ក្រុម​សិទ្ធិ​មនុស្ស​ថា​ចិន​ដាក់​សម្ពាធ​ប្រទេស​នៅ​អាស៊ី​ឲ្យ​និរទេស​ជនជាតិ​ភាគតិច​អ៊ុយហ្គ័រ

ជនជាតិ​ភាគតិច​​វីហ្គ័រ​ក្នុង​​ប្រទេស​​តួគី​​កាន់​​រូបថត​​នាយក​រដ្ឋមន្រ្តី​ ​Wen Jiabao ​ជា​ការ​​ប្រឆាំង​​តវ៉ា​​​ដល់​ដំណើរ​បំពេញ​ទស្សនៈ​កិច្ច​​​នាយករដ្ឋ​មន្រ្តី​ចិន​នៅ​ប្រទេស​តួគី​ ថ្ងៃទី​៥ ខែ​មិថុនា​ ឆ្នាំ២០១១។

ក្រុម​សិទ្ធិ​មនុស្ស​កំពុង​រិះគន់​ការ​និរទេស​ជនជាតិ​ភាគតិច​អ៊ុយហ្គ័រ​ជា​បន្តបន្ទាប់​ដោយ​ប្រទេស​ម៉ាឡេស៊ី ប៉ាគីស្ថាន និងថៃ ដោយ​និយាយ​ថា​ ការ​សម្រេច​ចិត្ត​បញ្ជូន​ពួកគេ​ទៅ​ប្រទេស​ចិន​វិញ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​ច្បាប់​មនុស្សធម៌។ ក្រុម​សិទ្ធិ​មនុស្ស​និយាយ​ថា​ រដ្ឋាភិបាល​ប្រទេស​ទាំងបី​ប្រឈម​នឹង​សម្ពាធ​ការទូត​ពី​ប្រទេស​ចិន​ឲ្យ​ពន្លឿន​ការ​និរទេស។

អង្គការ​លើកលែង​ទោស​អន្តរជាតិ​ (Amnesty International) និង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) និយាយ​ថា​ ជនជាតិ​ភាគតិច​អ៊ុយហ្គ័រ​១១​នាក់​ដែល​ត្រូវបាន​ចាប់​ខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី​ ហើយ​បញ្ជូន​ទៅ​ប្រទេស​ចិន​វិញ​ អាច​ប្រឈម​នឹង​ការ​ធ្វើទារុណកម្ម​និង​ការ​កាត់ទោស​ដាក់​គុក​ដ៏​ឃោរឃៅ​ បន្ទាប់​ពី​ត្រូវ​ឃុំឃាំង​ជាមួយ​ក្រុម​ដែល​មាន​គ្នា​១៦នាក់​កាលពី​ថ្ងៃទី​៦​ខែ​សីហា។

មន្ត្រី​អន្តោប្រវេសន៍​ថៃ​បាន​ចាប់​ខ្លួន​បុរស​ជនជាតិ​ភាគតិច​អ៊ុយហ្គ័រ​ម្នាក់​កាល​ពី​ដើម​ខែ​នេះ។ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​និយាយ​ថា​ការ​ចាប់ខ្លួន​ផ្សេង​ទៀត​ក៏​បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ដែរ។

Phil Robertson ជា​នាយក​រង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ បាន​និយាយ​ថា​ ការ​និរទេស​ទាំង​នោះ​ទំនង​ជា​ផ្នែកមួយ​នៃ​ការ​ជំរុញ​ដ៏ធំ​សំដៅ​រក​ក្រុម​និរទេស​ជនជាតិ​ភាគតិច​អ៊ុយហ្គ័រ។

«បើ​យើង​មើល​ឲ្យ​ស្រួល​ វា​ដូចជា​យុទ្ធនាការ​ដែលមាន​ការ​សម្រប​សម្រួល​ដោយ​រដ្ឋាភិបាល​ចិន​ដើម្បី​ដេញតាម​ចាប់​ពួក​និរទេស​ជនជាតិ​ភាគតិច​អ៊ុយហ្គ័រ។ អ្វី​ដែល​យើង​ដឹង​ច្បាស់​នោះ​គឺ​រដ្ឋាភិបាល​ចិន​បាន​កំណត់​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ទាំងនោះ​ដើរ​វៀង​ប្រព័ន្ធ​ច្បាប់​ប្រទេស​ខ្លួនឯង​ ដើរ​វៀង​នីតិវិធី​កាត់ទោស​មូលដ្ឋាន​ ហើយ​បញ្ជូន​ពួកគេ​ទៅ​ឲ្យ​មន្ត្រី​ស្ថានទូត​ចិន​ ហើយ​ដាក់​ពួក​គេ​ក្នុង​ជើង​យន្តហោះ​យ៉ាង​លឿន​ទៅ​ប្រទេស​ចិន​វិញ។»

