សង្គម​ស៊ីវិល​ថ្កោល​ទោស​ហិង្សា​លើ​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់

  • នៅ វណ្ណារិន

លោក​ ញ៉យ ចំរើន ​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម​ (ឆ្វេង) និង​លោក​ គង់ សភា​ (ស្តាំ) តំណាង​រាស្ត្រ​ខេត្ត​ស្វាយរៀង​ នៅ​ក្នុង​កៅអី​រុញ​​បាន​មក​ដល់​អាកាសយានដ្ឋាន​មួយ​នៅ​រាជធានី​បាងកក​​ប្រទេស​ថៃ កាល​ពី​​ថ្ងៃ​​អង្គារ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៥ នៅ​ក្រោយ​​ពេល​​​ពួក​លោក​ត្រូវ​បាន​​បាតុករ​វាយ​ទាត់​ធាក់​នៅ​ខាង​ក្រៅ​បរិវេណ​​រដ្ឋសភា​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​។​​ (ផ្តល់​ដោយ​លោក ញ៉យ ចំរើន)

អង្គការ​សង្គម​ស៊ីវិល​បានចេញ​សេចក្តីថ្លែង​ការណ៍​​​ថ្កោល​ទោស​​អំពើ​​ហិង្សា​លើ​តំណាង​រាស្ត្រ​របស់​គណបក្ស​ជំទាស់​ ក្នុង​ពេល​ជាមួយគ្នានេះ​​ ​អាជ្ញា​ធរ​កម្ពុជា​បាន​បង្កើត​​គណៈកម្មាធការ​មួយ​ដើម្បីវែកមុខ​រក​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​នាថ្ងៃ​ច័ន្ទ​នោះ។​

អង្គការ​សង្គម​ស៊ីវិល​បានចេញ​សេចក្តីថ្លែង​ការណ៍​ថ្កោល​ទោសអំពើហិង្សា​លើ​តំណាង​រាស្ត្រ​របស់​គណបក្ស​ជំទាស់​ ក្នុង​ពេល​ជាមួយគ្នានេះ ​អាជ្ញា​ធរ​កម្ពុជា​បាន​បង្កើតគណៈកម្មាធការ​មួយ​ដើម្បីវែកមុខ​រក​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​នាថ្ងៃ​ច័ន្ទ​នោះ។​

នៅ​ថ្ងៃ​អង្គារ​នេះ​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch ​សង្គម​ស៊ីវិល​ក្នុង​ប្រ​ទេស​កម្ពុជា​ និង​រដ្ឋសភា​ជាតិ​ ​បាន​បន្ត​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោល​ទោស​ចំពោះ​ ​ការ​វាយ​ប្រហារ​លើ​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ ​និង​បាន​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ករណី​នេះ ​ខណៈ​ពេល​ដែល​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​ពីរ​នាក់​ ដែល​រង​របួស​បាន​ចាក​ចេញ​ទៅ​ព្យាបាល​របួសនៅក្រៅ​ប្រទេស។​

សេចក្តី​ថ្លែង​ការណ៍​ផ្សេង​គ្នា​ពី​ស្ថាប័ន​សិទ្ធិ​មនុស្ស​ និង​រដ្ឋ​សភា​ជាតិ​ធ្វើឡើង​មួយ​ថ្ងៃ​ ​ក្រោយ​ពេល​ដែលតំណាង​រាស្ត្រ​ពីរ​រូប​របស់​គណបក្ស​ជំទាស់​គឺ​លោក​គង់ សភាតំណាង​រាស្ត្រ​ខេត្ត​ស្វាយរៀង​ និង​លោក​ញ៉យ ចំរើន​ តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​ ​ដែល​គេ​ជឿ​ថា ​ជា​ក្រុម​បាតុករប្រឆាំង​នឹង​លោក​កឹម សុខា​ ​អនុ​ប្រធាន​គណបក្ស​ជំទាស់​ បានវាយ​ទាត់​ធាក់ឲ្យ​របួស​ក្បាល​ និង​ផ្ទៃ​មុខយ៉ាង​ធ្ងន់​ធ្ងរ។

