អង្គការ​សិទ្ធិ​មនុស្ស​នានា​ថា សេចក្ដី​ព្រាង​ច្បាប់​របស់​ថៃ​ស្ដីពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា «ការ​គំរាម​កំហែង»

រូបឯកសារ៖ បាតុករ​សរសេរ​សារ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅលើ​រូប​របស់​នាយក​រដ្ឋមន្រ្តី​ថៃ​លោក Prayut Chan-ocha និង​ឧត្តមសេនីយ​កំពូលៗ​ថៃ ក្នុង​អំឡុងពេល​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រុម​អ្នក​តស៊ូ​មតិ​ផ្នែក​សិទ្ធិ​មនុស្ស​បាន​ព្រមាន​ថា ច្បាប់​ថ្មី​មួយ​ដែល​រដ្ឋាភិបាល​ថៃ​កំពុង​តាក់តែង​ឡើង​ដើម្បី​ដាក់​កំហិត​លើ​អង្គការ​មិន​ស្វែងរក​ប្រាក់​កម្រៃ នឹង​បង្ក​ជា «ការ​គំរាម​កំហែង» ចំពោះ​កិច្ចការ​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នានា​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​អាច​បណ្ដាល​ឲ្យ​អង្គការ​មួយ​ចំនួន​ត្រូវ​បិទ​ទ្វារ ឬ​ចាកចេញ​ពី​ប្រទេស​នេះ។

សំណើ​ច្បាប់​នេះ ​នឹង​តម្រូវ​ឲ្យ​អង្គការ​មិន​ស្វែងរក​ប្រាក់​កម្រៃ​ទាំង​អស់​ចុះ​បញ្ជី​ជាមួយ​រដ្ឋាភិបាល ប្រកាស​អំពី​ប្រភព​នៃ​ថវិកា​របស់​ខ្លួន​ទាំង​អស់​ជា​រៀងរាល់​ឆ្នាំ ប្រកាស​អំពី​របៀប​ដែល​ពួកគេ​ចំណាយ​ថវិកា​ទាំង​នោះ និង​ប្រគល់​របាយការណ៍​សវនកម្ម​និង​ឯកសារ​ប្រកាស​ពន្ធ​ប្រចាំ​ឆ្នាំ​ឲ្យ​រដ្ឋាភិបាល។ មេដឹកនាំ​នៃ​អង្គការ​ណា​ដែល​មិន​បាន​ចុះ​បញ្ជី​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ ៥ ឆ្នាំ។

សំណើ​ច្បាប់​នេះ​ក៏​នឹង​អនុញ្ញាត​ផងដែរ​ឲ្យ​ក្រសួង​មហាផ្ទៃ​ចូល​ទៅ​ក្នុង​ការិយាល័យ​របស់​អង្គការ​ទាំង​នោះ​គ្រប់​ពេល​ទាំង​អស់ និង​ប្រមូល​យក​សារ​ទំនាក់ទំនង​តាម​អេឡិចត្រូនិក​នានា​ដោយ​មិន​ចាំបាច់​មាន​ដីកា​បង្គាប់​ពី​តុលាការ។

ជាង​នេះ​ទៀត សំណើ​ច្បាប់​នេះ​បាន​បញ្ជាក់​ថា អង្គការ​មិន​ស្វែងរក​ប្រាក់​កម្រៃ​អាច​ចំណាយ​ថវិកា​ដែល​បាន​មកពី​បរទេស​សម្រាប់​តែ​កិច្ចការ​ណា «ដែល​ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឲ្យ» តែ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​បាន​បកស្រាយ​បន្ថែម​ទៀត​នោះ​ទេ។

សំណើ​ច្បាប់​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​មាន​រលក​នៃ​ការ​ប្ដឹងផ្ដល់​និង​ការ​ចាប់​ខ្លួន​អ្នក​រិះគន់​រដ្ឋាភិបាល​និង​អ្នក​រិះគន់​ស្ថាប័ន​ព្រះមហាក្សត្រ​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​ប្រទេស។ អ្នក​រិះគន់​ទាំង​នោះ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​បះបោរ និង​បទ​ប្រមាថ​រាជរង្សានុវង្ស​ព្រះមហាក្សត្រ ដែលជា​បទ​ឧក្រិដ្ឋ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ប្រព្រឹត្តិ​ខុស​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ ១៥ ឆ្នាំ។