នៅ​ប្រទេស​ថៃ​ បុរស​ជនជាតិ​ភាគតិច​អ៊ុយហ្គ័រ​ម្នាក់​ឈ្មោះ Nur Muhammed បាន​គេចចេញ​ពី​ខេត្ត​ស៊ិនជាំង (Xinjiang) ប្រទេស​ចិន​កាលពី​ឆ្នាំ​២០០៩​ បន្ទាប់​ពី​ការ​ផ្ទុះ​អំពើ​ហិង្សា​និង​ការ​តវ៉ា។ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ បាន​និយាយ​ថា Muhammed ត្រូវ​បាន​ចោទប្រកាន់​ថា​ជា​ផ្នែក​នៃ​ក្រុម​ភេរវករ​ ដោយ​រដ្ឋាភិបាល​ចិន។ គាត់​ត្រួវបាន​ចោទប្រកាន់​ក្រោម​ច្បាប់​អន្តោប្រវេសន៍​របស់​ថៃ​ពី​បទ​ឆ្លងដែន​ខុស​ច្បាប់​ ហើយ​បន្ទាប់​មក​ត្រូវបាន​បញ្ជូន​ទៅ​ឲ្យ​មន្ត្រី​ចិន​នា​ទីក្រុង​បាងកក​ដោយ​មិនមាន​ឆ្លងកាត់​នីតិវិធី​អ្វី​ទាំងអស់។

នៅ​ប្រទេស​ម៉ាឡេស៊ី ក្រុម​ជនជាតិ​ភាគតិច​អ៊ុយហ្គ័រ​១៦​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅទី​ក្រុង​កូឡាឡាំពួរ​ និង​ចូហូបារូ។ មនុស្ស​ចំនួន​១១​នាក់​ត្រូវបាន​គេ​បញ្ជូន​ទៅ​ប្រទេស​ចិន​វិញ​នៅ​មុនពេល​ដែល​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​មាន​ឱកាស​ពិនិត្យ​លើ​ករណី​របស់​ពួកគេ។ ភ្នាក់ងារ​ជន​ភៀសខ្លួន​អង្គការ​សហ​ប្រជាជាតិ​កំពុង​តែ​ដាក់​សម្ពាធ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ឲ្យ​អនុញ្ញាត​ឲ្យ​ពួកគេ​ជួប​ជាមួយ​ជនជាតិ​ភាគតិច​អ៊ុយហ្គ័រ​ដែល​នៅ​សេសសល់។

អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ការពារ​ការ​និរទេស​នេះ ដោយ​និយាយថា​ ជនជាតិ​ភាគតិច​អ៊ុយហ្គ័រ​មានជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស។

នៅឆ្នាំ​២០០៩​ កម្ពុជា​បាន​និរទេស​ជនជាតិ​ភាគតិច​អ៊ុយហ្គ័រ​ចំនួន​២០​នាក់​ ដោយ​រួមទាំង​ស្ត្រី​មាន​ផ្ទៃពោះ​និង​កុមារ​ពីរ​នាក់ ទោះ​ជា​ពួក​គេ​ស្ថិត​ក្រោម​ការ​ការពារ​របស់​ទីភ្នាក់ងារ​ជន​ភៀសខ្លួន​អង្គការ​សហ​ប្រជាជាតិ​ក៏​ដោយ។

Kitty McKinsey អ្នក​នាំពាក្យ​ប្រចាំ​តំបន់​របស់​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន​ បាន​និយាយ​ថា​ ការ​និរទេស​ដោយ​គ្មាន​ការ​វាយតម្លៃ​លើ​ស្ថានភាព​របស់​ជនជាតិ​ភាគតិច​អ៊ុយហ្គ័រ​ គឺ​ជាបញ្ហា​គួរ​ឲ្យ​ព្រួយបារម្ភ។

