ការរំលាយគណបក្សប្រឆាំង ការគាបសង្កត់អង្គការសង្គមស៊ីវិល និងការគាបសង្កត់សេរីភាពព័ត៌មាននៅកម្ពុជា ការគាបសង្កត់និងការបិទសិទ្ធិមនុស្សនៅប្រទេសវៀតណាម ការសម្លាប់ជនសង្ស័យក្រៅប្រព័ន្ធតុលាការក្នុងសង្គ្រាមប្រឆាំងថ្នាំញៀននៅប្រទេសហ្វីលីពីន ការធ្វើទុក្ខបុកម្នេញជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅប្រទេសភូមាឬមីយ៉ាន់ម៉ា គឺជាប្រធានបទដែលមានការសួរដេញដោលច្រើនក្នុងសវនាការរបស់អនុគណៈកម្មការអាស៊ីប៉ាស៊ីហ្វិកទប់ស្កាត់ការសាយភាពអាវុធនៃគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាស.រ.អា. ដែលនិយាយអំពីសិទ្ធិមនុស្សនៅអាស៊ីអាគ្នេយ៍។
អង្គសវនាការសង្កេតឃើញថា ប្រទេសកម្ពុជាដើរបញ្ច្រាសទិសចេញពីរបបប្រជាធិបតេយ្យសេរីពហុបក្សទៅរករបបផ្តាច់ការដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
អ្នកស្រី Olivia Enos អ្នកផ្តល់សក្ខីកម្មនិងជាអ្នកវិភាគគោលនយោបាយជាន់ខ្ពស់មជ្ឈមណ្ឌលសិក្សាអំពីអាស៊ីនៃអង្គការ Heritage Foundation បាននិយាយថា៖
«កម្ពុជាកំពុងដើេរបញ្ច្រាសទិស។ ប្រទេសហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១ តម្រូវឲ្យរដ្ឋាភិបាលកម្ពុជាទទួលខុសត្រូវ បើប្រជាធិបតេយ្យបរាជ័យដូចដែលយើងកំពុងឃើញមាននៅកម្ពុជាសព្វថ្ងៃនេះ»។
អ្នកស្រី ស្នើកុំឲ្យសភាស.រ.អា.ជំរុញការដកប្រព័ន្ធអនុគ្រោះពន្ធ GSP របស់ស.រ.អា.ពីកម្ពុជា ព្រោះប៉ះពាល់ដល់កម្មករកម្មការិនី ហើយមិនអាចធ្វើឲ្យរបបលោកហ៊ុន សែន ប្តូរគោលនយោបាយនោះទេ។ អ្នកស្រីបានស្នើឲ្យគណៈកម្មការស្នើច្បាប់ដាក់ទណ្ឌកម្មជាបុគ្គលដល់លោកហ៊ុន សែន និងមន្ត្រីដែលចូលដៃក្នុងការសម្លាប់សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។
ទោះជាយ៉ាងនេះក្តី លោក Ted Yoho អនុប្រធានអនុគណៈកម្មការអាស៊ីប៉ាស៊ីហ្វិកទប់ស្កាត់ការសាយភាពអាវុធនៃគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភា បានបញ្ជាក់ថា សេចក្តីស្នើច្បាប់ប្រជាធិបតេយ្យ Cambodia Democracy Act ដែលត្រូវបានអនុម័តកាលពីថ្ងៃទី១៥ ខែកក្កដាថ្មីៗនេះ មានការនិយាយអំពីការដាក់ទណ្ឌកម្មបុគ្គលនោះហើយ។
លោកនៅតែជំរុញឲ្យមានការដកប្រព័ន្ធអនុគ្រោះពន្ធ GSP ពីកម្ពុជានិងប្រទេសណាក៏ដោយដែលមិនគោរពគោលនយោបាយការបរទេសស.រ.អា.អំពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។
«បើគេមិនស្របនឹងយើងអំពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ខ្ញុំមិនចង់ធ្វើពាណិជ្ជកម្មជាមួយទេ។ នេះជានយោបាយដែលយើងជំរុញហើយយើងក៏នឹងជំរុញប្រទេសដទៃទៀតដែរ។ បើគេមិនមានជំនឿលើសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ចូរយើងឈប់ធ្វើជំនួញជាមួយអ្នកមិនស្របនឹងយើង»។