Your browser doesn’t support HTML5

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​ត្រូវ​បាតុករ​វ៉ៃ​ឲ្យ​រង​របួស

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch ​ដែល​មាន​ទីតំាង​នៅ​ក្នុង​ទីក្រុង​ New York​ ​សហ​រដ្ឋ​អាមេរិក​ បាន​និយាយ​ថា​ ​«ការ​វាយ​ប្រហារ​យ៉ាង​យង់​ឃ្នង»​លើ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​គឺ​ស្រ​ដៀង​ទៅ​នឹង​អ្វី​ដែល​ធ្លាប់​បាន​កើត​ឡើង​ចំពោះ​គណបក្ស​ជំទាស់​ដែល​ធ្លាប់​បានប្រកួត​ប្រជែង​នឹង​លោក​នាយ​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​នា​អំឡុង​ឆ្នាំ​១៩៩០។​ ​អង្គការ​សិទ្ធិ​មនុស្ស​ដដែល​នេះ​បាន​ស្នើឲ្យ​មាន​អង្គការ​ស៊ើប​អង្កេត​ ​ដ៏​ជាក់​លាក់​មួយ​ពី​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស។​

លោក​ Brad Adams​ ​ប្រធាន​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ ​Human Rights Watch​ ​បាន​សរសេរ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​យ៉ាង​ដូច្នេះ​ថា៖​

«ការ​ប្រើប្រាស់​កំហឹង​របស់​ពល​រដ្ឋ​ដើម្បី​វាយ​ប្រហារ​លើ​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់បាន​បញ្ជូន​សញ្ញា​ភ័យ​ខ្លាច​មួយ​ដល់​ប្រជាពល​រដ្ឋ​កម្ពុជា​ ​ហើយ​វាបង្ហាញ​ពីរលក​នៃ​អំពើ​ហិង្សាផ្នែក​នយោបាយ​ថ្មីមួយ​ដែល​អាច​កើត​ឡើង​គ្រប់​ពេល និង​គ្រប់​ទី​កន្លែង»។​

អង្គការ​ឃ្លាំ​មើល​សិទ្ធិ ​Human Rights Watch​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ បាតុកម្ម​ប្រឆាំង​លោក​ កឹម សុខាគឺ​មាន​ការគាំទ្រ​ពី​លោក​ឧត្តម​សេនីយ៍​ ​គន់ គីម​ សមាជិក​គណៈ​កម្មការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ​ដែល​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​គាំទ្រកា​រទម្លាក់​លោក​កឹម សុខា​ពី​តំណែង​អនុ​ប្រធាន​ទី១​នៃ​រដ្ឋសភា​ក្នុង​ថ្ងៃ​បាតុកម្ម​នោះ​ផង​ដែរ។​

កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទមានក្រុម​អ្នក​តវ៉ា​ប្រឆាំង​លោក ​កឹម សុខា​ជាង​១០០០​នាក់​ ​ដែល​គេ​ស្គាល់​ថា​ អ្នក​គាំ​ទ្រ​គណបក្សកាន់​អំណាច​របស់​លោក​ ហ៊ុន សែន​ ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​រដ្ឋ​សភា​ ​ធ្វើ​ការ​ស្រែក​សុំ​ឲ្យប្តូរ​លោក​ កឹម សុខា​ ​ចេញ​ពី​តំណែងអនុប្រធាន​រដ្ឋសភា។​ ​ក្រុម​អ្នក​តវ៉ា​ភាគ​ច្រើន​បាន​រំសាយ​ពី​មុខ​រដ្ឋសភា​ ​ក្រោយ​ពេល​ដែល​អ្នក​តំណាង​រដ្ឋសភា​ចេញ​មក​ទទួល​ញតិ្ត។​ ក៏​ប៉ុន្តែក្រុម​អ្នក​តវ៉ា​មួយ​ចំនួន​ដែល​គេ​ជឿថា​ នៅ​សេស​សល់ បាន​រារាំងរថយន្ត​តំណាង​រាស្ត្រគណបក្ស​សង្គ្រោះមុន​នឹងអូស​ពួក​គាត់​ចេញ​ពី​រថយន្ត​ ​និង​ធ្វើកា​វាយ​តប់​នោះ។​