រដ្ឋាភិបាល​ថៃ​បាន​បញ្ជាក់​ថា ខ្លួន​ត្រូវការ​ច្បាប់​នេះ​ដើម្បី​គ្រប់គ្រង​ការ​គំរាមកំហែង​ពី​ក្រុម​ស្រមោល​នានា​ដែល​ប្រើ​មូលនិធិ​បរទេស​ដើម្បី​បង្ក​អស្ថិរភាព​ដល់​ប្រទេស​ថៃ។

អ្នក​រិះគន់​នានា​បាន​និយាយ​ថា វិធានការ​ដែល​បាន​ស្នើ​ឡើង​នេះ​គឺជា​ប្រតិកម្ម​ដែល​គ្មាន​ការ​អៀនខ្មាស​របស់​រដ្ឋាភិបាល​ចំពោះ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ទីក្រុង​បាងកក​កាលពី​ឆ្នាំ​មុន។ ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ទាំង​នេះ​ធ្វើ​ឡើង​គ្នុង​គោល​បំណង​ទាមទារ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​លើ​ស្ថាប័ន​ព្រះមហាក្សត្រ និង​ឲ្យ​លោក​នាយករដ្ឋមន្ត្រី Prayuth Chan-ocha ចុះចេញ​ពី​តំណែង។

លោក Prayuth ដែល​ជា​អតីត​នាយ​ឧត្តមសេនីយ៍​យោធា បាន​ឡើង​កាន់​អំណាច​កាលពី​ឆ្នាំ ២០១៤ ក្នុង​ពេល​ដឹកនាំ​ការ​ធ្វើ​រដ្ឋ​ប្រហារ​យោធា និង​បាន​ឈ្នះ​ការ​បោះឆ្នោត​កាលពី​ឆ្នាំ ២០១៩។ ការ​បោះឆ្នោត​កាលពី​ឆ្នាំ ២០១៩ នោះ​ត្រូវ​បាន​ក្រុម​អ្នក​រិះគន់​ចោទ​ប្រកាន់​ថា​មាន​ការ​លួច​បន្លំ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ច្រានចោល។

«ដាក់​កំហិត​និង​រឹត​បន្ដឹង»

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​នានា​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ថៃ​បាន​ថ្កោលទោស​រដ្ឋាភិបាល​ថៃ​ដែល​បាន​បង្ក្រាប​ការ​តវ៉ា​ដោយ​ការ​បាញ់​ទឹក និង​ការ​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​និង​គ្រាប់​កាំភ្លើង​ជ័រ។ អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​ថៃ​មួយ​ចំនួន​ក៏​បាន​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​ដល់​អ្នក​ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​ផងដែរ។

លោក Josef Benedict អ្នក​ស្រាវជ្រាវ​នៃ​អង្គការ CIVICUS ដែល​ជា​អង្គការ​សង្គម​ស៊ីវិល​សាកល​ផ្នែក​តស៊ូ​មតិ បាន​និយាយ​ថា៖ «ច្បាប់​នេះ​គឺ​ជា​ការ​ឆ្លើយតប​យ៉ាង​ច្បាស់ [របស់​រដ្ឋាភិបាល​ថៃ] ដើម្បី​ដាក់​កំហិត​និង​រឹត​បន្តឹង​សមត្ថភាព​របស់​សកម្មជន​សង្គម​ស៊ីវិល​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា ដែល​គាំទ្រ​ចលនា​តវ៉ា​ធំៗ​ដែល​កំពុង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស និង​ដើម្បី​រឹត​បន្តឹង​លើ​លំហ​នោះ​ដែល​កំពុង​រួម​កាន់តែ​តូច​ទៅ​ៗ»។

អង្គការ​សិទ្ធិ​មនុស្ស​នានា​បាន​បញ្ជាក់​ថា ពួកគេ​មាន​ការ​ព្រួយ​បារម្ភ​ថា រដ្ឋាភិបាល​អាច​ប្រើ​អំណាច​ថ្មី​របស់​ខ្លួន​ដើម្បី​បំបិទ​មាត់​អ្នក​រិះគន់ តាមរយៈ​ការ​បញ្ឈប់​មិន​ឲ្យ​ពួកគេ​ទទួល​បាន​ថវិកា​ពី​បរទេស​សម្រាប់​កិច្ចការ​ស្រប​ច្បាប់ ឬ​តាមរយៈ​ការ​បដិសេធ​មិន​ចុះបញ្ជី​ឲ្យ​ពួកគេ។

