អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អាមេរិក​ស៊ើប​អង្កេត​ទាសភាព​ក្នុង​អាជីវកម្ម​បង្គា​ថៃ

កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​កា​សែត​The Guardian​ នៃ​អង់គ្លេស​​បាន​ចេញ​ផ្សាយ​អត្ថបទ​ស៊ើប​អង្កេត​រយៈ​ពេល​ប្រាំមួយ​ខែ​របស់​ខ្លួន​ដោយ​រក​ឃើញ​ថា មាន​ការ​ជួញដូរ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ និង​ការ​ប្រើ​ប្រាស់​កម្លាំង​ពលករ​ជា​ទាសករ​ក្នុង​ផ្នែក​នេសាទ​បង្គា​ក្នុង​ប្រទេស​ថៃ។

អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​ ស្ថាប័ន​ដែល​ធ្វើ​ការ​លើ​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ការជួញ​ដូរ​មនុស្ស​ បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​និង​ប្រទេស​នានា​គួរ​តែ​ត្រួត​ពិនិត្យ​ឱ្យ​បាន​ដិតដល់​លើ​ការ​នេសាទ​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​ប្រើ​ប្រាស់​កម្មករ​មក​ពី​កម្ពុជា​ឱ្យ​ធ្វើការ​ក្នុង​ស្ថានភាព​ស្ទើរ​តែ​ដូច​ជា​ទាសករ។

កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​កា​សែត​The Guardian​ ដែល​ជា​កាសែត​ដ៏ល្បី​មួយ​ក្នុង​ប្រទេស​អង់គ្លេស​បាន​ចេញ​ផ្សាយ​អត្ថបទ​ស៊ើប​អង្កេត​រយៈ​ពេល​ប្រាំមួយ​ខែ​របស់​ខ្លួន​ដោយ​រក​ឃើញ​ថា មាន​ការ​ជួញដូរ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ និង​ការ​ប្រើ​ប្រាស់​កម្លាំង​ពលករ​ជា​ទាសករ​ក្នុង​ផ្នែក​នេសាទ​បង្គា​ក្នុង​ប្រទេស​ថៃ។

ខណៈ​ពេល​ដែល​ផលិតផល​បង្គា​របស់​ថៃ​ជា​ប្រភព​ផ្គត់​ផ្គង់​យ៉ាង​សំខាន់​សម្រាប់​ទី​ផ្សារ​សហរដ្ឋ​អាមេរិក​ និង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប លោក​ យ៉ា​ ណាវុធ​នាយក​ប្រតិបត្តិ​អង្គការ​ខារ៉ាម​កម្ពុជា​ (CARAM Cambodia) ថ្លែង​ថា លោក​គាំទ្រប្រសិន​បើ​អាមេរិក​ និង​បណ្តា​អ្នក​បញ្ជា​ទិញ​ផល​នេសាទ​ធំៗ​លើ​ពិភព​លោក​ដាក់​សម្ពាធ​ក្រុម​ហ៊ុន​នេសាទ​ក្នុង​ប្រទេស​ថៃ​ឲ្យ​គោរព​សិទ្ធិ​មនុស្ស​ និង​បញ្ចប់​ទាសភាព​កម្មករ​នេសាទ។

«កាល​ណា​អ្នក​បញ្ជាទិញ​លោកដាក់​លក្ខខណ្ឌ​តឹងតែងមិន​ឲ្យ​ជួល​ពលករ​ខុសច្បាប់​ មិន​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ខ្ញុំ​ជឿជាក់​ថា ស្ថានភាព​វា​នឹង​អាច​មាន​ការ​កែប្រែ​លម្អ​ ការងារ​បែប​ទាសភាព​វា​នឹង​កាត់បន្ថយ។ ទោះបី​មិន​អាច​លុប​បាន​ក៏​ដោយ​ក៏​វា​នឹង​ថយ​មក​តិច​ជាងមុន»។

លោក​ស្រី​ លឹម មុន្នី​ ប្រធាន​កម្មវិធី​ផ្នែក​ស្ត្រី​និង​កុមារ​ដែល​ធ្វើ​ការ​លើ​គម្រោង​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស មាន​ប្រសាសន៍​ថា អ្នក​ស្រី​យល់​ស្រប​អ្វី​ដែល​រក​ឃើញ​ដោយ​កាសែត The ​Guardian​នេះ។

«កម្មករ​ពលករ​ទាំង​នោះ​ភាគ​ច្រើន​ជា​អ្នក​ទៅ​ពី​ប្រទេស​កម្ពុជា។ ហេតុអ្វី​បាន​ខ្ញុំ​ថា​ល្អ។ ល្អ​ត្រង់​ថា ឲ្យ​ម្ចាស់​កប៉ាល់​ហ្នឹង​សើ​រើ​ឡើង​វិញ​នូវ​ការ​ដែល​គាត់​ត្រូវ​តែ​បំពេញ​កាតព្វ​កិច្ច​ជា​អ្នក​ប្រើ​គេត្រូវ​ឲ្យ​សិទ្ធ អ្វី​ខ្លះ ហើយ​កុំ​ឲ្យ​រំលោភ​បំពាន​គេ»។

