ស្ថានភាព​កូវីដ​ដុនដាប​នាំ​ឲ្យ​លំហ​នយោបាយ​និង​ការ​រិះគន់​ខើច​ខ្លី​

រូបឯកសារ៖ ក្រុមការងារដែលស្ថិតក្នុងសម្លៀកបំពាក់ការពារខ្លួនពីជំងឺ​កូវីដ១៩ កំពុងត្រៀមបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារអូរឬស្សី បន្ទាប់ពីមានករណីឆ្លងក្នុងចំណោមអាជីវករនៅផ្សារនេះ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២១។

ប្រទេស​កម្ពុជា​មាន​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ​១៩​ជាង​ ១.០០០​នាក់​ ត្រឹម​ថ្ងៃ​សុក្រ ​ដែល​ជា​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​ការ​ផ្ទុះ​ឆ្លង​ព្រឹត្តិការណ៍​សហគមន៍​ថ្ងៃទី​២០​ខែកុម្ភៈ​មក។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បង្ហាញ​រូបភាព​ល្អ​នៃ​ការ​ប្រយុទ្ធ​នឹង​វីរុស​ដ៏​ប្រល័យ​នេះ។

ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​នយោបាយ​មិន​នៅ​ក្នុង​គណបក្ស​កាន់​អំណាច​សម្តែង​ក្តី​ព្រួយ​បារម្ភ​ព្រោះ​មិន​មាន​អ្នក​ហ៊ាន​រិះគន់​ចំពោះ​ការ​គ្រប់គ្រង​ស្ថានភាព​ដែល​កាន់​តែ​អាក្រក់​នេះ​ដោយសារ​មិន​មាន​តម្លាភាព​និង​ព័ត៌មាន​គ្រប់គ្រាន់​ហើយបញ្ហា​នេះ​នឹង​ក្លាយ​ជា​ឧបសគ្គ​ក្នុង​ការ​ប្រកួត​ប្រជែង​នយោបាយ​ក្នុង​ពេល​ខាងមុខ។

លោក ​ង៉ូវ កាង ​រដ្ឋលេខា​ក្រសួង​សុខា​ភិបាល​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ថា៖ «ថ្វី​ត្បិតតែ​យើង​មិន​ទាន់​យក​ជ័យ​ជម្នះ​ទៅ​លើ​កូវីដ១៩​នៅ​ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ ​នេះ​ក៏ដោយ​ក៏ប៉ុន្តែ​យើង​កំពុង​តែ​ដើរ​នៅ​លើ​ផ្លូវ​ត្រូវ​ក្នុង​ការ​គ្រប់គ្រង​ជំងឺ​កូវីដ១៩»។

ព្រឹត្តិការណ៍​ថ្ងៃទី​២០​កុម្ភៈ​គឺជា​ការ​ចាប់ផ្តើម​ឆ្លង​វីរុស​កូរ៉ូណា​ក្នុង​សហគមន៍​ជាថ្មី​បន្ទាប់​ពី​កម្ពុជា​បាន​ទប់ស្កាត់​ដោយ​ជោគជ័យ​អស់​រយៈពេល​១ឆ្នាំ​កន្លង​មក។ បច្ចុប្បន្ន​កម្ពុជា​មាន​អត្រា​អ្នក​ស្លាប់​ខ្ពស់​ក្នុង​ចំណោម​ប្រទេស​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​អាស៊ាន​គឺ​រហូត​ដល់​០,១៧​នាក់​នៃ​អត្រា​១​សែន​មរណៈ​ក្នុង​ខណៈ​ប្រទេស​វៀតណាម​មានតែ​០,០២នាក់​ថៃ​មាន​០,១២នាក់​ហ្វីលីពីន​០,០៩នាក់។ ម៉ាឡេស៊ី​និង​ឥណ្ឌូណេស៊ី​មាន​អត្រា​ស្លាប់​ខ្ពស់ជាង​គេ​ក្នុង​តំបន់​ដោយ​មាន​លើស​០,៣២​នាក់​ក្នុង​១សែន​មរណៈ។ នេះ​បើ​តាម​តួលេខ​ដែល​ចងក្រង​ដោយ​សារព័ត៌មាន​ The New York Times ត្រឹម​ថ្ងៃសុក្រ។