គេ​ឃើញ​មាន​ក្ដី​បារម្ភ​មួយ​ចំនួន​ដែល​ថា ពលរដ្ឋ​ថៃ​និង​ក្រុម​ការពារ​ផល​ប្រយោជន៍​សាធារណៈ​ក្នុង​ប្រទេស​ថៃ​មិន​ត្រូវ​បាន​គេ​ផ្ដល់​ឱកាស​សម្រាប់​ការ​ពិគ្រោះ​យោបល់​ជាមួយ​ឲ្យ​បាន​ដិតដល់​នោះ​ទេ​នៅ​ក្នុង​ការ​ធ្វើ​ផែនការ​គោល​នយោបាយ​នេះ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​ចំនួន ៧ បាន​រួម​គ្នា​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ខែ​មេសា ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ថៃ​លុបចោល​សំណើ​ច្បាប់​នេះ។

សេចក្ដី​ថ្លែងការណ៍​នោះ​បាន​ដកស្រង់​សម្ដី​របស់​តំណាងរាស្ត្រ​ម៉ាឡេស៊ី​អ្នកស្រី Maria Chin Abdullah ដែល​ជា​សមាជិក​មួយ​រូប​នៃ​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (ASEAN Parliamentarians for Human Rights ដែល​បាន​ថ្លែង​ថា៖ «សំណើ​ច្បាប់​នេះ​បង្ក​ជា​ការ​គំរាមកំហែង​ដល់​អង្គការ​សិទ្ធិ​មនុស្ស​ដែល​មាន​ស្រាប់​ផង​និង​ដល់​អង្គការ​សហគមន៍​មូលដ្ឋាន​នានា​ផង។ ប្រសិនបើ​ត្រូវ​បាន​អនុម័ត ច្បាប់​នេះ​នឹង​ប្រឆាំង​ធ្ងន់ធ្ងរ​ចំពោះ​សិទ្ធិ​មនុស្ស​តាម​រយៈ​ការ​ផ្ដល់​អំណាច​តាម​ទំនើង​ចិត្ត​ដល់​រដ្ឋាភិបាល​ក្នុង​ការ​ហាមឃាត់​អង្គការ​នានា​និង​ដាក់​ទោស​ទណ្ឌ​ដល់​អ្នក​ដែល​រដ្ឋាភិបាល​មិន​ពេញចិត្ត»។

រូបឯកសារ៖ ប៉ូលិស​បង្ក្រាប​កុបកម្ម​ម្នាក់ បាន​ឆ្ពោះ​ទៅរក​បុរស​ម្នាក់​នៅ​តាមផ្លូវ​ក្នុង​អំឡុងពេល​នៃ​ការតវ៉ា​នៅ​មុខ​វិមាន Grand Palace ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នៅ​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ។

«នគរបាល ចៅក្រម និង គណៈ​វិនិច្ឆ័យ​តុលាការ»

គណៈប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​ថៃ​បាន​បញ្ជាក់​ថា ខ្លួន​បាន​ចូលរួម​ជាមួយ​ក្រុម​អ្នក​តំណាង​នៃ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប និង​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ឯ​ក្រសួង​ការបរទេស​ថៃ​កាលពី​ថ្ងៃ​ទី ៧ ខែ​ឧសភា​កន្លង​ទៅ​នេះ ដើម្បី​សង្កត់ធ្ងន់​អំពី​កិច្ចការ​សំខាន់​ដែល​អង្គការ​សង្គម​ស៊ីវិល​ធ្វើ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ផងដែរ។

គណៈប្រតិភូ​សភាព​អឺរ៉ុប​បាន​ថ្លែង​ប្រាប់ VOA តាម​អ៊ីម៉ែល​អំពី​កិច្ច​ប្រជុំ​នេះ​ថា៖ «ស្រប​ពេល​ដែល​លំហ​ប្រជាធិបតេយ្យ​កាន់តែ​រួម​តូច​ទៅៗ​នៅ​ទូទាំង​ពិភពលោក ការ​យកចិត្ត​ទុកដាក់​ជា​ពិសេស​គួរ​ផ្ដោត​ទៅ​លើ​ការ​បញ្ចៀស​មិន​ឲ្យ​មាន​ផល​ប៉ះពាល់​ដែល​យើង​មិន​ចង់​បាន នៅ​ពេល​វិធានការ​ផ្លូវ​ច្បាប់​ណា​មួយ​ត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង»។