អ្នកស្រី Olivia Enos បាននិយាយថា រដ្ឋាភិបាលកម្ពុជាមិនអាចអះអាងថា ខ្លួនអនុញ្ញាតឲ្យមានលទ្ធិប្រជាធិបតេយ្យនោះទេក្នុងស្ថានភាពដូចបច្ចុប្បន្ននេះ។
«ខ្ញុំមិននិយាយថា កម្ពុជាជាប្រទេសប្រជាធិបតេយ្យទេ ព្រោះការបោះឆ្នោតឆ្នាំ២០១៨ជាការបោះឆ្នោតដ៏អាម៉ាស»។
លោក Francisco Bencosme អ្នកផ្តល់សក្ខីកម្មមកពីអង្គការការពារសិទ្ធិមនុស្ស Amnesty International បានលើកពីផលវិបាកនៃនយោបាយរំលាយគណបក្សប្រឆាំង ការរឹតបន្តឹងសេរីភាពសារព័ត៌មានសេរីនិងអង្គការសង្គមស៊ីវិល។
«អ្នកដឹងទេ ការវាយប្រហារតាមអំពើចិត្តដោយប្រើហេតុផលនយោបាយនេះធ្វើឲ្យកម្ពុជាមិនអាចមានអភិបាលកិច្ចល្អ ហើយសង្គមមិនអាចមានសេរីភាពនោះទេ»។
បញ្ហាសម្លាប់ជនសង្ស័យក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀននៅប្រទេសហ្វីលីពីនគឺជាប្រធានបទទាក់ទាញសំណួរច្រើនបំផុតដោយមានជនជាតិអាមេរិកដើមកំណើតហ្វីលីពីនជាច្រើនចូលរួម។
អ្នកស្រី Bernadette Ellorin ជាអ្នកចូលរួមតំណាងអង្គការ Malaya ដែលមានន័យថាសេរីភាព។ អ្នកស្រីឲ្យដឹងថា សង្គ្រាមរបស់លោកប្រធានាធិបតី Rodrigo Duterte ប្រឆាំងគ្រឿងញៀនត្រូវបានប្រើជាលេសលើសពីបញ្ហាគ្រឿងញៀនក្នុងទីក្រុងរហូតដល់បញ្ហាដទៃទៀតនៅជនបទ។
«តែអ្វីដែលកើតឡើង គោលដៅវាយប្រហារ គឺអ្នកធ្វើចលនាប្រជាធិបតេយ្យស្របច្បាប់ ជនជាតិដើមនិងកសិករនៅជនបទ។ ពួកគេក្លាយជាគោលដៅវាយប្រហារច្រើនឡើងៗនៅជនបទ ព្រោះពួកគេជាអ្នករិះគន់រដ្ឋាភិបាល រិះគន់លោក Duterte អំពីនយោបាយដីធ្លីជាដើម»។
អ្នកផ្តល់សក្ខីកម្មម្នាក់គឺអ្នកស្រី Helen Nguyen ភរិយារបស់លោក Michael Nguyen ពលរដ្ឋអាមេរិកាំងដើមកំណើតវៀតណាមដែលកំពុងជាប់ឃុំឃាំងនៅប្រទេសវៀតណាម សុំឲ្យសភាអាមេរិកជួយជំរុញឲ្យរដ្ឋាភិបាលវៀតណាមដោះលែងប្តីរបស់លោកស្រី ដែលគ្មានមេធាវីណាហ៊ានការពារក្តី។ ទោះជាប្តីរបស់អ្នកស្រីការពារដោយមេធាវីតែងតាំងដោយរដ្ឋាភិបាលកុម្មុយនិស្តវៀតណាមក្តី លោកស្រីនិយាយយ៉ាងប្រយ័ត្នប្រយែង ដោយមិនហ៊ានសន្និដ្ឋានថា ការកាត់ទោសប្តីរបស់លោកស្រីជាប់ពន្ធនាគារ១២ឆ្នាំនៅវៀតណាមនោះអយុត្តិធម៌នោះទេ។
ដោយឃើញដូច្នេះ លោក Ted Yoho និយាយថា លោកសុំជួបសួរអំពីករណីលោកស្រីជាសម្ងាត់ក្រោយសវនាការ។
សក្ខីកម្មបង្ហាញថា ឥទ្ធិពលគោលនយោបាយចិនដែលមិនជំរុញការគោរពសិទ្ធិមនុស្សនិងការពង្រីកសេដ្ឋកិច្ចចិនតាមរយៈផ្លូវក្រវ៉ាត់ពាណិជ្ជកម្មចិននៅតំបន់អាស៊ីគឺជាកង្វល់របស់សវនាការអនុគណៈកម្មការអាស៊ីប៉ាស៊ីហ្វិកទប់ស្កាត់ការសាយភាពអាវុធនៃគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភានេះ៕