រូប​ឯកសារ៖ ភ្នាក់ងារសុខាភិបាលចាត់ចែងបូជាសាកសពអ្នកជំងឺកូវីដ១៩ម្នាក់នៅស្រុកកំពង់ត្រាច ខេត្តកំពត កាល​ពី​ខែមិថុនា ឆ្នាំ២០២១។ (រូបថត៖ ហ្វេសប៊ុក​ស្នងការដ្ឋាននគរបាលខេត្តកំពត)

ក្រសួង​សុខាភិបាល​កម្ពុជា​រាយការណ៍​ថា​ត្រឹមព្រឹក​ថ្ងៃ​សុក្រមាន​អ្នកឆ្លង​សរុប៦៥.៥០០​នាក់​និង​ស្លាប់​១ .០៥២នាក់​ក្នុងពេល​ដែល​ការចាក់​វ៉ាក់សាំង​បាន​ជាង​៥៤%​នៃ​ពលរដ្ឋ​អាយុ​១៨​ឆ្នាំ​ឡើង។​ មន្ត្រី​សុខាភិបាល​អះអាង​ថា​មិន​មាន​ប្រទេស​ជិតខាង​ណា​មួយ​ដែល​អាច​ចាក់​បាន​ច្រើន​ដូច​ប្រទេស​កម្ពុជា​នោះ​ទេ។ ក៏ប៉ុន្តែ​ទិន្នន័យ​ផ្លូវការ​របស់​ក្រសួង​បង្ហាញ​ថា​តាំងពី​បាន​ចាប់ផ្តើម​យុទ្ធនាការ​ចាក់វ៉ាក់សាំង​នៅ​ដើម​ខែ​កុម្ភៈ​មកអត្រា​ឆ្លង​កើនឡើង​ជា​លំដាប់។​បច្ចុប្បន្ន​អ្នកឆ្លង​ថ្មី​ស្ថិត​នៅ​ក្នុង​រង្វង់​១.០០០​នាក់​ក្នុង​មួយ​ថ្ងៃ​រីឯ​អ្នកស្លាប់​គឺ​មាន​ក្នុង​រង្វង់​៣០នាក់​ក្នុង​មួយថ្ងៃ​ដោយ​ថ្ងៃព្រហស្បតិ៍​កន្លង​មាន​អ្នកស្លាប់​ច្រើន​ជាងគេ​បំផុត​គឺ​៣៩នាក់។

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ​ថ្លែង​ថា​ការ​ចាក់​វ៉ាក់សាំង​នេះ​ជា​មរតក​នយោបាយ​របស់​លោក។ តាម​បណ្តាញ​សង្គម​អ្នកគាំទ្រ​គណបក្ស​កាន់អំណាច​លើក​សរសើរ​លោក​ដោយ​មាន​សរសេរ​សារ​«អរគុណ​សន្តិភាព»​និង​ការដឹកនាំ​របស់​លោក។

លោក​ កើត ​ឆែ ​អភិបាល​រង​រាជធានី​ភ្នំពេញបាន​ឆ្លៀត​ឱកាស​សន្និសីទ​សារព័ត៌មាន​កាលពី​ដើម​សប្តាហ៍​នេះ​សរសើរ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ផងដែរ៖ «បញ្ហា​កូវីដ​នេះ​សម្តេច​តេជោ​បាន​ប្រកាស​នៅក្នុង​វេបសាយ​របស់​សម្តេច​ថា​មេដឹកនាំ​នៅ​អាស៊ាន​នេះ​មាន​តែ​សម្តេច​ទេ​ដែល​បាន​ធ្វើ​ចត្តាឡីស័ក​ច្រើន​ជាង​គេ។ អីចឹង​ប្រសាសន៍​សម្តេច​មាន​ន័យ​ថា​ម៉េច? បានន័យ​ថា​សម្តេច​បាន​ចូលរួម​ប្រយុទ្ធ​ក្នុង​សមរភូមិ​កូវីដ​នេះ​ដោយផ្ទាល់។ អីចឹង​សម្តេច​បាន​ដាក់​វិធានការ​ដោយផ្ទាល់​ដើម្បី​ធ្វើ​យ៉ាងណា​ដើម្បី​ធានា​បាន​សុខភាព​អាយុ​ជីវិត​ប្រជាពលរដ្ឋ»។

