ពួកឧទ្ទាមលីប៊ីបន្តកាន់កាប់រដ្ឋធានីទ្រីប៉ូលី

កាំភ្លើង​របស់​​ក្រុម​បះបោរ​នៅ​ជិត​វិហារ​ឥស្លាម​មួយ​នៅ​ទី​ក្រុង​ទ្រីប៉ូលី​នៅ​ថ្ងៃ​ទី​២៧​សីហា ឆ្នាំ​២០១១។​

កម្លាំង​ប្រឆាំង​នឹង​លោក​ហ្កាដាហ្វី​ក្នុង​ប្រទេស​លីប៊ី​កំពុងតែ​ពង្រឹង​ទីតាំង​ប្រយុទ្ធ​របស់​ខ្លួន​ក្នុង​រដ្ឋធានី​ និង​កន្លែង​ផ្សេងៗទៀត​ក្នុង​ប្រទេស​ ទោះបី​ពួក​អ្នកប្រយុទ្ធ​ដែល​គាំទ្រ​លោក​ហ្កាដាហ្វី​តបត​យ៉ាងខ្លាំងក្លា​យ៉ាងណាក៏ដោយ។

ឥឡូវនេះ​ កម្លាំង​ប្រឆាំង​អះអាង​ថា​បាន​គ្រប់គ្រង​ប្រទេស​លីប៊ី​ ៩០​ ភាគរយ​ហើយ​ ប៉ុន្តែ​ការចាប់ខ្លួន​លោក​ម៉ូអាម៉ារ​ ហ្កាដាហ្វី​ ដែល​ជា​ភាពជោគជ័យ​ចុងក្រោយ​របស់​ពួកគេ​នៅតែ​មិនច្បាស់។

កម្លាំង​គាំទ្រ​លោក​ហ្កាដាហ្វី​បាន​បាញ់​គ្រាប់​កាំភ្លើងត្បាល់​ចូល​ក្នុង​អាគារ​ដែល​បច្ចុប្បន្ន​នេះ​គ្រប់គ្រង​ដោយ​ពួកឧទ្ទាម​ បាប់ អាល់-អាហ្សីហ្សីយ៉ា​ (Bab al-Aziziya)​ និង​ដែល​ធ្លាប់ជា​ទីស្នាក់ការ​កណ្តាល​ក្នុង​រដ្ឋធានី​ទ្រីប៉ូលី​របស់​វរសេនីយឯក​ហ្កាដាហ្វី។​ មេដឹកនាំ​ ប្រឆាំង​និយាយ​ថា​កម្លាំង​របស់​ពួកគេ​បាន​ចាប់ខ្លួន​អ្នកប្រយុទ្ធ​របស់​រដ្ឋាភិបាល​ជាច្រើន​នាក់​ដែល​កំពុងតែ​នៅក្នុង​អាគារ​នោះ​ ប៉ុន្តែ​គេ​មិនឃើញ​មាន​សញ្ញាណ​ណាមួយ​អំពី​សមាជិក​គ្រួសារ​របស់​លោក​ហ្កាដាហ្វី​ទេ។

ការប្រយុទ្ធគ្នា​ដ៏​ស្វិតស្វាញ​បាន​បន្ត​នៅ​ថ្ងៃពុធ​នៅ​ជុំវិញ​ព្រលានយន្តហោះ​ទ្រីប៉ូលី​ ដែល​ក្រុម​ប្រឆាំង​និយាយ​ថា​តំបន់​នោះ​កំពុង​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ពួកគេ។​ គ្រាប់រុក្កែត​ជាច្រើន​បាន​បាញ់​ចំ​កន្លែង​ចំណត​យន្តហោះ​នៅ​ព្រលានយន្តហោះ​ ហើយ​ការវាយប្រយុទ្ធគ្នា​បាន​ពន្យារពេល​គម្រោង​បើក​ទីតាំង​នេះ​ឲ្យ​ដំណើរការ​ឡើងវិញ។

តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ដែល​ហៅកាត់​ថា​ ICC​ ចោទប្រកាន់​លោក​វរសេនីយឯក​ហ្កាដាហ្វី​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋកម្ម​សង្រ្គាម។​ ការកាត់ទោស​ជា​លក្ខណៈ​អន្តរជាតិ​មួយ​ត្រូវបាន​ស្វាគមន៍​ដំបូង​ដោយ​ក្រុមប្រឹក្សា​ពួកឧទ្ទាម​ និង​សម្ព័ន្ធមិត្ត​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​ថា​ជា​វិធីទប់ទល់​ជាមួយនឹង​ការសងសឹក​របស់​លោក​ហ្កាដាហ្វី។

មហាអំណាច​បស្ចិម​ប្រទេស​បន្ត​អំពាវនាវ​ឲ្យ​ភាគី​ទាំងពីរ​រក្សា​ភាពស្ងៀមស្ងាត់​ និង​អនុវត្ត​នូវ​ស្មារតី​ផ្សះផ្សារ។​ ប៉ុន្តែ​លោក​ហ្កាដាហ្វី​មិនមាន​អារម្មណ៍​បែបនេះ​ទេ។

សារ​សម្លេង​ដែល​គេ​ជឿ​ថា​ជា​សម្លេង​របស់​លោក​ហ្កាដាហ្វី​ បាន​អំពាវនាវ​ឲ្យ​អ្នក​ រស់នៅ​ក្នុង​រដ្ឋធានី​ទ្រីប៉ូលី​បោសសំអាត​ពួកឧក្រិដ្ឋជន​ និង​ពួកជនក្បត់​ចេញពី​ទីក្រុង៕

ប្រែសម្រួល​ដោយ ភី​ សុភាដា