ក្នុង​សេចក្តី​ថ្លែង​ការណ៍រួម​ផ្សេង​មួយ​ទៀតរបស់​អង្គការ​សង្គម​ស៊ីវិល​សំខាន់ៗ​ក្នុង​ស្រុក​ ​រួម​មាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ អង្គការ​សិទ្ធិ​មនុស្ស​ ​ADHOC​ អង្គការ​សិទ្ធិ​មនុស្ស​ ​LICADHO​ ​មជ្ឈម​ណ្ឌល​អប់រំ​ច្បាប់សម្រាប់សហគមន៍​ CLEC​ និង​សមាគមន​ធាង​ត្នោត​ជា​ដើម​ ​បាន​បញ្ជាក់​ពី​ការ​បារម្ភ​ ​និង​បានថ្កោល​ទោស​ហិង្សា​ដែល​បាន​កើតឡើង​នាថ្ងៃ​ច័ន្ទ។​ ​ក្នុង​សេចក្តី​ថ្លែង​ការណ៍រួម​ ដែល​បាន​ចេញ​នា​ថ្ងៃ​អង្គារ​នេះ​ ​បាន​អះ​អាង​ថា​ ក្នុង​ចំណោម​បាតុករ​ ​ដែល​ធ្វើ​ការ​ស្រែក​ប្រឆាំង​នឹង​លោក​ កឹម សុខា​ ​នៅ​មុខ​រដ្ឋសភាកាលថ្ងៃ​ច័ន្ទ​នោះ​ ក៏​មាន​កង​សន្តិសុខ ​និង​មន្ត្រី​នគរបាល​ ​ហើយ​ភាគ​ច្រើន​មាន​ចង​ក្រមា​ ឬ​មាន​ក្រណាត់​ក្រហម​បិទ​ភ្ជាប់​ និង​អាវ​ជា​សញ្ញា​ផង​ដែរ។ ​អ្នក​តវ៉ា​ជា​ច្រើន​រយ​នាក់​បាន​ឡោមព័ទ្ធ​ផ្ទះ​លោក​ កឹម សុខា​ជា​ច្រើន​ម៉ោង ​ដោយ​មាន​ការ​គប់​ដុំ​ថ្ម​ផង​ដែរ​ ​បន្ទាប់​ពី​ពួកគេបាន​រំសាយ​គ្នា​ពី​មុខរដ្ឋ​សភា​នា​ថ្ងៃ​ច័ន្ទ​នោះ។​

លោក ​អំ សំអាត​ ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស ​LICADHO​ បាន​ប្រាប់​ VOA ​ថា​ ការ​សម្តែង​មតិ​របស់​ប្រជា​ពល​រដ្ឋ​ ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​ឯក​សណ្ឋាន​ស៊ីវិល ​ឬ​មិន​មាន​អាវុធ​គឺ​ជា​សិទ្ធិ​បញ្ចេញ​មតិ​របស់​ប្រជា​ពល​រដ្ឋ​ តែ​ជន​ដែល​ប្រើ​អំពើ​ហិង្សាគឺ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។​ លើស​ពី​នេះ​ទៀត​ ការ​តវ៉ា​ និង​ការ​បង្ហាញ​អាវុធ​ ឬ​អង្គភាព​គឺ​បង្ហាញ​ពី​ភាព​លម្អៀង​របស់​កង​កម្លាំង​ប្រដាប់​អាវុធ។​