រូប​ឯកសារ៖ បុរសម្នាក់កំពុងទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិន នៅមណ្ឌលចាក់វ៉ាក់សាំងមួយកន្លែង ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២១។

ប្រទេស​កម្ពុជា​បាន​ប្រើប្រាស់​វ៉ាក់សាំង​ចិន​ Sinovac ​និង ​Sinopharm ភាគច្រើន​និង​វ៉ាក់សាំង​AstraZeneca​ តិចតួច​ប៉ុណ្ណោះ។ ខណៈ​ពេល​ដែល​ការឆ្លង​ក្នុង​តំបន់​កើនឡើង​ខ្លាំង​ប្រទេស​ថៃ​និងឥណ្ឌូណេស៊ី​បាន​ចាប់ផ្តើម​សង្ស័យ​លើ​ប្រសិទ្ធភាព​វ៉ាក់សាំង​នេះ​ហើយ​បាន​សម្រេច​ចាក់​ដូស​ទី៣​ឲ្យ​បុគ្គលិក​សុខាភិបាល​ដោយ​ប្រើប្រាស់​វ៉ាក់សាំង ​AstraZeneca​ និង​វ៉ាក់សាំង​ Moderna ដែល​ជា​ផលិតផល​របស់​អង់គ្លេស​និង​អាមេរិកាំង​វិញ។ ចំណែក​ហ្វីលីពីន​សម្រេច​ប្តូរ​មក​ចាក់​វ៉ាក់សាំង​Pfizer នៅ​ពេល​ដែល​ចាក់​អស់​ស្តុក​វ៉ាក់សាំង​ Sinovac ​ចំនួន​១២​លាន​ដូស។

គណបក្ស​ប្រឆាំង​បាន​ចូលរួម​ក្នុង​និន្នាការ​ថ្នាក់​តំបន់​ដែល​សង្ស័យ​លើ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​របស់​ចិន។

លោក​ អេង ឆៃអ៊ាង​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​តុលាការ​រំលាយ​និង​បាន​រស់នៅនិរទេស​ខ្លួន​ក្នុង​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «រាល់ថ្ងៃ​នេះ​លោក​ហ៊ុន​សែន​គាត់​មាន​មោទនភាព​ថា​បាន​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ការចាក់​វ៉ាក់សាំង​ប៉ុន្តែ​យើង​ឃើញ​ថា​ចាប់តាំង​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ទទួលបាន​ការចាក់​វ៉ាក់សាំង​មក​ហ្នឹង​គឺ​ការឆ្លង​ជំងឺ​កូវីដ​១៩​កាន់តែ​ឆ្លង​កើនឡើង​ច្រើន​ហើយ​រហូតដល់​ស្លាប់​ហើយ​ស្លាប់​ជាង​១.០០០​នាក់​ហើយ។ បើ​យើង​មើល​ឃើញ​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​ហើយ​បាន​ជាង​ពាក់​កណ្តាល​គឺ​មនុស្ស​កាន់តែ​ឆ្លង​ពី​៩០០​នាក់​ទៅ​១.០០០​នាក់​ជាង​ហើយ​អ្នកស្លាប់​ពី​២០​នាក់​ទៅ​៣៦​នាក់​ក្នុង​មួយ​ថ្ងៃ​អីចឹង​បាន​ន័យ​ថា​ប្រសិទ្ធភាព​ពី​វ៉ាក់សាំង​វា​អត់មាន»។

