បក្ស​កាន់​អំណាច​ចង់​បន្ត​សុំ​យោបល់​សង្គម​ស៊ីវិល​ក្រោយ​ការចរចា

លោក ​ហ៊ុន​ សែន និង​លោក​សម រង្ស៊ី ចាប់​រលាក់ដៃ​គ្នា មុនការ​ជួបគ្នា​របស់​អស់លោក​ជា​លើក​ទី២​ នៅ​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ ចាប់តាំងពី​ការបោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។

គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ជំហរ​ចុង​ក្រោយ​ថា​នឹង​បន្ត​កិច្ច​ប្រជុំ​គណៈកម្មការ​ចរចា​រវាង​គណបក្ស​ទាំង​ពីរ​បន្តទៀត​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ​នេះ។
ការ​ប្រជុំ​នៅលើក​ក្រោយ​នេះ​នឹង​ជជែក​តែលើ​ប្រធាន​បទ​សម្រាប់​រៀប​ចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​មួយ​ដើម្បី​ធ្វើ​កំណែ​ទម្រង់​គណៈកម្មការ​ជាតិ​រៀប​ចំបោះ​ឆ្នោត។​

ការ​ស្នើសុំ​ឱ្យ​មាន​ការ​កំណែ​ទម្រង់​លើ​សមាសភាព​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោតដែល​បាន​ស្នើ​ដោយ​គណបក្ស​សង្គ្រោះជាតិបាន​ក្លាយ​ជា​ឆ្អឹង​ទទឹង​ក​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា។បន្ទាប់​ពី​បាន​ស្នើសុំ​ឱ្យដាក់​ចូល​ទៅ​ក្នុង​ស្ថាប័ន​រដ្ឋធម្មនុញ្ញ​និង​ការ​អនុម័ត​ដោយ​សំឡេង​២/៣​នៃ​សមាជិក​សភា។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​សរសេរ​លិខិត​មួយជូន​លោក​ ប៊ិន ឈិន​ ប្រធាន​ក្រុម​ចរចា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យទទួល​យក​លក្ខខណ្ឌ​របស់​ខ្លួន។​

នៅ​ក្នុង​លិខិត​របស់​គណបក្ស​សង្គ្រោះជាតិ​ផ្ញើ​ជូន​លោក​ ប៊ិន ឈិន​ បាន​បញ្ជាក់​ឱ្យគណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​តែ​ប្រកាន់​ជំហរ​ឱ្យមាន​ការ​យក​ចិត្ត​ទុកដាក់​ដោះ​ស្រាយ​បញ្ហា​គណៈកម្មាធិការ​រៀប​ចំការ​បោះ​ឆ្នោត​ជាមូល​ដ្ឋាន​មុនសិន​ មុន​នឹង​ឈាន​ដល់​ការជជែក​គ្នា​សារ​ជាថ្មី។​

លោក​ ជាម យៀប ​សមាជិក​ក្រុម​ចរចា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​នៅ​ថ្ងៃសុក្រ​នេះ​ថា​យើង​បាន​ឆ្លើយ​តប​នឹង​លិខិត​របស់​គណបក្ស​សង្គ្រោះជាតិ​រួច​ហើយក៏ប៉ុន្តែ​ចំពោះ​សំណើ​ដាក់​សមាសភាព​គ.ជ.ប​ទៅ​ក្នុង​ស្ថាប័ន​រដ្ឋធម្មនុញ្ញ​និង​ការ​អនុម័ត​ដោយ​សំឡេង​២/​៣​ពី​សមាជិក​សភា។​លោក​នឹង​ដាក់ជូន​ឱ្យថ្នាក់​ដឹក​នាំ​កំពូល​គណបក្ស​ជាអ្នក​សម្រេច។​

លោក​បាន​បញ្ជាក់​ថា​សម្រាប់ក្រុម​ការងារ​ចរចា​គណបក្ស​ទាំង​ពីរ​បាន​យល់​ព្រម​គ្នា​ថា​នឹង​បន្ត​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ​ទៀតក៏ប៉ុន្តែ​កិច្ច​ពិភាក្សា​នេះ​នឹង​គ្រោង​និយាយ​អំពី​ប្រធាន​បទ​សម្រាប់​សិក្ខាសាលា​ថ្នាក់ជាតិ​អំពី​កំណែទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​តែប៉ុណ្ណោះ។​

លោក​បន្ថែម​ថា៖

«ពីព្រោះ​យើង​រៀប​ចំប្រធាន​បទ​សម្រាប់​សិក្ខាសាលា​ថ្នាក់ជាតិ។​ចំណុច​ណា​ដែល​ត្រូវ​គ្នា។ ​ឥឡូវ​យើង​ត្រូវ​គ្នា​បានពីរ​ហើយ​ មួយ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ មួយទៀត​ការ​ចុះ​បញ្ជី​បោះ​ឆ្នោត​និង​ទីពីរ​យើង​រៀប​ចំច្បាប់​ស្តី​អំពី​ហិរញ្ញវត្ថុ​របស់​គណបក្ស​នយោបាយ»។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​កាល​ពី​ថ្ងៃទី​១៨​ខែកុម្ភៈ​បាន​ឱ្យដឹង​ថា​គណៈកម្មការ​ចម្រុះ​រវាង​គណបក្ស​ទាំងពីរ​នឹង​ធ្វើការ​សិក្សា​និង​រៀបចំ​ក្របខណ្ឌ​សម្រាប់​សិក្ខាសាលា​ថ្នាក់​ជាតិ​នាពេល​ខាង​មុខ។​

លោក​ សុន ឆ័យ​ ប្រធានក្រុម​ចរចា​និង ​លោក​ យឹម សុវណ្ណ​ អ្នក​នាំពាក្យ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​មិនអាច​ស្នើ​សុំទំនាក់​ទំនង​បាន​ទេ​នៅ​រសៀល​ថ្ងៃ​សុក្រនេះ​ដោយ​ទូរស័ព្ទ​រោទិ៍​ជាច្រើន​ដង​តែ​គ្មាន​អ្នក​ទទួល៕