«ប្រសិន​ជា​បញ្ហា​នេះ​វា​កាន់​តែ​ច្រើន​ទៅៗ​ ​អាហ្នឹង​គឺ​យើង​ជា​សង្គម​ស៊ីវិល​មាន​ការ​បារម្ភ​ណាស់​ ពី​ព្រោះ​បើ​អ្នក​គាំទ្រ​របស់​គណបក្ស​មួយចេញ​មុខ​ធ្វើ​បាតុកម្មដោយ​សន្តិវិធី​គ្មាន​ហិង្សា​គឺ​វា​មិន​អី​ទេ​ ​តែ​ដល់​ពេល​ចេញ​ធ្វើ​បាតុកម្មដោយ​មាន​ការ​វ៉ៃ​តំណាង​រាស្ត្រ​ ​តំណាង​អី​ ​និង​មានការ​ចេញ​មុខ​គាំទ្រ​ព្រោង​ព្រាត​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​ដូច​អញ្ចឹង​ទៀត​គឺ​យើង​មាន​ការ​បារម្ភ​មែន​ទែន ​នៅ​ពេល​ធ្វើ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​ និង​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​បាទ»។​

យ៉ាង​ណា​ក៏​ដោយ​លោក​ផៃ ​ស៊ីផាន​ ​អ្នក​នាំពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​បាន​ច្រានចោល​នៃ​ការ​រិះគន់​របស់​សង្គម​ស៊ីវិល ​និង​ការ​លើ​កឡើង​របស់​លោក​ Brad Adams​ ដោយ​លោក​បាន​ស្នើ​ឲ្យ​គ្រប់ភាគី​ទាំង​អស់​មាន​ការ​អត់​ធ្មត់​ ​ហើយ​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន​កំពុង​ធ្វើការ​ស៊ើប​អង្កេត​លើ​បញ្ហា​អំពើ​ហិង្សា​នោះ​ហើយ។​

«ខ្ញុំ​ចង់​អំពាវនាវ​ឲ្យគ្រប់​ភាគី​ ដែល​ពាក់ព័​ន្ធ​ត្រូវ​យកចិត្ត​ទុក​ដាក់​ប្រឆាំង​និង​និទន្ទភាព។ ​ សូម​ព្យាយាម​អំណត់​បន្តិច ដើម្បី​កុំ​ឲ្យ​បង្កើត​សភាព​ការណ៍​ហ្នឹង​ ​វា​ស្មុគស្មាញ​ថែម​ទៅទៀត។​ ហើយ​យើង​ទាំង​អស់​គ្នា​គឺ​មាន​គំនិត​ដូច​គ្នា​គឺត្រូវ​តែ​នាំ​ជន​ដៃ​ដល់​មក​កាន់​តុលាការ។ ​អាហ្នឹង​គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបា​ល​ ​ក៏​ដូច​ជា​ការ​សម្រេច​ចិត្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​ ​រឿងនេះគឺ​គ្រាន់​តែ​នាំ​មក​នូវ​ការបំផ្លាញ​ការណ៍​ពិត​ ហើយ​ចូល​រួម​នៅ​ក្នុង​អ្វីទៅ​ដែល​ហៅ​ថា​ វប្បធម៌​និទន្ទភាព​នោះ​ទេ»។

លោក​ឧត្តម​សេនីយ៍ជួន សុវណ្ណ​ ​ស្នង​ការប៉ូលិសក្រុង​ភ្នំពេញ​ប្រាប់ ​VOA​ ​ថា ​ក្រសួង​មហា​ផ្ទៃ​បាន​សម្រេច​បង្កើត​គណៈកម្មាធិការ​ពិសេស​មួយ​ដើម្បី​ធ្វើការ​ស៊ើប​អង្កេត​ជា​បន្ទាន់​ទៅ​លើ​ករណីផ្ទុះ​អំពើ​ហិង្សា​នេះ​ ​ហើយ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ​នឹងជួបជាមួយ​អ្នក​បើក​រថយន្តរបស់​តំណាង​រាស្ត្រ​ទាំង​ពីរ​នោះ​នាថ្ងៃ​ពុធស្អែ​ក​ដើម្បី​ធ្វើ​ការ​សាក​សួរ​អំពី​បញ្ហា​ដែល​បាន​កើត​មាន​ឡើង។​

មុន​ពេល​បិទ​ទូរ​ស័ព្ទ ​លោក​ស្នង​ការ​ជួន សុវណ្ណ​ ​បាន​ថ្លែង​ថា៖​

«បាទ ​ឥឡូវ​ហ្នឹង​គឺ​ក្រសួង​មហា​ផ្ទៃ​កំពុង​នាំ​មុខ​ក្នុង​ការ​បង្កើត​គណៈ​កម្មការ​មួយ​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​រឿង​នេះ»។​