លោក​ អេង ឆៃអ៊ាង ​បន្ថែម​ថា​បើទោះ​ជា​យ៉ាងនេះ​ក្តី​ក៏​ពលរដ្ឋ​មិន​ហ៊ាន​រិះគន់​យុទ្ធនាការ​របស់​រដ្ឋាភិបាល​ពី​ក្នុង​ប្រទេស​ដែរ៖ «អីចឹង​យើង​ឃើញ​ចំណុច​នេះ​អ្នកនៅ​ក្នុង​ប្រទេស​មិន​អាច​និយាយ​ទៅ​បាន​ទេ​ដោយសារ​របប​លោក​ហ៊ុន សែន​គាត់​ប្រើ​អំណាច​ដើម្បី​ចោទ​និង​ចាប់​ចង។ នេះ​គឺជា​បញ្ហា​មួយ​ដែល​ប្រឈម​ថែម​ទៀត​ទៅ​លើ​លំហ​ប្រជាធិបតេយ្យ​និង​សេរីភាព»។

រូប​ឯកសារ៖ លោក អេង ឆៃអ៊ាង អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវបាន​រំលាយ។ (ចាប ចិត្រា/វីអូអេ)

គណបក្ស​សង្គ្រោះជាតិយល់​ថា​បរិយាកាស​ប្រកួត​ប្រជែង​នយោបាយ​នឹង​កាន់តែ​លំបាក​ក្នុង​ពេល​ខាងមុខ​ជាពិសេស​ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​រៀបចំ​ការបោះឆ្នោត​ឃុំសង្កាត់​ក្នុង​ឆ្នាំ​២០២២​និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២៣​ខាងមុខ។ គណបក្ស​ប្រឆាំង​ដ៏ធំ​នេះ​ត្រូវ​តុលាការ​រំលាយ​តាំង​ពីឆ្នាំ​២០១៧​ហើយ​អតីត​សមាជិក​ជាន់​ខ្ពស់​ខ្លះ​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ដោយ​បើក​ជា​គណបក្ស​ថ្មី​និង​អ្នកខ្លះ​កំពុង​ប្រឈម​នឹង​ការ​លំបាក​ក្នុង​ការប្រមូល​អ្នកគាំទ្រ។

លោក​ យ៉ង សាំងកុមារ​ ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ចាត់​ទុក​ការចាក់​វ៉ាក់សាំង​បាន​ច្រើន​ជា​ចំណុច​វិជ្ជមាន​ប៉ុន្តែ​នៅ​មាន​ចម្ងល់​លើ​ចំនួន​ពលរដ្ឋ​ដែល​ស្លាប់​កាន់តែ​ច្រើន​ឡើង៖«តាម​ការតាម​ដាន​របស់​ខ្ញុំ​នៅ​លើ​ពិភពលោក​គេ​ថា​ពេល​ដែល​យើង​ចាក់​បាន​ជាង​៤០%​ទៅ​ស្ថានភាព​ឆ្លង​ថយចុះ​ហើយ​ការស្លាប់​ថយ​ចុះ​ខ្លាំង​ដោយឡែក​កម្ពុជា​យើង​ការចាក់​បាន​ដល់​ទៅ​៥០%​ទៅ​ហើយ​ការស្លាប់​អត់​ថយ​ចុះ​ទៅ​ជា​កើន​ទៅវិញ។ នេះ​ជា​ការ​បារម្ភ​មួយ។ អីចឹង​វាច្បាស់​ជា​មាន​បញ្ហា​ហើយ​តើ​វា​មាន​បញ្ហា​លើ​ប្រសិទ្ធភាព​នៃ​ចាក់​ប្រសិទ្ធភាព​វ៉ាក់សាំង។ យើង​ចង់​បាន​ចម្លើយ​និង​ការ​វិភាគ​មួយ​ច្បាស់​លាស់»។

រូប​ឯកសារ៖ លោក​ យ៉ង សាំងកុមារ​ ប្រធានគណៈកម្មាធិការ​នាយក​គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន​ (គ.ប.ម) ថ្លែងជាមួយ​អ្នកសារព័ត៌មាន នៅមុខការិយាល័យបោះឆ្នោតមួយកន្លែង​ស្ថិតក្នុងខេត្តតាកែវ​កាលពីថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨។ (ហ៊ុល រស្មី/វីអូអេ​ខ្មែរ)

