊ុក។ ហើយសមាជិកសភាពីររូបគឺ លោក ញ៉យ ចំរើន និងលោក គង់ សភា រងការវាយប្រហារពីក្រុមមនុស្សមួយក្រុមខាងក្រៅបរិវេណរដ្ឋសភាកាលពីថ្ងៃច័ន្ទ ហើយលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិត្រូវដកចេញពីតំណែងអនុប្រធានទី១រដ្ឋសភា ដែលគណបក្សទាំងពីរបានព្រមព្រៀងគ្នាបែងចែកក្នុងប្រព័ន្ធផ្ទៀងផ្ទាត់អំណាចនេះដោយកិច្ចព្រមព្រៀង នយោបាយក្នុងការបញ្ចប់ការជាប់គាំងដំណើរនយោបាយរយៈពេលជិត១ឆ្នាំ ក្រោយការបោះឆ្នោតជាសកលឆ្នាំ២០១៣នោះ។
ទោះជាយ៉ាងណាក៏ដោយ លោក ឈាង វុន សមាជិកសភា និងជាអ្នកនាំពាក្យបាន ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា ការដកតំណែងលោក កឹម សុខា គឺមិនប៉ះពាល់ដល់វប្បធម៌សន្ទនារវាងគណបក្សទាំងពីរនោះទេ។
តែសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិថ្ងៃនេះវិញបានចោទប្រកាន់ថា ការដកតំណែងលោក កឹម សុខា ជាការរំលោភច្បាប់រដ្ឋធម្មនុញ្ញមាត្រាទី៨៧ និងរំលោភលើកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សទាំងពីរដែលមានអាសនៈក្នុងរដ្ឋសភា។
នៅក្នុងកិច្ចព្រមព្រៀងរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បាន បញ្ជាក់ថា គណបក្សទាំងពីរព្រមព្រៀងក្នុងការរកដំណោះស្រាយនយោបាយដោយធ្វើការរួមគ្នាក្នុងសភា ដើម្បីដោះស្រាយបញ្ហាជាតិតាមគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ៕