ក្រោយតុលាការកំពូលតម្កល់សេចក្តីសម្រេចរបស់តុលាការថ្នាក់ក្រោម ដោយកាត់ទោសមេដឹកនាំសហជីពណាហ្កាវើលដ៍ អង្គការលីកាដូ ក៏ដូចជាអង្គការសិទ្ធិមនុស្សផ្សេងទៀត រួមទាំងបណ្តាញសហគមន៍មួយចំនួនបានអំពាវនាវឱ្យអាជ្ញាធរដោះលែងកញ្ញា ឈឹម ស៊ីថរ អតីតថ្នាក់ដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍។
ការអំពាវនាវរបស់អង្គការលីកាដូ មានការចូលរួមពីអង្គការសង្គមស៊ីវិល និងបណ្តាញសហគមន៍ សរុបចំនួន៥០ស្ថាប័ន រួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សម្ព័ន្ធសហជីពកម្ពុជា(CATU) និងសហគមន៍ដីធ្លី និងព្រៃឈើមួយចំនួន។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថាការសម្រេចតម្កល់សាលក្រមផ្តន្ទាទោសនឹងធ្វើឱ្យកញ្ញា ស៊ីថរ បន្តជាប់ពន្ធនាគារ និងអាចធ្វើឱ្យអាជ្ញាធរចាប់បញ្ជូនខ្លួនជនជាប់ចោទ៧នាក់ផ្សេងទៀតទៅកាន់ពន្ធនាគារភ្លាមៗផងដែរ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «យើងខ្ញុំស្នើសុំឱ្យអាជ្ញាធរដោះលែងកញ្ញា ស៊ីថរ ដោយឥតលក្ខខណ្ឌ និងផ្តល់នូវសេរីភាពពេញលេញដល់ជនជាប់ចោទផ្សេងទៀតអាចរស់នៅដោយមិនមានភាពភ័យខ្លាចពីការចាប់ដាក់ពន្ធនាគារ ឬការធ្វើទុក្ខបុកម្នេញណាមួយ»។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «នេះជាមធ្យោបាយមួយចុងក្រោយ ដើម្បីផ្តល់នូវដំណោះស្រាយចំពោះការចោទប្រកាន់ និងធ្វើទុក្ខបុកម្នេញដោយមិនត្រឹមត្រូវមកលើសមាជិកសហជីពមួយចំនួនដែលកំពុងតស៊ូមតិដើម្បីសិទិ្ធកម្មករ។ អាជ្ញាធរត្រូវតែគោរពសិទិ្ធសេរីភាពជាមូលដ្ឋានរបស់កម្មករនិយោជិត និងឈប់ចាត់ទុកសកម្មភាពអហិង្សារបស់សហជីព ជាបទល្មើសព្រហ្មទណ្ឌ»។
កញ្ញា ឈឹម ស៊ីថរ ដែលទទួលបានពានរង្វាន់ជាអ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២៤ ពីរដ្ឋាភិបាលប្រទេសស៊ុយអ៊ែត ត្រូវបានកាត់ទោសពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬបង្កភាពវឹកវរដល់សន្តិសុខសង្គម ដែលត្រូវជាប់ពន្ធនាគាររយះពេល២ឆ្នាំ។
ក្រៅពីកញ្ញា ឈឹម ស៊ីថរ តុលាការកំពូលបានផ្តន្ទាទោសដាក់ពន្ធនាគារលើជនជាប់ចោទចំនួន៧រូបផ្សេងទៀតដែលជាអតីត និងបច្ចុប្បន្នថ្នាក់ដឹកនាំ និងជាសមាជិកសហជីពណាហ្កាវើលដ៍ ដោយត្រូវជាប់ឃុំក្នុងចន្លោះពី១ឆ្នាំទៅ២ឆ្នាំ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាការតវ៉ាឬស្នើសុំគឺសិទ្ធិរបស់បុគ្គលម្នាក់ៗដែលធ្វើទៅតាមអ្វីដែលពួកគេចង់បាន។ លោកថាការស្នើសុំក្នុងរូបភាពបែបនេះមិនស្របទៅតាមច្បាប់ ឬរដ្ឋធម្មនុញ្ញរបស់កម្ពុជាដែលត្រូវយកមកពិចារណា និងដោះស្រាយតាមផ្លូវច្បាប់ឡើយ។
កញ្ញា ឈឹម ស៊ីថរ ត្រូវបានចាប់ខ្លួនជាលើកទីពីរ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយពេលកញ្ញាត្រឡប់មកពីចូលរួមកិច្ចប្រជុំសហព័ន្ធសហជីពអន្តរជាតិនៅប្រទេសអូស្ត្រាលី។ អាជ្ញាធរអះអាងថាកញ្ញា ស៊ីថរ បានបំពានលក្ខខណ្ឌស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដែលហាមឃាត់មិនឱ្យចាកចេញពីប្រទេសកម្ពុជា បើទោះជាពេលនោះ មន្ត្រីអន្តោប្រវេសន៍ជាអ្នកអនុញ្ញាតឱ្យកញ្ញាចាកចេញក៏ដោយ។
ក្រោយការកាត់ទោសកញ្ញា ឈឹម ស៊ីថរ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានលើកឡើងថាក្រុមប្រឹក្សាសិទ្ធិមនុស្សមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការសម្រេចរបស់តុលាការកំពូលកាលពីសប្តាហ៍មុន និងអំពាវនាវឱ្យមានការដោះលែងជាបន្ទាន់។
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបញ្ជាក់ថាកញ្ញា ឈឹម ស៊ីថរ និងអ្នកផ្សេងទៀតបានអនុវត្តសិទ្ធិសេរីភាពខាងសមាគមនិងការប្រមូលផ្ដុំដោយសន្តិវិធីដែលការពារដោយរដ្ឋធម្មនុញ្ញកម្ពុជាស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ៕