នៅ​សហរដ្ឋ​អាមេរិក​អត្រា​ឆ្លង​និងស្លាប់​បាន​ធ្លាក់ចុះ​ចំនួន​ជាង​៧០​ភាគរយ​នៅ​ពេល​ដែល​ចាក់​វ៉ាក់សាំង​បាន​២៥ភាគរយ​នៅ​ចុងខែ​មីនា​គឺ​ធ្លាក់ចុះ​ពី​ឆ្លង​ជិត​៣០​ម៉ឺននាក់​នៅ​ដើម​ខែមករា​មក​នៅ​ជាង​៥​ម៉ឺននាក់​ក្នុង​១ថ្ងៃ។ រីឯ​អ្នកស្លាប់​បានធ្លាក់ពី​ជាង​៤ពាន់​នាក់​មក​ក្នុង​រង្វង់​១.០០០នាក់​ក្នុង​១ថ្ងៃ។ បច្ចុប្បន្ន​ដោយ​ការចាក់​វ៉ាក់សាំង​បាន​ជិត​៧០​ក្នុង​ចំណោម​ពលរដ្ឋ​អាយុ​១៨​ឆ្នាំ​ឡើង​អត្រា​ឆ្លង​នៅ​អាមេរិក​ស្ថិតក្នុង​រង្វង់​២៨.០០០​នាក់​និង​ស្លាប់​២៨០​នាក់​ក្នុង​មួយ​ថ្ងៃ។​នេះ​បើតាម​តួលេខ​ចងក្រង​ដោយ​សាកល​វិទ្យាល័យ​សុខាភិបាល​Johns Hopkins។

រាជធានី​ភ្នំពេញ​ដែល​ជា​បេះដូង​នៃ​កម្ពុជា​មាន​អត្រា​ចាក់​វ៉ាក់សាំង​បាន​ច្រើន​ជាង​គេ​បំផុត។ ត្រឹម​ថ្ងៃចន្ទ​ដើម​សប្តាហ៍​នេះ​ពលរដ្ឋ​នៅ​រាជធានី​ចំនួន​ជាង​១,៦២​លាន​នាក់​បាន​ចាក់​ដូស​ទី២​រួចរាល់។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​សុខាភិបាល។

លោក​ ងី មានហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា៖ «ចំនួន​នេះ​គឺ​ជា​ចំនួន​សឹង​ថា​១០០ភាគរយ​នៅ​រាជធានី​ភ្នំពេញ»។

ប៉ុន្តែ​ការឆ្លង​នៅ​តែ​មាន​ក្នុង​ចន្លោះ​ពី​២០០​ទៅ​៣០០​នាក់​ក្នុង​មួយ​ថ្ងៃ​និង​អ្នកស្លាប់​ក៏​នៅ​តែ​មាន។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​កើត ឆែ​អភិបាល​រង​រាជធានី​ភ្នំពេញ។

រូប​ឯកសារ៖ បុគ្គលិកសុខាភិបាលយកសំណាកពីពលរដ្ឋដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩ ពីប្រជាពលរដ្ឋក្នុងខណ្ឌទួលគោក ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

លោក ​ងី មានហេង​ ខិតខំ​និយាយ​បន្ធូរបន្ថយ​ស្ថានការណ៍​នេះ​ថា៖ «នៅ​រាជធានី​ភ្នំពេញ​អត្រា​ស្លាប់​ក្នុង​ចំណោម​អ្នកកើត​កូវីដ​មាន​១ភាគរយ​ជាង​នៅ​ពេល​ដែល​ទិន្នន័យ​នៃ​ការស្លាប់​ដោយសារ​កូវីដ​ពិភពលោក​២ភាគរយ​នា​ពេល​បច្ចុប្បន្ន។ អីចឹង​មិនមែន​ជា​សូចនាករ​មួយ​គួរ​ឲ្យ​បារម្ភ​ពេក​ទេ»។