ដោយ​ឡែក​លោក ហ៊ុយ ពេជ្យសុវណ្ណ មន្ត្រី​សិទ្ធិ​ការងារ​របស់​កម្មវិធី​ការងារ​នៃ​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ថ្លែង​ថា ការ​ដាក់​សម្ពាធ​ណា​មួយ​ពី​សហគមន៍​អន្តរជាតិនឹង​មាន​ឥទ្ធិពល​លើ​ក្រុម​ហ៊ុន​នាំ​ចេញ​អាហារ​នៅ​ក្នុង​ប្រទេស​ថៃ។

ក្រសួង​ការ​បរទេស​អាមេរិក​នៅ​មិន​ទាន់​បញ្ជាក់​ពី​ចំណាត់​ការ​អ្វី​ជាក់​លាក់​ទៅ​លើ​ប្រទេស​ថៃ​នៅ​ឡើយ​ទេ។ នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ​លោក​ស្រី ជេន សាក់គី (Jen Psaki) អ្នក​នាំ​ពាក្យ​ក្រសួងការ​បរទេស​អាមេរិក​បាន​បញ្ជាក់​ថា៖

«យើង​នឹង​ចេញ​ផ្សាយ​របាយការណ៍​ស្តី​ពី​ការជួញដូរ​មនុស្ស​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ទៀត ដូច្នេះ​ខ្ញុំ​មិន​ចង់​ផ្តល់​នូវ​ព័ត៌មាន​ជាមុន​ពី​បញ្ហា​នេះ​ទេ។ ខ្ញុំ​សូម​ស្នើ​អស់​លោក​រង់ចាំ​ដល់​ពេល​របាយការណ៍​នោះ ចេញ​សិន»។

លោក ហេង សួង អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការងារ​ថ្លែង​ថា​លោក​បាន​ដឹង​អំពី​ការ​ចុះ​ផ្សាយ​របស់​កាសែតThe Guardian​ ​នេះ។ លោក​បន្ថែម​ថា ក្នុង​តំណាក់​កាល​ដំបូង​នេះ ក្រសួង​រួមទាំង​ស្ថាន​ទូត​កម្ពុជា​នៅ​ក្នុង​ប្រទេស​ថៃ​បាននឹង​កំពុង​ចាត់​វិធានការ​ដើម្បី​ប្រមូល​ទិន្នន័យ​ឲ្យ​ជាក់​លាក់​បន្ថែម​ទៀត​មុន​នឹង​ផ្តើម​ជួយ​សង្គ្រោះ។

«ក្រសួង​ឬ​អាជ្ញាធរ​ស្ថាន​ទូត​ខ្មែរ​យើង​នៅ​ថៃ​ហ្នឹង​កំពុង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​តាម​ដាន​ទីតាំង​និង​ក្រុម​ហ៊ុន​ពិតប្រាកដ​ដែល​អាច​មាន​បង​ប្អូន​ពលករ​ខ្មែរ​យើង​ទៅ​ធ្វើការ​នៅ​ទីនោះ។ យើង​អាច​ជួប ឬ​វិធានការ​ជួប ឬ​អន្តរាគមន៍​ក្នុង​ស្ថានភាព​ដែល​យើង​ដឹង​ពី​ទីតាំងក្រុមហ៊ុន និង​ចំនួន​ពិតប្រាកដ»។

របាយការណ៍​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ឆ្នាំ ២០១២​របស់​អង្គការ​ខារ៉ាមកម្ពុជា (CARAM ​Cambodia) ដែល​ធ្វើ​ការ​លើ​ការ​ចំណាក​ស្រុក​របស់​ពលករ​ក្នុង​ប្រទេស​កម្ពុជា​បង្ហាញ​ថា ពលករ​ខ្មែរ​សរុប​ដែល​ចេញ​ទៅ​ធ្វើការ​នៅប្រទេស​ថៃ​ទាំង​ស្រប​ច្បាប់​ និង​ខុស​ច្បាប់​មាន​ចំនួន​ប្រមាណ​ជាង​៤​សែន​នាក់។​ភាគ​ច្រើន​ទៅ​ធ្វើ​ការជា​អ្នក​នេសាទ។ រីឯ​របាយការណ៍​របស់​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា ពលករ​ខ្មែរ​ស្រប​ច្បាប់​ដែល​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​នៅឆ្នាំ ​២០១២​មាន​១៣​ម៉ឺននាក់។ ភាគច្រើន​ជា​ពលរដ្ឋ​ទៅ​ធ្វើការ​នៅ​ក្នុងប្រទេស​ថៃ៕