លោក Brad Adams នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​បញ្ជាក់​ថា ច្បាប់​នេះ​នឹង​ធ្វើ​ឲ្យ​ក្រសួង​មហាផ្ទៃ​ថៃ​ក្លាយជា «នគរបាល ចៅក្រម និង​គណៈ​វិនិច្ឆ័យ​តុលាការ» សម្រាប់​រឿង​ទាក់ទិន​នឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល ហើយ​ច្បាប់​នេះ​នឹង​ធ្វើ​ឲ្យ​សង្គម​ស៊ីវិល​ចាប់ផ្ដើម​បាត់បង់​នៅ​សល់​តែ​ចំនួន​តូច​មួយ​ដូច​នៅ​ប្រទេស​ឡាវ​និង​វៀតណាម ដែល​ជា​ការ​គ្រប់គ្រង​ក្ដោកក្ដាប់​បែប​ផ្ដាច់ការ​ដែល​ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​មាន​បញ្ហា​ប្រឈម​ណា​មួយ​សម្រាប់​គណបក្ស​កាន់​អំណាច។

លោក Adams បាន​ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា អង្គការ​អន្តរជាតិ​ជា​ច្រើន​អាច​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​ប្រទេស​ថៃ។ ពួកគេ​នឹង​មិន​អាច​ចុះ​បញ្ជី​បាន​ទៀត​ទេ ហើយ​ប្រហែលជា​អាច​នឹង​មាន​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ខ្លះ​ផងដែរ។ អង្គការ​ណា​ដែល​បាន​ចុះ​បញ្ជី​រួច​ហើយ​នឹង​ធ្វើ​ការ​រឹតត្បិត​ខ្លួន​ឯង​ដោយ​ខ្លួន​ឯង ហើយ​នឹង​មិន​និយាយ​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស ឬ​ក៏​បញ្ហា​ផ្សេងៗ ឬ​ក៏​អ្វី​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​ប្រទេស​ថៃ​នោះ​ទេ។ ខ្ញុំ​គិត​ថា នឹង​មាន​ការ​អនុវត្ត​ច្បាប់​នេះ​ប្រកប​ដោយ​ការ​រើសអើង​ទៅ​លើ​អង្គការ​នានា​របស់​ប្រទេស​ថៃ​ផ្ទាល់។ ច្បាប់​នេះ​នឹង​ក្លាយជា​អាវុធ​ថ្មី​មួយ​សម្រាប់​ប្រឆាំង​នឹង​សង្គម​ស៊ីវិល​ថៃ»។

ក្រុម​អ្នក​រិះគន់​និយាយ​ថា ការ​កំណត់​និយមន័យ​នៃ​ពាក្យ «មិន​រក​ប្រាក់​កម្រៃ» នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នេះ មាន​លក្ខណៈ​ទូលំទូលាយ​ប្រកប​ដោយ​គ្រោះថ្នាក់ ហើយ​ជា​ទ្រឹស្ដី វា​អាច​គ្រប​ដណ្ដប់​លើ​អ្វីៗ​ទាំង​អស់​រាប់​ចាប់ពី​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ធំៗ​រហូត​ដល់​អ្នក​ភូមិ​មួយ​ចំនួន​តូច​ដែល​រួម​គ្នា​ប្រឆាំង​នឹង​គម្រោង​អ្វី​មួយ​របស់​រដ្ឋបាល​មូលដ្ឋាន។

រដ្ឋាភិបាល​ថៃ​បាន​ទទូច​ថា ប្រទេស​ថៃ​ត្រូវការ​ច្បាប់​ថ្មី​មួយ​ដើម្បី​គ្រប់គ្រង​អង្គការ​មិន​ស្វែងរក​ប្រាក់​កម្រៃ​មិន​ឲ្យ​ងាក​ចេញ​ពី​កិច្ចការ​ដែល​ពួកគេ​អះអាង​ថា​នឹង​ធ្វើ។

«តាម​វិធី​ប្រកប​ដោយ​តម្លាភាព»

អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ​អ្នកស្រី Ratchada Thanadirek បាន​ថ្លែង​ថា៖ «យើង​បាន​រក​ឃើញ​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​អនុវត្ត​កិច្ចការ​របស់​ខ្លួន​តាម​វិធី​ដែល​គ្មាន​តម្លាភាព។ ពួកគេ​បាន​ទទួល​ថវិកា​ខ្លះ ហើយ​ពួកគេ​មិន​បាន​ប្រព្រឹត្ត​ឲ្យ​បាន​សមស្រប​ទៅ​តាម​គោល​បំណង​នៃ​អង្គការ​របស់​ពួកគេ​នោះ​ទេ»។

អ្នកស្រី​នឹង​មិន​បញ្ចេញ​ឈ្មោះ​អង្គការ​ណា​ដែល​រដ្ឋាភិបាល​ជឿ​ថា​កំពុង​បំពាន​លើ​សេចក្ដី​ថ្លែង​អំពី​បេសកកម្ម​របស់​ខ្លួន​នោះ​ទេ និង​បាន​និយាយ​ថា អ្នកស្រី​មិន​ដឹង​ច្បាស់​ថា​តើ​អាជ្ញាធរ​ជឿ​ថា ពួកគេ​កំពុង​ប្រើ​ថវិកា​របស់​ពួកគេ​ខុស​គោលដៅ​តាម​របៀប​ណា​នោះ​ឡើយ។