បើ​ទោះបីជា​បាន​អះអាង​ពី​រូបភាព​ល្អ​នៃ​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​ក៏​មន្ត្រី​កម្ពុជា​បាន​សារភាព​ថា​ក្រសួង​សុខាភិបាល​កំពុងតែ​ត្រៀមដាក់​ឲ្យ​ព្យាបាល​នៅ​តាម​ផ្ទះ​នៅ​ខេត្ត​ជាប់​រាជធានី​ភ្នំពេញ​ផងដែរ​សម្រាប់​អ្នកឆ្លងស្រាល​ដោយ​ទុក​មន្ទីរពេទ្យ​រដ្ឋ​សម្រាប់​អ្នកជំងឺ​ធ្ងន់ធ្ងរ​ដែល​កើន​ឡើង។

លោក​ង៉ូវ កាង​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ថ្លែងថា៖​ «ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​យើង​នឹង​មាន​ការ​បន្ត​ដាក់​ទៅ​ខេត្ត​កណ្តាល​ឬ​ក៏​ខេត្ត​ណា​ដែល​មាន​ចំនួន​អ្នក​ជំងឺ​ច្រើន​តាម​តម្រូវ​ការ​ចាំបាច់»។

ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃចន្ទ​ថ្នាក់ដឹកនាំ​ក្រសួង​សុខាភិបាល​បាន​កំណត់​ទិសដៅ​មិន​ឲ្យ​អ្នកសារព័ត៌មាន​សួរ​ពី​បញ្ហា​អ្វី​ផ្សេង​ឡើយ​ក្រៅពី​វិធី​ដាក់​ឲ្យ​សម្រាក​នៅ​ផ្ទះ​ដោយ​អះអាង​ថាខ្លាច​មាន​អ្នក​យក​ធ្វើ​ជា​រឿង​នយោបាយ។

សមាគម​អ្នកសារព័ត៌មានបាន​ទទួល​ស្គាល់​ពី​ការ​រឹតត្បិត​លើ​សេរីភាព​របស់​អ្នកសារព័ត៌មាន​ក្នុង​ពេល​រាយការណ៍​ពី​ជំងឺ​កូវីដ​១៩ហើយ​អ្នកសារព័ត៌មាន​ខ្លះ​ប្រយ័ត្ន​ប្រយែង​ជាង​មុន​ដោយ​ខ្លាច​ត្រូវ​ចាប់ខ្លួន​ឬ​ចោទ​ប្រកាន់​ពី​ការផ្សាយ​ព័ត៌មាន​មិនពិត។

លោក ​ណុប វី​ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ហៅ​ថា​ខេមបូចា​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖ «យើង​ជានិច្ចកាល​តែងតែ​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​និង​អ្នកនាំពាក្យ​ធ្វើ​យ៉ាងណា​បើក​ចំហ​សហការ​ក្នុង​ការផ្តល់​ព័ត៌មាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅបាន​ឬ​ក៏​បន្ថែម​អ្នកនាំពាក្យ​ឬ​អ្នកដែល​អាច​និយាយ​នឹង​អ្នកសារព័ត៌មាន​បាន​ដើម្បី​ធានា​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការទទួល​បាន​ព័ត៌មាន​និង​ការផ្តល់​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​ជាពិសេស​ជំងឺ​កូវីដ​១៩​ហ្នឹង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ការពារ​ខ្លួន​ហើយ​នឹង​បង្ការ​ពី​ហានិភ័យ​ផ្សេងៗ​ពី​ជំងឺ​រាតត្បាត​នេះ»។

រូប​ឯកសារ៖ លោក ណុប វី (លឹម សុធី/វីអូអេ​ខ្មែរ)

