តួនាទី​របស់​អាស៊ាន​ចំពោះ​បញ្ហា​ជម្លោះ​នៅ​ក្នុង​តំបន់

លោក​ យូ សុគន្ធបញ្ញា​ និស្សិត​អនុបណ្ឌិត​ផ្នែក​គោល​នយោបាយ​សាធារណៈ​នៃ​សាកល​វិទ្យាល័យ​មីឈីហ្គែន​នៃ​សហរដ្ឋ​អាមេរិក។

ជម្លោះ​ដែន​សមុទ្រ​ខាង​ត្បូង​ប្រទេស​ចិន និង​ខាង​កើត ហើយ​នឹង​បញ្ហា​តំបន់​នានា​​ផ្សេងៗ​ទៀត​​ជា​បញ្ហា​ដ៏​តានតឹង​ដែល​អាស៊ាន​មាន​តួនាទី​សំខាន់​ក្នុង​ការ​ចូលរួម​ ដោះស្រាយ​រួម​គ្នា។

Your browser doesn’t support HTML5

តួនាទី​របស់​អាស៊ាន​ចំពោះ​បញ្ហា​ជម្លោះ​នៅ​ក្នុង​តំបន់


វ៉ាស៊ីនតោន៖ នៅ​ប៉ុន្មាន​ថ្ងៃ មុន​ក្រុម​មេដឹកនាំ​អាស៊ាន​និង​មេដឹកនាំ​ពិភពលោក​ត្រូវ​ពិភាក្សា និង​ ដោះស្រាយ​បញ្ហា​ដ៏​រសើប​ក្នុង​តំបន់​មួយ​ចំនួន​ អ្នកវិភាគ​ស្ថានការណ៍​តំបន់ បាន​និយាយ​ថា ដើម្បី​កុំ​ឲ្យ​រារាំង​ដល់​បញ្ហា​សំខាន់ៗ​ដ៏ទៃ​ទៀត​នោះ យន្តការ​ទ្វេរ​ភាគី និង​យន្តការ​ពហុភាគី​គួរ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​មធ្យោបាយ ជាពិសេស​លើ​ការដោះស្រាយ​បញ្ហា​ជម្លោះ​ដែន​សមុទ្រ​ខាង​ត្បូង​ប្រទេស​ចិន ដែល​ភាគី​ចិន និង​សមាជិក​អាស៊ាន​មួយ​ចំនួន កំពុង​មាន​វិវាទ​នឹង​គ្នា​ដើម្បី​ដណ្តើម​កាន់កាប់​ដែន​អធិបតេយ្យភាព។ នេះ​ជា​ការអះអាង​របស់​លោក​ យូ សុគន្ធបញ្ញា​ និស្សិត​អនុបណ្ឌិត​ផ្នែក​គោល​នយោបាយ​សាធារណៈ​នៃ​សាកល​វិទ្យាល័យ​មីឈីហ្គែន​ក្នុង​ពេល​លោក​ចូលរួម​ជា​វាគ្មិននៃ​កម្មវិធី​ហេឡូ​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១២។

«ការពិភាក្សា​របស់​អាស៊ាន​គួរតែ​ផ្តោត​ទៅ​លើ​ប្រធានបទ​ដូចជា ​សេរីភាព​នាវាចរណ៍ សន្តិភាព ស្ថិរភាព ច្បាប់​អន្តរជាតិ ​និង​ការធ្វើ​ជំនួញ​ដោយ​សេរី​ដែល​ភាគី​សមាជិក​អាស៊ាន​ទាំងអស់​អាច​ព្រមព្រៀង​គ្នា​បាន។ ការពិភាក្សា​ទៅ​លើ​អធិបតេយ្យភាព មាន​លក្ខណៈ​ស្មុគស្មាញ​ ហើយ​ត្រូវការ​រយៈពេល​យូរ។ ដូច្នេះ​ការ​ពិភាក្សានេះ មិន​គួរ​ឲ្យ​មាន​ការរារាំង​ទៅ​លើ​ការពិភាក្សា​ផ្សេង​ទៀត​ទេ»។

ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ក្នុង​ប្រទេស​កម្ពុជា និង​តំបន់​អាស៊ី​ចាប់ពី​ថ្ងៃ​១៧​ដល់​ថ្ងៃ​២០វិច្ឆិកា​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី​២១ និង​កិច្ចប្រជុំ​អាស៊ី​បូព៌ា​លើក​ទី​៧​ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​នេះ គឺ​ជា​សញ្ញាមួយ​ដែលបង្ហាញ​ថា សរអា​បង្ហាញការ​ចង់​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និងខាង​កើត​ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​សម្ព័ន្ធមិត្ត​ស.រ.អា​មួយ​ចំនួន​នេះ។

ជម្លោះ​ដែន​សមុទ្រ​ខាង​ត្បូង​ប្រទេស​ចិន និង​ខាង​កើត ហើយ​នឹង​បញ្ហា​តំបន់​នានាផ្សេងៗ​ទៀតជា​បញ្ហា​ដ៏​តានតឹង​ដែល​អាស៊ាន​មាន​តួនាទី​សំខាន់​ក្នុង​ការ​ចូលរួម​ ដោះស្រាយ​រួម​គ្នា៕