អ្នកស្រី Ratchada បញ្ជាក់​ដូច្នេះ​ថា៖ «មាន​សកម្មភាព​មួយ​ចំនួន​ដែល​យើង​បាន​ឃើញ​ថា មាន​ភាព​មិន​សមស្រប​ហើយ​បំពាន​ច្បាប់ ប៉ុន្តែ​ខ្ញុំ​មិន​មាន​ព័ត៌មាន​លម្អិត​នោះ​ទេ»។

អ្នកស្រី​ក៏​នឹង​មិន​ឆ្លើយតប​ផងដែរ​ចំពោះ​ក្ដី​បារម្ភ​ជាក់លាក់​ដែល​អង្គការ​នានា​បាន​លើកឡើង​ពាក់ព័ន្ធ​នឹង​ព្រំដែន​នៃ​ច្បាប់​ដែល​កំពុង​ស្នើ​នេះ ឬ​ក៏​ពាក់ព័ន្ធ​នឹង​អំណាច​ដែល​ច្បាប់​នេះ​ផ្ដល់​ឲ្យ​ក្រសួង​មហាផ្ទៃ​នោះ​ឡើយ ប៉ុន្តែ​អ្នកស្រី​សង្កត់ធ្ងន់​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​តាក់តែង​ឡើង។

សាធារណជន​និង​ពលរដ្ឋ​នានា​មាន​ពេល​តែ​ពីរ​បី​សប្ដាហ៍​ប៉ុណ្ណោះ​សម្រាប់​បញ្ចេញ​មតិ​យោបល់​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​កាលពី​ចុង​ខែ​មីនា។

អ្នកស្រី Ratchada បាន​លើកឡើង​ថា ពលរដ្ឋ​និង​ក្រុម​ការពារ​ផល​ប្រយោជន៍​សាធារណៈ​នៅតែ​អាច​ធ្វើការ​ជាមួយ​គណបក្ស​នយោបាយ​ដែល​មាន​សមានចិត្ត​ដើម្បី​បន្ត​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ និង​អាច​ចាត់​តំណាង​ឲ្យ​ចូលរួម​នៅ​ក្នុង​គណៈកម្មាធិការ​មួយ​ដែល​រដ្ឋសភា​នឹង​បង្កើត​ឡើង ដើម្បី​ពិនិត្យ​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ។ នៅ​ពេល​ដែល​សេចក្ដី​ព្រាង​ច្បាប់​នេះ​ឆ្លង​ដំណាក់កាល​បោះឆ្នោត​ដំបូង​នៃ​ការ​បោះឆ្នោត ៣ លើក របស់​គណៈកម្មាធិការ​ដែល​រដ្ឋសភា​នឹង​បង្កើត​ឡើង វា​ចាំបាច់​ត្រូវ​ឆ្លង​ការ​សម្រេច​ចុង​ក្រោយ​ពី​ព្រះមហាក្សត្រ Maha Vajiralongkorn។

អ្នកស្រី​បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​យល់​ពី​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ គឺថា​ពួកគេ​មិន​សប្បាយ​ចិត្ត​នោះ​ទេ។ ខ្ញុំ​យល់​ពី​អ្វី​ដែល​ពួកគេ​លើកឡើង ប៉ុន្តែ​ច្បាប់​នេះ​អាច​កែប្រែ​បាន។ វា​មិន​ទាន់​បញ្ចប់​ត្រឹម​នេះ​នោះ​ឡើយ គឺ​មាន​ឱកាស​សម្រាប់​ធ្វើការ​កែ​តម្រូវ​ត​ទៅ​មុខ​ទៀត»។

ក្រុម​ការងារ​ប្រឹក្សា​យោបល់​របស់​រដ្ឋាភិបាល​ថៃ ឥឡូវ​នេះ​កំពុង​ពិនិត្យ​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​និង​មតិ​យោបល់​នានា​ដែល​ខ្លួន​ទទួល​បាន​កាល​ពី​ខែ​មីនា មុន​ពេល​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​នេះ​ទៅកាន់​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី Prayuth ដើម្បី​អនុម័ត។ បន្ទាប់​មក សេចក្ដី​ព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​បន្ត​ទៅ​រដ្ឋសភា៕

ប្រែ​សម្រួល​ដោយលោក នៀម ឆេង