មន្រ្តីសិទ្ធិមនុស្ស និងព្រះសង្ឃមួយចំនួនបានបង្ហាញការព្រួយបារម្ភអំពីការរឹតត្បិតកាន់តែខ្លាំង បន្ទាប់ពីមានការបណ្តេញចេញព្រះសង្ឃមួយអង្គនៅក្នុងវត្តដំរីស ខេត្តបាត់ដំបង ក្រោយព្រះសង្ឃអង្គនោះបានចូលរួមធម្មយាត្រាអប់រំសីល ៥ ក្នុងថ្ងៃបុណ្យខួបមរណភាពរបស់ លោក កែម ឡី ដែលត្រូវបានបាញ់សម្លាប់កាលពីឆ្នាំ ២០១៦។
ព្រះតេជព្រះគុណ សាំង រិទ្ធី ត្រូវបានគណៈកម្មការវត្តដំរីស ក្រុងបាត់ដំបងបណ្ដេញចេញពីវត្ត កាលពីល្ងាចថ្ងៃ ទី ១៥ ខែកក្កដា ឆ្នាំ ២០២៤ បន្ទាប់ពីព្រះអង្គបាននិមន្តចូលរួមការដង្ហែក្បួន ជាមួយសកម្មជនផ្សេងទៀត ដើម្បីរំឭកខួប ៨ ឆ្នាំនៃការស្លាប់ លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៤ នៅក្នុងខេត្តបាត់ដំបង។
ក្រុមសកម្មជនបានកាន់បដាដែលមានរូបលោកបណ្ឌិត កែម ឡី និងអំពាវនាវឱ្យដោះលែងសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ ដែលកំពុងជាប់ពន្ធនាគារ។
មន្រ្តីសិទ្ធិមនុស្សលើកឡើងថា ការបណ្តេញចេញព្រះសង្ឃពីវត្តដំរីស កាលពីពេលថ្មីៗនេះ គឺជាការរំលោភសិទ្ធិមួយ ពីព្រោះព្រះសង្ឃមានមុខងារសំខាន់នៅក្នុងសង្គម ហើយការបណ្តេញនេះក៏បានបង្ហាញរូបភាពអាក្រក់មួយផងដែរ។
អ្នកគ្រប់គ្រងការិយាល័យអង្គការលីកាដូប្រចាំខេត្តបាត់ដំបង លោក អ៊ិន គង់ជិត ប្រាប់វីអូអេនៅថ្ងៃពុធនេះថា៖ «ករណីនេះវាបានជះឥទ្ធិពល និយាយទៅជាការគំរាមកំហែងធ្ងន់ធ្ងរទៅលើព្រះសង្ឃ ហើយបំបាក់ស្មារតីព្រះសង្ឃឱ្យមានភាពភ័យខ្លាច ហើយមិនហ៊ានបំពេញកិច្ចការងារក្នុងសង្គម ហើយកិច្ចការងារផ្សេងទៀតដែលមានប្រយោជន៍សម្រាប់សហគមន៍ និងសង្គមជាតិ»។
លោកអំពាវនាវដល់ចៅអធិការវត្តដំរីសឱ្យសម្រេចចិត្តម្តងទៀត ចំពោះការបណ្តេញចេញនេះ ព្រមទាំងបានអំពាវនាវដល់គណៈសង្ឃខេត្ត មន្ទីរធម្មការ និងសាសនា ខេត្តបាត់ដំបងពិចារណាឡើងវិញចំពោះការបណ្តេញព្រះសង្ឃចេញពីវត្ត។
ព្រះសង្ឃមួយអង្គព្រះនាម ហៀក ហេង ដែលបានចូលរួមធ្វើធម្មយាត្រាអប់រំសីល ៥ កាលពីថ្ងៃទី ១០ ខែកក្កដា នៅក្នុងខេត្តបាត់ដំបង ដើម្បីឧទិ្ទសកុសលជូនលោក កែម ឡី ប្រាប់វីអូអេថា ការបណ្តេញព្រះសង្ឃចេញពីវត្តបែបនេះជាការរំលោភសិទ្ធសេរីភាពរបស់ព្រះសង្ឃ ហើយការបណ្តេញព្រះសង្ឃដែលចូលរួមការងារសង្គមបែបនេះជាការគំរាមកំហែងដល់ព្រះសង្ឃ និងយុវជនដទៃទៀតមិនឱ្យចូលរួមការងារសង្គម។
ព្រះតេជគុណមានសង្ឃដីកាថា៖ «អាត្មាយល់ថា សកម្មភាពនៃការបណ្តាញចេញនេះគឺជាសកម្មភាពបែបការរំលោភសិទ្ធមនុស្សដ៏ធ្ងន់ធ្ងរ។ ហើយប៉ះពាល់ទៅដល់សង្គមរបស់យើងដែលសង្គមប្រជាធិបតេយ្យបែរជាមិនទទួលបានសិទ្ធនៃការចូលរួម មានការគំរាមកំហែងបណ្តេញចេញអីចឹងទៅ។ មួយទៀត វាអាចជារូបភាពផលអវិជ្ជមានជាច្រើនសម្រាប់យុវជនជំនាន់ក្រោយដែលគាត់ចង់ចូលរួមសកម្មភាពសង្គម ប៉ុន្តែត្រូវបានបន្លាច ត្រូវបានបំភិតបំភ័យដោយអ្នកដឹកនាំធ្វើឱ្យគាត់មិនហ៊ានចូលរួមសកម្មភាព មិនហ៊ានចូលរួមធ្វើការងារសង្គម»។