​ការ​បរាជ័យ​ក្នុង​ការទប់ស្កាត់​ការឆ្លង​និង​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​បាន​ឈាន​ដល់​បាតុកម្ម​និង​ការ​បះបោរ​ក្នុង​ប្រទេស​ខ្លះ​ផងដែរ​ដូចជា​ក្នុង​ករណី​ប្រទេស​គុយបា​ដែល​បច្ចុប្បន្ន​កំពុងតែ​មាន​បាតុកម្ម​ប្រឆាំង​ដោយ​មួយ​ផ្នែក​បណ្តាល​មកពី​ផល​ប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​នេះ។ នៅ​ម៉ាឡេស៊ី​អ្នក​នយោបាយ​និង​ពលរដ្ឋ​ទាមទារ​ឲ្យ​នាយករដ្ឋ​មន្ត្រី​ចុះចេញ​ពី​តំណែង។ រីឯ​នៅ​សហរដ្ឋ​អាមេរិក​លោក​ប្រធានាធិបតីDonald Trump​ បាន​ចាញ់​ឆ្នោត​គឺ​មួយ​ផ្នែក​ដោយសារ​លោក​ទប់ស្កាត់​ជំងឺ​កូវីដ​មិន​បាន​ល្អ។

លោក ​អេង ឆៃអ៊ាង​ យល់​ថា​នៅ​កម្ពុជា​គឺ​ផ្សេង​ពីនេះ៖ «ប៉ុន្តែ​នៅ​ប្រទេស​ខ្មែរ​ទោះបី​លោកហ៊ុន សែន​គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ប៉ុន្តែ​គាត់​ច្បាស់​ជា​មិន​ទទួល​ទេ។ គាត់​យក​តែអ្វី​ដែល​ត្រូវ​ទេហើយ​អ្វី​ដែល​ខុស​គាត់​ទម្លាក់​ឲ្យ​គេ​ហើយ។ បើ​អ្នកណា​ហ៊ាន​និយាយ​គឺ​ត្រូវ​ជាប់គុក​ហើយ»។

រីឯ​លោក ​យ៉ង សាំងកុមារ​ នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ថ្លែង​ដោយ​ប្រយ័ត្ន​ប្រយែង​ថា​ការរិះគន់​លើ​ប្រសិទ្ធភាព​នៃ​យុទ្ធនាការ​និង​វ៉ាក់សាំង​ត្រូវ​ផ្អែក​លើ​វិទ្យាសាស្ត្រ។

លោក​យ៉ង សាំង​កុមារ​បាន​បន្ថែម​ថា៖ «ជុំវិញ​រឿង​វ៉ាក់សាំង​គឺ​យើង​ត្រូវ​ឈរ​លើ​មូលដ្ឋាន​វិទ្យាសាស្ត្រ​ការវិភាគ​ច្បាស់​លាស់​ជៀសវាង​យើង​សន្និដ្ឋាន​ឬ​វាយតម្លៃ​ខុស​វា​អាច​នាំ​ឲ្យ​មាន​បញ្ហា។ វា​មិនមែន​សម្រាប់​ខ្លួន​យើង​ទេ​ពីព្រោះ​អ្វីៗ​វា​ឈរ​លើ​មូលដ្ឋាន​វិទ្យាសាស្ត្រ​។ ការ​ចាក់វ៉ាក់សាំង​ការ​ធ្វើ​វ៉ាក់សាំង​ហើយ​នឹង​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩​វា​ត្រូវ​ឈរ​លើ​មូលដ្ឋាន​វេជ្ជសាស្ត្រ​ច្បាស់លាស់»។

​ប៉ុន្តែ​រហូត​មកដល់​ពេល​នេះ​លោក ​យ៉ង សាំង​កុមារ ​ក៏​ដូចជា​មនុស្ស​ទូទៅ​ដែរ​នៅ​មិនទាន់ទទួលបាន​ចម្លើយ​ច្បាស់លាស់​នៅឡើយ​ទេ​គឺ​មាន​តែ​រូបភាព​ល្អ​ដែល​រដ្ឋាភិបាល​បាន​បញ្ចេញ​បើទោះបីជា​ស្ថានភាព​ជាក់ស្តែង​បាន​ចោទ​ជាសំណួរ​ជាច្រើន​ក៏ដោយ៕​