​នៅ​ក្នុង​កិច្ច​សម្ភាសន៍ពិសេស​ជាមួយ​ VOA ​ពី​ទី​ក្រុង​បាង​កក ​ប្រទេស​ថៃ​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​ដែល​រង​របួស​គឺ​លោកគង់ សភា​ និង​លោក​ ញ៉យ ចំរើន​បាន​ប្រាប់​ VOA​ ថា​ អំ​ពើ​ហិង្សានេះ​ជា​ការ​រំលោភ​លើ​អភ័យ​ឯកសិទ្ធិសភា​ ​សិទ្ធិបុគ្គល​ដោយ​គ្មាន​ការ​ការពារ​សន្តិ​សុខ​ សុវត្ថិ​ភាព។ តំណាង​រាស្ត្រ​ទាំង​ពីរ​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​ជន​ល្មើស​មក​ផ្តន្ទាទោស​តាម​ច្បាប់។​

ដោយ​ឡែក​រដ្ឋសភាជាតិ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​នាថ្ងៃ​អង្គារ​នេះ​ ដោយស្តី​បន្ទោស​ចំពោះ​អំពើ​ហិង្សា​នៅ​មុខ​ស្ថាប័ន​ខ្លួន​ហើយ​ បាន​«ស្នើឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ រាជ​រដ្ឋាភិបាលចាត់វិធាន​ការ​យ៉ាង​ម៉ឺង​ម៉ាត់ ​ស្រាវ​ជ្រាវ​ចាប់​ខ្លួន​ជ​ន​ល្មើស​ ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ជាធរមាន»។​ ​ក៏​ប៉ុន្តែ​រដ្ឋសភា​មិន​បាន​ថ្កោល​ទោស​ចំពោះ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​និង​អនុ​ធាន​ទី១​នៃ​រដ្ឋសភា​នោះ​ទេ​ ​ដោយ​លើក​ហេតុ​ផល​ថា​ «ជា​សិទ្ធិ​របស់​ប្រជា​ពល​រដ្ឋ​ ​ហើយ​សិទ្ធិ​នេះ​ត្រូវ​បាន​អនុវត្ត​តាម​ក្រប​ខណ្ឌ​នៃ​ច្បាប់»។​

​ស្រប​គ្នា​នោះ​ដែរ ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ពិសេស​មួយ​នាថ្ងៃ​អង្គារ​នេះ​ ​ដោយ​ថ្កោល​ទោស​ចំពោះ​អំពើ​ហិង្សា​ ​ដែល​បាន​កើត​ឡើង។​ ​ហើយថា​ រដ្ឋភិបាលកំពុង​តែ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ដើម្បី​វែក​មុខ​រក​ជន​ដៃ​ដល់។​ ​សេចក្តី​ថ្លែង​ការណ៍​ដដែល​ក៏​បាន​បញ្ជាក់​ ​«ជំហរ​ឥត​ងាក​រេរបស់​ខ្លួន​ក្នុង​ការ​ប្រឆំាង​ដាច់​ខាត​ទៅ​នឹង​វប្បធម៌​អំពើ​ហិង្សា​ ក៏​ដូច​វប្បធម៌ ​និទន្ទភាព​ផង​ដែរ»។​

ក្រុម​អ្នក​តំណាង​រាស្ត្រ​មកពី​គណបក្ស​ជំទាស់​ដែល​រងការ​វាយ​ប្រហារទាំង​ពីរ​នាក់​បាន​ចាត់ទុក​ថា​ ការ​ប្រើ​អំពើ​ហិង្សា​នេះ​ធ្វើ​ឱ្យ​អាប់​ឱន​កិតិ្តយស​ប្រទេស​កម្ពុជា ​និង​បង្ហាញ​ពីការ​ធ្លាក់ចុះ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ ​និង​ប្រជា​ធិបតេយ្យ៕​