ព្រះតេជគុណដដែលបញ្ជាក់ថា ក្នុងវិន័យព្រះពុទ្ធសាសនាមិនមានច្បាប់ណាឱ្យបណ្តេញចេញព្រះសង្ឃបែបនេះនោះទេ លុះត្រាតែសង្ឃអង្គនោះប្រព្រឹត្តអំពើអបាយមុខ ឬជាប់ទោសទណ្ឌនានា។ ព្រះអង្គបន្ថែមទៀតថា មកទល់ពេលនេះ យុវជនមួយចំនួនទៀតដែលបានចូលរួមកម្មវិធីធម្មយាត្រា ក៏ត្រូវបានអាជ្ញាធរខេត្តទាក់ទងសួរពីមូលហេតុនៃការចូលរួមរបស់ពួកគេផងដែរ។
ព្រះតេជគុណព្រះនាម សាំង រិទ្ធី ព្រះជន្ម ២៧ វស្សា ដែលត្រូវបានបណ្តេញចេញពីវត្តដំរីស ប្រាប់វីអូអេថា បន្ទាប់ពីព្រះតេជគុណបានចូលរួមធម្មយាត្រាសីល ៥ ជូនដល់ លោក កែម ឡី រួចមក ព្រះអង្គត្រូវបានចៅអធិការវត្តបណ្តេញចេញពីវត្ត ដោយមិនបានបញ្ជាក់មូលហេតុច្បាស់លាស់ឡើយ។
ព្រះតេជគុណមានសង្ឃដីកាថា៖ «ហើយសួររកហេតុផលថាម៉េចបានព្រះចៅអធិការ ព្រះអង្គបានដេញខ្ញុំករុណាចេញ លោកបានបញ្ជាក់ទៀតថាកុំចង់ដឹង ប្រាប់ថា និមន្តចេញក៏ចេញទៅ។ ហើយដល់លោកអង្គឯងមិនស្តាប់ នឹងមានវិធានការជាច្រើន បណ្តេញព្រះអង្គឯងចេញ»។
ព្រះតេជគុណរូបនេះបញ្ជាក់ថា ការបណ្តេញចេញនេះគឺជាការរំលោភសិទ្ធិមួយ ហើយព្រះអង្គទាមទារឱ្យចៅអធិការសុំទោសមកកាន់ព្រះអង្គជាសាធារណៈជុំវិញការបណ្តេញនេះ។
ព្រះចៅអធិការវត្តដំរីសនៅក្នុងខេត្តបាត់ដំបង ព្រះនាម ផុន សុគា ប្រាប់វីអូអេថា ការបណ្តេញព្រះអង្គ សាំង រិទ្ធី ចេញពីវត្ត មិនទាក់ទងនឹងរឿងនយោបាយនោះទេ ប៉ុន្តែវាជារឿងផ្ទាល់ខ្លួនរបស់ព្រះអង្គដោយថា ព្រះអង្គមិនគោរពតាមវិន័យរបស់វត្ត។
ព្រះអង្គថ្លែងថា៖ «ទីមួយយើងមិនមែនជារឿងនយោបាយ ឬក៏ព្រះសង្ឃដែលពាក់ព័ន្ធនឹងសង្គមហាមឃាត់រឹតត្បិតលោកទេ។ ច្បាប់កន្លងមក វាមិនដែលអត់ឱ្យព្រះសង្ឃឯណាចូលរួមសង្គម ចូលរួមជួយសង្គមជួយជាតិអីហ្នឹង យើងមិនមានទេ យើងអនុគ្រោះ។ កុំឱ្យតែធ្វើខុសច្បាប់ ហើយមុននឹងទៅណាមកណា សុំការអនុញ្ញាត។ យើងមានវិន័យ មានច្បាប់របស់វត្ត ព្រោះកន្លងមក ដែលគេដេញលោកអត់ ចុះហេតុអីបានមានតែយើងមួយ? ដោយសារតែយើងមិនគោរពច្បាប់ផ្ទៃក្នុងវត្ត។ ពេលចេញទៅណាមិនប្រាប់។ ទីពីរ គេហាមអប់រំទូន្មាន លោកមិនស្តាប់»។
ព្រះសង្ឃមួយអង្គព្រះនាម សាំង រិទ្ធី ត្រូវបានចៅអធិការវត្តដំរីសបណ្តេញចេញពីវត្ត ក្រោយព្រះអង្គបដិសេធមិនព្រមចុះកិច្ចសន្យាដែលចៅអធិការបានបញ្ជាឱ្យចុះ បន្ទាប់ពីព្រះអង្គបានចូលរួមធ្វើធម្មយាត្រាអប់រំសីល ៥ ដើម្បីឧទិ្ទសកុសលជូន លោក កែម ឡី៕