«វា​តែងតែ​ជា​ការ​ព្រួយបារម្ភ​នៅពេល​ដែល​ជន​ភៀសខ្លួន​និង​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​ ត្រូវបាន​គេ​បញ្ជូន​ត្រឡប់​ទៅ​វិញ​ដោយ​បង្ខំ។ នេះ​មានន័យថា​នៅពេល​ដែល​ពួកគេ​ត្រឡប់​ទៅកាន់​ប្រទេស​ណា​មួយ​ដែល​សិទ្ធិ​និង​សេរីភាព​របស់​ពួកគេ​ស្ថិត​ក្នុង​គ្រោះថ្នាក់ ពេលខ្លះ​ជីវិត​របស់​ពួកគេ​ក៏​ស្ថិត​ក្នុង​គ្រោះថ្នាក់​ដែរ។ បញ្ហា​ពាក់ព័ន្ធ​នឹង​ករណី​ជាច្រើន​ គឺ​ថា​ពុំមាន​ការ​ឆ្លងកាត់​ឲ្យ​ត្រឹមត្រូវ​តាម​នីតិវិធី​នោះ​ទេ។»

មន្ត្រី​ចិន​បាន​ចោទប្រកាន់​ជនជាតិ​ភាគតិច​អ៊ុយហ្គ័រ​ពី​ការ​ងើប​បះបោរ​ហិង្សា​ជា​បន្តបន្ទាប់​នៅ​ក្នុង​តំបន់​ស៊ិនជាំង​របស់​ប្រទេស​ចិន។ ភាព​តានតឹង​បាន​កើនឡើង​នៅក្នុង​តំបន់​តាំងពី​ឆ្នាំ​២០០៩​ នៅ​ពេល​ដែល​យ៉ាងហោច​ណាស់​មនុស្ស​១៩៧​នាក់​ត្រូវបាន​សម្លាប់​អំឡុង​ពេល​កុបកម្ម​ជាតិសាសន៍​រវាង​ជនជាតិ​អ៊ុយហ្គ័រ​និង​ជនជាតិ​ចិន​ដើម​កំណើត​ហាន។

រដ្ឋាភិបាល​ចិន​បាន​ចោទប្រកាន់​ក្រុម​ជ្រុលនិយម​សាសនា​អ៊ីស្លាម​ថា​បាន​រៀបចំ​សកម្មភាព​ហិង្សា​នេះ។ អ្នក​នាំពាក្យ​និរទេស​អ៊ុយហ្គ័រ​បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ​ ហើយ​ថា​ការ​គាបសង្កត់​ជនជាតិ​ភាគតិច​អ៊ុយហ្គ័រ​គឺជា​មូលហេតុ​ពិតប្រាកដ​ដែល​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​នេះ។

McKinsey បាន​និយាយថា​រដ្ឋាភិបាល​ប្រទេស​ដែល​អនុវត្ត​ការ​និរទេស​មិនបាន​ធ្វើការ​វាយតម្លៃ​សុពលភាព​នៃ​ការ​ទាមទារ​ជា​ជន​ភៀសខ្លួន​របស់​ជនជាតិ​ភាគតិច​អ៊ុយហ្គ័រ​ ដែល​ការ​វាយតម្លៃ​គួរតែ​ស្វែងយល់​ថា​តើ​ជនជាតិ​ភាគតិច​ទាំង​នោះ​មានជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឧក្រិដ្ឋ​នៅ​ប្រទេស​ចិន​មែន​ឬ​អត់។

«រាល់​ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន​ទាំងអស់​ដោយរួម​បញ្ចូល​ទាំង​ជនជាតិ​ភាគតិច​អ៊ុយហ្គ័រ​ ត្រូវតែ​ឆ្លង​កាត់​ដំណើរការ​កំណត់​ជា​ជន​ភៀសខ្លួន​ដើម្បី​បញ្ជាក់​ថា​ពួកគេ​ក្នុង​នាម​ជា​បុគ្គល​ម្នាក់​មាន​ការ​ ភ័យខ្លាច​ចំពោះ​ការ​កាត់​ទោស​ពិត​មែន​ឬ​ទេ។ វា​សំខាន់​ណាស់​ដែល​យើង​ត្រូវ​កត់​សម្គាល់​ថា​ដំណើរការ​សុំ​សិទ្ធិ​ជ្រកកោន​ត្រូវ​រាប់​បញ្ចូល​ការ​ដក​ចេញ​ឋានៈ​ជា​ជន​ភៀសខ្លួន​សម្រាប់​បុគ្គល​ណា​ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ។»

ជនជាតិ​ភាគតិច​អ៊ុយហ្គ័រ​ដែល​ភាគច្រើន​រស់នៅ​តំបន់​ដាច់​ស្រយាល​ភាគខាង​លិច​ប្រទេស​ចិន​គឺ​ជា​ជនជាតិ​ភាគតិច​មូស្លីម​ដែល​និយាយ​ភាសា​ទួរគី។

ប្រែសម្រួល​ដោយ​ បូរី ស៊ីលីវណ្ណ